អង្គការចលនាមាតាធម្មជាតិ អំពាវនាវដល់រដ្ឋាភិបាលដោះលែងសកម្មជនបរិស្ថានទាំង ៥នាក់ និងអ្នកជាប់ឃុំមនសិការទាំងអស់ ដើម្បីបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិ ដូចការលើកឡើងរបស់នាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត។
សកម្មជនបរិស្ថាន ឬសកម្មជនចលនាមាតាធម្មជាតិទាំង៥រូបនោះ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី។ អ្នកទាំង៥រូប ត្រូវបានឃុំខ្លួន តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ នៅពេលដែលពួកគេត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាត់ទោសពីបទ រួមគំនិតក្បត់ ខណៈលោក យីម លាងហ៊ី ត្រូវបានកាត់ទោសបន្ថែមមួយករណីទៀត ពីបទ ប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ពួកគេត្រូវបានផ្ដន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេលពី ៦ ឆ្នាំ ទៅ ៨ ឆ្នាំ។
ចលនាមាតាធម្មជាតិ បានលើកឡើងក្នុងបណ្តាញសង្គមរបស់ខ្លួន នៅល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ថា ពួកគេនៅតែស្រេកឃ្លាននូវយុត្តិធម៌ និងចង់ឃើញសង្គមខ្មែរមានការផ្លាស់ប្តូរទៅក្នុងទិសដៅវិជ្ជមាន ដែលការណ៍នេះ ពួកគេចង់ឃើញរដ្ឋាភិបាលដោះលែងមិត្តរបស់ពួកគេទាំង ៥នាក់។
ការអំពាវនាវរបស់ចលនាមាតាធម្មជាតិបានធ្វើឡើង ក្រោយពីប្រមុខរដ្ឋស្តីទី លោក ហ៊ុន សែន បានត្រាស់បង្គាប់លើកលែងទោស លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលតុលាការរំលាយ ក្រោយត្រូវបានចាប់ឃុំខ្លួន និងដកសិទ្ធិធ្វើនយោបាយជិត១០ឆ្នាំរួចមក។
បន្ទាប់ពីមានការលើកលែងទោសទៅលើមេដឹកនាំបក្សប្រឆាំងរូបនេះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត បានបង្ហោះសារលើបណ្តាញសង្គមរបស់លោក កាលពីថ្ងៃទី២៥ ខែឧសភាថា នេះជា «ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»។
ជុំវិញសាររបស់លោក ហ៊ុន ម៉ាណែតនេះ ចលនាមាតាធម្មជាតិ យល់ឃើញថា សាមគ្គីភាព និងឯកភាពជាតិ នឹងកើតមានឡើងយ៉ាងពិតប្រាកដ នៅពេលដែលអ្នកកាន់អំណាចសម្រេចដោះលែងអ្នកទោសមនសិការទាំងអស់ឱ្យមានសេរីភាព។ ប៉ុន្តែអ្វីដែលជាឧបសគ្គនោះ គឺរាជរដ្ឋាភិបាលនៅតែចាត់ទុកពួកគេទាំងនោះជាសត្រូវ ដែលគំរាមកំហែងដល់អំណាចរបស់ខ្លួន។
យ៉ាងណា អង្គការផ្នែកបរិស្ថានមួយនេះ នៅតែអំពាវនាវក្នុងសំណេរដើមថា៖ «ក្នុងនាមជាចលនាមួយដែលចង់ឃើញសង្គមខ្មែរ មានការផ្លាស់ប្ដូរទៅក្នុងទិសដៅវិជ្ជមាន យើងសូមអំពាវនាវឱ្យមានការដោះលែងមិត្តយើងទាំង៥ និងអ្នកទោសមនសិការទាំងអស់ ដើម្បីបង្ហាញពីសាមគ្គីភាព និងឯកភាពជាតិយ៉ាងពិតប្រាកដ»។
កន្លងមក អ្នកឃ្លាំមើល និងក្រុមគ្រួសារ ក៏ធ្លាប់បានស្នើជារឿយដល់រដ្ឋាភិបាល និងតុលាការពិចារណាដោះលែងសកម្មជនទាំង៥នាក់នេះ ឱ្យមានសេរីភាពវិញ ដើម្បីបង្ហាញពីឆន្ទៈនៃការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ និងដើម្បីឱ្យពួកគេបានបន្តសកម្មភាពការពារបរិស្ថានឡើងវិញ ខណៈពួកគេមើលថា ការបន្តឃុំខ្លួនសកម្មជនមាតាធម្មជាតិ គឺជាការបើកដៃឱ្យឧក្រិដ្ឋជនបំផ្លាញសម្បត្តិជាតិដោយសេរី៕









