កងទ័ពអ៊ីស្រាអែលបានពង្រីកតំបន់ព្រមានជម្លៀសប្រជាជននៅភាគខាងត្បូងប្រទេសលីបង់ ខណៈខ្លួនបន្តពង្រីកប្រតិបត្តិការវាយលុកជើងគោកប្រឆាំងនឹងក្រុមហេសបូឡា (Hezbollah)។
កងកម្លាំងការពារជាតិអ៊ីស្រាអែល (IDF) បានបញ្ជាក់ជាថ្មីនូវការព្រមានដល់ប្រជាជនទាំងអស់ដែលរស់នៅភាគខាងត្បូងទន្លេ ហ្សារ៉ានី (Zahrani) ឱ្យចាកចេញពីទីនោះ។ ការព្រមាននេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីកងទ័ពបានបញ្ជាក់ថា ខ្លួនបានវាយដណ្តើមបានប្រាសាទ បូហ្វត (Beaufort Castle) ដែលជាចំណុចយុទ្ធសាស្ត្រនៅលើជួរភ្នំខ្ពស់ពីលើទន្លេ លីតានី (Litani)។
អ្នកនាំពាក្យ IDF បានឱ្យដឹងថា កងទ័ពជើងគោកក្នុងចំនួនដ៏ច្រើនសន្ធឹកសន្ធាប់ បានចូលរួមក្នុងប្រតិបត្តិការនេះ ដែលកំពុងពង្រីកទៅកាន់តំបន់បន្ថែមទៀត។ នេះជាសញ្ញាបង្ហាញយ៉ាងច្បាស់ថា កងទ័ពជើងគោកអ៊ីស្រាអែលកំពុងរំកិលខ្លួនកាន់តែជ្រៅទៅក្នុងទឹកដីលីបង់ ដោយឆ្លងកាត់ខ្សែទន្លេលីតានី។
ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលលីបង់ បាននិយាយថា បុគ្គលិកមន្ទីរពេទ្យ ១៣ នាក់ បានរងរបួសនៅក្នុងការវាយប្រហារតាមអាកាសនៅក្បែរមន្ទីរពេទ្យ ហ៊ីរ៉ាម (Hiram) ក្នុងទីក្រុង មីងទីរ៉េ (Tyre)។ ប្រទេសបារាំងបានស្នើសុំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល ដោយរិះគន់ថា គ្មានអ្វីអាចមកអាងហេតុដើម្បីបន្តប្រតិបត្តិការ និងការចូលកាន់កាប់ទឹកដីលីបង់កាន់តែជ្រៅបែបនេះឡើយ។
ប្រាសាទបូហ្វតត្រូវបានសាងសង់ឡើងជាបន្ទាយការពារយ៉ាងរឹងមាំដោយពួកអ្នកចម្បាំងគម្រុសេដ (Crusaders) កាលពីប្រហែល ៩០០ ឆ្នាំមុន។ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនហ្សាមីន ណេតាន់យ៉ាហ៊ូ បានពិពណ៌នាការវាយដណ្តើមបាននេះថាជា «ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយរបស់យើង»។
លោកបាននិយាយថា៖ «យើងកំពុងម្ចាស់ការលើការវាយលុក យើងកំពុងធ្វើប្រតិបត្តិការលើគ្រប់រណសិរ្ស ទាំងនៅក្នុងប្រទេសស៊ីរី ហ្គាហ្សា និងលីបង់»។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក កាតស៍ បាននិយាយថា កងពលតូច ហ្គោឡានី (Golani Brigade) បានត្រឡប់មកវិញ ហើយបានបង្ហូតទង់ជាតិអ៊ីស្រាអែលនៅលើកំពូលប្រាសាទ។ លោកបានបន្ថែមថា ការគ្រប់គ្រងលើប្រាសាទ និងជួរភ្នំនេះ គឺជាជំហានដ៏សំខាន់មួយក្នុងការការពារសហគមន៍អ៊ីស្រាអែលនៅតាមបណ្តោយព្រំដែន។
អ៊ីស្រាអែល និយាយថា ខ្លួនបានបង្កើនការវាយលុកដើម្បីឆ្លើយតបទៅនឹងការដែលក្រុមហេសបូឡាបានបង្កើនការវាយប្រហារដោយដ្រូនអត្តឃាត និងមីស៊ីល។ កងទ័ព បានបញ្ជាក់ថា មានទាហានម្នាក់ទៀតបានស្លាប់ ខណៈសាលារៀននៅក្នុងសហគមន៍នានានៅខាងភាគីអ៊ីស្រាអែល ត្រូវបានបិទដើម្បីជាការប្រុងប្រយ័ត្ន។
នៅក្នុងប្រទេសលីបង់ នាយករដ្ឋមន្ត្រី ណាវ៉ាហ្វ សាឡាម (Nawaf Salam) បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រើប្រាស់ «គោលនយោបាយដុតកម្ទេច និងការដាក់ទណ្ឌកម្មជាសមូហភាព»។ ទោះជាយ៉ាងណាក៏ដោយ ការចរចារវាងគណៈប្រតិភូមកពីរដ្ឋាភិបាលអ៊ីស្រាអែល និងលីបង់ គ្រោងនឹងធ្វើឡើងនៅទីក្រុងវ៉ាស៊ីនតោននៅក្នុងសប្តាហ៍នេះ ប៉ុន្តែក្រុមហេសបូឡាមិនបានចូលរួមនោះទេ។
ចាប់តាំងពីជម្លោះបានផ្ទុះឡើងជាថ្មីកាលពីដើមខែមីនា អាជ្ញាធរលីបង់បាននិយាយថា មនុស្សជាង ៣,៣០០ នាក់ ត្រូវបានសម្លាប់ ខណៈដែលមានទាហានអ៊ីស្រាអែលចំនួន ២៥ នាក់ បានបាត់បង់ជីវិត៕









