អ្នកឃ្លាំមើល និងអ្នកនយោបាយប្រឆាំង បានចាត់ទុកការចំណាយថវិកាជាតិ ក្នុងការបន្តសាងសង់វិមានឈ្នះឈ្នះ ឬហៅថា វិមានដឹងគុណវៀតណាម នៅពេលកងទ័ពជួរមុខកំពុងខ្វះខាតជួបការលំបាកយ៉ាងខ្លាំងថា គឺជាការចំអក ខណៈថៃបន្តឈ្លានពានទឹកដីខ្មែរឥតឈប់ឈរ ប្រជាពលរដ្ឋរស់នៅជួបការលំបាកកាន់តែខ្លាំង ហើយសង្គមជាតិកំពុងកើតមានវិបត្តិចាក់ស្រេះ ប៉ុន្តែរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ហាក់គ្មានសមត្ថភាពក្នុងការការពារទឹកដី និងដោះស្រាយវិបត្តិសង្គមឱ្យមានប្រសិទ្ធភាព។
ប្រតិកម្មទាំងនេះ បានកើតមានឡើងបន្ទាប់ពី លោកទៀ សីហា រដ្ឋមន្ត្រីការពារជាតិ បានបើកសម្ពោធស្តូបអនុស្សាវរីយ៍«នយោបាយឈ្នះឈ្នះ នៅខេត្តកោះកុង ដែលជាស្ថាបត្យកម្ម និងសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល ជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះឈ្នះ» របស់លោក ហ៊ុន សែន។ នេះបើយោងតាមក្រសួងការពារជាតិ។
វីអូឌី មិនអាចទាក់ទង លោកស្រី ម៉ាលី សុជាតា ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយបន្ថែមលើបញ្ហានេះបានទេ នៅថ្ងៃទី១ខែមិថុនានេះ។
ប៉ុន្តែលោក ទៀ សីហា បានថ្លែងក្នុងពិធីកាលពីថ្ងៃទី៣០ខែឧសភានោះថា លោកសូមឧទ្ទិស«ឱ្យមរតកសន្តិភាព និងមរតកសំណង់ប្រវត្តិសាស្ត្រនៅកម្ពុជា ក្លាយជាស្មារតីដឹងគុណចំពោះវីរជនអ្នកដែលបាននាំមកនូវសន្តិភាព វីរជនដែលកំពុងបន្តវេនការពារសន្តិភាព និងសូមឱ្យការសម្តែងនូវក្តីស្រឡាញ់ចំពោះសុខសន្តិភាពនេះ ក្លាយជាខឿនការពារជាតិដ៏រឹងមាំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រជាជាតិកម្ពុជា ដែលមិនអាចមានកម្លាំងអមិត្តណាមកបំបែកបំបាក់ ឬបំផ្លាញបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ»។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានប្រាប់វីអីឌីនៅថ្ងៃទី១ខែមិថុនានេះថា ខណៈសៀមបន្តសម្រុកវាទយកដីខ្មែរ ដោយដាក់ទូរកុងតឺន័រ រាយបន្លាលួស និងសម្រុកសាងសង់សំណង់ផ្សេងៗ ដូចជា ធ្វើផ្លូវ ជីកលេណដ្ឋាន ជីកប្រឡាយ សាងសង់ពុទ្ធបដិមារ រហូតដល់ធ្វើរបងព្រំដែននៅលើដីខ្មែរដោយមិនចាំបាច់ចំណាយសព្វាវុធវ៉ៃដណ្តើមយក រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត បែរជាសម្រុកសាងសង់វិមានឈ្នះឈ្នះ ដើម្បីប្រញ៉ាប់បើកសម្ពោធទៅវិញ។ អ្នកឃ្លាំមើលរូបនេះ បានចោទសួរថា តើរដ្ឋាភិបាលកំពុងគិតអ្វី? ហើយការសម្ពោធវិមានឈ្នះឈ្នះៗ តើឈ្នះអ្វី? ឈ្នះនណា?។
លោកថា៖ «អ៊ីចឹងក្នុងរឿងនេះ យើងអាចធ្វើការវាយតម្លៃបានហើយថា ចិត្តគំនិតរបស់មេដឹកនាំហ្នឹងអត់យកបញ្ហាទឹកដីព្រំដែនជាអាទិភាពក្នុងការដោះស្រាយជាធំទេ បាត់ក៏បាត់ទៅ ទាមទារក៏ទាមទារដែរ ទាមទារល្មមៗ គេឱ្យក៏ឱ្យទៅ គេមិនឱ្យក៏ហីទៅ ក្នុងគំនិតបស់គេមើលទៅអ៊ីចឹង ពីព្រោះយើងមើលមើ យើងកំពុងតែរងការយាយីឈ្លានពានពីសៀមបច្ចុប្បន្នហ្នឹង ចំណែកពួកថ្នាក់ដឹកនាំរដ្ឋាភិបាលទៅសម្ពោធនេះសម្ពោធនោះ ធ្វើកម្មវិធីនេះកម្មវិធីនោះ សប្បាយហ៊ឹកហ៊ាក់ចឹងទៅ។ ស្មារតីជាតិហ្នឹងទៅណាអស់ហើយ? ហើយបើធ្វើតែអ៊ីចឹងអាចការពារទឹកដីបានទេ? ថាវាមិនអាចទេ ការពារទឹកដីយ៉ាងម៉េច? សប្បាយហ៊ឹកហ៊ាក់ដូច ហ៊ុន ម៉ានី ចឹងគេធ្វើកម្មវិធីដាស់ស្មារតីជាតិកែនគង ហ៊ករដ្ឋាភិបាលមួយផ្នែកកំពុងសម្ពោធវិមានឈ្នះឈ្នះ»។
លោក ម៉ែន ណាត ថ្លែងថា ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ពិតជាមានការឈឺចាប់ខ្លាំងណាស់ នៅពេលដែលឃើញថៃបន្តរុលចូលឈ្លានពានទឹកដីខ្មែរតាមអំពើចិត្ត និងសាងសង់សំណង់រឹងផ្សេងៗនៅលើដីខ្មែរ ប៉ុន្តែរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនត្រឹមតែមិនប្រើសិទ្ធិការពារទឹកដីលើដីជាក់ស្តែង និងមិនប្តឹងថៃទៅកាន់តុលាការអន្តរជាតិ និងយន្តការច្បាប់អន្តរជាតិនានាឱ្យបានខ្លាំងក្លា ដើម្បីទាមទារឱ្យថៃដកកងទ័ពចេញពីទឹកដីកម្ពុជា បែរជាចេញត្រឹមតែសេចក្តីថ្លែងការណ៍រាប់រយថ្កោលទោសថៃ និងបង្កើតព្រឹត្តិការណ៍ផ្សេងៗដើម្បីបន្លំពីការបាត់បង់ទឹកដី។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានប្រាប់វីអូឌីនៅថ្ងៃទី១ខែមិថុនានេះផងដែរថា វិមានឈ្នះឈ្នះដែលត្រូវបានសម្ពោធជាបន្តបន្ទាប់គួរប្តូរដាក់ថា វិមានចាញ់ៗវិញទើបត្រូវ ពីព្រោះតើឈ្នះយ៉ាងដូចម្តេច បើទឹកដីខ្មែរនៅតាមព្រំដែនទាំងខាងលិច ទាំងខាងកើត និងទាំងដែនសមុទ្រ ត្រូវយួនសៀមរំលោភយកតាមអំពើចិត្តនោះ?។
អ្នកជំនាញកិច្ចការព្រំដែនរូបនេះ បន្តថា សម័យលោកហ៊ុន សែន ដឹកនាំប្រទេសបានកាត់ទឹកដីកម្ពុជាទៅឱ្យវៀតណាម ហើយមកដល់សម័យលោកហ៊ុន ម៉ាណែត ដឹកនាំប្រទេសធ្វើឱ្យបាត់បង់ទឹកខ្មែរ៦២ទីតាំងទៅឱ្យថៃ។ លោកចាត់ទុកការតវ៉ាត្រឹមចេញសារថ្កោលទោសថៃរបស់រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នាពេលបច្ចុប្បន្នថា គឺគ្រាន់តែជាការតវ៉ាបង្គ្រប់កិច្ចតែប៉ុណ្ណោះ ដែលមិនអាចទាមទារទឹកដីពីថៃមកវិញបានទេ បើមិនប្តឹងទៅតុលាការអន្តរជាតិទេនោះ។
លោកថា៖ «ដូច្នេះអត់មានអីត្រូវឈ្នះនោះទេ អ្នកដែលឈ្នះគឺត្រកូលហ៊ុន ហើយនិងវៀតណាមជាអ្នកឈ្នះពីព្រោះវៀតណាមគាត់បានដីខ្មែរយើងត្រកូលហ៊ុន គាត់បានកាន់អំណាច ហើយនៅពេលកាន់អំណាចហ្នឹង គឺបានទ្រព្យសម្បត្តិហូរហៀរ ប៉ុន្តែអ្នកដែលចាញ់គឺពលរដ្ឋខ្មែរ និងប្រទេសខ្មែរដែលជាអ្នកចាញ់។ ចាញ់យ៉ាងម៉េច? ចាញ់ដោយសារថៃកំពុងគ្រប់គ្រងទឹកដីខ្មែរយើងរហូតដល់៦២ទីតាំង អាហ្នឹងបានន័យថាខ្មែរកំពុងចាញ់ ប្រទេសខ្មែរកំពុងតែចាញ់ហើយ។ គេហៅថា វិមានឈ្នះឈ្នះ តាមពិតមិនមែនជាវិមានឈ្នះឈ្នះនោះទេ ជាវិមានដឹងគុណយួន ឬក៏គេហៅថាស្តូបដឹងគុណយួន ពីព្រោះស្តូបហ្នឹងគេរំឭកពីការដឹងគុណវៀតណាមដែលជួយរំដោះកម្ពុជា ដូច្នេះអ្នកដែលឈ្នះគឺវៀតណាមមិនមែនកម្ពុជាយើងនោះទេកម្ពុជាយើង គឺអ្នកចាញ់ ដោយសារបាត់ទឹកដីទៅវៀតណាម ឥឡូវបាត់ទឹកដីទៅថៃទៀត»។
លោក អ៊ុំ សំអាន ថ្លែងថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនគួរចំណាយថវិកាជាតិដើម្បីសាងសង់វិមានឈ្នះឈ្នះ ឬស្តូបដឹងគុណយួននោះទេ គួរតែយកថវិកាជាតិទាំងនេះ ទៅបន្ថែមការផ្គត់ផ្គង់ពង្រឹងកងទ័ពជួរមុខ ដូចជាដំឡើងប្រាក់ខែ បង្កើនការផ្គត់ផ្គង់ស្បៀងអាហារសម្ភារយោធាទិញគ្រឿងសព្វាវុធ ដូចជា យន្តហោះចម្បាំងF-16 បង្កើតការផលិតដ្រូន ទិញកាំភ្លើងបាញ់យន្តហោះ ឬកាំភ្លើងបាញ់ដ្រូនទិញ រ៉ាដាដែលហៅថា សំណាញ់មេឃ ឬក៏យកទៅអភិវឌ្ឍជាតិលើវិស័យផ្សេងៗទើបជាការប្រសើរជាង។
សម្រាប់ លោក ម៉ែន ណាត កម្ពុជាមានវិបត្តិច្រើនណាស់នាពេលបច្ចុប្បន្ននេះ ប៉ុន្តែរដ្ឋាភិបាលមិនប្រញ៉ាប់ដោះស្រាយវិបត្តិទាំងនេះទេ ដែលក្រៅពីវិបត្តិទឹកដីត្រូវបរទេសឈ្លានពាន គឺមានវិបត្តិផ្ទៃក្នុងជាតិ ដូចជាការបន្តចាប់ខ្លួននិងឃុំខ្លួនអ្នកនយោបាយប្រឆាំង និងសកម្មជនសង្គមតាមអំពើចិត្ត ការឆបោកតាមអនឡាញមិនទាន់បង្ក្រាបបានទាំងស្រុង ខណៈមេក្លោងធំៗដែលសហរដ្ឋអាមេរិកបានចង្អុលមុខ មិនទាន់ត្រូវបានចាប់ខ្លួនម្នាក់នៅឡើយក្រៅពី លោក ចេន ហ្ស៊ី វិបត្តិឆក់ប្លន់ដីធ្លីពលរដ្ឋពីសំណាក់អ្នកមានអំណាចនៅតែបន្ត អំពើអយុត្តិធម៌សង្គមនៅពាសពេញផ្ទៃប្រទេស និងការឆបោកគ្រប់ទម្រង់ បូករួមទាំងបញ្ហាផ្សេងៗទៀត កំពុងរីករាលដាលមិនទាន់អាចដោះស្រាយបាននៅឡើយ។
លោកថា៖ «យើងមើលឃើញជាក់ស្តែងហើយ ខាងលិចក៏បាត់ ខាងកើតក៏បង់ កណ្តាលលិចលង់ បាត់ទាំងព្រលឹង។ ខាងកើតយួនឈ្លានពានមួយផ្នែកទៅ ខាងលិចសៀមឈ្លានពានមួយផ្នែកទៀត ចំណែកឯមេដឹកនាំរដ្ឋាភិបាលនៅកណ្តាលទីក្រុងភ្នំពេញ កំពុងតែលិចលង់បាត់មនសិការ បាត់ព្រលឹងជាតិអស់ហើយ។ ហេតុអីបានបាត់ព្រលឹងជាតិ បាត់មនសិការ ? រវល់តែពុករលួយ រវល់តែសប្បាយភ្លើតភ្លើន រវល់តែបក្ខពួកនិយម ចែកអំណាចគ្នា ចែកផលប្រយោជន៍គ្នាអ៊ីចឹងទៅមើលមិនឃើញការបាត់បង់ទឹកដី ទៅប្រទេសជិតខាងទាំងយួនទាំងសៀមនឹងទេ។ ហើយពួកគេដើម្បីការពារអំណាចបាន ទាល់តែបង្ក្រាបប្រជាពលរដ្ឋណាដែលហ៊ានតវ៉ា បង្ក្រាបអ្នកប្រជាធិបតេយ្យ អត់ខ្វល់ថា ទឹកដីខ្មែរកាន់តែរួញតូចថែមទៀតទេ»។
សម្រាប់ លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ក៏បានប្រាប់វីអូឌីផងដែរថា ការពិតជាក់ស្តែងអំពីស្ថានភាពព្រំដែន និងសង្គមបច្ចុប្បន្នបានស្តែងឱ្យឃើញយ៉ាងច្បាស់ អំពីភាពផ្ទុយគ្នាស្រឡះ រវាងការឃោសនានយោបាយរបស់រដ្ឋាភិបាល និងសុខទុក្ខពិតប្រាកដរបស់ជាតិ។ ការអបអរសាទរ ការសម្ពោធវិមានឈ្នះឈ្នះថ្មីមួយទៀត ហាក់ដូចជាការលួងលោមខ្លួនឯង ខណៈដីធ្លីផ្ទះសំបែងប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន កំពុងត្រូវបានបណ្តោយឱ្យបរទេសរំកិលចូលឥតឈប់ឈរ និងសាងសង់សំណង់រំលោភយកទឹកដីខ្មែរ ដោយគ្មានការតវ៉ាប្រកបដោយប្រសិទ្ធភាព។
លោកថា៖ «ពាក្យថាឈ្នះឈ្នះ ដែលរដ្ឋាភិបាលតែងតែលើកតម្កើង ជាពាក្យឥតន័យ និងជាការចំអកឡកឡឺយដល់ប្រជាពលរដ្ឋខ្លួនឯង ពីព្រោះនៅលើឆាកការពិតជាតិទាំងមូល កំពុងចាញ់ទាំងការបាត់បង់បូរណភាពទឹកដី ទាំងការបែកបាក់ឯកភាពជាតិយ៉ាងជ្រៀលជ្រៅ និងការទុកឱ្យពលរដ្ឋរងគ្រោះយ៉ាងវេទនា នៅក្នុងអន្ទាក់បំណុលយ៉ាងធំធេង។ បន្ថែមពីនេះ គ្រោះឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានរីករាលដាល ដោយសារតែអំពើពុករលួយ និងវិបត្តិដីធ្លីដ៏រ៉ាំរៃដែលមិនធ្លាប់មានការដោះស្រាយប្រកបដោយយុត្តិធម៌កន្លងមក។ ប្រសិនបើរបៀបវារៈនៃការដឹកនាំបែបតពូជពីលោកហ៊ុន សែន មកលោកហ៊ុន ម៉ាណែត នៅតែបន្តរក្សាទម្រង់ដូចបច្ចុប្បន្ននោះអនាគតកម្ពុជានឹងត្រូវធ្លាក់ចូលទៅក្នុងជ្រោះមហន្តរាយកាន់តែជ្រៅ»។
សម្រាប់អ្នកវិភាគរូបនេះ ការដឹកនាំដែលផ្អែកទៅលើប្រព័ន្ធខ្សែរយៈ បក្ខពួកនិយម និងការការពារផលប្រយោជន៍ក្រុមឧកញ៉ា និងមន្ត្រីអ្នកមានអំណាច ធ្វើឱ្យស្ថាប័នរដ្ឋទាំងមូលរួមទាំងប្រព័ន្ធតុលាការ បាត់បង់ឯករាជភាពទាំងស្រុង និងក្លាយជាជាឧបករណ៍បម្រើនយោបាយតែមួយគត់។ ស្ថានភាពបែបនេះ នឹងរុញច្រានសង្គមកម្ពុជាឱ្យក្លាយជារដ្ឋទន់ខ្សោយ ដែលសម្បកក្រៅមើលទៅមានស្ថិរភាព ប៉ុន្តែខាងក្នុងពោរពេញទៅដោយវិបត្តិចាក់ស្រេះ មិនអាចព្យាបាលបាន។ លោកបន្តថា ប្រសិនបើស្ថានភាពបែបនេះ មិនត្រូវបានផ្លាស់ប្តូរ នោះនឹងធ្វើឱ្យយុវជនជំនាន់ក្រោយ នឹងត្រូវប្រឈមមុខនឹងអនាគតដ៏ខ្មៅងងឹត ដោយសារតែប្រព័ន្ធអប់រំនិងឱកាសការងារត្រូវបានលេបត្របាក់ដោយប្រព័ន្ធបក្ខពួកនិយម។ ចំណែកឯធនធានធម្មជាតិ នឹងត្រូវរលាយ ហើយទឹកដីដែលជាកេរមរតកចុងក្រោយ ក៏នឹងត្រូវរលាយបន្តិចម្តងៗ ក្រោមលេសនៃការអភិវឌ្ឍបំភ័នភ្នែកប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោក វ៉ន ចាន់ឡូត អ្នកសិក្សាផ្នែកច្បាប់ និងជាអ្នកវិភាគបានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី១ខែមិថុនានេះ បែបចំអកទៅលោកហ៊ុន ម៉ាណែត ដែលបង្ហោះសញ្ញាបត្រលើបណ្តាញសង្គមថា មេទ័ពថៃគ្មានបានទៅសិក្សានៅ West Point ផង តែគេអាចឈ្លានពានយកទឹកដីបាន។
លោកថា៖ «កូនដូចឪ ឪដូចកូន បញ្ហាទឹកដី ពលរដ្ឋ និងយោធិន ត្រូវគេប្រមាថ និងបំពានរាល់ថ្ងៃ ស្ងាត់មាត់ដូចគេចុក គ្រាន់តែចាក់គូថរឿងផ្ទាល់ខ្លួនបន្ដិចច្រឡោត។ ម៉ាកៗហ្នឹងសង្ឃឹមអ្វី? »។
លោកលើកឡើងបន្តថា៖«បើផែនការលើកបន្ដុបចៅត្រកូលហ៊ុន បានសម្រេច មានន័យថា លែងមានខ្មែរលើផែនទីពិភពលោក ទោះបីជាមានគឺមានតែឈ្មោះ។ ត្រឹមកូនប្រុសដុនដាបប៉ុណ្ណឹងហើយ ទម្រាំដល់ចៅ?»។
បន្ថែមពីនេះ លោក អ៊ុំ សំអាន បានថ្លែងទៀតថា ប្រសិនបើលោកហ៊ុន ម៉ាណែត នៅតែបន្តដឹកនាំប្រទេសជាបន្តទៅទៀត តាមបែបដូចបច្ចុប្បន្ន រហូតដល់មួយជីវិតរបស់គាត់នោះ ប្រទេសកម្ពុជាមិនត្រឹមតែមិនអាចទាមទារទឹកដីពីថៃបានមកវិញប៉ុណ្ណោះទេ ថែមទាំងអាចបាត់បង់ទឹកដីបន្ថែមទៀត ចាប់ពីជាង ១០០ទីតាំង រហូតដល់ ៥០០ទីតាំងបន្ថែមទៀត។ បន្ថែមពីនេះ លោកថា នៅពេលដែលកូនលោកហ៊ុន ម៉ាណែត ឬក៏ក្រុមចៅៗរបស់លោកហ៊ុន សែន ឡើងមកដឹកនាំប្រទេស នៅពេលនោះ ប្រទេសកម្ពុជាអាចនឹងបាត់បង់ប្រទេសទាំងស្រុងខាងកើតទន្លេមេគង្គត្រូវវៀតណាមកាត់យក ហើយខាងលិចទន្លេមេគង្គត្រូវថៃកាត់យក ដូចកាលពីសម័យព្រះអង្គឌួងដែលវៀតណាមនិងថៃគេគ្រោងបែងចែកប្រទេសកម្ពុជាជាពីរ៕









