មេបញ្ជាការជាន់ខ្ពស់ម្នាក់ បានប្រាប់ Reuters ថា អ៊ុយក្រែនមានឱកាសក្នុងរយៈពេល ៦ ខែ ដើម្បីដណ្តើមយកប្រៀបលើសមរភូមិពីប្រទេសរុស្ស៊ី និងពង្រឹងជំហរសម្រាប់ការចរចាសន្តិភាព ដោយលោកព្យាករណ៍ថា «របត់ផ្លាស់ប្តូរ» ជិតលេចឡើងហើយ។
ឧត្តមសេនីយ៍ត្រី អានឌ្រី ប៊ីឡេតស្គី (Andriy Biletsky) មេបញ្ជាការកងទ័ពភូមិភាគទី៣ របស់អ៊ុយក្រែន បានប្រាប់ Reuters ថា លោកជឿជាក់ថាកងទ័ពរុស្ស៊ីកំពុងអស់កម្លាំង និងគ្មានសមត្ថភាពក្នុងការវាយទម្លាយសមរភូមិធំៗនោះទេ។ ប្រសិនបើយោធាអ៊ុយក្រែនអាចរក្សាសន្ទុះវាយលុក ពួកគេអាចទទួលបានប្រៀបនៅតាមខ្សែត្រៀមជួរមុខ និងបង្ខំឱ្យរុស្ស៊ីបោះបង់ចោលផែនការលើតំបន់ដូណែតស្ក៍ (Donetsk)។
លោកបាននិយាយនៅទីតាំងក្រោមដីសម្ងាត់មួយថា៖ «ខ្ញុំជឿថា រយៈពេលពី ៦ ទៅ ៩ ខែខាងមុខ គឺជាចំណុចរបត់ផ្លាស់ប្តូរ ហើយ ៦ ខែខាងមុខ គឺសំខាន់បំផុត»។
បញ្ហានៃការគ្រប់គ្រងតំបន់ដូណែតស្ក៍ បានក្លាយជាឧបសគ្គនៅក្នុងការចរចាសន្តិភាព ដោយសាររុស្ស៊ីចង់បានតំបន់ទាំងមូល ចំណែកឯអ៊ុយក្រែនបដិសេធមិនដកថយពីទឹកដី ដែលកងទ័ពម៉ូស្គូមិនអាចវាយដណ្តើមបាន។
លោក ប៊ីឡេតស្គី បាននិយាយថា៖ «យើងត្រូវដណ្តើមយកចំណុចយុទ្ធសាស្ត្រ ហើយបន្ទាប់មកនិយាយជាមួយរុស្ស៊ីពីជំហររឹងមាំអំពីបទឈប់បាញ់ដ៏មានស្ថិរភាព»។
ក្រសួងការពារជាតិរុស្ស៊ី មិនបានឆ្លើយតបភ្លាមៗទេ ចំណែកប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្ដេជ្ញាថានឹងដណ្ដើមជ័យជម្នះ ហើយបាននិយាយថាផ្កាយរណប ស្តាលីង (Starlink) របស់លោក អ៊ីឡុន ម៉ាស់ (Elon Musk) ដែលបដិសេធមិនឱ្យកងកម្លាំងម៉ូស្គូប្រើប្រាស់ បានធ្វើឱ្យការវាយលុករបស់រុស្ស៊ីមានភាពស្មុគស្មាញ។ ទន្ទឹមនឹងនោះ ទីក្រុងគៀវបានបង្កើនការវាយប្រហារដោយដ្រូនរយៈចម្ងាយមធ្យមទៅលើប្រព័ន្ធការពារអាកាស និងភស្តុភារ ដែលជួយឱ្យការវាយប្រហាររយៈចម្ងាយឆ្ងាយអាចទម្លុះទៅបំផ្លាញរោងចក្រប្រេង និងទីតាំងយោធានៅរុស្ស៊ី។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែនបានដណ្តើមយកទឹកដីមកវិញជិត ៦០០ គីឡូម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៦។ បច្ចុប្បន្ន ទីក្រុងម៉ូស្គូគ្រប់គ្រងជិតមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន។
លោក ចន ហេលីន (John Helin) មកពីក្រុមវិភាគជម្លោះ Black Bird នៅហ្វាំងឡង់ បាននិយាយថា ភាពនឿយហត់គឺជាបញ្ហាសម្រាប់រុស្ស៊ី ខណៈអ៊ុយក្រែនត្រូវបានរារាំងដោយសារកង្វះកម្លាំងទ័ព៖ «វាទំនងជាខ្លាំងណាស់ដែលរុស្ស៊ីនឹងអស់កម្លាំង មុនពេលដែលបញ្ហារបស់អ៊ុយក្រែនឈានដល់ចំណុចបាក់បែក»។
វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម (ISW) នៅសហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងទីក្រុងគៀវឥឡូវនេះកំពុងប្រជែងយ៉ាងសកម្មទៅលើលក្ខណៈទប់ទល់ទីតាំងនៃសង្គ្រាម ហើយអាចនឹងមានសមត្ថភាពបើកការវាយលុកដោយប្រើគ្រឿងយន្តក្នុងពេលឆាប់ៗ។
កងទ័ពរុស្ស៊ីកំពុងសម្រុកចូលទៅក្នុង «ខ្សែក្រវាត់បន្ទាយការពារ» (Fortress Belt) នៅភាគខាងកើតអ៊ុយក្រែន ដែលការប្រយុទ្ធគ្នាកំពុងតែឆាបឆេះយ៉ាងខ្លាំង នៅក្នុងទីក្រុងយុទ្ធសាស្ត្រ កូស្ទៀនទីនីវកា (Kostiantynivka)។ ការដណ្តើមយកបានតំបន់នេះ នឹងធ្វើឱ្យរុស្ស៊ីអាចគំរាមកំហែងដល់ផ្នែកដែលនៅសល់នៃតំបន់ដុនបាស (Donbas)។
លោក ប៊ីឡេតស្គី បាននិយាយថា កងទ័ពរបស់លោកកំពុងឈរជើងយ៉ាងរឹងមាំនៅជុំវិញទីក្រុង ស្លូវីយ៉ានស្ក៍ (Sloviansk) ហើយបង្ខំឱ្យរុស្ស៊ីវាយប្រហារពីខាងមុខចំៗ។ ការវាយលុកដែលខាតបង់ច្រើនបែបនេះ បានធ្វើឱ្យកងកម្លាំងរុស្ស៊ីបាត់បង់កម្លាំង និងមេបញ្ជាការសមរភូមិយ៉ាងច្រើន។
លោកបានបន្តថា៖ «ការខ្វះខាតកម្លាំងពលទាហាន មិនអនុញ្ញាតឱ្យពួកគេវាយលុករំកិលទៅមុខដូចមុនទៀតទេ»។
លោក ប៊ីឡេតស្គី និយាយថា អ៊ុយក្រែនអាចទាញផលប្រយោជន៍ ដោយបន្តការវាយប្រហាររយៈចម្ងាយមធ្យម និងរំកិលទៅមុខដោយប្រុងប្រយ័ត្ន។ លោកបន្ថែមថា ម៉ូស្គូកំពុង «ចាញ់យ៉ាងដំណំ» ក្នុងការប្រាស្រ័យទាក់ទងគ្នា ដោយសារតែការបិទប្រព័ន្ធ ស្តាលីង៕









