ថៃ​ពង្រី​ក​ធ្វើរ​បង​ព្រំដែន​យក​ដី​ខ្មែរ​ដល់​ភ្នំ​ទ្រព្យ​ខណៈ​លោក ហ៊ុន ម៉ាណែត រក្សា​ជំហ​ចរចា​ទ្វេ​ភាគី

តំណាង​រាស្រ្តប​ក្សប្រ​ឆាំង ទម្លាយ​ឱ្យ​ដឹង​ថា យោធា​ថៃ​ធ្វើរ​បង​បេតុង ពង្រីក​ព្រំដែន​រំលោភ​យក​ដី​ខ្មែរ​ឥត​ឈប់​ឈរ​រហូត​ដល់​តំបន់​ភ្នំ​ទ្រព្យ​របស់​ម្ពុជា ក្រោយ​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត បោះ​ដៃ​រក​ការ​ចរ​ចា​ទ្វេ​​ភាគី ដោយ​មិន​​ព្រម​ប្តឹង​ថៃ ដើម្បី​ទាម​ទារ​ទឹក​ដី​ខ្មែរ​យក​ត្រឡប់​មក​វិញ។

ការ​ពង្រីកព្រំដែនរំលោភយកដីខ្មែរ ពីសំណាក់យោធាថៃនេះ ក៏​ស្រប​ពេល​ដែល​លោក ហ៊ុន ម៉ាណែត ធ្លាប់​ប្រកាស​ជា​សាធារណៈ​ថា ទោះ​នៅ​សង្ឃឹម​ត្រឹម​១ភាគ​រយ ក៏​រដ្ឋាភិ​បាល​របស់​លោក​នៅ​តែ​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ ដោយ​សំអាង​ថា ការ​ប្តឹង​ថៃ​ទៅតុ​លាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​(ICJ)​ ត្រូវ​ស៊ី​ពេល​យូរ។

ជុំវិញ​បញ្ហា​នេះ អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានគូសបញ្ជាក់ឡើងវិញ កាល​ពី​ថ្ងៃ​អាទិត្យ​ថា ក្រសួង​​ការ​បរទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា បាន​​ត​វ៉ា​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ជាថ្មី​ទៀត​របស់​ភាគី​ថៃ មក​លើ​អធិប​តេយ្យ​និង​បូរណ​ភាព​ទឹក​ដី​កម្ពុជា នៅ​ក្នុង​តំបន់​ដែល​កង​ទ័ព​ថៃ​បាន​កាន់​កាប់​ដោយ​ខុស​ច្បាប់ តាំង​ពី​មាន​បទ​ឈប់​បា​ញ់​នៅ​ថ្ងៃ​ទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។

សម្រាប់​អ្នកនាំ​ពាក្យ​រូប​នេះ ការ​តវ៉ា​របស់​កម្ពុជា គឺ​ថៃបា​ន​សាង​សង់​ព្រះពុ​ទ្ធ​បដិ​មា​យ៉ាង​តិច​ ៣៦​អង្គ នៅ​ខេត្ត​ឧត្តរ​មាន​ជ័យ និង​ខេត្ត​ព្រះ​វិហារ លើ​ទឹក​ដី​កម្ពុជា តាម​រយៈ​សាង​សង់​សំណង់​អចិន្ត្រៃយ៍​នានា មាន​សាង​សង់​ផ្លូវ ពង្រឹង​ការ​គ្រប់​គ្រង ការ​ពង្រឹង​របាំង​ផ្លូវ ដោយ​ប្រើទូ​កុ​ង​ទីន័រ​ និង​បន្លា​លួស ព្រម​ទាំង​រៀប​ចំ​ទីតាំង​វប្បធម៌​និង​ទេស​ចរណ៍​ផ្សេងៗ រំលោភ​បទ​ឈប់​បាញ់។

លោកថា៖ «រាជ​រដ្ឋាភិបាលក​ម្ពុជា​សូមបញ្ជាក់សារជា​ថ្មី​ថា​​ កម្ពុជា​មិន​ទទួល​ស្គាល់​ជាដា​ច់​ខាត​នូវ​ខ្សែ​​បន្ទាត់​ព្រំ​ដែន​ដែល​កើត​ចេញ​ពី​កា​រ​ប្រើ​ប្រាស់​កម្លាំង ឬ​ជា​ការ​ទាម​ទារ​ទឹក​ដី​ជា​ឯក​តោភា​គី​ពី​សំណាក់​ប្រទេស​ថៃ​នោះ​ឡើ​យ។ ហើយ​សកម្ម​ភាព ដូច​បាន​រៀប​រាប់​ខាង​លើ ក៏​មិន​បាន​ប៉ះ​ពាល់​សិទ្ធិ​ស្រប​ច្បាប់ ឬ​ប៉ះពា​ល់​ដល់​ជំហរ​របស់​ព្រះរា​​ជាណា​ចក្រ​កម្ពុជា​ ទាក់​ទង​ទៅ​នឹង​ព្រំ​ដែន​អន្តរ​ជាតិ​របស់​ខ្លួន​នោះ​ទេ»។​

លើសពី​នេះ លោកថា ​កម្ពុជាអំពាវនាវឱ្យថៃងាកមកគោរពបទ​ឈប់​បាញ់ និង​កិច្ច​ព្រម​ព្រៀង​នានា​ដែល​ភាគីទាំ​ង​ពីរ​បាន​ឯកភា​ព​គ្នា ដើម្បី​ស្តារ​ឡើង​វិញ​នូវ​ជំនឿ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​នាម​ជា​អ្នក​ជិត​ខាង​ល្អ ស្រប​តាម​គោល​​ការណ៍​ច្បាប់​អន្តរ​ជាតិ ធម្ម​នុញ្ញ​អង្គ​ការ​សហ​ប្រជា​ជាតិ ធម្ម​នុញ្ញ​អាស៊ាន ជាដើម។

កន្លងមកថ្មីៗនេះ នាយ​ក​រដ្ឋ​មន្ត្រីកម្ពុជា លោក ហ៊ុន ​ម៉ាណែត ធ្លាប់​អះអា​ង​ថា កម្ពុជា​នៅ​បន្ត​ជ្រើស​រើស​យក​យន្ត​ការ​ចរចា​ជាមួយ​ថៃ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​នេះ​ ទោះ​មាន​សង្ឃឹម​​ត្រឹម​១ភាគរយ​ក៏​ដោយ ខណៈ​ថៃ​បាន​ឈ្លាន​ពាន​ដី​ខ្មែរ​រាប់​សិប​ទីតាំង លើ​ខេត្ត​ជាប់​ព្រំដែន​ទាំង​៦​រួច​ហើយ​ក្តី។

ជុំវិញបញ្ហានេះ តំណាងរាស្ត្រ​គណបក្សប្រឆាំង លោក អ៊ុំ សំអាន និយាយ​ថា ការ​ឈ្លាន​ពាន​របស់​ថៃ ជា​បន្ត​បន្ទាប់​ទាំង​​គ្មាន​ការ​ទប់​ស្កាត់​ពី​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ាណែត បញ្ជាក់​ថា ថៃ​មិន​ឱ្យ​ដី​ខ្មែរ​១០០​ភាគ​រយ​មក​ខ្មែរ​វិញ​នោះ​ទេ។​

លោក​សង្កត់​ធ្ងន់​ថា សូម្បី​តែ​១ភាគរយ ដែលលោក​ហ៊ុន ម៉ាណែត ធ្លាប់​សង្ឃឹម​នោះ ក៏​មិន​បាន​មក​វិញ​ដែរ បើក​ម្ពុជា​មិន​ប្រើសិ​ទ្ធិស្វ័​យ​ការ​ពារ​លើ​ដីជា​ក់​ស្តែង និង​មិន​ប្តឹង​ថៃ​ទៅ​តុលាការ​យុត្តិ​ធម៌​អន្តរ​ជាតិ​នោះ។

ក្នុងន័យនេះ លោក​បញ្ជាក់​ថា ថ្មីៗ​នេះ ថៃ​បាន​ប្រកាស​ហើយ​ថា ថៃ​មិន​ទទួល​ស្គាល់​ខ្សែ​បន្ទាត់​ព្រំដែន​ដែល​បន្សល់​ទុក​ពី​សម័យ​បារាំង​ទេ ដូច្នេះ​មាន​ន័យ​ថា ការ​ទន្ទឹង​រង់​ចាំច​រចា​​យក​ដី​មក​វិញ​ តាម​រយៈ​យន្ត​ការ​ទ្វេភា​​​គី​នេះ នឹង​មិន​បាន​ដី​មក​វិ​ញ​នោះ​​ទេ មាន​តែ​កាត់​ដី​ឱ្យ​ថៃ។

លោកថា៖ «លោក ហ៊ុន ម៉ាណែត សង្ឃឹម១ភាគរយហ្នឹង​ ក៏​ថៃ​មិន​ឱ្យ​ដែរ គឺ​គេយ​ក​១០០​ភាគរយ​តែ​ម្តង ព្រោះ​ទឹ​កដី​​ខ្មែរ​ដែល​ថៃដ​ណ្តើម​ហ្នឹង​ គេកំ​ពុង​អភិវឌ្ឍន៍​ទឹក​ដី​របស់​គេ​ហើយ។ គេ​ធ្វើរ​បង​បេតុង​ហើយ យើង​មិន​ហ៊ាន​ទៅ​ឃាត់​ផង ដូច្នេះ​[…]​បើសិ​ន​ជា​លោក ហ៊ុន ម៉ាណែត កាន់​អំណាច​រហូត​ដល់​មួយ​ជីវិត ដី​ខ្មែរ​មិន​បាត់​តែ​៦២​ទីតាំង​ទេ យ៉ាង​ហោច​១០០​ទីតាំង​ទៅ​៥០០​ទីតាំង​ទៀត។ ហើយ​បើ​​សិ​ន​ជារ​ហូតដ​ល់​ចៅ​លោក ហ៊ុន សែន ទៀត​បាត់​ប្រទេស​តែ​ម្តង ថៃនិ​ងវៀត​ណាម​ចែក​គ្នា​ម្នាក់​ពាក់​កណ្តាល​ហ្មង ត្រឹម​ទន្លេមេគង្គ​ទៅ​​កើត​យួន ហើយ​ត្រឹម​ទន្លេមេគង្គ​ទៅ​លិច​ថៃ»។

លើសពីនេះ លោកបានបង្ហោះសារនៅលើហ្វេសប៊ុក​ថាថ្ងៃទី១​ ខែមិ​ថុនា ឆ្នាំ​២០២៦ ថៃ​កំពុង​សាង​សង់​​រប​ង​​ព្រំដែន​អចិន្រ្តៃយ៍ ដោយ​រំលោភ​យក​ដី​ខ្មែរ​ចាប់​ពី​បង្គោល​ព្រំដែន​​លេ​ខ​៥២​ដល់​លេខ​៥៩ ជិត​រួច​រាល់​ហើយ នៅ​ស្រុក​កំរៀង ខេត្ត​បាត់​ដំបង។

លើសពីនេះ ថៃកំពុងដាក់សំណាញ់ដែកនិងប​ន្លាលួ​ស​ពី​លើរ​បង​បេតុង ព្រម​ទាំង​ឈូស​ឆាយ​ផ្លូវ​យ៉ាង​ស្អាត ហើយ​ថៃ​ បាន​ចាប់​ផ្តើម​សាង​សង់​របង​ព្រំដែន​ពី​បេតុង​នៅ​តំបន់​ភ្នំ​ទ្រព្យ ខេត្ត​ព្រះ​វិហារ ដែល​ជា​ទឹក​ដី​ខ្មែរ។ លោក​ថា រប​ង​ព្រំដែន​ដែល​ធ្វើពី​បេ​តុង​នេះ គឺ​ថៃ​សាង​សង់​ជាប់​នឹង​របង​បន្លា​លួស​ដែល​ថៃ​បាន​ដាក់​រាយ​នៅ​លើទឹ​ក​ដី​​ខ្មែរ​តែ​ម្តង ដែល​មាន​ន័យ​ថា ថៃ​កំពុង​សាង​សង់​របង​ព្រំដែន​ពី​បេតុង​ជំនួស​បន្លា​លួស ព្រម​ទាំង​ថៃបា​ន​ឈូស​ឆាយ​ផ្លូវ​នៅ​តំបន់​ប្រាសាទ​តាមាន់​ធំ​ដែល​ជា​ទឹក​ដី​ខ្មែរ។

ដោយឡែក ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ចាត់​​ទុក​បញ្ហា​ទឹក​ដី​ជា​អាយុ​ជីវិត​ជាតិ ហើយ​ថា ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មេដឹក​នាំ​កំពូល។

លោកថា៖ «អីចឹងដើម្បីបញ្ឈប់ការឈ្លានពានរបស់ថៃ យើង​ឈប់​រអ៊ូរ​ទំាំ​ទៅ ត្រូវ​ធ្វើ​អ្វី​ដែល​ស្រប​តាម​ច្បាប់​អន្តរ​ជាតិ​ទៅ ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​យើង ការ​ពារ​ផល​ប្រយោជន៍​ពល​រដ្ឋ​យើង អាហ្នឹង​បាន​ចាត់​ទុក​ថា​ជាមេ​ដឹក​នាំ​ដែល​មាន​កំណើត។ ហើយ​កុំ​ឱ្យ​គេ​ចា​ត់ចូ​ល​មួយ​ចំនុច​ទៀត​នោះ បើ​កាល​ណាធ្វើ​រឿ​ង​អត់​ប្រយោជន៍​សម្រាប់​ជាតិ​ ដូច​​សព្វ​ថ្ងៃ​ហ្នឹង ថ្ងៃ​ក្រោយ​គេ​ចាត់​ទុក​ជាមេ​ដឹក​នាំ​ក្បត់​ជាតិ ដូច​ដែល​មាត្រា​៤៤​០​នៃ​ក្រម​ព្រហ្ម​ទណ្ឌ មេដឹក​នាំ​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ក្នុង​ការ​ដឹក​នាំ​ជាតិ​ធ្វើ​ឱ្យ​បាត់​បង់​ទឹក​ដី គឺ​ជាជ​ន​ក្បត់​ជាតិ»។

លោក​សង្កត់ធ្ងន់ៗ​ថា មេដឹកនាំណាមួយធ្វើឱ្យបាត់ទឹកដីទៅប្រទេសជិតខាង ក្រោមកា​រ​ដឹក​នាំ​របស់​ខ្លួន ហើយ​មិន​ប្រើ​ច្បាប់​អន្តរ​ជាតិ​ប្តឹង​សត្រូវ​ឈ្លាន​បាន ដើម្បី​បង្ហាញ​ឆន្ទៈ​ទាម​ទារ​ទឹក​ដី​ត្រឡប់​យក​មក​វិញ ហើយ​បែរ​ជា​ទៅប​ង្កើត​ព្រឹត្តិ​ការណ៍​បំភាន់​ពលរដ្ឋ ឬ​ចាប់​ពលរដ្ឋ​ខ្លួន​ឯង​ដាក់​គុក ដោយ​គ្រាន់​តែ​និយាយ​រិះ​គន់​​ពី​កម្សោយ​នៃ​ការ​ដឹក​នាំ​នោះ ជា​សញ្ញានៃ​ម​ហន្តរាយ​ជាតិ។

ក្នុងន័យនេះ លោកគូសបញ្ជាក់ថា បើមេដឹកនាំទទួល​យកការពិត​ដើម្បីព​ង្រឹង​សមត្ថ​ភាព​ការ​ពារ​ទឹក​ដីពី​ប្រទេស​ឈ្លាន​​ពាន ​នឹ​ង​បន្តព​ង្រីកកា​រឈ្លា​នពា​ន​ឥត​ឈប់​ឈរ​ពេល​នោះ ជា​ហានិភ័យ​បូរណ​ភាព​ទឹក​ដី ។ ហើយ​មួយ​វិញ​ទៀត នៅពេ​ល​ដែល​ពលរដ្ឋ​ខ្លួន​ឯង​និយាយ​រឿង​បញ្ហា​ទឹក​ដី​មិន​បាន ត្រូវ​ចាប់​ដាក់​ពន្ធនាគារ នោះជា​​មហន្តរា​យ​ជាតិ ឬ​បែក​បាក់​ជាតិ​ធ្ងន់​ធ្ងរ។

ជុំវិញ​ការ​ឈ្លាន​ពាន​របស់​ថៃនេះ​ ក្រោយ​មាន​បទ​ឈប់​បាញ់​ចុះ​ថ្ងៃទី២៧ ខែ​​ធ្នូ ឆ្នាំ​២០២៥ កម្ពុជា​​បាន​​ត​វ៉ា​​​​ជា​​​បន្ត​​បន្ទាប់​​​​​រហូត​​​ជាង​៧០០​លើក ប្រ​​​ឆាំង​​​នឹង​​ការ​​រំលោ​ភ​បំ​ពាន​របស់​ថៃ មក​លើ​ដែន​​អធិ​បតេ​យ្យ​របស់​កម្ពុជា លើ​​ទីតាំង​មួយ​​ចំនួន ក្នុង​ខេត្ត​បាត់​ដំបង ប៉ៃលិន ពោធិ៍​សាត់ បន្ទា​យ​​​មា​ន​ជ័យ ឧត្តរ​មាន​ជ័យ និង​​ខេត្ត​ព្រះ​វិ​ហារ រួម​ទំាំង​​តំបន់​​​​ប្រាសាទ​តាមាន់​ធំ និង​ប្រាសាទ​តាក្របី​​ផង​ដែរ។

ដោ​​​យ​ឡែក លោក អ៊ុំ សំអាន ដែលមានជំនាញកិច្ចការព្រំដែន បាន​អះ​អាង​ថា ក្រោ​​យ​មាន​​បទ​​ឈប់​​​ថៃ មិន​​បាន​​គោរព​​ទេ រហូត​បច្ចុប្បន្ន​នេះ ថៃបាន ​​ពង្រីក​ការ​​ឈ្លា​​ន​ពាន​​​​ទឹក​​ដី​​ខ្មែរ តាម​ចិត្ត​កើន​​ឡើង​ដ​​ល់​​ជាង៦០ ​​ទីតំាង ទាំង​គ្មាន​​ការ​​ទប់​ស្តាត់​ពី​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា។

រដ្ឋធម្មនុញ្ញ បាន​ចង​កាតព្វ​កិច្ច​រដ្ឋាភិ​បាល​ពី​ឆន្ទៈ​ការ​ពារ​ទឹក​ដី។ ចំណែក ក្រម​​ព្រហ្មទ​ណ្ឌ ក៏​ដូច​គ្នាដែ​រ បាន​ចែង​ពីកា​រ​ដាក់​ទោស​ទណ្ឌ​ធ្ងន់​ធ្ងរ​ចំពោះ​អ្នក​ដែល​ធ្វើ​ឱ្យបា​ត់​បង់​ទឹក​ដី​ទៅ​បរទេស ។

មាត្រា៥២​ នៃរដ្ឋធម្មនុញ្ញ ចែង​ថា «រាជ​រដ្ឋាភិបាល​កម្ពុជា ​ប្តេជ្ញា​រក្សា​ការ​ពារ​ឯករាជ្យ អធិប​តេយ្យ​ បូរណភា​ព​​​ទឹក​ដី អនុ​​​​វ​​ត្ត​​​​​នយោបាយ​បង្រួប​បង្រួម​ជាតិ ដើម្បីកា​រ​ឯកភាព​ជាតិ»។ ដោយឡែក ក្រមព្រហ្មទណ្ឌមាត្រា ៤៤០ ចែងថា «អំពើ​​ប្រគល់​ឱ្យ​រដ្ឋ​បរទេស ឬ​ភ្នាឬ​ភ្នាក់​ងារបរទេស នូ​វ​ដែនដី​ជាតិ​ទាំង​ស្រុង ឬ​មួយ​ផ្នែក ជា​អំពើ​ក្បត់​ជាតិ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារអស់​មួយ​ជីវិត»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ