អ៊ីស្រាអែល បានបើកការវាយប្រហារតាមអាកាសជាង ១២០ លើក ប្រឆាំងនឹងប្រទេសលីបង់ កាលពីថ្ងៃទី២៦និងទី២៧ខែឧសភា ជាថ្ងៃទម្លាក់គ្រាប់បែកដ៏ធ្ងន់ធ្ងរបំផុតមួយ ក្នុងខណៈដែលនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) ថ្លែងថា យោធារបស់លោកកំពុងបង្កើនយុទ្ធនាការវាយលុកប្រឆាំងនឹងក្រុមហេសបូឡា (Hezbollah)។
កិច្ចព្រមព្រៀងបទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក កាលពីខែមុន ឥឡូវនេះហាក់ជិតរលាយសាបសូន្យទាំងស្រុង ដែលធ្វើឱ្យស្មុគស្មាញដល់ការចរចាបញ្ចប់សង្គ្រាមជាមួយប្រទេសអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ បានផ្តល់សញ្ញាម្តងហើយម្តងទៀតថា ការបញ្ចប់ការវាយលុករបស់អ៊ីស្រាអែលនៅលីបង់ គឺជាលក្ខខណ្ឌនៃកិច្ចព្រមព្រៀងជាមួយទីក្រុងវ៉ាស៊ីនតោន។
ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ រាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ១០ នាក់ បានស្លាប់ក្នុងការវាយប្រហារលើទីប្រជុំជន ប៊ឺជ អាលសាម៉ាលី (Burj al-Shamali) នៅភាគខាងត្បូងលីបង់ ខណៈការវាយប្រហារលើភូមិ ម៉ាសហ្ការ៉ា (Mashghara) ភាគខាងកើត បានសម្លាប់មនុស្ស ១២ នាក់។
លោក ណេតាន់យ៉ាហ៊ូ ថ្លែងថា យោធាអ៊ីស្រាអែលកំពុង «ប្រតិបត្តិការជាមួយកម្លាំងដ៏ធំនៅលើសមរភូមិ ព្រមទាំងកំពុងវាយដណ្តើម និងគ្រប់គ្រងតំបន់នានា»។ លោកបន្តថា៖ «យើងកំពុងពង្រឹងខ្សែក្រវាត់សន្តិសុខ ដើម្បីការពារសហគមន៍ភាគខាងជើង»។
លោក ណេតាន់យ៉ាហ៊ូ ដែលកំពុងប្រឈមមុខនឹងការបោះឆ្នោតឡើងវិញនៅចុងខែនេះ កំពុងស្ថិតក្រោមសម្ពាធក្នុងការបង្ហាញលទ្ធផល ជាពិសេសដោយសារគោលដៅនៃសង្គ្រាមជាមួយអ៊ីរ៉ង់កាលពីខែកុម្ភៈ មិនទាន់សម្រេចបាននៅឡើយ។ អ្នកនយោបាយក្នុងប្រទេសអ៊ីស្រាអែល បានអំពាវនាវឱ្យលោកមើលរំលងសម្ពាធពីទីក្រុងវ៉ាស៊ីនតោន។
មានសេចក្តីរាយការណ៍កាលពីថ្ងៃទី២៧ខែឧសភា អំពីការប្រយុទ្ធគ្នាថ្មីនៅភាគខាងត្បូងលីបង់។ ក្រុមហេសបូឡា និយាយថា យុទ្ធជនខ្លួនបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងអ៊ីស្រាអែលក្នុងទីប្រជុំជនមួយនៅភាគខាងជើងទន្លេលីតានី (Litani River) ដែលជាព្រំដែនជាក់ស្តែងនាពេលបច្ចុប្បន្ន។
យោធាអ៊ីស្រាអែល បានបញ្ជាឱ្យប្រជាជនកុំត្រឡប់ទៅភូមិរាប់សិបនៅក្នុងតំបន់ទ្រនាប់ ដែលខ្លួនកំពុងបង្កើតឡើង។ មន្ត្រីយោធាអ៊ីស្រាអែលម្នាក់ និយាយថា យោធាកំពុង «ប្រតិបត្តិការហួសពីខ្សែការពារជួរមុខ ដើម្បីកម្ចាត់ការគំរាមកំហែងផ្ទាល់ចំពោះពលរដ្ឋ និងទាហានអ៊ីស្រាអែល»។
ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រុមហេសបូឡាបានប្រើប្រាស់ដ្រូនដើរដោយខ្សែហ្វាយបឺអុបទិកថ្មី ដែលកងទ័ពអ៊ីស្រាអែលពិបាកក្នុងការស្ទាក់ចាប់។ កាលពីថ្ងៃទី២៧ខែឧសភា ស៊ីរ៉ែនព្រមានការវាយប្រហារតាមអាកាស ត្រូវបានធ្វើឱ្យដំណើរការនៅក្នុងតំបន់ ស្លូមី (Shlomi) បន្ទាប់ពីមានសេចក្តីរាយការណ៍អំពីដ្រូនជ្រៀតចូល។
លោក ណេតាន់យ៉ាហ៊ូ មានប្រសាសន៍ថា៖ «អ្វីដែលរឿងនេះ តម្រូវឱ្យយើងធ្វើនៅពេលនេះ គឺបង្កើនការវាយប្រហារ បង្កើនអាំងតង់ស៊ីតេ។ យើងនឹងវាយកម្ទេចពួកគេឱ្យរាបដល់ឫសគល់»។
ប្រជាជនជាង ១ លាននាក់ នៅក្នុងប្រទេសលីបង់ ត្រូវបានផ្លាស់ទីលំនៅ នៅក្នុងការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមនៅពេលក្រុមហេសបូឡាបាញ់គ្រាប់រ៉ុក្កែតចូលភាគខាងជើងអ៊ីស្រាអែលក្នុងខែមីនា ពីរថ្ងៃបន្ទាប់ពីអ៊ីស្រាអែល បើកការវាយប្រហារប្រឆាំងទីក្រុងតេហេរ៉ង់ ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមេនី (Ayatollah Ali Khamenei)។
មនុស្សយ៉ាងហោចណាស់ ៣.២១៣ នាក់ ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាម។ នេះបើយោងតាមក្រសួងសុខាភិបាលលីបង់ ដោយមានមនុស្សជាង ៩.៧០០ នាក់រងរបួស៕









