អ្នកជំនាញ​ថា​វា​ជា​រឿង​មិន​សម​ហេតុ​ផល​ដែល​អាមេរិក​ផ្អាក​​លក់​​អាវុធ​​ឱ្យ​តៃវ៉ា​ន់​ដោយ​សារ​តែ​សង្គ្រាម​អ៊ីរ៉ង់

អ្នក​ជំនាញ​បាន​និយាយ​ថា សង្គ្រាម​របស់​រដ្ឋ​បាល​ លោក ត្រាំ ប្រឆាំង​នឹង​អ៊ីរ៉ង់ មិន​គួរ​មាន​ផល​ប៉ះ​ពាល់​ដល់​ការ​លក់​អាវុធ​​ឱ្យ​តៃ​វ៉ាន់​នោះ​ទេ បន្ទាប់​​ពី​មន្ត្រី​អាមេរិក​ម្នាក់​បាន​លើក​ឡើង​ថា ការ​ផ្អាក​ការ​ដឹក​ជញ្ជូន​កញ្ចប់​អាវុធ​សំខាន់​មួយ​​តម្លៃ ១៤ ពាន់​លាន​ដុល្លារ​ទៅ​ឱ្យ​តៃ​វ៉ាន់ គឺ​ដោយ​សារ​តែ​ជម្លោះ​នៅ​តំបន់​ឈូង​សមុទ្រ។

ក្រុម​អ្នក​វិភាគ​ បាន​ប្រាប់​សារ​ព័ត៌​មាន Guardian ថា កញ្ចប់​អាវុធ​ដែល​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​បន្ទាប់​ពី​ជំនួប​របស់​ លោក ដូណាល់ ត្រាំ ជាមួយ​លោក ស៊ី ជិន​ពីង អាច​ចំណាយ​ពេល​រហូត​ដល់ ៦ ឆ្នាំ ដើម្បី​ដំណើរ​ការ ហើយ​មាន​លទ្ធ​​ភាព​​ទាប​ណាស់​ ដែល​មាន​ការ​ផ្សា​រភ្ជា​ប់​ពិត​ប្រាកដ​រវាង​ព្រឹត្តិ​ការណ៍​នៅ​អ៊ីរ៉ង់​ និង​ការ​ដឹក​ជញ្ជូន​អាវុធ​ទៅ​តៃវ៉ាន់។ ភាព​​មិន​​ប្រាកដ​​ប្រជា​ជុំវិញ​ការ​គាំទ្រ​របស់​ទីក្រុង​វ៉ាស៊ីន​តោន បាន​លេច​ឡើង​ជា​ថ្មី បន្ទាប់​ពី​លោក ត្រាំ បា​ន​លើក​ឡើង​ថា លោក​អាច​ប្រើ​ប្រាស់​ការ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​ធ្វើ​ជា «កូនអុក​សម្រាប់​ចរចា» ជាមួយ​ទីក្រុង​ប៉េ​កាំង។

សេចក្តីថ្លែងការណ៍របស់រដ្ឋលេខាធិការស្តីទីកងទ័ពជើងទឹក លោក ហុង ខៅ (Hung Cao) នៅ​ក្នុង​សវនាការ​សភា បាន​​បង្ក​​ឱ្យ​មាន​ការ​ព្រួយ​បារម្ភ​នៅ​ទីក្រុង​តៃប៉ិ បន្ទា​ប់​ពីលោ​ក​បាន​លើក​ឡើង​ថា កញ្ចប់​អាវុធ​ដែល​រង់​ចាំ​ការ​ចុះ​ហត្ថ​​លេខា​​របស់ លោក ត្រាំ ត្រូវ​បាន​ផ្អាក​ដើម្បី​រក្សា​ទុក​គ្រាប់​រំសេវ​សម្រាប់​ប្រតិ​បត្តិ​ការ សង្គ្រាម​អ៊ីរ៉ង់។ មាន​សេចក្តី​រាយ​​ការណ៍​​ថា សហរដ្ឋ​អាមេ​រិក​បា​នបូម​យក​រំសេវ​ចេញ​ពី​ឃ្លាំង​មីស៊ីល​របស់​ខ្លួន​ ចាប់​តាំង​ពី​ការ​ចាប់​ផ្តើម​សង្គ្រាម​ប្រឆាំង​នឹង​អ៊ីរ៉ង់ កាល​ពី​ថ្ងៃ​​ទី​២៨ ខែកុម្ភៈ។

បើតាមលោក រូប៊ឺត ហាំម៉ុន-ឆេមប៊ឺស (Rupert Hammond-Chambers) ប្រធានក្រុមប្រឹក្សាធុរកិច្ចអាមេរិក-តៃវ៉ាន់ថ្លែងថា ការលើកឡើងរបស់លោក ខៅ គឺ «មិនសមហេតុផលទាល់តែសោះ» ព្រោះ​កិច្ច​ព្រមព្រៀង​​​អាវុធទាំងនេះត្រូវចំណាយពេលពី ៣ ទៅ ៦ ឆ្នាំទើបដឹកជញ្ជូនដល់។

លោកបានបន្តថា៖ «ប្រសិន​បើ​​គាត់ផ្ញើការជូនដំណឹងទៅសភា​ត្រឹមចុង​ខែ​មិថុនា នោះ​ត្រូវ​ចំណាយ​ពេល​ពី​ ៦ ទៅ ១២ ខែ​ទៀត​ទើប​ចុះ​កិច្ច​សន្យា ហើយ​បន្ទាប់​មក​ទើប​ពេល​វេលា​ដឹក​ជញ្ជូន​ចាប់​ផ្តើម​រាប់ ដូច្នេះ យើង​ពិត​ជា​ឈាន​ចូល​ដល់​ទសវត្សរ៍​ឆ្នាំ​២០៣០ ហើយ»

កាលពីចុងសប្តាហ៍ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ពីសម្តីរបស់មន្ត្រីអាមេរិកម្នាក់​ថា យោធា​មាន​គ្រាប់​​រំសេវ​​ច្រើន​លើស​លប់​ ដើម្បី​បម្រើដ​ល់​គោល​ដៅ​យុទ្ធ​សាស្ត្រ ហើយ​ការ​ផ្អាក​ការ​លក់​ឱ្យ​តៃ​វ៉ាន់​គឺ «មិន​ពាក់​ព័ន្ធ​នឹង​សង្គ្រាម​​ជាមួយ​អ៊ីរ៉ង់​នោះ​ទេ»។

ប្រទេស​ចិន បាន​ទាម​ទារ​តៃវ៉ា​ន់ថា​​ជាខេត្តមួយដែលបានបំបែកខ្លួន និងបានប្រឆាំង​យ៉ាង​ខ្លាំង​ក្លា​ចំពោះ​ការ​លក់​អាវុធ​របស់​ទីក្រុង​វ៉ាស៊ីន​តោន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន លោក ស៊ី ជិនពីង បានប្រាប់​លោក ត្រាំ នៅ​ទីក្រុង​ប៉េកាំង​​ក្នុង​ខែ​នេះ​ថា បញ្ហា​តៃវ៉ាន់​គឺ​ជា «ប​ញ្ហាសំខាន់​បំផុត​នៅ​ក្នុង​ទំនាក់​ទំនង​ចិន-អាមេរិក»។ លោក ត្រាំ បាន​និយាយ​​ថា លោក​មិនបានធ្វើការប្តេជ្ញាចិត្តណាមួយអំពីតៃវ៉ាន់ទេ ប៉ុន្តែការលើកឡើងរបស់លោកថាអាចប្រើប្រាស់ការ​លក់​អាវុធជាកូនអុកសម្រាប់ចរចា នឹងរំលោភលើគោលនយោបាយដ៏យូរលង់របស់អាមេរិក។

ការអត្ថាធិប្បាយរបស់លោក ត្រាំ កាលពីសប្តាហ៍មុនថា លោកអាចនឹងនិយាយដោយផ្ទាល់ជាមួយប្រធានា​ធិបតី​តៃ​​វ៉ាន់ លោក ឡៃ ឈីងតេ (Lai Ching-te) គឺជាការបំបែកចេញពីពិធីសារការទូតជាច្រើនទសវត្សរ៍ ចាប់តាំ​ងពី​ឆ្នាំ​១៩៧៩ មក ហើយវានឹងធ្វើឱ្យប្រទេសចិនខឹងសម្បារយ៉ាងខ្លាំង។

សមាជិកសភារបស់តៃវ៉ាន់មកពីគណបក្សកាន់អំណាច (DPP) និងលោក ភីធឺ ម៉ាត់ទីស (Peter Mattis) ប្រធានមូល​និធិ Jamestown បានធ្វើសន្និសីទសារព័ត៌មានមួយ ដោយសង្កត់ធ្ងន់ថា បណ្តាញទំនាក់​ទំនងរវាងតៃវ៉ាន់ និង​​​អាមេ​រិក​​នៅ​​តែ​រលូន។ លោក ម៉ាត់ទីស បានបន្ថែមថា ការលើកឡើងរបស់លោក ខៅ គឺមិនត្រឹមត្រូវនោះទេ ព្រោះ​​កញ្ចប់​អាវុធ​ដែល​បាន​សម្រេចរួចហើយ មិនអាចរងផលប៉ះពាល់ដោយសារជម្លោះអ៊ីរ៉ង់ឡើយ។

លោក ហាំម៉ុន-ឆេមប៊ឺស បាននិយាយថា ប្រសិនបើលោក ត្រាំ អនុម័តការលក់ក្នុងរយៈពេល ៤ ទៅ ៦ សប្តាហ៍​​ខាងមុខ ភាព​មិន​ប្រាកដ​ប្រជានឹងរលាយបាត់។ ប៉ុន្តែប្រសិនបើពន្យារពេលរហូតដល់រដូវស្លឹកឈើជ្រុះ នៅពេលដែលមានជំនួប​កំពូលនានាជាមួយលោក ស៊ី ជិនពីង នោះវា «ដាក់តៃវ៉ាន់ឱ្យស្ថិតក្នុងស្ថានភាព​ដ៏អាក្រក់មួយ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ