ជនរងគ្រោះប្រមាណជាង ៥០នាក់ ជាអតិថិជនទិញផ្ទះបង់ផ្តាច់នៅបុរីខេភី របស់អ្នកស្រី ម៉ន ដានី ក្នុងខេត្តកំពង់ស្ពឺ បាននាំគ្នាទៅក្រសួងរៀបចំដែនដីជាថ្មីទៀត នៅថ្ងៃចន្ទនេះ ស្នើឱ្យក្រសួង និងតំណាងក្រុមហ៊ុនបុរីខេភី ពន្លឿនការដោះស្រាយបញ្ហាផ្ទះសម្បែងរបស់ពួកគាត់ ដែលទិញហើយមិនបានផ្ទះ ខណៈពួកគាត់កំពុងជួបបញ្ហាជីវភាពយ៉ាងខ្លាំង និងខ្លះទៀតត្រូវរងសម្ភាធផ្លូវចិត្តដោយសារបំណុលវ័ណ្ឌក។
លោក សុខ វណ្ណា អះអាងជាជនរងគ្រោះជាអតិថិជនរបស់ក្រុមហ៊ុនអ្នកស្រី ម៉ន ដានី បានឱ្យដឹងនៅមុខក្រសួងរៀបចំដែនដី នាព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦នេះថា ពួកគាត់បានរងចាំដំណោះស្រាយរឿងបញ្ហាផ្ទះសម្បែងដែលទិញពីបុរីខេភី អស់រយៈពេលជាង ២ឆ្នាំមក ប៉ុន្តែខាងក្រសួង និងតំណាងក្រុមហ៊ុន ឈ្មោះ ស្រី ចំរើន នៅមិនទាន់មានការដោះស្រាយឱ្យនៅឡើយ ដោយចេះតែពន្យាពេលពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបន្តថា ការទន្ទឹងរងចាំដំណោះស្រាយទាំងមិនដឹងកាលបរិច្ឆេតនេះ បានធ្វើឱ្យពួកគាត់ខ្លះជួបបញ្ហាផ្លូវចិត្ត ដោយសារតែត្រូវដោះបំណុលដែលខ្ចីយកមកទិញផ្ទះផង និងត្រូវជួលផ្ទះស្នាក់នៅផង ដែលធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចគ្រួសារកាន់តែធ្លាក់ដុនដាបខ្លាំង។ ការណ៍នេះ លោកថា ទើបពួកគាត់នាំគ្នាមកជួបខាងក្រសួងរៀបចំដែនដីជាលើកទី៥ ដើម្បីជំរុញឱ្យក្រសួង និងតំណាងក្រុមហ៊ុន ពន្លឿនការដោះស្រាយឱ្យបានឆាប់។
លោកថា៖ «ប៉ះពាល់ច្រើន ខ្ញុំចង់មានជំងឺផ្លូវចិត្ត ដោយសារតែគ្រប់យ៉ាង[…] បញ្ហាវាធ្ងន់ធ្ងរ ឱ្យតែរងចាំយូរ ដឹងតែ ខ្ញុំក៏លង់ក្នុងបំណុលរឹតតែយូរដែរ ដោយសារខ្ញុំជំពាក់បំណុលគេ ហើយខាងក្រសួងគិតតែពន្យាពេលដោះស្រាយចឹងផលលំបាកខ្ញុំវាទ្វេដែរ ទ្វេគុណ ចឹងសុំឱ្យក្រសួងពន្លឿននីតិវិធីដោះស្រាយឱ្យពួកខ្ញុំដែលជាអតិថិជនរងគ្រោះ»។
ជនរងគ្រោះដែលជាអតិថិជនរបស់ក្រុមហ៊ុនអ្នកស្រី ម៉ន ដានី ម្នាក់ទៀត គឺលោក ហ៊ីម លីណា បាននិយាយថា រូបលោកបានចំណាកស្រុកទៅកាន់ប្រទេសជប៉ុន ដើម្បីរកប្រាក់ និងខ្ចីបុលគេខ្លះមកទិញផ្ទះនៅបុរីខេភី របស់អ្នកស្រី ម៉ន ដានី ដោយបានបង់ផ្តាច់ ប៉ុន្តែបែរជាចាញ់បោកក្រុមហ៊ុន ដោយបានតែប្លង់ តែពុំឃើញព្រំប្រទល់ដីនិងផ្ទះនៅឡើយ។
លោកថា៖ «គឺតម្លៃ២៤ ២០០ដុល្លារ[តម្លៃផ្ទះ] លុយនេះគឺខ្ញុំបានខ្ចីពីបងប្អូន ខ្ចីបុលពីគេខ្លះ ពីបងប្អូនខ្លះ ហើយលុយដែលខ្ញុំប្រមូលពីធ្វើការពលករឱ្យគេមកខ្លះ ដើម្បីសរុបទិញផ្ទះមួយហ្នឹង តែចុងក្រោយមិនបានផ្ទះទេ បែរជាត្រូវរងគ្រោះមួយជាន់ហើយមួយជាន់ទៀត ចំណាយលុយដែលខ្លួនឯងខំសន្សំបានមក ដោះស្រាយបញ្ហារឿងហ្នឹងទៀត អស់ទៀត ដូចខ្ញុំនិយាយ ក្រជាន់ក្រ»។
អតិថិជនរងគ្រោះរូបនេះ បន្តថា ការដែលពួកគាត់នាំគ្នាមកប្រមូលផ្តុំនៅក្រសួងជាថ្មីនេះ ដោយសារតែអតិថិជនរងគ្រោះ ចង់ឱ្យថ្នាក់ដឹកនាំក្រសួង អញ្ជើញតំណាងក្រុមហ៊ុន មកជជែករកដំណោះស្រាយទល់មុខគ្នាជាមួយពួកគាត់ ដើម្បីឱ្យការដោះស្រាយឆាប់ចប់ ខណៈដែលពួកគាត់កំពុងជួបការលំបាកក្នុងជីវភាព។
លោកថា៖ «សុំឱ្យខាងក្រសួង សុំលោក សុំលោកជួយសម្របសម្រួលធ្វើម៉េចជួយពួកខ្ញុំឱ្យបានដល់ត្រើយផង ឱ្យមានសំណងសាងសង់ឡើងវិញ និងធ្វើម៉េចស្នើសុំតំណាង សុំលោកជួយចូលមកជួបពួកខ្ញុំជាអតិថិជនដើម្បីចូលតុមូលមួយ ជួបជុំគ្នាដោះស្រាយបញ្ហាសំណងសាងសង់ បើនៅតែមួយរត់គេចពីររត់គេច អត់ដឹងថាទទួលខុសត្រូវសំណងសាងសង់ អ្នកណាអ្នកទទួលខុសត្រូវទេ»។
វីអូឌី មិនអាចសុំការបញ្ជាក់ជុំវិញករណីនេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ លោក សេង ឡូត បានទេ គិតត្រឹមរសៀលថ្ងៃចន្ទនេះ។
បើតាមក្រុមអតិថិជនរងគ្រោះ ការជួបជាមួយតំណាងក្រសួង នៅព្រឹកនេះ ពុំមានលទ្ធផលផ្លែផ្កាដូចមុនៗដែរ ដោយក្រសួងនៅតែបន្តឱ្យពួកគាត់រងចាំដំណោះស្រាយ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការដែលពលរដ្ឋនាំគ្នាទិញផ្ទះពីក្រុមហ៊ុនបុរីខេភី របស់អ្នកស្រី ម៉ន ដានី នេះ ដោយសារតែពលរដ្ឋចង់បានផ្ទះរស់នៅសមរម្យ ប៉ុន្តែបែរជាមិនបានផ្ទះទៅវិញ ហើយអ្នកខ្លះត្រូវជាប់បំណុលគេបន្ថែមទៀតដោយសារតែខ្ចីបុលគេយកមកទិញផ្ទះ ដែលកត្តានេះ បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទាំងនោះ។
ដូច្នេះលោកយល់ថា ការតវ៉ារបស់ប្រជាពលរដ្ឋនេះ ជារឿងសមហេតុផល ដោយសារតែពួកគាត់ចង់បានដំណោះស្រាយឱ្យបានឆាប់។
លោកថា៖ «ចឹងចំណុចទាំងអស់នេះ ក្រសួងស្ថាប័នដែលពាក់ព័ន្ធ គួរតែពន្លឿននីតិវិធី ដើម្បីដោះស្រាយសម្រាប់ពួកគាត់ហ្នឹងឱ្យបានឆាប់ ពីព្រោះយើងមើលទៅពួកគាត់ជាអ្នករងគ្រោះដែលរងចាំទទួលបានដំណោះស្រាយដោយអន្ទះសារផងដែរ។ អីចឹងនេះវាជាបទពិសោធន៍ដែរ សម្រាប់ក្រសួងស្ថាប័ន ទៅថ្ងៃក្រោយ មុននឹងចេញអាជ្ញាប័ណ្ណទៅដល់ក្រុមហ៊ុនណាធ្វើការអភិវឌ្ឍ គួរតែពិនិត្យគិតគូរឱ្យបានដិតដល់ ដើម្បីជៀសវាងប្រជាពលរដ្ឋត្រូវទទួលនូវការរងគ្រោះ ដូចជាក្រុមហ៊ុនដែលបានកើតឡើងជាបន្តបន្ទាប់កន្លងមក»។
អ្នកស្រី ម៉ន ដានី ម្ចាស់ក្រុមហ៊ុនបុរី ខេភី (KP) ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ នៅច្រកព្រំដែនអូរស្មាច់ ខេត្តឧត្ដរមានជ័យ ខណៈលោកស្រីគ្រោងឆ្លងដែនគេចខ្លួនទៅប្រទេសថៃ។
ការឃាត់ខ្លួននេះ តាមរយៈដីកាបង្គាប់របស់សាលាដំបូងរាជធានីភ្នំពេញ លោក លិ សុខា កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ក្រោមបទចោទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣។
ជុំវិញរឿងនេះ ក្រុមអតិថិជនបានផ្ទុះការតវ៉ាជាច្រើនដង តែគ្មានដំណោះស្រាយ ហើយពួកគេខ្លះត្រូវបានចាប់ខ្លួន ខណៈមានផ្ទះជាប់គាំងសាងសង់ប្រមាណ ៦០០០ផ្ទះ។
អំឡុងខែឧសភា ឆ្នាំ២០២៤ ក្រុមអតិថិជនប្រមាណ ២០០នាក់ បានផ្ទុះការតវ៉ាទាមទារឱ្យអ្នកស្រី ម៉ន ដានី ដោះស្រាយការទិញផ្ទះមិនបានផ្ទះ ហើយក្នុងពេលនោះមានអ្នកតវ៉ា ៣នាក់ត្រូវបានចាប់ខ្លួន ជំរុញឱ្យអ្នកតវ៉ាផ្សេងៗទៀតរំសាយការប្រមូលផ្តុំភា្លមៗ។
ក្រោយឃុំខ្លួនបាន១យប់ ពួកគេត្រូវដោះលែងឱ្យមានសេរីភាពវិញ ហើយក្រុមជនរងគ្រោះបានរក្សាភាពស្ងប់ស្ងាត់មួយរយៈ ដោយសំអាងថា បារម្ភពីសុវត្ថិភាព។
លុះ៦ខែក្រោយ ពោលគឺនៅខែតុលា ឆ្នាំ២០២៤ អតិថិជនរងគ្រោះគ្រោងជួបជុំគ្នាជាថ្មីប្រមូលស្នាមមេដៃ រកកិច្ចអន្តរាគមន៍ពីស្ថាប័នពាក់ព័ន្ធ តែត្រូវបានរំសាយវិញដោយសំអាងថា អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រាប់មិនឱ្យមានការជួបជុំប្រមូលផ្តុំ ផ្តិតស្នាមមេដៃនោះទេ ព្រោះមន្រ្តីជំនាញកំពុងដោះស្រាយករណីនេះ។
គួរបញ្ជាក់ផងដែរថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានអ្នករងគ្រោះយ៉ាងតិច៣ម៉ឺននាក់ ដែលចាញ់បោកគម្រោងអចលនទ្រព្យ ដូចក្រុមហ៊ុនអ្នកស្រី ម៉ន ដានី នេះដែរ។ ករណីទាំងនោះមានដូចជា អតីតឧកញ៉ា ជា សារ៉ន, លោកហ៊ី គឹមហុង, អ្នកស្រីឡេង ចាន់ណា, លោកឡេង ណាវ៉ាត្រា, ក្រុមហ៊ុន CIC, ក្រុមហ៊ុនភូមិខ្មែរគ្រុបនៅខេត្តស្វាយរៀង ជាដើម។
ការរាលដាននៃអំពើឆបោកនេះ អ្នកឃ្លាំមើល យល់ថា វាកើតចេញពីប្រព័ន្ធដឹកនាំបែបគ្រួសារនិយម ដែលចរន្តដឹកនាំបែបនេះជំរុញឱ្យមានអំពើពុករលួយខ្ពស់ ពង្រីកអំពើអយុត្តិធម៌កាន់តែច្រើន ហើយប្រព័ន្ធច្បាប់មិនអាចរកយុត្តិធម៌ឱ្យពលរដ្ឋទន់ខ្សោយបានទេ ហើយពលរដ្ឋនឹងរងគ្រោះតជំនាន់ បើគ្មានចរន្តកែលម្អរទេនោះ៕









