ក្រុង​វ៉ាស៊ីន​តោន​ថា សហរដ្ឋ​​អាមេរិក​​និង​អ៊ីរ៉ង់​​ជិត​​ឈាន​​ទៅ​​ដល់​​កិច្ច​​ព្រម​ព្រៀង​​​បញ្ចប់​​សង្រ្គាម

អនុ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក JD Vance បាន​ថ្លែង​ថា សហរដ្ឋ​អាមេ​រិក និង​អ៊ីរ៉ង់ នៅ​តែ​ត្រូវ​ដោះ​ស្រាយ​ចំណុច​ទាក់​ទើរ​មួយ​ចំនួន​ទៀត មុន​ពេល​កិច្ច​ព្រម​ព្រៀង​ស្តីពី​​សង្រ្គាម​អាច​សម្រេច​ទៅ​បាន។​ តាម​​សេចក្តី​រាយ​ការណ៍ កិច្ច​​ព្រម​ព្រៀង​នេះ ​នឹង​ពន្យារ​ពេល​បទ​ឈប់​បាញ់​រយៈ​ពេល ៦០​ថ្ងៃ និង​ចាប់​ផ្តើម​ការ​ចរចា​លើ​អនាគត​នៃ​កម្មវិ​ធី​នុយ​​ក្លេអ៊ែរ​របស់​អ៊ីរ៉ង់។

កាលពីព្រឹក​ថ្ងៃ​ទី​២៨ខែ​ឧសភា មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ BBC ថា ប្រទេស​ទាំង​ពីរ​បាន​ព្រម​ព្រៀង​គ្នា​លើ​ក្រប​ខណ្ឌ​​នៃកិ​ច្ច​ព្រម​ព្រៀង​មួយ​រួច​ហើយ ដោយ​រង់​ចាំ​​តែ​ការ​អនុ​ម័ត​ពី​ លោក Trump និង​ថ្នាក់​ដឹក​នាំ​របស់​អ៊ីរ៉ង់​ប៉ុណ្ណោះ។

ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់ បានរាយការណ៍​ថា កិច្ច​ព្រម​ព្រៀង​នេះ​មិន​ទាន់​​ត្រូ​វ​បាន​បញ្ចប់​ជា​ស្ថាពរ​នៅ​ឡើយ​ទេ។

ថ្លែងកាលពីល្ងាចថ្ងៃទី២៨ខែ​ឧសភា លោក Vance បានមានប្រសាសន៍ថា ក្រុមអ្នកចរចា​កំពុង​ជជែក​ដេញ​ដោល​លើ​ចំណុច​ពាក្យ​ពេចន៍​មួយ​ចំនួន រួ​ម​ទាំង «បញ្ហានៃការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម» ផងដែរ​។ លោកបានប្រាប់អ្នក​យក​ព័ត៌​មាន​​ថា៖ «យើងមិនទាន់ដល់ទីនោះនៅឡើយទេ ប៉ុន្តែយើងកៀកខ្លាំងណាស់ ហើយ​យើងនឹងបន្តខិតខំប្រឹងប្រែងលើការងារនេះ»។ លោកបានបន្ថែមថា សហរដ្ឋអាមេរិកជឿជាក់ថា ភាគីអ៊ីរ៉ង់កំពុងចរចាដោយ «ចិត្តស្មោះ»។

ចាប់តាំងពីបទឈប់បាញ់បានចូលជាធរមានកាលពីថ្ងៃទី​៨ ខែមេសា លោក Trump បានលើកឡើងជា​ញឹក​​ញាប់​ថា​ ភាគី​ទាំង​ពីរ​កៀក​នឹង​សម្រេចបាននូវ​កិច្ចព្រមព្រៀង ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មាន​លទ្ធផលជាដុំកំ​ភួន​ណា​មួយ​ឡើយ ខណៈលោកកំពុងប្រឈមមុខនឹងសម្ពាធកាន់តែខ្លាំងក្នុងការបញ្ចប់​សង្រ្គាមពីសំណាក់សម្ព័ន្ធមិត្ត និង​សមាជិកសភា។

ម្យ៉ាងវិញទៀត លោក Trump និងមន្ត្រីដទៃទៀតបានព្រមានថា«ជម្រើសទី២ (Option B)» ដែល​ជាការត្រឡប់ទៅរកប្រតិបត្តិការប្រយុទ្ធគ្នាវិញ គឺនៅតែត្រូវបានដាក់នៅលើតុចរចាដដែល។

ការព្រាង​កិច្ចព្រមព្រៀងនេះ អាចអនុញ្ញាតឱ្យមានការធ្វើដំណើរឆ្លងកាត់ដោយ «គ្មានការរឹត​ត្បិត» តាមច្រក​សមុទ្រ​​ហ័រមូស (Strait of Hormuz) ហើយអ៊ីរ៉ង់នឹងត្រូវដកមីនចេញពីច្រកផ្លូវនាវាចរណ៍ដ៏ចង្អៀតនេះ ជាការ​ដូរនឹងការ​ដែល​សហរដ្ឋអាមេរិកលុបចោលការបិទខ្ទប់ និងផ្តល់ការលើកលែងទណ្ឌកម្ម ដើម្បីអនុញ្ញាតឱ្យអ៊ីរ៉ង់ចាប់ផ្តើមលក់​ប្រេង​ឡើងវិញ។

កាលពីថ្ងៃទី២៧ខែ​ឧសភា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់បានរាយការណ៍ពីធាតុផ្សំនៃអ្វីដែលពួកគេពិពណ៌នា​ថា ជាសេចក្តីព្រាងមិនផ្លូវការនៃអនុស្សរណៈ ១៤ចំណុច ដែលរួមមានការដកកងកម្លាំងអាមេរិក និង​​ការប្រគល់ការគ្រប់គ្រងច្រកសមុទ្រហ័រមូសទៅឱ្យអ៊ីរ៉ង់ និងអូម៉ង់ ប៉ុន្តែសេតវិមានបានហៅសេចក្តីព្រាងនោះថាជា «ការប្រឌិតទាំង​ស្រុង»។ ស្រប​ពេលជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Scott Bessent បានបដិសេធមិនបញ្ជាក់ថាកិច្ចព្រម​ព្រៀង​ត្រូវបានសម្រេចនោះទេ ដោយថ្លែងថា៖ «វាទាំងអស់នឹងក្លាយជាការសម្រេចចិត្តរបស់ប្រធានាធិប​តី»។

ទន្ទឹមនឹងនេះ ទាំងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក បានចោទប្រកាន់គ្នាទៅវិញទៅមកអំពីការរំលោភលើបទឈប់បាញ់ដ៏​ផុយ​ស្រួយ។ កងឆ្មាំបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ខ្លួនបានវាយប្រហារលើមូល​ដ្ឋានទ័ពសហរដ្ឋ​អាមេ​រិក បន្ទាប់ពីមានការវាយប្រហាររបស់សហរដ្ឋអាមេរិកលើភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់អ៊ីរ៉ង់​ក៏បានរាយការណ៍ថា បានបាញ់ទម្លាក់ដ្រូនអាមេរិកមួយគ្រឿង ប៉ុន្តែបញ្ជាការដ្ឋានកណ្តាលរបស់សហរដ្ឋ​អាមេរិក​​បាន​បដិសេធ និងអះអាងថា គ្មានយន្តហោះណាមួយត្រូវបានបាញ់ទម្លាក់នោះឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ