ពលរដ្ឋ ៣៥នាក់ តំណាងឱ្យពលរដ្ឋ ១៤៤គ្រួសាររស់នៅក្នុងឃុំរួសរាន់ និងឃុំរីករាយ ស្រុករវៀង នៅព្រឹកថ្ងៃទី០១ ខែមិថុនានេះ បានធ្វើដំណើរមករាជធានីភ្នំពេញ ដើម្បីដាក់ញត្តិស្នើឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រឡេកមើលពីភាពអយុត្តិធម៌ ដោយសារបាត់បង់ដីស្រែចម្ការ និងគ្មានកន្លែងដាំដុះចិញ្ចឹមជីវិត ក្រោយពីក្រុមហ៊ុន គ្លូប៊លហ្រ្គីន ((Global Green) Energy Development) ហ៊ុមព័ទ្ធ និងឈូសឆាយរំលោភយកជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០២៤ មកទល់ពេលនេះ។
ពលរដ្ឋម្នាក់រស់នៅឃុំរួសរាន់ ខេត្តព្រះវិហារ អ្នកស្រី ជី វិន ប្រាប់វីអូឌីនៅថ្ងៃទី០១ ខែមិថុនា ថា គ្រួសារអ្នកស្រីមានដី ៧ហិកតា ជាដីកេរ្តិ៍ឪពុកម្តាយ ត្រូវបានក្រុមហ៊ុនកូនឧកញ៉ា ទ្រី ភាព រំលោភយកទាំងមូល ដោយប្រើគ្រឿងចក្រឈូសឆាយផលដំណាំស្វាយចន្ទី ដំឡូង និងដំណាំផ្សេងៗទៀត។
អ្នកស្រីថា អាជ្ញាធរខេត្តព្រះវិហារ ហាក់លម្អៀងខាងភាគីក្រុមហ៊ុន ដោយមិនយកចិត្តទុកដាក់ដោះស្រាយការតវ៉ារបស់ពលរដ្ឋនោះទេ ទើបពលរដ្ឋបង្ខំចិត្តឡើងមករាជធានីភ្នំពេញ។
អ្នកស្រី ជី វិន និយាយថា៖«ខ្លួនឈឺមិនដឹងជាបានអី បើអស់ដីហើយ កាលពីដើមដីច្រើន ដីតិច គ្រាន់បានដោះស្រាយ សណ្ដែកសៀង ដល់ខែចន្ទី បានចន្ទី សន្សំ ដល់ខែធ្វើទៀត ដល់អស់ មិនដឹងរំពឹងអី»។
ខ្លឹមសារញត្តិរបស់ពលរដ្ឋ ៣ទំព័រ ដាក់ជូនខុន្ទកាល័យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត, ក្រសួងរៀបចំដែនដី, ក្រសួងមហាផ្ទៃ និងក្រសួងកសិកម្ម ដោយស្នើឱ្យស្ថាប័នទាំងនេះ អន្តរាគមន៍ដោះស្រាយករណីក្រុមហ៊ុន ភ្លូប៊ល ហ្គ្រីន (ខេមបូឌា) អេនើជី ឌីវេឡុបមេន ប្រើប្រាស់គ្រឿងចក្រឈូសឆាយបំផ្លាញដីធ្លី និងផលដំណាំ បង្ខិតបង្ខំឱ្យទទួលយកសំណងមិនសមរម្យ និងគំរាមកំហែងពលរដ្ឋរងគ្រោះឱ្យដកពាក្យបណ្តឹង។
ពលរដ្ឋដែលមកដាក់ញត្តិនោះ រួមមាន តំណាងឱ្យពលរដ្ឋរងគ្រោះដីធ្លីចំនួន ១១៤គ្រួសារ មកពីឃុំរួសរាន់ មានទំហំដីជាង ៧រយហិកតា( ៧៤៩.៦៣៩) និងមកពីឃុំរីករាយមាន ៥៦គ្រួសារ ដែលមានផ្ទៃដីជាង ៣រយហិកតា (៣០៣.២០)។
ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ទៀតឡើងមករាជធានីភ្នំពេញដែរនោះ អ្នកស្រី ចិន យ៉ន់ ប្រាប់ថា មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានទទួលញត្តិរបស់ពួកគាត់រួចហើយ ហើយក្រុមពលរដ្ឋកំពុងដាក់ញត្តិទៅក្រសួងពាក់ព័ន្ធចំនួន ៣ទៀត នៅល្ងាចថ្ងៃដដែលនេះ។
អ្នកស្រី បន្តថា គ្រួសារអ្នកស្រីមានដី ៥ ហិកតា មានដំណាំដំឡូង និងដំណាំរួមផ្សេងៗ ត្រូវក្រុមហ៊ុនឈូសឆាយរំលោភយកទាំងមូល ធ្វើឱ្យអ្នកស្រីខ្វះដីបង្កបង្កើនផល ខណៈដែលដីនៅតំបន់នោះជាដីកេរ្តិ៍ឪពុកម្តាយអាស្រ័យផលតាំងពីឆ្នាំ១៩៨១។ រីឯក្រុមហ៊ុនបានគំរាមកំហែងពលរដ្ឋឱ្យទទួលយកសំណងតិចតួចបំផុត បើពលរដ្ឋណាមិនទទួលយកសំណង ក៏ក្រុមហ៊ុនយកដីដែរ។
អ្នកស្រី ចិន យ៉ន់ និយាយថា៖ «ខ្ញុំចួបការលំបាក អត់មានដីអាស្រ័យផលដាំដំណាំ រកប្រាក់ចំណូលបន្តទៅមុខទៀត។ ខ្ញុំសំណូមពរដល់ក្រសួងគ្រប់ស្ថាប័នដោះស្រាយឱ្យខ្ញុំផង ព្រោះអីខ្ញុំរាល់ថ្ងៃនេះ ខ្ញុំអត់មានដីអាស្រ័យផលទេ រដូវវស្សាកាន់តែមកដល់ហើយ»។
វីអូឌី មិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្ត្រី លោក មាស សុភ័ណ្ឌ បាននៅឡើយទេនៅថ្ងៃទី០១ ខែមិថុនានេះ។ រីឯតំណាងក្រុមហ៊ុន គ្លូប៊លហ្រ្គីន (Global Green) Energy Development) ក៏ពុំទាន់អាចទាក់ទងបានដែរ គិតត្រឹមម៉ោងផ្សាយនេះ។
ជុំវិញរឿងនេះ អនុប្រធានផ្នែកសិទ្ធិមនុស្ស និងដីធ្លីនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក យិន ម៉េងលី យល់ថា បើរកឃើញថា ក្រុមហ៊ុនរំលោភបំពានគោលការណ៍ណែនាំរបស់រដ្ឋាភិបាល ត្រូវទទួលខុសត្រូវផ្នែកច្បាប់ និងផ្តល់សំណងជូនពលរដ្ឋឱ្យសមរម្យ ព្រមទាំងកាត់ឆ្វៀលផលប៉ះពាល់ជូនពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះ ហើយត្រូវផ្អាកការឈូសឆាយជាបន្ទាន់ រង់ចាំដំណោះស្រាយពីថ្នាក់ជាតិ។
លោក យិន ម៉េងលី ថ្លែងថា៖ «កាលដែលក្រុមហ៊ុនមានអាជ្ញាប័ណ្ណ មិនមែនចេះតែធ្វើអីស្រេចតែចិត្តបានទេ មិនមែនក្រុមហ៊ុនឈូសឆាយស្រេចតែចិត្តបានទេ។ យើងមានច្បាប់ពាក់ព័ន្ធការគ្រប់គ្រងធនធានធម្មជាតិ និងការធ្វើធនធានរ៉ែ ហើយយើងមានអនុក្រឹត្យ ការផ្ដល់អាជ្ញាប័ណ្ណលើដី ដីមានពលរដ្ឋធ្វើ មានដំណាំ គេអត់ឱ្យក្រុមហ៊ុនឈូសឆាយទេ សម្របសម្រួលដោះស្រាយគ្នា»។
កាលពីឆ្នាំ២០២៣ រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បានចុះហត្ថលេខាអនុញ្ញាតឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករកនិងធ្វើអាជីវកម្មរ៉ែដែកទូទាំងប្រទេស ដោយលើកហេតុផលថា ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ត្រូវជាកូនបង្កើត ឧកញ៉ា ទ្រី ភាព ដែលមានរឿងអាស្រូវលក់ដូរឈើប្រណីតខុសច្បាប់នាំចូលទៅក្រៅប្រទេស និងជាឈ្មួញឈើដ៏ល្បីល្បាញនៅកម្ពុជា។
ឧកញ៉ាទ្រី ភាព ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច លោក ហ៊ុន សែន តាមរយៈការផ្ដល់ថវិកា និងផលប្រយោជន៍សេដ្ឋកិច្ចជុំវិញសកម្មភាពកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយជាង ៣០ឆ្នាំកន្លងទៅនេះ ៕









