ការ​វាយ​ប្រហារ​របស់​អ៊ីស្រា​អែល​លើ​ក្រុង​ហ្គាហ្សា​សម្លាប់​មនុស្ស​​៣នាក់​​និង​របួស​រាប់​សិប​​នាក់

គ្រូពេទ្យ និង​សាក្សី​ក្នុ​ង​តំបន់ បាន​និយាយ​ថា មនុស្ស​យ៉ាង​ហោច​ណាស់ ៣ នាក់ ត្រូវ​បាន​សម្លាប់ និង​រាប់​សិប​នាក់​ទៀត​បាន​រង​របួស នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ធំ​មួយ​របស់​អ៊ីស្រា​អែល ទៅ​លើ​អគារ​ស្នាក់​​នៅ​អាល់​ខា​យ៉ា​លី (al-Kayali) ស្ថិត​ក្នុង​តំបន់​ផ្សារ​ដ៏​មមា​ញឹក​បំផុត​មួយ​ នៅ​កណ្តាល​ទីក្រុង​ហ្គា​ហ្សា​ (Gaza City) មុន​ឱកាស​ពិធី​បុណ្យ​សាសនា​ឥស្លាម អ៊ីដ​អាល់​អាដ​ហា (Eid al-Adha)។

ការិយា​ល័យ​របស់​នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល លោក បេនចាមីន ណេតាន់​ញ៉ាហ៊ូ​ (Benjamin Netanyahu) បាន​និយាយ​​ថា យោធា​អ៊ី​ស្រាអែល​បានកំណត់គោលដៅលើ​មេប​ញ្ជាកា​រ​ផ្នែក​ប្រដាប់​អាវុធ​របស់​ក្រុម​ហាម៉ាស គឺ​លោក ម៉ូហាំ​ម៉េត អូដេហ៍ (Mohammed Odeh) ប៉ុន្មាន​ថ្ងៃ​បន្ទាប់​ពី​អ្នក​កាន់​តំណែង​មុន​របស់​លោក គឺ​លោក អ៊ីស អាត់​ឌីន អាល់​​ហា​ដាដ (Izz ad-Din al-Haddad) ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​ស្រដៀង​គ្នា​នេះ។

នេះគឺជាការវាយប្រហារដ៏សាហាវចុងក្រោយបង្អស់របស់អ៊ីស្រាអែល​លើតំបន់ហ្គាហ្សា ទោះបីជាមានបទឈប់​បាញ់កំពុង​អនុវត្ត​ក៏ដោយ។ ទាំងក្រុមហាម៉ាស និងអ៊ីស្រាអែល មិនទាន់មានការអត្ថាធិប្បាយណាមួយ​ជុំវិញការស្លាប់របស់​ លោក អូដេហ៍ ក្នុងការវាយប្រហារនេះនៅឡើយទេ។ ក្រុមជួយសង្គ្រោះបានប្រញាប់​ប្រញាល់​ទៅកាន់កន្លែងកើតហេតុ ប៉ុន្តែមានការពិបាកក្នុងការឡើងទៅដល់ជាន់ខាងលើ ដោយ​​សារ​តែ​កម្រិត​នៃ​ការ​ខូច​ខាត​ខ្លាំង និង​ភាព​កក​ស្ទះ​នៅ​ក្នុង​តំបន់​នោះ។

ការិយាល័យរបស់លោក ណេតាន់ញ៉ាហ៊ូ បានពិពណ៌នាថា លោក អូដេហ៍ គឺជា «ស្ថាបត្យ​ក​រម្នា​ក់» នៃ​ការ​វាយ​ប្រហារ​កាល​​ពី​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ របស់​ក្រុម​ហា​ម៉ាស ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​សម្លាប់​ ការ​ចាប់​ពង្រត់ និង​ការ​ធ្វើ​​ឱ្យ​​រង​របួស​ដល់​ពលរ​ដ្ឋ​អ៊ី​ស្រា​អែល និង​ទាហាន IDF ជា​ច្រើន​នាក់។

អ៊ីស្រាអែល បានធ្វើការវាយប្រហារជាប្រចាំនៅទូទាំងតំបន់ហ្គាហ្សា ចាប់តាំងពីបទឈប់​បាញ់​បាន​ចាប់​ផ្តើម​​កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា។ ក្រុម​ហាម៉ាស បាន​ចោទ​ប្រកាន់​អ៊ីស្រា​អែល​ ថាបាន​វាយ​ប្រហារ​លើ​ជន​ស៊ី​វិល​ ខណៈ​ដែល​ក្រសួង​សុខា​ភិ​បាល​​ក្នុង​តំបន់​រាយ​ការណ៍​ថា មាន​អ្នក​ស្លាប់​ជាង ៨០០ នាក់ ក្នុង​កំឡុង​ពេល​បទ​ឈប់​បាញ់​នេះ។

រីឯរដ្ឋភិបាលអ៊ីស្រាអែល​ បានចោទប្រកាន់ក្រុមហាម៉ាសវិញថា បានរំលោភលើ​កិច្ច​ព្រម​ព្រៀង​ដោយ​មិន​ព្រម​ទម្លាក់​អាវុធ។

ដំណាក់កាលចុងក្រោយនៃផែនការសន្តិភាព ដែលដឹកនាំដោយសហរដ្ឋអាមេរិកសម្រាប់តំបន់ហ្គាហ្សា បាន​​ជាប់​គាំង ចាប់តាំងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមសង្គ្រាមជាមួយអ៊ីរ៉ង់ កាលពីខែកុម្ភៈ។ កិច្ចពិភាក្សាស្តីពី​ការទម្លាក់អាវុធនៅតែស្ថិតក្នុងភាពទាល់ច្រក ខណៈដែលក្រុមហាម៉ាសបានដំណើរ​ការ​កងកម្លាំងនគរបាលរបស់​ខ្លួន​ឡើង​វិញ និងហាក់ដូចជាកំពុងពង្រឹងអំណាចរបស់ខ្លួនឡើងវិញ។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អ៊ីស្រាអែល បាននិយាយថា ខ្លួននឹងបន្តតាមប្រមាញ់អ្នកណាដែលបាន​ចូលរួមក្នុង​ការ​វាយ​ប្រហារ កាលពីថ្ងៃទី​៧ ខែតុលា ដែលបណ្តាលឱ្យមនុស្សប្រហែល ១,២០០ នាក់ត្រូវ​បាន​សម្លាប់ ហើយ ២៥១ នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​ធ្វើ​ជា​ចំណាប់​ខ្មាំង។

អ៊ីស្រាអែល បានឆ្លើយតបដោយការបើកយុទ្ធនាការយោធាដ៏ធំមួយនៅក្នុងតំបន់​ហ្គាហ្សា ដែល​បាន​​បណ្តាល​ឱ្យ​មនុស្ស​​​ជាង ៧២,៧៤៤ នាក់ ត្រូវ​បាន​សម្លាប់ យោងតាមក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស (តួ​លេខ​ដែល UN ចាត់ទុកថាគួរឱ្យទុកចិត្ត) និងបានធ្វើឱ្យប្រជាពលរដ្ឋភាគច្រើនបាត់បង់ទីជម្រក។

ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សានេះ បានកើតឡើងបន្ទាប់ពីមនុស្ស ១១ នាក់ត្រូវបានសម្លាប់​ដោយ​ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងប្រទេសលីបង់។ លោក ណេតាញ៉ាហ៊ូ បានប្ដេជ្ញាបង្កើនសកម្ម​ភាព​យោធា​នៅក្នុងប្រទេសនោះ ទៅលើទីតាំងដែលអ៊ីស្រាអែលអះអាងថាជាគោលដៅរបស់ក្រុមហេសបូឡា (Hezbollah)៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ