នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែ​ល​បញ្ជា​ឱ្យ​កង​ទ័ព​វ៉ៃ​​ដណ្តើ​ម​គ្រប់​គ្រង​«៧០​ភាគ​រយ​នៃ​តំបន់​ហ្គាហ្សា»

លោក បេនហ្សាមីន នេតាញ៉ាហូ (Benjamin Netanyahu) បាន​ថ្លែង​ថា លោក​បាន​ចេញ​បញ្ជា​ទៅ​កង​ទ័ព​អ៊ី​ស្រា​អែល ឱ្យ​ដណ្តើម​គ្រប់​គ្រង ៧០​ភាគ​រយ​នៃ​តំបន់​ហ្គាហ្សា​ស្ទ្រីប (Gaza Strip) ដែលជា​កា​រ​ចាត់​វិធានកា​រ​មួយ គំរាម​កំហែង​ដល់​​ការ​​បំផ្លាញ​កិច្ច​ព្រម​ព្រៀង​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ស្រាប់​ទៅ​ហើយ និង​បង្ក​ឱ្យ​មាន​ស្ថាន​ភាព​មនុស្ស​ធម៌​ដ៏​មហន្ត​​រាយ។

ស្ថិតក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់ សម្របសម្រួលដោយសហរដ្ឋអាមេរិក កាល​ពី​ខែ​តុលា កង​ទ័ព​អ៊ីស្រា​អែល​បាន​ដក​ថយ​ទៅ​កាន់​ខ្សែប​ន្ទាត់​ខណ្ឌ​សីមា ដែល​បាន​ផ្តល់​ឱ្យ​អ៊ីស្រាអែល​នូវ​ការ​គ្រប់​គ្រង​ផ្ទាល់​ ៥៣​ភាគ​រយ​នៃ​ទឹក​ដី។

ចាប់តាំងពីពេលនោះមក កងកម្លាំងអ៊ីស្រាអែលបានរំកិលទីតាំងរបស់ខ្លួនជាលំដាប់ ឆ្ពោះទៅទិស​ខាង​លិច​ ចូល​ទៅ​​ក្នុង​​ពាក់​កណ្តាល​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​ហា​ម៉ាស (Hamas) ហើយ​បាន​ប្រកាស​តំបន់​គ្មាន​មនុស្ស​រស់​នៅ (no man’s land) ដ៏​ធំ​ទូលាយ ដោយ​ពួក​គេ​ទាម​ទារ​សិទ្ធិ​បើក​ការ​បាញ់​ប្រហារ​លើ​បុគ្គល​ណា ដែល​ពួក​គេ​យល់​ឃើញ​ថា​ជា​ការ​​គំរាម​​កំហែង។

ពេញមួយរយៈពេលប្រាំបីខែនៃបទឈប់បាញ់ កងកម្លាំងអ៊ីស្រាអែលបានបន្តបើកការបាញ់ប្រហារលើជនជាតិ​ប៉ាឡេ​ស្ទីន និង​ធ្វើការវាយប្រហារតាមអាកាស ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៩០០នាក់ ចាប់​តាំង​ពី​បទ​​ឈប់​បាញ់បានចាប់ផ្តើម។

ថ្លែងនៅក្នុងសន្និសីទមួយ លោក Netanyahu បានបញ្ជាក់យ៉ាងច្បាស់ពីទំហំនៃគោលដៅទឹកដីរបស់អ៊ីស្រា​អែល៖ «បច្ចុប្បន្ន យើងកំពុងតែបង្អត់ និងសង្កត់សង្កិនក្រុមហាម៉ាស។ ឥឡូវនេះ យើងគ្រប់គ្រង ៦០ភាគរយនៃទឹកដីនៅក្នុង​តំបន់ហ្គាហ្សាស្ទ្រីប។ កាលពីមុនយើងនៅត្រឹម ៥០ភាគរយទេ រួចយើងបានរំកិលទៅ ៦០ភាគរយ។ បញ្ជារបស់ខ្ញុំគឺត្រូវ​រំកិលទៅដល់… ៧០ភាគរយ»។

រីឯរដ្ឋមន្ត្រីការពារជាតិ លោក Israel Katz បានថ្លែងថា គោលដៅចុងក្រោយរបស់រដ្ឋាភិបាល គឺចង់ឱ្យជនជាតិ​ប៉ាឡេស្ទីនមួយចំនួនធំ ចាកចេញពីតំបន់ហ្គាហ្សា តាមរយៈ «ការធ្វើចំណាកស្រុកដោយស្ម័គ្រចិត្ត»។ ប៉ុន្តែអ្វីដែលសកម្មជនសិទ្ធិមនុស្សពិពណ៌នាថាគឺ​ជាផែនការសម្អាតពូជសាសន៍ (ethnic cleansing) ដោយ​ធ្វើឱ្យលក្ខខណ្ឌរស់នៅខាងក្នុងតំបន់ហ្គាហ្សា មិនអាចទ្រាំទ្របាន។

ការពង្រីកការគ្រប់គ្រងផ្នែកយោធារបស់អ៊ីស្រាអែល នឹងក្លាយជាការរំលោភបំពានដោយផ្ទាល់ លើបទឈប់​បាញ់កាល​ពី​ខែ​តុលា សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងផែនការសន្តិភាពរបស់លោក Donald Trump ដែលបានកំណត់ «ខ្សែបន្ទាត់ពណ៌លឿង» បណ្តោះអាសន្ន ខណ្ឌចែក​តំបន់ហ្គាហ្សាជាពីរចំណែក។

លោក Muhammad Shehada អ្នកស្រាវជ្រាវនៅក្រុមប្រឹក្សាអឺរ៉ុបទទួលបន្ទុកទំនាក់ទំនងបរទេស បាន​ថ្លែង​​ថា៖ «ឥឡូវ​​នេះ លោក Netanyahu កំពុងប្រកាសថា កិច្ចព្រមព្រៀងរបស់លោក Trump ទាំងមូល គឺមោឃៈ និងគ្មានតម្លៃ»។

លោកបានបន្ថែមថា ការពង្រីកការគ្រប់​គ្រងរហូតដល់ ៧០ភាគរយនៃតំបន់ហ្គាហ្សា មានន័យថា ប្រជាជន​ប៉ាឡេ​ស្ទីន ២,២​លាន​នាក់ នឹងត្រូវណែនណាន់តាន់តាប់ចូលទៅក្នុងទឹកដីតិចជាងមួយភាគបីនៃទឹកដីដើម​របស់ពួកគេ ដែលជាកន្លែងកកកុញខ្លាំងស្រាប់ទៅហើយ។ «វាលែងខុសពីសាលក្រមប្រហារជីវិតសម្រាប់​មនុស្សជាច្រើន ដែលគ្មាន​កន្លែង​ត្រូវទៅនោះទេ»។

របាយការណ៍សង្ខេបរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២៤ខែ​ឧសភា បាន​កត់​ត្រា​នូវ​កា​រ​រំលោភបំ​ពាន​ថ្មីៗ ដោយ​រថក្រោះ និងដ្រូន (drones) អ៊ីស្រាអែល បានរំកិលទៅមុខ និងកំណត់គោលដៅលើរាល់ការផ្លាស់ទីណាមួយដែល​នៅជិតខ្សែបន្ទាត់បទឈប់បាញ់។ លើសពីនេះ ក្រុមជីវពលប្រដាប់អាវុធគាំទ្រដោយអ៊ីស្រាអែល ក៏បានបង្កើនសកម្ម​ភាពកាន់តែខ្លាំងឡើង ដោយបានបង្ខំប្រជាជនប៉ាឡេស្ទីនតាមបណ្តោយខ្សែបន្ទាត់ ឱ្យបោះបង់ចោលផ្ទះសម្បែង និងជម្រករបស់ពួកគេ។

លោក Gershon Baskin អ្នកវិភាគអ៊ីស្រាអែលម្នាក់ បានថ្លែងថា លោកជឿជាក់ថាផែនការបទឈប់បាញ់ដើមបាន​ដួល​រលំ​ហើយ ដោយសារការចរចាជាមួយក្រុមហាម៉ាសបានបញ្ចប់។ លោកបានថ្លែងថា លោកជឿជាក់ថា សហរដ្ឋ​អាមេ​រិក​នឹង​ប្តូរទៅប្រើផែនការបម្រុង (fallback plan) ក្នុងគោលបំណងអនុវត្តការ​ងារ​​កសាង​​ឡើងវិញ នៅក្នុងតំបន់ដែលគ្រប់គ្រងដោយអ៊ីស្រាអែល និងអនុញ្ញាតឱ្យតែជនជាតិប៉ាឡេស្ទីនណា ដែល​គ្មានការទាក់ទងនឹងក្រុមហាម៉ាស ប៉ុណ្ណោះ ទើបអាចផ្លាស់ទីមកកាន់ទីនោះបាន។

លោក Baskin បានសន្និដ្ឋានថា៖ «នៅចុងបញ្ចប់ មនុស្សតែម្នាក់គត់ដែលនៅសេសសល់ក្នុងតំបន់របស់ក្រុមហាម៉ាស គឺក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធផ្សេងទៀត។ ហើយបន្ទាប់មក អ៊ីស្រាអែលនឹងមានសេរី​ភាព​ក្នុងការចាត់ការជាមួយពួកគេ តាមអ្វីដែលពួកគេចង់បាន»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ