លោក ហ៊ុន ម៉ាណែត រង​ការ​រិះ​គន់​ពី​ការ​មិន​រំឭក​ឱ្យ​ថៃ​ដក​​ទ័ព​​ចេញ​​ពី​ដី​ខ្មែរ​ក្នុង​ខួប​៥​ខែ​នៃ​បទ​ឈប់​បាញ់

អ្នក​តាម​ដាន​ស្ថាន​ការណ៍​នយោបាយ និយាយ​ថា ការ​ដែល​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត ក្នុង​ខួប​៥ខែ​នៃ​បទ​ឈប់​បាញ់​នេះ មិន​រំឭក​ឱ្យ​ថៃ​ដក​កង​ទ័ព​ចេញ​ពី​ដី​ខ្មែរ​នោះ ជា​ការ​ព្យាយាម​លាក់​បាំង​ក​ម្សោយ​​​ការ​ពារ​ទឹក​ដី ដែល​ជា​គ្រោះ​ថ្នា​ក់​តជំនាន់ បើ​គ្មាន​ការ​ផ្លាស់​ប្តូរ​មេដឹកនាំ។

ការលើក​ឡើង​នេះ ចំពេ​ល​ដែល​អ្នក​នាំពា​ក្យ​រដ្ឋាភិ​បាល លោក ប៉ែន បូណា បាន​និយាយ​នៅ​ថ្ងៃ​ទី​២៧ ខែ​ឧសភា​នេះ​ថា ថ្ងៃ​ទី​២៧​ខែ​ឧសភានេះ​ ជា​ខួប​៥ខែ នៃ​បទ​ឈប់​បាញ់​ រវាង​កម្ពុជា-ថៃ ប៉ុន្តែ​អ្នក​នាំ​ពាក្យ​រូប​នេះ មិន​បាន​និយាយ​ដល់​វិធាន​ការ​នានា ដែល​ជំរុញ​ឱ្យ​ថៃ​​ដក​កង​ទ័ព​ចេញ​ពី​ទឹក​ដី​ខ្មែរ​នោះ​ទេ បើ​ទោះ​បី​ជា​ថៃ​ពង្រីក​ការ​ឈ្លាន​ពាន​ទឹក​ដី​ខ្មែរ​​ជា​បន្ត​បន្ទាប់​ ក្រោយ​​មាន​បទ​ឈប់​បាញ់​៥ខែ​មក​នេះ​ក្តី។

បើតាមលោក​ ប៉ែន បូណា បទឈប់បាញ់ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ វា​កើតឡើង​ពី​ការ​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង​ពី​ថ្នាក់​ដឹក​នាំ​កម្ពុជា តាម​កិច្ច​ការ​ការ​ទូត​យ៉ាង​សកម្ម ដោយ​មាន​ការ​ជ្រោម​ជ្រែង​ពី​សហគមន៍​អន្តរ​ជាតិ​មាន​សហរដ្ឋ​អាមេ​រិក ចិន និ​ង​ម៉ាឡេ​ស៊ី ដែល​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ ក្នុ​ង​ឆ្នាំ​២០២៥។

លើសពីនេះ លោកបានលើកឡើង​ពីខ្លឹមសារទាំង១៦ចំនុច នៃកិច្ចព្រមព្រៀងបទឈប់បាញ់ ក្នុង​នោះ​មាន​ទាំង​យន្ត​ការ​កាត់​បន្ថយ​ភាព​តាន​តឹង និងយន្តការសម្រាប់អនុវត្តនិងផ្ទៀងផ្ទាត់លើដីជាក់ស្តែង។

បើតាមកិច្ចព្រមព្រៀងនេះ ភាគីទាំងពីរ គឺ​ថៃ និង​កម្ពុជា មិនត្រូវផ្ទុះអាវុធ​ដោយ​គ្មាន​មូល​ហេតុ និង​ត្រូវ​ធ្វើ​ការ​ចល័ត​​កម្លាំង​ទ័ព ឬ​រុល​ទៅមុ​ខ​ទៅលើ​ទី​តាំង​ម្ខាង​ទៀត ការ​រក្សា​ទីតាំង​ឈរ​ជើង រី​ឯម​ន្ត្រីជំ​នាញព្រំ​ដែន​នៃ​ប្រទេស​ទាំង​ពីរ ត្រូវ​បន្ត​ចុះវា​ស់​វែង​លើដី​ជា​ក់​ស្តែង តាម​កិច្ច​ព្រម​ព្រៀង​ដែល​មាន​ស្រាប់​ជា​ដើម។

លោកថា៖ «កម្ពុជានៅតែរក្សាសិទ្ធិយ៉ាងពេញលេញ នៅក្នុងការដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ភាគី​ថៃ​ ដោយ​អនុ​លោម​តាម​អនុ​សញ្ញា សន្ធិ​សញ្ញា​នៃ​ច្បាប់​អន្ត​រជាតិ តាម​រយៈ​យន្ត​ការ​ទ្វេ​ភាគី​ដែល​មាន​ស្រាប់។ចំណែក​សម្តេច​ ហ៊ុន សែន ជា​ប្រធាន​ព្រឹទ្ធ​សភា និង​ជា​ប្រធាន​គណបក្ស​ប្រជា​ជន​កម្ពុជា ក៏​បាន​គូស​បញ្ជាក់​ថា កម្ពុជា​ដើរ​លើ​ផ្លូវ​សន្តិភាព​ តែ​មិន​អាច​ធ្វើ​សម្ប​ទាន​បូរណ​ភាព​ទឹក​ដី និង​សេច​ក្តី​ថ្លៃ​ថ្នូរ​រប​ស់ប្រជា​ជាតិ​ខ្លួន​បាន​ឡើយ»

យ៉ាងណា អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅ​ការ​ដែល​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត មិន​បាន​រំឭក​ឱ្យ​ថៃ​ដក​កង​ទ័ព​ចេញ​ពី​ទឹ​ក​ដី​ខ្មែរ​ជាង​៦០​ទីតាំង ដែល​ថា ថៃ​រំលោភ​យក​ជា​បន្ត​បន្ទាប់​ក្រោ​យ​មាន​បទ​ឈប់​បាញ់​នោះ វា​បង្ហាញ​កាន់​តែ​ច្បាស់​ពី​ការ​ព្យាយាម​បិទ​បាំង​កម្សោយ​ការ​ពារ​ទឹក​ដី​ ទាំង​វិធាន​​ទប់​ស្កាត់​ជាក់​ស្តែង និង​ការ​ប្រើ​ប្រាស់​ច្បាប់​អន្តរ​ជាតិ ដើម្បី​ដាក់​សម្ពាធ​ឱ្យ​ថៃ​ដក​កង​ទ័ព​ចេញ​ពី​ដី​ខ្មែរ។ លោក​ថា ភាព​កម្សោយ​នេះ ប្រទេស​ជិត​ខាង​នឹង​បន្ត​លេប​ទឹក​ដី​ខ្មែរ​ច្រើន​កន្លែង​ទៀត បើ​កម្ពុជា​គ្មាន​មេដឹ​កនាំ​ដែល​មាន​ឆន្ទៈ​ការ​ពារ​ទឹក​ដី។

លោកថា៖ «បើរដ្ឋាភិបាលរំឭកពីការឈ្លានពានរបស់ថៃទៅ​ ខ្លួនឯ​ងមិ​ន​អាច​ទប់​ស្កាត់​ការ​ឈ្លាន​ពាន​ហ្នឹង​បាន​ផង អីចឹង​ពលរដ្ឋ​អាច​ទ្រាំនឹ​ង​ការ​ដឹក​នាំរ​បស់​ត្រកូល​ហ៊ុន​ហ្នឹង​​ម៉េចបាន​ ដែល​បាន​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី​ខ្មែរ​ទៅ​ប្រទេស​ថៃ​ហ្នឹង ពលរដ្ឋ​អាច​នឹង​ងើប​ឡើង​ទម្លាក់​ត្រកូលហ៊ុ​ន​ពី​អំណាច មូល​ហេតុ​ហ្នឹង​ហើយ​ទើប​ត្រកូល​ហ៊ុន មិន​រំឭក​ពី​ការ​ឈ្លានពា​ន​របស់​ថៃ​មក​ទឹក​ដី​កម្ពុជា​ បន្ទាប់​ពីមា​ន​បទ​ឈប់​បាញ់​នោះ​ទេ»

យ៉ាងណា ការឈ្លានពានរបស់ថៃនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រកាស​ជា​សាធារណៈ​ហើយ​ថា កម្ពុជា​មិន​ប្រើ​ជម្រើស​ប្តឹង​ថៃ​ទៅកា​ន់​តុលាការ​អន្តរ​ជាតិ​នោះ​ទេ ដោយ​ប្រើ​ជម្រើស​ចរចា​ទ្វេ​ភាគី​ជាមួ​យ​ថៃ ទោះ​មាន​​សង្ឃឹម​ត្រឹម​១ភា​គរយ​ក៏​ដោយ ដោយ​សំអាង​ថា ការ​ប្តឹង​ថៃ​ទៅកា​ន់តុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ(ICJ)​អាច​ប្រើ​ពេល​យូរ។

ចំណែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត វិញនិយាយ​ថា ទឹក​ដី​ខ្មែរ​ដែល​ថៃ​កំពុង​ដណ្តើម​គ្រប់​គ្រង​​ឥត​ឈប់​ ចាប់​តាំង​ពី​ក្រោយ​មាន​បទ​ឈប់​បាញ់​មក និង​មិន​បាន​មក​វិញ​ទេ ហើយ​ថា​ថៃ​នឹង​ពង្រីក​ការ​ឈ្លាន​ពាន​បន្ថែម​ទៀត បើ​មេដឹក​នាំ​នៅតែ​មិ​នប្រើ​​ជម្រើស​ស្វ័យ​ការ​ពារ និង​មិន​ប្រញាប់​ប្តឹង​ថៃ​ទៅ​កាន់​តុលាការ​អន្ត​រជា​តិ​ឱ្យ​បាន​ទាន់​ពេល​ទេ​នោះ។

ជុំវិញ​ការអះអាងនេះ លោកបាន​អះ​អាង​ថា ថៃ​ជា​ចោរ​ប្លន់​ដី​ខ្មែរ បើ​ខ្មែរ​ជាម្ចា​ស់ទ្រ​ព្យ​មិន​ប្តឹង​ចោរ ចោរ​នឹង​មិន​ឱ្យ​ដី​ខ្មែរ​​ដែល​ថៃ​ឈ្លាន​ពាន​នោះ​មក​វិញ​ទេ ហើយ​ថា បើ​រដ្ឋាភិ​បាល​លោក​ហ៊ុន ម៉ាណែត មិន​ប្តូរ​យុទ្ធ​សាស្ត្រ​នោះ​ទេ កុំ​សង្ឃឹម​​​ថា អាច​ទាម​ទារ​ទឹក​ដី​ខ្មែរ​ទាំង​នោះបា​ន​មក​វិញ ដោយ​លោក​​ថា មាន​តែ​បាត់​ថែម​ទៀត​។

លោកថា៖ «សៀមធ្វើរាល់ថ្ងៃនេះ សៀមបង្កការអុកឡុកតាមព្រំដែននៅតំបន់​ដែល​ថៃ​ឈរ​ជើង​ហ្នឹង និង​ពង្រីក​ការ​ឈ្លាន​​ពាន ក្នុង​បំណង​ឱ្យ​ខ្មែរ​យើង​ទទួល​ស្គាល់​នូវ​អារូប​មន្ត​​ដែ​ល​គេ​ឈរ​ជើង​នោះ​ ឱ្យ​យើង​ទទួល​ស្គាល់​ខ្សែប​ន្ទាត់​ព្រំដែន​​នៅ​កន្លែង​ហ្នឹង។ អាហ្នឹង​សៀម​អុក​ឡុក​រាល់​ថ្ងៃ​ ដោយ​សារ​អារឿង​ហ្នឹង បាញ់​ផង​ពង្រីក​​ការ​​ឈ្លានពានផ​ង ប្រើ​ពាក្យ​​ប្រមាថ​ខ្មែរ​ផង តែ​រដ្ឋាភិ​បាល​កម្ពុជា​នៅ​ធ្វើ​ល្មមៗ នៅ​សូត្រ​បាលី សូត្រ​ធម៌​នៅ​ទូរទស្សន៍​ជាតិ​ហ្នឹង​ទៅ ប៉ុន្តែ​អាការ​​ធ្វើ​ជាក់​ស្តែង​ដើម្បី​ឱ្យព​លរដ្ឋ​ជឿ​បាន​ទេ»។

យ៉ាងណា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ជាតិ បាន​ចង​កាតព្វ​កិច្ច​រដ្ឋាភិ​បាល​ពី​ឆន្ទៈ​ការ​ពារ​ទឹក​ដី។ ចំណែក ក្រម​​ព្រហ្មទ​ណ្ឌ ក៏​ដូច​គ្នាដែ​រ បាន​ចែង​ពីកា​រ​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​ដែល​ធ្វើ​ឱ្យបា​ត់​បង់​ទឹក​ដី​ទៅ​បរទេស ។

មាត្រា៥២​ នៃរដ្ឋធម្មនុញ្ញ ចែង​ថា «រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណភា​ព​​​ទឹក​ដី អនុ​​​វ​​ត្ត​​​​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បីកា​រ​ឯកភាព​ជាតិ»។

ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើ​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាក់​ងារបរទេស នូ​វ​ដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារអស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ