អ្នក​ជំនាញ​​បន្ត​​ជំរុញ​ឱ្យ​កម្ពុជា​​ប្រញាប់​​ប្តឹង​ថៃ ខណៈ​ថៃ​​​ប្រកាស​​​លែង​​​​ទទួល​​​ស្គាល់​​​ផែន​ទី​​បារាំង

ក្រុម​​អ្នក​​ជំនាញ ​និង​​អ្នក​​ឃ្លាំ​មើល លើក​ឡើង​​ថា ការ​​ប្រកាស​​មិន​​ទទួល​​ស្គាល់​​សន្ធិ​សញ្ញា​​និង​​ផែន​​​ទី​​បារាំង​​សៀម​​របស់​ ​លោក ​អានុទីន ឆាន់​​វីរៈ​​គុន ​នាយក​​រ​ដ្ឋ​​មន្ត្រី​ថៃ គ្មាន​​​អ្វី​​គួរ​​ឱ្យ​​ព្រួយ​​បារម្ភ​​នោះ​​ទេ ប៉ុន្តែ​​​​​អ្វី​​ដែល​​​ប្រជា​ជាតិ​​ខ្មែរ​​​ត្រូវ​​ព្រួយ​​​បារម្ភ​​​ខ្លាំង​​នោះ គឺ​​រដ្ឋាភិ​បាល ​លោក​​ហ៊ុន ម៉ាណែត ​មិន​​ព្រម​​​ប្តឹង​​ថៃ​ទៅ​តុលាកា​រ​​អន្តរ​ជាតិ​ ​និង​​មិន​​ប្រើ​​កម្លាំង​​ទ័​ព​​​ឱ្យ​​​ឈរ​ជើង​​ការ​ពារ​ និង​​ទប់​​ស្កាត់​​នៅ​​លើ​​​​ដី​ជាក់​​ស្តែង ​​ដែ​ល​​កង​ទ័ព​​ថៃ​​​​រុល​ចូល​​ឈ្លាន​ពាន​ រាយ​បន្លា​លួស​ដាក់​ទូរ​កុង​តឺន័រ ​ជីក​​ប្រឡាយ​​​ធ្វើ​​ផ្លូវ ​និង​​សាង​​សង់​​សំណង់​​ផ្សេងៗ​​​នៅ​លើ​​ទឹក​ដី​ខ្មែរ​​ជា​រៀង​​រាល់​​ថ្ងៃ​។

ប្រតិកម្ម​ទាំងនេះ ​បាន​កើតមាន​ឡើង​បន្ទាប់ពី​នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បាន​​ប្រកាស​​ជាថ្មី​កាល​ពីថ្ងៃ​ទី​​២៨ខែ​ឧសភា បន្ទាប់​​ពី​វិល​ត្រឡប់​មកពីបំពេញទស្សនកិច្ច​នៅ​​ប្រទេស​​បារាំង​ថា រដ្ឋាភិបាល​ថៃ​លែង​ទទួល​​ស្គាល់ និងប្រើប្រាស់ផែនទីខ្នាត១/២០០០០០ ដែលមានប្រភពពីសម័យអាណានិគមបារាំង សម្រាប់ការកំណត់​ព្រំដែន​ជាមួយកម្ពុជាទៀតហើយ ដោយ​ប្រើតែ​ផែនទីខ្នាត១លើ​​៥០​ពាន់ ​ដែល​គូស​​​ដោយ​ថៃ​ប៉ុណ្ណោះ​​។ នេះ​បើ​​តាមកា​សែត The Nation របស់ថៃ។

នៅ​​ថ្ងៃទី​២៩ខែ​ឧសភា​​នេះ ​គេ​មិន​​​ទាន់​ឃើញ​រដ្ឋាភិបាល​កម្ពុជា ​បញ្ចេញ​ប្រតិកម្ម​លើសម្តី​របស់ លោក​ ​​អានុ​ទីន​ ​​នេះ​នៅឡើយ​ទេ។

ក៏ប៉ុន្តែ​ហ្វេសប៊ុក​ក្រសួងការបរទេសកម្ពុជា ​​បាន​ដកស្រង់​សម្តី ​លោក​ប្រាក់ ​សុខុន ​​រដ្ឋមន្ត្រីការ​បរទេស​មក​ចុះ​​​ផ្សាយ​​​ថា ​ព្រំដែន និងអធិបតេយ្យ មិនត្រូវបានផ្លាស់ប្តូរដោយការ​ប្រើប្រាស់កម្លាំង ឬតាមរយៈការបង្កើតស្ថាន​ភាព​ថ្មីនោះឡើយ។ លោក​រដ្ឋមន្ត្រី ​លើកឡើង​ថា បទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេស​ទាំង​ពីរ ជាពិសេសសេចក្តី​ប្រកាសរួមថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥ ត្រូវ​តែអ​នុវ​ត្តឱ្យ​​បាន​ពេញ​លេញ​ ប្រសិទ្ធ​​ភាព និង​បន្ទាន់​លើខ្លឹ​ម​សារ​ទាំង​មូល។

លោក ​អ៊ុំ សំអាន ​អតី​ត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​ បាន​ថ្លែងប្រាប់​វីអូឌីនៅថ្ងៃទី​២៩​ខែ​ឧសភា​​​នេះ​ថា នៅ​​ពេល​ដែល​ថៃ​ឈប់​ទទួល​ស្គាល់​ផែនទី​ខ្នាត​១លើ​២០០​ពាន់​ ដែល​​ជាផែន​ទី​ឧប​សម្ព័ន្ធ​​ភ្ជាប់​​សន្ធិ​​សញ្ញា​​​​បារាំង​​សៀម ឆ្នាំ​១៩០៤-១៩០៧ ​​ហើយ​ប្រកាសប្រើផែនទីខ្នាត១លើ​៥០​ពាន់​​ ដែល​ថៃគូសដោយ​ឯកតោ​ភាគី​ កម្ពុជា​ត្រូវ​តែ​ប្រញាប់​ប្តឹង​ថៃ​​ទៅកាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ICJ និង​យន្តការច្បាប់​អន្តរជាតិ​ផ្សេង​ទៀត ដើម្បី​ការពារ​ទឹក​ដី ​និង​ទាមទារ​ទឹក​ដី​ដែល​ថៃ​​ទើ​ប​ឈ្លាន​ពាន​ចំនួន​៦២ទីតាំង​​យក​មក​វិញ។ ទន្ទឹម​​គ្នា​​​នេះ ​កម្ពុជា​ក៏ត្រូវ​ប្រើសិទ្ធិ​ស្វ័យការពារ​ទឹក​ដី​របស់​​ខ្លួន​ដែរ​ នៅ​ពេល​ដែល​ថៃចូលមក​ឈ្លានពាន​ គឺ​ត្រូវ​​ប្រើ​​​កងកម្លាំង​​ទៅ​ទប់​ស្កាត់​ ​មិន​អាច​នៅ​បណ្តោយ​ឱ្យ​ថៃ​ឈ្លាន​ពាន​​ចូល​មករាយ​បន្លាលួស​ ដាក់​ទូរ​កុង​តឺន័រ​ ​​ធ្វើ​​របង​​ជីក​​ប្រឡាយ​​​វាទ​​យក​​ទឹក​​​ដី​ខ្មែរ​​តាម​​អំពើ​​ចិត្ត​​ដូច​​រាល់​​ថ្ងៃ​នេះ​​ទេ​។

បើ​តាម​​អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូបនេះ អនុសញ្ញាទីក្រុងវីយែន​ឆ្នាំ១៩៦៩ ច្បាប់​ស្តីពីសន្ធិ​សញ្ញា​​​ ប្រទេស​មួយ​មិន​​អាច​​​ប្រកាស​មិន​ទទួលស្គាល់​នូវព្រំដែន​អន្តរជាតិ​​ ឬក៏ប្រកាសលុប​ចោល​​សន្ធិសញ្ញា​បារាំងសៀម ឆ្នាំ​​១៩០៤-១៩០៧​បាន​​ទេ។ អនុសញ្ញាទីក្រុង​វីយែនឆ្នាំ​១៩៦៩​ ច្បាប់​ស្តីពីសន្ធិសញ្ញា គឺ​​តម្រូវ​ឱ្យ​យក​មរតក​​​អាណា​និគមន៍​មកប្រើ​ ហើយ​កម្ពុជា​​​ស្ថិតនៅ​ក្រោម​អាណា​និគមន៍​របស់​បារាំង ​ត្រូវ​យក​មរតករបស់​បារាំង​​មក​ប្រើ ​គឺផែនទី​ខ្នាត១លើ​២០០​ពាន់​​។ ​ដូច្នេះ​បើ​ថៃប្រកាសមិន​គោរព​សន្ធិសញ្ញានេះ ​គឺថៃ​មិន​គោរព​ច្បាប់​​អន្តរជាតិ​​ហើយ។

លោកថា៖ «ប៉ុន្តែ​ប្រសិន​បើកម្ពុជា​នៅ​តែប្រកាសចង់​ចរចា​ទ្វេភាគី​ជាមួយ​ថៃ​​ ទោះបីថៃ​ប្រកាសមិន​ទទួល​ស្គាល់​​​​សន្ធិសញ្ញាបារាំងសៀម​ឆ្នាំ១៩០៤-១៩០៧ ហើយ​និង​ផែនទីខ្នាត១លើ២០០​ពាន់ មិន​ដឹង​ធ្វើ​អី​ថៃ​​ទេ ហើយ​​បើចង់ឱ្យមាន​​ការឯកភាព​ជាមួយថៃ​ ទាល់​តែ​យល់​ព្រម​ជាមួយ​ថៃ​ប្រើ​ផែន​ទី ខ្នាត​​១លើ​៥០​ពាន់។ ដូច្នេះដើម្បី​ឱ្យ​ថៃ​ទទួល​ស្គាល់​ផែនទី​ខ្នាត​១លើ​២០០​ពាន់ និង​​សន្ធិសញ្ញា​បារាំងសៀមឆ្នាំ១៩០៤-១៩០៧ អាហ្នឹង​​​ត្រូវ​តែប្តឹង​ថៃទៅ​ICJ​ ទើប​ថៃទទួលស្គាល់​ផែន​ទី​​ខ្នាត​១​លើ២០០​ពាន់ ​និង​​សន្ធិសញ្ញា​បារាំងសៀម​ ​បើ​​​សិន​ជា​ចរចាទ្វេភាគី​ ​មិន​ដឹងធ្វើ​អីថៃទេ ថៃមិន​ទទួល​​ស្គាល់​ផែន​ទី​​ហ្នឹង សន្ធិសញ្ញានឹង​មិន​ដឹង​ធ្វើ​អីថៃ​។ ដូច្នេះ​​នៅ​ពេល​ដែល​ចរចា​ទ្វេភាគី​ជាមួយ​​ថៃ មាន​តែយល់​ព្រម​តាម​ថៃ​ទៅ​តាម​​ផែន​ទី​ខ្នា​ត​​១​លើ​៥០​ពាន់»​។

​លោក ​ម៉ែន​ ណាត​ ប្រធានក្រុមប្រឹក្សា​ឃ្លាំមើ​ល​កម្ពុជា ​យល់​ស្រប​ចំពោះការ​លើក​ឡើង​របស់​លោក ​អ៊ុំ សំអាន ដោយ​ថ្លែង​បន្ថែមថា លោក ​អានុទីន ​ក៏ដឹងដែរថា ​សន្ធិសញ្ញាបារាំង​​សៀម ផែនទី​របស់​បារាំង ​គឺ​ជា​​សន្ធិ​​សញ្ញា​​​និង​ផែនទី​ដែល​ទទួល​ស្គាល់​ជាអន្ត​រជាតិ​ ពី​ព្រោះ​​ពិភព​​លោក​​ក្រោយ​​សង្គ្រាម​​លោក​​លើក​ទី ២ គឺ​គេ​ទទួល​​ស្គាល់​​​តែ​ម​រតក​២​ទេ គឺ​​មរតក​អង់គ្លេ​ស​ ​និង​មរតក​​បារាំង ​ក្នុងការ​កំណត់​ខ្សែបន្ទាត់​ព្រំដែន​​រវាង​ប្រទេស​​​នីមួយ​ៗ​ ដូច្នេះជាច្បាប់​អន្តរជាតិ​ លោក ​អានុទីន ​មិន​អាច​ប្រកែកបានទេ​​។

លោកថា៖ «ពីព្រោះមហិច្ឆតាគេ​ ​គឺឈ្លានពាន​កម្ពុជា​បាន​សម្រេច​រួចគេចង់​ប្រាប់​កម្ពុជា​ថា គោល​បំណង​រ​បស់​គេ គឺបង្ខំឱ្យកម្ពុជា​​ទទួល​ស្គាល់​ផែនទី ១លើ៥០ពាន់ ​​ដែល​គូសដោយ​ថៃជាឯក​តោភាគី ​ដែល​យើង​ហៅ​​ថា ផែនទី​ខុស​ច្បាប់​ហ្នឹង​។ រឿងនេះ​ច្បាប់​អន្តរជាតិ​​​មិន​អាច​សម្រេច​ដោយ ​អានុ​ទីន ​ឬប្រទេសថៃ​ថា ទទួល​​​​ស្គាល់​​ឬ​មិន​ទទួល​ស្គាល់​បាន​ទេ ​វាជាច្បាប់​អន្តរជាតិ ​ប្រទេសណា​ក៏​គេ​ទទួល​​ស្គាល់​ដែរ ​ក្នុងការ​កំណត់​​​ព្រំដែន​។ ប៉ុន្តែការ​ប្រមាថ​របស់​ថៃ​មក​លើ​កម្ពុជា​នេះ គឺ​ធ្ងន់​ធ្ងរខ្លាំងណាស់​។ អ៊ីចឹង​បាន​ថា ក្នុង​រឿង​ហ្នឹង​​យើង​ពល​រដ្ឋ​ខ្មែរ​ជំរុញ​ឱ្យមេដឹក​នាំខ្មែរ​ លោក​ហ៊ុន សែន​ លោក​​ហ៊ុន ម៉ាណែត ​ត្រូវ​តែប្រញាប់​​ប្តឹង​ថៃ​​ទៅ​​កាន់​​តុលាការអ​ន្តរ​ជាតិ​ ​ជុំ​វិ​ញ​​រឿង​​សៀម​​ឈ្លាន​ពានខ្មែ​រ​ហ្នឹង»។

បើតាម​អ្នក​ជំនាញកិច្ចការព្រំដែន​រូប​នេះ តុលាការ​អន្តរជាតិ​ ​មិន​ដែល​ទទួល​ស្គាល់​ផែនទី​ដែល​គូស​ជា​ឯកតោ​​ភាគី​ដោយ​ថៃ​នោះ​​ទេ​ គឺគេ​ទទួល​ស្គាល់តែផែនទី ​ឬក៏​ឯកសារ​ដែលមាន​ការ​ទទួល​ស្កាល់​ជាអន្តរជាតិ ​ដូច​​ជា ផែន​ទី អនុសញ្ញា​ និង​សន្ធិសញ្ញា​របស់​បារាំងជាដើម។ ហេតុ​ដូច្នេះ​លោកថា ពល​រដ្ឋ​កម្ពុជា​មិន​បាច់​ព្រួយ​​បារម្ភ​ពី​ថៃ​ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់​នោះ​​ទេ។

លោកថា៖ «ខ្ញុំ​គិតថា បងប្អូន​យើង​មិន​បាច់​ចាំភ្ញាក់​ផ្អើល​មិន​ចាំបាច់​បារម្ភ​អីទេ ប៉ុន្តែ​បញ្ហា​ដែល​យើង​បារម្ភ​នោះ​ ​មិន​​មែន​​បារម្ភ​រឿងថៃ​​ទទួល​ស្គាល់​ផែន​ទី​ឬមិន​ទទួល​ស្គាល់​ទេ​ អ្វី​ដែល​​យើង​បារម្ភ ​គឺ​បារម្ភ​​ខ្លាច​​រដ្ឋាភិ​បាល​​​កម្ពុជា​​យើង​ហ្នឹង​​អត់​​ហ៊ាន​​ប្តឹង​គេ​​​ទៅ​​តុលាការ​​អន្តរ​ជាតិ​។ កាល​ណា​​មិន​​ហ៊ាន​​ប្តឹង​គេ​ ​គឺ​​​ថៃ​មិន​​ឱ្យ​​ទឹក​ដី​មក​​យើង​​វិញ​ទេ​ ទឹក​ដី​ដែលគេឈ្លានពាន​បាន​ហ្នឹង ពីព្រោះគេជាចោរ​។ កាលណាចោរ​ប្លន់​​ហើយ យើង​​ទៅ​សុំ​​ចោរ​ចរចា​ ​ចោរវាមិន​ឱ្យ​ទ្រព្យ​​យើង​​មក​វិញទេ ម្ល៉ោះ​ហើយ​រឿងហ្នឹង​ត្រូ​វ​​​តែ​ប្តឹង​​ថៃ​ទៅកាន់​តុលាការ​អន្តរ​ជាតិ ​ទើប​អាច​សង្ឃឹមថានឹងបាន​យុត្តិធម៌​មក​វិញ​»។

ជាមួយគ្នា​នេះ ​លោកបណ្ឌិត ជ័យ តិច អ្នកស្រាវ​ជ្រាវ ​និង​ជាអ្នក​តាមដានភូមិសាស្ត្រនយោបាយ យល់ឃើញ​​ថា ការលើក​ឡើងរបស់នាយករដ្ឋមន្ត្រី​ថៃ មានលក្ខណៈនយោបាយ។ លោកបណ្ឌិត ​ជ័យ​ តិច ​​ត្រូវ​បាន​​​សារព័ត៌មាន​កម្ពុជា​​ថ្មី​ដក​ស្រង់​សម្តីថា​ ផែនទីដែលគូសវាសដោយបារាំង ប្រើ​មាត្រដ្ឋាន ១/២០០.០០០ មាន​ការទទួលស្គាល់ជាអន្តរជាតិ និងបានតម្កល់ទុកនៅអង្គការសហប្រជាជាតិ ដូច្នេះ​ប្រទេស​ថៃ​មិនអាចរំលោភបំពានផែនទីដែលខ្លួនបានចុះហត្ថ​លេខា និង​មានការទទួលស្គាល់ជាអន្តរជាតិនោះបាន​ទេ។

លោកថា៖ «ដូច្នេះលោក​ អានុទីន ឆាន់វីរៈគុន មិន​អាច​រំលោភ​បំពាន​ទៅលើ​អនុស្សរណៈ​យោគយល់​MOU​ដែល​​​​បាន​ចុះ​ហត្ថលេខា​តម្កល់​​នៅ​អង្គការ​សហ​ប្រជាជាតិ ​សន្ធិសញ្ញា​បារាំង​សៀម​​ដែល​ចុះ​ហត្ថ​​លេខា​ដោយ​​​សៀម​​ខ្លួនឯង ​ហើយ​មាន​​ការ​ទទួល​ស្គាល់​ដោយ​អន្តរជាតិ ​ហើយ​នឹងបាន​ប្រើប្រាស់ដោយ​តុលាការ​យុត្តិ​ធម៌​អន្តរជាតិ ​​ក្រោម​ឆត្ររបស់អង្គ​ការ​​សហប្រជាជាតិ​ ជាពិសេស​មិន​អាច​រំលោភទៅលើ​ច្បាប់សន្ធិ​សញ្ញា​​ទីក្រុង​វីយែន​​ឆ្នាំ១៩៦៩​បាន​ទេ»។

ចំណែក​ លោក​បណ្ឌិត ឈត ប៊ុនថង អ្នក​ជំនាញទស្សនវិជ្ជា​ បាន​សរសេរលើ​បណ្តាញ​សង្គម​នៅ​​ថ្ងៃទី​២៩​ខែ​ឧសភានេះ​​​ថា អ្វី​ដែល​លោក អានុទីន ឆាន់​វីរៈគុន​ បាន​ថ្លែង​​​វា​​ជា​​ការ​​បង្ហាញ​​ពី​​​ការ​​ប្រើ​ប្រាស់​​នយោ​បាយ​ជាតិ​និយម​​ជ្រុល និង​យោធា​និយម​ ថែមទាំង​បង្ហាញ​ពី​ចរិត​នយោបាយ​មិន​​ច្បាស់​លាស់​ ដោយ​ខាង​មុខ​ហាក់​​ដូច​ជា​ចង់​មាន​ទំនាក់​ទំនង​ល្អ​ និងកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច​ជាមួយ​កម្ពុជា ប៉ុន្តែ​ខាងក្រោយ​នៅ​តែ​​រក្សា​​ជំហរ​រំលោភ​បំពាន ​​និង​​មិន​ព្រម​ដោះ​ស្រាយ​​បញ្ហា​ព្រំដែន​ដោយ​សន្តិវិធី។

អ្នក​ឃ្លាំមើល​រូបនេះ ​​លើកឡើងថា ការបដិសេធច្បាប់អន្តរជាតិ​របស់​ លោក​អានុទីន ​លើ​ការមិនទទួលស្គាល់ផែន​ទី​បារាំង-សៀម ខ្នាត 1/200,000 គឺជាការ​ទាត់ចោលនូវសាលដីកាប្រវត្តិសាស្ត្រឆ្នាំ១៩៦២ របស់តុលាការ​​​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ករ​ណី​ប្រាសាទ​ព្រះ​វិហារ ដែល​បាន​​ទទួ​លស្គាល់​ខ្សែប​ន្ទាត់​ព្រំដែន​លើ​ផែន​ទី​នេះ​រួច​ទៅ​ហើយ។

​បើ​តាម​លោក​បណ្ឌិត ​ឈត ប៊ុន​ថង​ ពាក្យថា «ដីដែលវាយដណ្ដើមបាន» មិនអាចយកមកធ្វើជាមូលដ្ឋានច្បាប់​ក្នុងការកំណត់ព្រំដែនទំនើបបានឡើយ ព្រោះច្បាប់អន្តរជាតិបច្ចុប្បន្នមិនទទួលស្គាល់ការទាមទារទឹកដី តាមរយៈការប្រើប្រាស់កម្លាំងយោធានោះទេ។

ចំណែក​ លោក​ សុខ សុគន្ធ ហៅ ​ជែម សុខ ជាអ្នកស្រាវជ្រាវ​ និងជាអ្នក​អត្ថាធិប្បាយ​លើ​បណ្តាញ​​សង្គម​ថ្លែង​​ថា បារាំង​និង​​សៀម​​លែងនៅជិតគ្នា​ទៀត​ហើយ ហេតុដូច្នេះ​បើ​បារាំង​និង​សៀម​លែង​នៅជិតគ្នា ​គឺ​សៀម​​​​មា​ន​ច្រក​ចេញ​ ​ដើម្បី​បង្កហេតុ​ជាមួយ​កម្ពុជា​។ លោក​លើកឡើង​ថា បន្ទាប់​ពី​​បាន​លុប​MOU​ឆ្នាំ​២០០១​ ​សៀម​បាន​គំរាម​លុប​MOU​ឆ្នាំ​២០០០​​​​ទៀត ហើយ​​លោក ​អានុទីន ឆាន់​វីរៈ​គុន ​បាន​ប្រកាស​មិន​ទទួល​​​ស្គាល់​ផែនទី​ខ្នាត​១លើ​២០០ពាន់​​របស់​បារាំង​ថែម​​ទៀត។

លោក ​សុខ សុគុន្ធ​ លើកឡើងថា ប្រទេសកម្ពុជា​បាន​​ផ្លាស់ប្តូរ​​មាត្រដ្ឋាន​ផែនទី​ជាច្រើន​​ដង ​ជាមួយ​​នឹងយួន ដូច្នេះ​​បើ​​ផ្លាស់​ប្តូរបាន​​​ជាមួយ​នឹងយួន ប្រទេសសៀម​ក៏តវ៉ា​មិន​ទទួល​ស្គាល់​នូវ​ផែនទី​ដែល​ខ្មែរ​ប្រើ​​ខ្នាត១លើ​២០០​​ពាន់​​នោះ​​ដែរ គឺសៀម​ទាម​​ទារឱ្យ​ខ្មែរ​ដូរ ដូច​​ដែល​​ខ្មែរ​បាន​យល់​ព្រម​ដូរជាមួយ​យួន​តាំងពីឆ្នាំ៨២-៨៣-៨៥​ រហូត​ដល់​២០០៥-​២០១៩។ លោក​​ថា នេះ​ជា​មធ្យោបាយ​ដែល​សៀម​កំពុង​តែធ្វើ​ ជោគ​ជ័យ​ឬ​មិន​​ជោគ​ជ័យ គឺ​​​សៀម​​បង្កលក្ខណៈនេះ​។

លោកថា៖ «បន្ទាប់​មក​ទៀត ​រដ្ឋធម្មនុញ្ញ​នៃប្រទេសកម្ពុជា ​ប្រកាសផែនទីមាត្រដ្ឋាន​១លើ​១០០ពាន់​​ រីឯព្រំ​ដែន​​​កម្ពុជា​​​-ថៃ​ កម្ពុជា​ចង់​ប្រើផែនទី​មាត្រដ្ឋាន​១លើ២០០ពាន់ ​​វាកុងគ្នា​ជាមួយ​នឹងធម្មនុញ្ញភាព​។​ ​សៀម​មាន​​លេសរក​រឿង​ចរចាបាន។ ​ឈ្នះ​ឬមិន​ឈ្នះ​បង្កហេតុបានគ្រប់ពេល ​​ពីព្រោះ​មេដឹក​នាំខ្មែរ ទី១​បាន​ព្រម​ព្រៀង​​ជា​ច្រើន​​ជាមួយ​យួន។ ទី២​មាន​រដ្ឋធម្មនុញ្ញ​ដែល​​បក្សដិបក្សនឹ​ង​​ព្រំ​ដែន​ខ្លួន ​ដោយ​សារខ្លួន​អនុវត្ត​ជាមួយ​​​យួន។ ទី​៣ភាពមិន​ច្បាស់លាស់​របស់​រដ្ឋាភិបាល​ខ្មែរលើ​បញ្ហាព្រំដែន​កម្ពុជាថៃ។ ទី៤គឺការ​បិតបាំង​ព័ត៌មាន​​មិន​ឱ្យ​ប្រជាពល​រដ្ឋ​ខ្មែរ​បាន​ដឹង​អំពី​ព្រំដែន​​របស់​ខ្លួន។ នេះគឺ​ជាបញ្ហា​ដែល​ជាប់​ផុង​ដោយ​មេដឹក​នាំ​​​ខ្មែរ ​ដូច្នេះ​ហើយ​សៀម​វាចេះ​​តែរក​រឿង​គ្រប់​ពេល​វេលា ​ដោយ​សារដូច្នេះ»។

ក្រៅពីជំរុញ​ឱ្យ​ប្រញាប់​ប្តឹងថៃទៅ​កាន់​តុលាការ​អន្តរជាតិ​ និង​គ្រប់​យន្តការច្បាប់​អន្តរជាតិ​នានា ទាំង​លោក​អ៊ុំ សំអាន និង​​លោក​ម៉ែន ណាត​ ​ក៏ជំរុញ​ឱ្យ​រដ្ឋាភិបាល​លោក​ហ៊ុន ម៉ាណែត ត្រូវ​​តែ​ដាក់​សម្ពាធ​ថៃ​តាម​រយៈ​ការ​​ទូតឱ្យ​​បាន​​​​ខ្លាំងក្លា​​ផង​ដែរ​ ខណៈ​បច្ចុប្បន្ន​រដ្ឋាភិបាល​កម្ពុជាមាន​​ភាព​ទន់​ខ្សោយ​យ៉ាងខ្លាំង ​​លើ​ផ្លូវការ​ទូត​នេះ​ ​ដែល​​ត្រូវ​ធ្វើ​យ៉ាង​ណា​​រិះរក​វិធី​ធ្វើ​ឱ្យខ្លាំង​ ​ពីព្រោះ​បើ​គិតចាប់តាំង​ពី​ថ្ងៃទី​២៨ ខែ​ឧសភា ​ឆ្នាំ​២០២៥​​ ដែល​​​ទាហាន​ថៃ​បាន​​ចូល​មក​បាញ់​​កងទ័ព​កម្ពុជា​ម្នាក់​ ​បណ្តាល​ឱ្យ​ស្លាប់​នៅ​លើ​ទឹកដីកម្ពុជា ​គឺលោក​សួន រោន​ នៅ​តំបន់​មុំ​បី​​​​រហូត​មក​ដល់​ពេល​នេះ ​ពុំ​មាន​រដ្ឋ​បរទេសណា​ ឬ​អង្គការ​អន្តរ​ជាតិ​ថ្កោល​ទោស​ការ​រំលោភ​​បំពាន​របស់​ថៃមក​លើ​កម្ពុជា​នោះទេ។ ការ​ដែល​​​សហគមន៍​អន្តរជាតិ ​មិន​នៅ​ខាងកម្ពុជា ​​ក៏ដោយ​សារ​មេដឹក​នាំ​​កម្ពុជា​​ ដឹកនាំ​ផ្តាច់ការ ​រំលោភ​សិទ្ធិមនុស្ស ​រំលាយ​​គណបក្ស​ប្រឆាំង​ ចាប់​អ្នកនយោបាយ​ សកម្មជន​នយោ​​បាយ​​ និង​សកម្មជន​សង្គម​ដាក់​គុក​តាម​អំពើ​ចិត្ត ​​ខុស​ពី​បំណង​របស់​ប្រទេស​បស្ចឹម​លោក ​និង​កម្ពុជា​ត្រូវ​បាន​គេ​ស្តីបន្ទោសថា ជាអ្នក​កាង​ការពារឧក្រិដ្ឋកម្ម​អនឡាញជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ