ក្រសួងការបរទេសកម្ពុជា ទម្លាយឱ្យដឹងថា ក្នុងជំនួបជាមួយភាគីថៃ នៅឯកិច្ចប្រជុំមួយនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថ្មីៗនេះ ខ្លួនបានប្រាប់ទៅភាគីថៃពីការត្រៀមខ្លួន ដើម្បីស្វែងរកដំណោះស្រាយបញ្ហាព្រំដែនក្នុងបំណងបង្កើនទំនុកចិត្តគ្នាឡើងវិញ។
ក្រសួងបាននិយាយក្នុងសេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី២៦ខែឧសភានេះថា លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានជួបពិភាក្សាការងារជាមួយ លោក សីហៈសក្តិ ភួងកេតកែវ រដ្ឋមន្ត្រីការបរទេសថៃក្នុងឱកាសនៃការអញ្ជើញចូលរួម កិច្ចប្រជុំបើកចំហកម្រិតខ្ពស់របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក។
កិច្ចប្រជុំនេះ គឺជាការអនុវត្តតាមកិច្ចប្រជុំត្រីភាគី រវាងកម្ពុជា ថៃ និងហ្វីលីពីន ដែលបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៨ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដែលក្នុងនោះ ភាគីកម្ពុជា និងថៃ បានពិភាក្សាអំពីវិធានការកសាងទំនុកចិត្ត និងស្វែងរកមធ្យោបាយឆ្ពោះទៅមុខ។
ប្រភពដដែលឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសទាំងពីរ បាននិយាយអំពីស្ថានភាពព្រំដែនរវាងប្រទេសទាំងពីរ។ ចំណែក លោក ប្រាក់ សុខុន បានគូសបញ្ជាក់ឡើងវិញនូវជំហររបស់កម្ពុជា ទាក់ទងនឹងការសម្រេចផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំ ក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ(UNCLOS) និងបានស្នើឱ្យមានការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាព ដោយស្មោះត្រង់នូវសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ លើខ្លឹមសារទាំងមូល។
លើសពីនេះ កម្ពុជា ក៏បានប្រាប់ទៅភាគីថៃថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការជាមួយថៃ ដើម្បីអនុវត្តវិធានការនានាដែលប្រមុខរដ្ឋាភិបាលទាំងពីរ បានឯកភាពគ្នានៅកោះសេប៊ូ ក្នុងគោលបំណងកសាងទំនុកចិត្តឡើងវិញ និងខិតខំស្វែងរកដំណោះស្រាយ ដោយយុត្តិធម៌ និងយូរអង្វែង។ ហើយថា ក្នុងស្មារតីនេះ ភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរក្សាការទាក់ទងគ្នាជិតស្និទ្ធ និងទៀងទាត់។
ជុំវិញការឈ្លានពានរបស់ថៃនេះ ក្រោយមានបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានតវ៉ាជាបន្តបន្ទាប់រហូតជាង៧០០លើក ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា លើទីតាំងមួយចំនួន ក្នុងខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទំាំងតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីផងដែរ។
ដោយឡែក តំណាងរាស្ត្របក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន បានអះអាងថា ក្រោយមានបទឈប់ថៃ មិនបានគោរពទេ រហូតបច្ចុប្បន្ននេះ ដែលការឈ្លានពាននោះ ថៃបានពង្រីកការឈ្លានពានទឹកដីខ្មែរ តាមចិត្តកើនឡើងដល់ជិត៧០ទីតំាង ទាំងគ្មានការទប់ស្តាត់ពីក្រសួងការពារជាតិកម្ពុជា៕









