មេធាវី និងមនុស្សស្និទ្ធនឹងលោកកឹម សុខា បានពន្យល់ថា ការលើកលែងទោសជាប់ពន្ធនាគារ ២៧ឆ្នាំ របស់លោកកឹម សុខា គ្រាន់តែជាការចាប់ផ្តើម ហើយការមិនប្តឹងសារទុក្ខទៅតុលាការកំពូល គឺដើម្បីយកពេលវេលាមកសន្ទនាពីការផ្សះផ្សាជាតិ ក្នុងខណៈពេលដែលកម្ពុជាកំពុងទទួលរងការឈ្លានពានពីថៃដែលត្រូវការការឯកភាពជាតិ មិនមែនមានន័យថា មេបក្សប្រឆាំងរូបនេះ ព្រមទទួលយកទោសក្បត់ជាតិនោះទេ។
លោកកឹម សុខា ត្រូវបានប្រមុខរដ្ឋស្តីទីលោកហ៊ុន សែន ចេញព្រះរាជក្រឹត្យលើកលែងទោសក្នុងព្រះបរមនាមព្រះមហាក្សត្រ កាលពីថ្ងៃទី២៥ខែឧសភា។ ការលើកលែងទោសនេះ អនុវត្តចំពោះតែទោសដាក់ពន្ធនាគារ ដែលជាមូលទោសប៉ុណ្ណោះ ចំណែកទោសដកសិទ្ធិធ្វើនយោបាយ និងការហាមចេញទៅក្រៅប្រទេស មិនត្រូវបានលើកលែងនោះទេ។
ទាក់ទងនឹងព្រះរាជក្រឹត្យលើកលែងទោសនេះ លោកមេធាវី ផែង ហេង មានចម្ងល់នៅពេលមានការលើកលែងតែមូលទោសជាប់ពន្ធនាគារ២៧ឆ្នាំ ប៉ុន្តែអនុទោសមានដូចជាការដកសិទ្ធិធ្វើនយោបាយ និងការហាមចេញទៅបរទេស៥ឆ្នាំ មិនត្រូវបានលើកលែង ដោយលោកលើកឡើងថា បើតាមបច្ចេកទេសច្បាប់កាលណាមូលទោសត្រូវបានរំលត់ អនុទោសក៏ត្រូវរលត់ដែរ។ ប៉ុន្តែយ៉ាងណាក្តី មេធាវីលោកកឹម សុខារូបនេះ បានបញ្ជាក់ប្រាប់វីអូឌីថា ព្រះរាជក្រឹត្យនេះ គឺជាចំណុចចាប់ផ្តើមដើម្បីឈានទៅរកការផ្សះផ្សាបង្រួបបង្រួមជាតិ។
លោកថា៖ «ទោះបីយើងមិនពេញចិត្តទាំងស្រុង ក៏ប៉ុន្តែយើងឃើញសាធារណជនបានសាទរគួរសមដែរ តែទោះយ៉ាងណាក៏យើងឃើញថា ព្រះរាជក្រឹត្យនេះ បានលុបចោលនូវការអនុវត្តមូលទោស ចឹងអនុទោសឬក៏ទោសបន្ថែម ក្នុងនាមជាអ្នកច្បាប់ ខ្ញុំយល់ថា ត្រូវតែលុបដែរ ដោយសារអនុទោសឬក៏ទោសបន្ថែមវាកើតចេញពីមូលទោស គឺទោសដែលរងការចោទប្រកាន់តាមមាត្រា៤៤៣ ចឹងទោសបន្ថែមយកមាត្រាផ្សេងៗទៀតដែលគេហៅថា ទោសបន្ទាប់បន្សំឬអនុទោសនេះ នៅពេលណាដែលសម្រេចលុបចោលមូលទោសអនុទោសវាត្រូវតែរលត់ទៅតាមហ្នឹង ហើយខ្ញុំជឿថា ជាជំហានចាប់ផ្តើមរបស់អ្នកនយោបាយដែលនឹងមានការជជែកគ្នាធ្វើកិច្ចការបន្តទៀត ដើម្បីជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរ និងប្រជាធិបតេយ្យនៅកម្ពុជា»។
ជាមួយគ្នានេះលោកមេធាវី ផែង ហេង បានបង្ហោះលើបណ្តាញសង្គមនៅថ្ងៃទី២៧ខែឧសភានេះថា ព្រឹកនេះ ជាថ្ងៃដំបូង ដែលលោកកឹម សុខា បានមកស្រុកកំណើតរបស់គាត់នៅភូមិត្រពាំងត្រកៀត ឃុំឧត្តមសូរិយ៉ា ខេត្តតាកែវ ដើម្បីគោរពវិញ្ញាណក្ខន្ធជីដូនជីតា ដើម្បីបួងសួងសុំសេចក្តីសុខ និងសូមឲ្យបារមីនៃបុព្វការីជន ជួយឲ្យអ្នកម្តាយរបស់គាត់មានព្រះជន្មយឺនយូរ និងសូមឲ្យរូបគាត់បានសេចក្តីសុខ និងមានសេរីភាពពេញលេញឡើងវិញ ក្នុងពេលឆាប់ៗ។
បន្ថែមពីនេះ លោកបញ្ជាក់ថា មួយរយៈពេលខ្លីនេះ លោកកឹម សុខា នៅរក្សាភាពស្ងប់ស្ងាត់ មើលថែម្តាយ ដែលកំពុងមានជំងឺធ្ងន់ធ្ងរ ហើយក៏គ្រោងសាងផ្នួសសងគុណម្តាយមួយរយៈពេល ប៉ុន្តែមិនមែនសាងផ្នួសរហូតទេ។
សូមបញ្ជាក់ថា នៅក្នុងពេលទៅជួបសួរសុខទុក្ខម្តាយជរាវ័យ១០១ឆ្នាំ ដែលកំពុងមានជំងឺជាទម្ងន់កាលពីថ្ងៃទី២១ខែឧសភា លោកកឹម សុខា បាននិយាយទៅកាន់ម្តាយដែលកំពុងសម្រានភ្លឹកស្តូកស្តឹង ក្រោមការឈរកៀកពីប៉ូលិសដែលស្លៀកពាក់ស៊ីវិលថា នៅពេលដែលលោករួចពីការឃុំខ្លួនមានសេរីភាព លោកនឹងទៅបួសសងគុណម៉ែ។
លោកថា៖ «ម៉ែធ្លាប់ធ្វើធម៌ដឹងហើយថា កូនមិនដែលទៅបៀតបៀនអ្នកណា ហើយបើអ្នកណាបៀតបៀនកូន គឺអ្នកនឹងទទួលកម្មរបស់គេចុះ យើងអត់មានទៅធ្វើអីគេទេណាម៉ែ។…ចឹងហើយដើម្បីដោះទុក្ខទាល់តែយើងស្គាល់ហេតុនៃទុក្ខ ហើយហេតុនៃទុក្ខនឹង ដូចខ្ញុំជម្រាបម៉ែអម្បាញ់មិញអ៊ីចឹង គឺមកពីអវិជ្ជា តណ្ហា ឧបាទាន និងកម្ម មិនមែនមកពីកម្មទាំងអស់ទេ មកពីឧបាទានយើងជាប់ជំពាក់។ ដូចខ្ញុំចឹង ខ្ញុំជាប់ជំពាក់នឹងប្រទេសជាតិ ចឹងហើយបានខ្ញុំទទួលរងនឹងខ្ញុំអាណិតស្រឡាញ់ប្រទេសជាតិ ស្រឡាញ់ប្រជាពលរដ្ឋខ្មែរ។ ចឹងហើយអាហ្នឹងជាទុក្ខបស់ខ្ញុំ ហើយខ្ញុំសូមឱ្យខ្មែរយើងចាកផុតទុក្ខ ឱ្យម៉ែចាកផុតទុក្ខ គ្រួសារយើងទាំងអស់ ប្រជាពលរដ្ឋទាំងអស់»។
សូមបញ្ជាក់ថា ការលើកលែងទោស លោកកឹម សុខា បានកើតឡើងភ្លាមៗ បន្ទាប់ពីមេបក្សប្រឆាំងរូបនេះ បានដាក់លិខិតបញ្ជាក់ពីការមិនប្តឹងសារទុក្ខទៅតុលាការកំពូល ដាក់ទៅសាលាឧទ្ធរណ៍ភ្នំពេញ កាលពីថ្ងៃទី២៥ខែឧសភា។ លោកកឹម សុខា បានគូសបញ្ជាក់ក្នុងលិខិតថា លោកបានសម្រេចចិត្តមិនប្តឹងសារទុក្ខនឹងសាលដីកាចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ របស់សាលាឧទ្ធរណ៍ភ្នំពេញ ទៅតុលាការកំពូលទេ «បើទោះបីជាលោកមិនសុខចិត្តនឹងការសម្រេចផ្តន្ទាទោសនេះក៏ដោយ។ លោកយល់ថា ក្នុងកាលៈទេសៈនេះការដោះស្រាយបញ្ហាដោយឈរលើស្មារតីផ្សះផ្សាជាតិ តាមរយៈការសន្ទនាគ្នារវាងខ្មែរនឹងខ្មែរ គឺជាជម្រើសដ៏ប្រសើរបំផុត ដើម្បីផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋខ្មែរ»។
បើទោះបីជាមានការសាទរយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរ ចំពោះការលើកលែងទោសជាប់ពន្ធនាគារ២៧ឆ្នាំ របស់លោកកឹម សុខា យ៉ាងណាក្តី ក៏អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនតូច ដែលត្រូវបានគេចោទថា មានចេតនាបំបែកបំបាក់ក្រុមប្រឆាំង បានចោទមេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានតុលាការរំលាយថា បានទទួលស្គាល់បទចោទដែលត្រូវបានតុលាការរបស់គណបក្សប្រជាជន ចោទទាំងបំពានថា ក្បត់ជាតិ ធ្វើឱ្យជីវិតនយោបាយរបស់ខ្លួនត្រូវចប់នៅពេលនេះ។
ចំពោះការលើកឡើងនេះ លោក ហ៊ីង សុខសាន្ត អតីតមន្ត្រីគណបក្សសង្គ្រោះជាតិដែលស្និទ្ធនឹងលោកកឹម សុខា បានចេញមកបកស្រាយតាមរយៈវិដេអូឃ្លីបមួយ នៅថ្ងៃទី២៦ខែឧសភាថា ការលើកឡើងដែលថា លោកកឹម សុខា ព្រមទទួលស្គាល់បទចោទពីបទក្បត់ជាតិ បន្ទាប់ពីជាប់ឃុំជិត១០ឆ្នាំ ថាជារឿងបំភ្លៃបំផ្លើសខុសពីការពិត ក្នុងចេតនាបំផ្លាញ លោកកឹម សុខា ដែលជាអ្នកនយោបាយស្អាតស្អំ ប្រកាន់យកគោលការណ៍អហិង្សាមិនយកខ្មែរណាជាសត្រូវ។
លោក ហ៊ីង សុខសាន្ត លើកឡើងថា សំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ និងសំណុំរឿងលោកកឹម សុខា ជាសំណុំរឿងពីរដាច់ពីគ្នា ហើយគ្រប់គ្នាសុទ្ធតែបានដឹងហើយថា លោកកឹម សុខា ជាអ្នកនយោបាយស្អាតស្អំ គ្មានទោសកំហុសអ្វីពីបទក្បត់ជាតិដូចការចោទប្រកាន់របស់តុលាការនោះទេ។ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនតូច បែរជាយកលិខិតដែល លោកកឹម សុខា ដាក់ទៅសាលាឧទ្ធរណ៍ មកធ្វើការបកស្រាយមិនអស់សេចក្តីដោយចោទ លោកកឹម សុខា ថា ព្រមទទួលយកទោសដែលគេចោទពីបទក្បត់ជាតិ ទើបមិនប្តឹងសារទុក្ខទៅតុលាការកំពូលទៅវិញ ដែលការបកស្រាយបែបនេះធ្វើឱ្យមានការយល់ច្រឡំ។
លោកថា៖ «ដូចខ្ញុំប្រាប់អម្បាញ់មិញហើយថា យើងទុកបុព្វហេតុនៃសំណុំរឿងនេះ យើងដឹងពីបុព្វហេតុហើយ ប៉ុន្តែយើងទុកវាមួយឡែក បើយកវាមកជជែក ខ្មែរអត់បានសុខទេ អាហ្នឹងទី១។ ទី២ត្រង់ណាដែលគាត់ថាមិនប្តឹងហ្នុងធ្វើឱ្យគាត់ក្លាយជាអ្នកទទួលទោស? វាត្រូវហើយនីតិវិធីវាចឹងហើយ។ ប៉ុន្តែក្នុងកាលៈទេសៈ? ក្រែងយើងដឹងថា សំណុំរឿងជាសំណុំរឿងនយោបាយ? ចឹងយើងត្រូវដោះស្រាយតាមផ្លូវនយោបាយ ក្រែងយើងនិយាយលើកមុនអីចឹង? ហើយឥឡូវដោះស្រាយតាមលក្ខខណ្ឌនយោបាយ បែរជាទៅនិយាយអីចឹង?»។
លោក ហ៊ីង សុខសាន្ត បានជំរុញឱ្យទាំងអស់គ្នាអានលិខិតរបស់លោកកឹម សុខា ដែលដាក់ទៅសាលាឧទ្ធរណ៍ឱ្យចប់ ដោយយកចិត្តទុកដាក់ ដើម្បីចៀងវាងការយល់ច្រឡំ។ លោកលើកឡើងថា នៅក្នុងកាលៈទេសៈដែលខ្មែរត្រូវការបង្រួបបង្រួមជាតិ ការផ្សះផ្សាជាតិ ហើយខ្មែរនៅក្រៅស្រុកនៅតែស្រែករិះគន់រដ្ឋាភិបាល ខ្មែរនៅក្នុងស្រុកធ្វើអ្វីផ្សេង សួរថា តើខ្មែរបានសុខទេ? គឺមិនបានសុខទេ ខណៈខ្មែរមួយចំនួនកំពុងជាប់ឃុំដែលត្រូវការការដោះស្រាយសម្របសម្រួលតាមផ្លូវនយោបាយ នៅពេលដែលថៃគំរាមធ្វើសង្គ្រាមជាលើកទី៣។ លោកថា ត្រឹមការលើកលែងទោស លោកកឹម សុខា វាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ វាមិនទាន់ចប់ត្រឹមនេះទេ។
លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ បានប្រាប់វីអូឌីនៅថ្ងៃទី២៧ខែឧសភានេះថា នៅក្នុងនីតិវិធីផ្លូវច្បាប់ បើសិនជាសំណុំរឿងមួយ បន្ទាប់ពីសាលាដំបូង ឬសាលាឧទ្ធរណ៍ ចេញសាលក្រម ឬសាលដីកាសម្រេចរយៈពេល១ខែ តាមកំណត់ផ្លូវច្បាប់ដែលទុកពេលប្តឹងឧទ្ធរណ៍ ឬក៏ប្តឹងសារទុក្ខទៅតុលាការកំពូល បើជនជាប់ចោទមិនប្តឹងមានន័យថា ពួកគាត់សុខចិត្តទទួលយកការផ្តន្ទាទោសនោះហើយ។
ប៉ុន្តែយ៉ាងណាក្តី អ្នកជំនាញផ្នែកច្បាប់រូបនេះថា សំណុំរឿងគឺអាចមានភាពខុសគ្នា ព្រោះរឿងខ្លះវាជារឿងព្រហ្មទណ្ឌធម្មតា ដែលមានការផ្តន្ទាទោស ដោយសាររកឃើញនូវភស្តុតាង ប៉ុន្តែសំណុំរឿងខ្លះទៀតទាក់ទងនឹងរឿងនយោបាយ គឺមានការសម្របសម្រួលលើកលែងទោសដើម្បីផលប្រយោជន៍ជាតិ។
លោកថា៖ «រឿងមួយទៀតដែលយើងឃើញភាគច្រើនកន្លងមក ទាក់ទងនឹងសំណុំរឿងពិសេសៗទាក់ទងនឹងរឿងអ្នកនយោបាយ សកម្មជននយោបាយ ឬក៏សកម្មជនផ្សេងៗទៀត ទាក់ទងការយោគយល់ការសន្ទនាគ្នា ការគិតគូអំពីផលប្រយោជន៍រួម ការគិតគូពីឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋគឺមានការសម្របសម្រួល ទាក់ទងនឹងការលើកលែងទោស តាមរយៈអង្គព្រះមហាក្សត្រជាដើម តាមផ្លូវច្បាប់ដែលកំណត់បានទទួលការលើកលែងទោសអីទៅ អាហ្នឹងជារឿងមួយផ្សេងទៀតចឹងទៅ។ អ៊ីចឹងហើយបាននៅក្នុងច្បាប់ពន្ធនាគារ ក៏គេនិយាយពីការលើកលែងទោសហ្នឹង ថាតើមាននីតិវិធីមានរបៀបយ៉ាងម៉េច ហើយនឹងព្រះរាជក្រឹត្យការលើកលែងទោសត្រូវធ្វើយ៉ាងម៉េចអីចឹងទៅ អាហ្នឹងអនុវត្តតាមនីតិវិធីផ្លូវច្បាប់»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ខែឧសភា បានហៅការលើកលែងទោស លោក កឹម សុខា ថាជា «ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»។
ជាមួយគ្នានេះ លោកជា ធីរិទ្ធ អ្នកនាំពាក្យលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកការលើកលែងទោស លោកកឹម សុខា ថាជារឿងសាទរ ពីព្រោះវាបង្ហាញអំពី«គុណធម៌នយោបាយ» របស់លោកហ៊ុន ម៉ាណែត។ លោកថា រឿងច្បាប់វាជារឿងមួយ ក៏ប៉ុន្តែគុណធម៌នយោបាយ គុណធម៌នៅក្នុងស្ថានភាពដែលម្តាយរបស់លោកកឹម សុខា ស្ថិតនៅក្នុងដំណាក់កាលចុងក្រោយ ហើយកូនមានទោសទៀតនោះ គឺជារឿងមួយដែលលោកហ៊ុន ម៉ាណែត មិនចង់ឃើញ ម៉្លោះហើយទើបលោកស្នើឱ្យលើកលែងទោសនេះ។ ការលើកលែងទោសនេះទៀតសោត ក៏វាបានឆ្លុះបញ្ចាំងអំពីគុណតម្លៃនៃការពង្រឹងនូវសាមគ្គីជាតិ និងការផ្សះផ្សាជាតិផងដែរ។
រដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលារបស់ លោកសម រង្ស៊ី បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២៦ខែឧសភា ដោយទាមទារឲ្យរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ផ្ដល់សេរីភាពនយោបាយពេញលេញដល់ លោក កឹម សុខា និងត្រូវតែដោះលែងអ្នកទោសនយោបាយ អ្នកទោសមនសិការទាំងអស់។
សេចក្តីថ្លែងការណ៍ បញ្ជាក់ថា ទាល់តែធ្វើដូច្នេះ៖ «ទើបជាផ្លូវត្រូវ នៃការចាប់ផ្ដើមផ្សះផ្សាគ្នា ឲ្យឈានដល់ការសាមគ្គីឯកភាពជាតិ ក្នុងស្មារតីជាតិពិតប្រាកដ។ បើមិនដូច្នេះទេ ទ្រឹស្ដី «ពង្រឹងសាមគ្គីឯកភាពជាតិ» របស់លោក ហ៊ុន ម៉ាណែត គឺជាសំឡេងយុទ្ធនាការនយោបាយបោកប្រាស់ប្រជាពលរដ្ឋ និងបំភ័ន្ដអន្តរជាតិ»។
ជាមួយគ្នានេះ សមាគមខ្មែររដ្ឋវិកតូរីយ៉ា អង្គការសម័្ធន្ធខ្មែរដើម្បីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស និងអង្គការប្រជាធិបតេយ្យខ្មែរនៅប្រទេសអូស្ត្រាលី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ ដោយចាត់ទុកការលើកលែងទោសជាប់ពន្ធនាគារលើ លោកកឹម សុខា ថាជាជំហានវិជ្ជមានមួយ។ ប៉ុន្តែពួកគេស្នើឱ្យលោកហ៊ុន ម៉ាណែត មេត្តាទម្លាក់ចោលបទចោទប្រកាន់ និងស្តារសិទ្ធិនយោបាយលោកកឹម សុខា ឡើងវិញ និងដោះលែងសកម្មជនដែលកំពុងជាប់ឃុំទាំងអស់ ដើម្បីបញ្ជាក់ឱ្យឃើញថា កម្ពុជាកំពុងកែប្រែការដឹកនាំរដ្ឋឱ្យមានការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ស្របតាមរដ្ឋធម្មនុញ្ញ៕









