កន្លែងជីករ៉ែមាស និងការផលិតមាសខុសច្បាប់នៅតំបន់ភ្នំតូច ក្នុងស្រុកសៀមប៉ាង នៅតែកើតមានច្រើន បើទោះបីអាជ្ញាធរខេត្តស្ទឹងត្រែងព្រមានចាត់វិធានការបង្ក្រាបយ៉ាងណាក្តី។
ប្រការនេះ ប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិល បារម្ភពីការបំពុលទឹកដោយសារជាតិគីមី ដែលអ្នកផលិតមាស ជាជនជាតិវៀតណាម ក្នុងតំបន់នោះ អាចនឹងបង្ហូរចូលទៅអូរធម្មជាតិ ប៉ះពាល់សត្វព្រៃ និងពលរដ្ឋដែលប្រើប្រាស់ទឹក។
ពលរដ្ឋរស់នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ថ្លែងសុំលាក់ឈ្មោះព្រោះបារម្ភពីសុវត្ថិភាព ប្រាប់វីអូឌី នៅថ្ងៃទី ២៧ ខែឧសភាថា តំបន់ភ្នំតូចក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង មានសក្ដានុពលរ៉ែមាសមានតម្លៃ និងព្រៃឈើក្រាស់ឃ្មឹក អាជ្ញាធរគួរតែអភិរក្សឱ្យល្អ ពុំគួរបណ្ដែតបណ្ដោយឱ្យមានសកម្មភាពជីករ៉ែមាសខុសច្បាប់ និងកាប់ឈើមានតម្លៃនោះទេ។
លោកថា ព្រៃឈើក្នុងតំបន់នោះ មានអត្ថប្រយោជន៍ច្រើនជួយសហគមន៍ រួមមាន វិស័យទេសចរណ៍ រកអនុផលព្រៃឈើ រកអុស ថ្នាំបុរាណ និងរកត្រីសាច់ ជាដើម ប្រសិនបើមានអាជីវកម្មរ៉ែមាស នឹងបង្កហានិភ័យដល់ប្រភពទឹកអូរធម្មជាតិ សត្វព្រៃ និង ជីវភាពសហគមន៍។
ពលរដ្ឋរូបនោះ និយាយថា៖ «យើងផ្តល់ឱ្យអាជីវកម្មខ្នាតធំចូលមកយកអស់ទៅ ហើយពលរដ្ឋយើងខ្ទេចខ្ទីអស់ហើយ ជួយទប់ស្កាត់ទ្រព្យសម្បត្តិជាតិគង់វង្ស។ ប្រសិនបើយើងអត់ប្រើប្រាស់ ឱ្យគេមើលឃើញទៅ»។
ក្តីបារម្ភរបស់ពលរដ្ឋរូបនេះធ្វើឡើង ក្រោយពីមានសកម្មភាពជីករ៉ែមាស នៅតំបន់ភ្នំតូច ក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងឃុំសន្តិភាព ស្រុកសៀមប៉ាង បង្កឡើងដោយជនជាតិវៀតណាម។ ថ្មីៗនេះ ក្រុមអ្នកសារព័ត៌មានក្នុងស្រុក និងសហគមន៍ បានធ្វើដំណើរដល់ទីតាំងអាជីវកម្មរ៉ែមាស ប្រទះឃើញ តង់ស្នាក់នៅរបស់ជនជាតិវៀតណាម សម្ភារៈរីករ៉ែមាស និងជនជាតិវៀតណាមមួយក្រុម កំពុងធ្វើសកម្មភាពជីករ៉ែមាស។
ពួកគេបានថតរូបភាព បង្ហោះតាមបណ្ដាញសង្គមស្រង់ប្រភពប្រជាសហគមន៍ ក្នុងភូមិតាឡែ ឃុំសន្តិភាព ប្រាប់ថា រាល់ថ្ងៃមានក្រុមឈ្មួញកាងការពារឲ្យជនជាតិវៀតណាម ទំនងជាមន្ត្រីរាជការស្រុកសៀមប៉ាង ជាថ្នូរអនុញ្ញាតឱ្យជនជាតិវៀតណាមជីករ៉ែមាសខុសច្បាប់ នៅចំណុចភ្នំតូច ដោយមានកម្មករជនជាតិវៀតណាមមិនក្រោម ២០នាក់ទេ។ ពួកគេសង្កត់ធ្ងន់ថា ជនជាតិវៀតណាម ពិតជាមានឥទ្ធិពលអាចឆ្លងដែនចូលដីខ្មែរបានដោយងាយ ហើយអាចជីករ៉ែមាសខុសច្បាប់ទៀតផង។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង ប្រាប់វីអូឌីថា រដ្ឋបាលខេត្តបានទទួលដំណឹងនេះហើយ ដោយបានណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចុះស៊ើបអង្កេត និងស្រាវជ្រាវបង្ក្រាបករណីនេះជាបន្ទាន់។
អ្នកនាំពាក្យរូបនេះ លើកទឹកចិត្តដល់សហគមន៍ ដែលផ្ដល់ព័ត៌មាននេះ ហើយរដ្ឋបាលខេត្តនឹងប្រឹងប្រែងអនុវត្តតួនាទីទប់ស្កាត់បទល្មើសធនធានធម្មជាតិ។
លោក ម៉ែន គុង និយាយថា៖ «ការលើកឡើង របស់សហគមន៍ពាក់ព័ន្ធស្នើសុំឱ្យផ្នែកមានសមត្ថកិច្ច រដ្ឋបាលខេត្តការពារធនធានធម្មជាតិ។ រដ្ឋបាលខេត្តមានសេចក្ដីសាទរ និងរីករាយ ហើយរដ្ឋបាលខេត្តនឹងប្រឹងប្រែងអនុវត្តតួនាទីបង្ក្រាបបទល្មើស ក្នុងដែនសមត្ថកិច្ច និងសិទ្ធិអំណាចរបស់ខ្លួន »។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លី នៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី យល់ថា រឿងនេះមានបទល្មើស ២ករណី ទី១ ជនបរទេសឆ្លងដែនខុសច្បាប់ និងករណីមួយទៀត ធ្វើអាជីវកម្មរ៉ែខុសច្បាប់ ដែលទាមទារឱ្យស្ថាប័នសាមី ត្រូវចាត់វិធានការច្បាប់ និងស៊ើបអង្កេតមន្ត្រីខិលខូចដែលបើកដៃឱ្យជនបរទេសធ្វើអាជីវកម្មរ៉ែគ្មានលិខិតអនុញ្ញាត។
លោក យិន ម៉េងលី ថ្លែងថា៖ «ក្រសួងត្រូវធ្វើការពិនិត្យមើលដែល បើសិនជាបានទទួលព័ត៌មាននេះឡើង ក្រសួងត្រូវចាត់វិធានការបន្ទាន់ បើមានភស្តុតាងមែនត្រូវចាត់វិធានការហើយរកឱ្យឃើញនរណា? បើកដៃឱ្យជនជាតិវៀតណាមមកជីករ៉ែមាសខុសច្បាប់ ដើម្បីជាការព្រមានមួយដែលដល់មន្ត្រីទាំងអស់ហ្នឹង»។
ឧទ្យានជាតិវើនសៃ-សៀមប៉ាង មានផ្ទៃដីទំហំជិត ៣ សែនហិកតា (២៨០ ៣៥៩ហិកតា) ស្ថិតនៅក្នុងភូមិសាស្ត្រខេត្ត រតនគិរីនិងខេត្តស្ទឹងត្រែង។ សហគមន៍ថា ឧទ្យានជាតិនេះ ទទួលរងការកាប់ឈើមានតម្លៃ ឬឈើប្រណិតអស់ស្ទើរទាំងស្រុង ហើយបច្ចុប្បន្នសកម្មភាពកាប់ទន្ទ្រានយកដីធ្វើកម្មសិទ្ធិអស់ជាច្រើនពាន់ហិកតា ដោយតំបន់ខ្លះមានដីចម្ការគ្រប់គ្រងកម្មសិទ្ធិឯកជន និងតំបន់ខ្លះទៀត មានអាជីវកម្មអារឈើលក់ និងអាជីវកម្មជីករ៉ែមាសខុសច្បាប់៕









