អង្គភាពប្រឆាំងអំពើពុករលួយ (ACU) កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ បានបង្ហាញរបាយការណ៍បច្ចុប្បន្នភាពថ្មីមួយនៅក្នុងកិច្ចប្រជុំលើកទី១០ នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានបញ្ជាក់ថា អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក បានទទួលស្គាល់ថាខ្លួនបានទទួលប្រាក់វិនិយោគសរុបចន្លោះពី ៩៣លាន ទៅ ៩៨លានដុល្លារអាមេរិក។
តាមការបញ្ជាក់ពី ACU ជនជាប់ចោទសំខាន់ៗ រួមមាន ឡេង ចាន់ណា ចាន់ ឃីន និង ផុន សាមៀន បានសារភាពថា ពួកគេបានយកទឹកប្រាក់រាប់សិបលានដុល្លារទាំងនោះ ទៅទិញដីសម្រាប់គម្រោងអភិវឌ្ឍន៍ ព្រមទាំងបង្វិលសងជាការប្រាក់ទៅឱ្យបុគ្គលម្នាក់តំណាងដោយឈ្មោះក្រៅ មេ២៥ និងត្រឡប់ទៅឱ្យវិនិយោគិនវិញមួយចំនួនទៀត។
យ៉ាងណា ACU មិនបានបញ្ចេញសមាសភាព មេ២៥ នោះ ថាជានរណាឡើយ ដោយថាជាដំណាក់កាលស៊ើបអង្កេត។ បច្ចុប្បន្ន សំណុំរឿងនេះកំពុងស្ថិតក្រោមចំណាត់ការសាលាដំបូងខេត្តសៀមរាប ដោយមានបណ្តឹងរដ្ឋប្បវេណីចំនួន ១៩ករណី និងសំណុំរឿងព្រហ្មទណ្ឌចំនួន ៣២ករណី ដែលកំពុងបន្តនីតិវិធី។ ក្រៅពីនេះ ACU ក៏កំពុងបន្តស៊ើបអង្កេតលើបុគ្គលពាក់ព័ន្ធដទៃទៀត រួមទាំងអតីតអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ស៊ាន បូរ៉ាត ផងដែរ។
អ្នកស្រី ឡេង ចាន់ណា ត្រូវបានដកគោរមងារជាឧកញ៉ា និងឃុំខ្លួនបណ្ដោះអាសន្ន កាលពីខែមីនា ឆ្នាំ២០២៤ ក្រោមបទចោទចំនួន៣ រួមមាន ការឆបោកមានស្ថានទម្ងន់ទោស ប្រព្រឹត្តដោយក្រុមមានការចាត់តាំង ការចេញសែកគ្មានសាច់ប្រាក់ និងការសម្អាតប្រាក់។
ការឃាត់ខ្លួននេះ កើតឡើងក្រោយម្ចាស់ក្រុមហ៊ុនរូបនេះ និងបក្ខពួក បានរងការចោទប្រកាន់ថាឆបោកលុយប្រមាណ ៣០០លានដុល្លារ ពីពលរដ្ឋប្រមាណ ៥ពាន់គ្រួសារ ភាគច្រើននៅខេត្តកំពង់ធំ និងសៀមរាប ក្រោមរូបភាពបណ្ដាក់ទុនវិនិយោគយកការប្រាក់ តាមរយៈក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City)។
ជនរងគ្រោះមកពីខេត្តកំពង់ឆ្នាំង លោក ជុំ ពៅ អំពាវនាវស្ថាប័នច្បាប់ពន្លឿនការស៊ើបអង្កេត និងកាត់ក្ដី ជាពិសេសបង្គាប់ឱ្យក្រុមហ៊ុនសងលុយមកពលរដ្ឋវិញ ដើម្បីដោះស្រាយជីវភាព។ លោកបន្តថា ដោយសារការបោកប្រាស់នេះ លោកត្រូវរងបន្ទុកសងលុយចងការមួយខែជិត ៥០០ដុល្លារ ដោយសារការខ្ចីមកបណ្ដាក់ទុន។
លោក ជុំ ពៅ និយាយថា៖ «ខ្ញុំចង់ឱ្យពន្លឿនដែរហ្នឹង តែដាក់ទៅស្ងាត់រហូត»។
កាលពីខែមករា ឆ្នាំ២០២៦ ពលរដ្ឋរងគ្រោះប្រមាណ ៣០០នាក់ បានមកតវ៉ានៅមុខក្រសួងយុត្តិធម៌ ជំរុញឱ្យអាជ្ញាធរពន្លឿនករណីនេះ ដោយសារពួកគាត់មិនអាចទ្រាំទ្រនឹងបន្ទុកបំណុលបាន។
ទាក់ទិនរឿងនេះ នាយកទទួលបន្ទុកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស លីកាដូ (Licadho) លោក អំ សំអាត ជំរុញស្ថាប័នច្បាប់ពន្លឿននីតិវិធី ព្រោះការអូសបន្លាយពេលកាន់តែយូរ នឹងធ្វើឱ្យពលរដ្ឋកាន់តែរងគ្រោះធ្លាក់ក្នុងវិបត្តិបំណុល និងបង្កបញ្ហាផ្សេងទៀត។
លោក អំ សំអាត ថ្លែងថា៖ «ពួកគាត់អាចប្រឈមមុខនឹងការបាត់បង់ដីធ្លី ឬក៏ផ្ទះសម្បែង ទ្រព្យសម្បត្តិបន្ថែមទៀតដើម្បីសងបំណុល។ ហើយបំណុលទាំងអស់ហ្នឹង ក៏អាចធ្វើឱ្យមានការចំណាកស្រុក កូនត្រូវឈប់ពីការសិក្សាដើម្បីជួយរកលុយកាក់ ដើម្បីទ្រទ្រង់ជីវភាព និងដោះស្រាយបំណុលទៅទៀត។ អ៊ីចឹងបញ្ហាទាំងអស់នេះ គឺទាមទារឱ្យស្ថាប័នច្បាប់ ជាពិសេសតុលាការ ពន្លឿននីតិវិធីដើម្បីស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋហ្នឹងឱ្យបានឆាប់»។
ករណីឆបោករបស់ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា បានក្លាយជាករណីកក្រើកមួយនៅកម្ពុជា ដោយសារការរកឃើញ និងការជាប់ពាក់ព័ន្ធរបស់អ្នកមានអំណាច ឧកញ៉ា អ្នកជំនួញគ្រាក់ៗ មន្ត្រីក្នុងជួររដ្ឋាភិបាល ចាប់តាំងពីមន្ត្រីក្រសួងអប់រំ ក្រសួងការពារជាតិ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ រហូតដល់មានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត មុនពេលដែលលោកឡើងកាន់តំណែងផងដែរ៕









