ពលរដ្ឋមានទំនាស់ដីធ្លីជាមួយ លោក ភឺន ផល្លា មេបញ្ជាការរងកងពលតូចថ្មើរជើងលេខ៧០ នៃកងទ័ពជើងគោក បានទទូចដល់មេដឹកនាំកំពូលជួយរកយុត្តិធម៌ ដោយចោទថាមេទាហានផ្កាយពីររូបនេះ បានគប់គិតជាមួយអាជ្ញាធរដែនដីលួចធ្វើប្លង់រំលោភយកដីពួកគេជាង ៧ហិកតា នៅភូមិបឹងតាស្រី សង្កាត់បឹងតាព្រហ្ម ក្រុងកំពង់សោម ទោះពួកគេធ្លាប់ប្តឹងជំទាស់កន្លងមកក្តី។
លោក យ៉ុន ស៊ីធន់ ដែលអះអាងថា ជាប្រជាពលរដ្ឋរងគ្រោះម្នាក់ បានឱ្យដឹងនៅថ្ងៃអង្គារ៍នេះថា លោក ភឺន ផល្លា បានគប់គិតជាមួយអាជ្ញាធរដែនដីលួចធ្វើប្លង់ រំលោភយកដីចម្ការទំហំជាង ៧ហិកតា ទោះពួកគាត់ធ្លាប់ប្តឹងជំទាស់ អំឡុងពេលមន្ត្រីជំនាញបិទបញ្ជីពិនិត្យក្បាលដី ទៅមន្ត្រីមន្ទីរសុរិយោដីខេត្តព្រះសីហនុ មិនឲ្យចេញប្លង់បែបណាក្តី។
បុរសរូបនោះបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៤ គាត់បានប្តឹងករណីនេះ ទៅមន្ត្រីជំនាញមន្ទីរសុរិយោដី នៅក្នុងដំណាក់កាលបិទផ្សាយបញ្ជីក្បាលដីប្លង់ប្រព័ន្ធ ប៉ុន្តែមន្ត្រីមន្ទីរជំនាញមិនទាន់បានកោះហៅរូបគាត់ ឬភាគីមានវិវាទទៅជួបរកដំណោះស្រាយផង បែរជាឈានទៅចេញប្លង់ជូនភាគីម្ខាងទៀត ស្ងាត់បែបនេះទៅវិញ។
លោកបន្តថា៖ «ពេលចេញបណ្ណហ្នឹងនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ មានន័យថា យើងបានប្តឹងជំទាស់មុន។ ហើយនៅក្នុងចន្លោះពេលវេលា ដែលយើងបានប្តឹងជំទាស់រហូតដល់ថ្ងៃចេញបណ្ណហ្នឹងឃើញមានគណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត ឬក៏ថ្នាក់ផ្សេងៗហ្នឹង អត់មានអ្នកណាហៅយើងទេ? ស្រាប់តែឃើញចេញបណ្ណតែម្តង។ គាត់ឡើងលើ PV លើប្លង់ផែនទីថាដីហ្នឹង ជាដីរដ្ឋ ចឹងគាត់គូសយកៗ គូសយកលើចំការ លើភូមិរបស់គេ របស់ពលរដ្ឋ វាពិបាកណាស់។ ចេញបណ្ណចេញប្លង់តែម្នាក់ឯង ហើយយើងបានប្តឹងជំទាស់ហើយ នីតិវិធីច្បាប់ រឿងអីត្រូវចេញបណ្ណ តើគាត់គិតយ៉ាងម៉េច»។
ទោះជាបែបនេះក្តី វីអូឌី នៅមិនទាន់អាចទាក់ទង លោក ភឺន ផល្លា ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបានទេគិតត្រឹមថ្ងៃអង្គារនេះ។ ខណៈ លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ ក៏មិនទាន់អាចទាក់ទងបានដែរ។
ប៉ុន្តែ លោក ភឺន ផល្លា ធ្លាប់បានប្រាប់ការសែតក្នុងស្រុកមួយ ដោយបដិសេធទៅនឹងការចោទនេះ។ លោកបានអះអាងថា លោកមិនបានគប់គិតរំលោភធ្វើប្លង់កម្មសិទ្ធិយកដីពលរដ្ឋ ណាម្នាក់ដូចការចោទទេ។ ហើយថា មុនទទួលបានបណ្ណកម្មសិទ្ធិ លោកបានដោះស្រាយវិវាទផ្សេងៗជាមួយពលរដ្ឋ មានដីនៅជាប់ព្រំដីរបស់លោករួចរាល់ហើយ។
លោកគូសបញ្ជាក់ថា ក្រោយដោះស្រាយវិវាទរួច មន្ត្រីជំនាញបានចេញបណ្ណកម្មសិទ្ធិស្របច្បាប់ឱ្យលោក កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥កន្លងមក។
លោកបន្ថែមថា៖ «គាត់និយាយហ្នឹងមិនមែន ៩៩%ទេ គឺ១០០% ខុសទាំងស្រុង ហើយបង្កើតរឿង។ ឥឡូវហ្នឹងខ្ញុំបានឲ្យផ្លូវច្បាប់ឲ្យចុះទៅមើល ព្រោះគាត់និយាយថា ខ្ញុំបានគប់គិតជាមួយមន្ត្រីធ្វើប្លង់នេះ គឺអត់មានមន្ត្រីណាមកគប់គិតទេ។ មានមន្ត្រីមកពីណា ព្រោះក្រសួងដែនដីអ្នកដោះ អ្នកធ្វើការងារហ្នឹងហើយ។ ហើយ អាធន់ ហ្នឹងវាមិនមានដីនៅហ្នឹងទេ គឺវាដើរតែកាប់ព្រៃ និងយកឈ្មោះគេមកប្រើទេ។ កាលហ្នឹងសុំជួបខ្ញុំ ធ្វើរបងធ្វើដីពីណាទេ មករកទិញដីហ្នឹង។ ហើយវាបានមកថតរូបសែលហ្វីហ្នឹងទេ។ ហើយយកមកចុះផ្សាយក្នុងកាសែត មកបង្កើតរឿងហ្នឹងទេ?។ វាមិនទៅមានរឿងអី ដែលត្រូវពាក់ព័ន្ធជាមួយគាត់ទេ»។
លោក ភឺន ផល្លា ត្រូវបានគេហទំព័ររបស់គណបក្សប្រជាជនកម្ពុជា ចុះផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦នេះថា ក្រៅពីមានឋានៈផ្កាយពីរ នៅកងពលតូចថ្មើរជើងលេខ២០ លោកជា ជំនួយការផ្ទាល់ លោកហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។
យ៉ាងណា លោក យ៉ុន ស៊ីធន់ ដែលអះអាងថា ជាជនរងគ្រោះ ត្រូវឈ្មោះ ភឺន ផល្លា គប់គិតធ្វើប្លង់រំលោភយកដីចំការជាង ៧ហិកតា បានលើកឡើងថា ដីទំនាស់នេះ គឺរូបលោកបានប្រមូលទិញពីពលរដ្ឋរស់នៅមូលដ្ឋានខាងលើចំនួន ៥គ្រួសារ។ ហើយនៅលើដីនោះ ជាប្រភេទដីចំការមានដំណាំដាំដុះ និងមានពលរដ្ឋរស់នៅអាស្រ័យផលជាក់ស្តែងថែមទៀតផង។
លោកបន្តថា៖ «ខ្ញុំបានទិញដីហ្នឹងពី ទួន ឡឹប ឌត រស់នៅអូរជ្រៅ និងឈ្មោះ ប៊ូ ណូត កូនលោកមេភូមិស្រែចាមលើ និងបច្ចុប្បន្នគាត់ជាមេភូមិអូរជ្រៅ និងពលរដ្ឋ ៣នាក់ផ្សេងទៀត មាននៅក្នុងឯកសារពាក់ព័ន្ធ។ ហើយកន្លងមក លោក ចេង ស្រុង ប្រធានមន្ទីរសុរិយោដី និងលោក ហែម ដារីទ្ធ អភិបាលរងខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មការសុរិយោដីដោះស្រាយទំនាស់ដីធ្លីរបស់ខេត្តព្រះសីហនុ ទទួលបន្ទុកស្រុកព្រៃនប់មុនហ្នឹង ក៏គាត់បានអញ្ជើញទៅមើលទីតាំង ដូចឃើញក្នុងរូបភាពដែលមានស្រាប់។ សូមថ្នាក់ដឹកនាំជួយរកដំណោះស្រាយណាមួយដែលសមស្រប»។
យ៉ាងណាក៏ដោយចុះ លោក សុខសុខុម ប្រធានអង្គការស៊ីអ៊ិនរ៉ូ (CNRO) ស្នើឲ្យមន្ត្រីក្រសួងស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវពិនិត្យដោះស្រាយវិវាទដីធ្លី រវាងគូភាគីទំនាស់ខាងលើ ឈរលើមូលដ្ឋានច្បាប់ និងមានតម្លាភាព ។
លោកថា៖ «ចំពោះករណីទំនាស់ដីធ្លីនៅក្រុងកំពង់សោមនេះ គឺជាទំនាស់មួយ រវាងប្រជាពលរដ្ឋ និងអ្នកមានលុយមានអំណាច។ អញ្ចឹងអាជ្ញាធរខេត្ត ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ ដែលដោះស្រាយករណីនេះ ត្រូវតែឈរលើឯកសារច្បាប់ជាគោល ថាអ្នកណាជាអ្នកកាន់កាប់ និងអាស្រ័យផលមុន ឲ្យបានច្បាស់លាស់ត្រឹមត្រូវ ហើយអ្នកណាដែលជាអ្នកកេងបន្លំ កេងប្រវ័ញ្ច ត្រូវអនុវត្តទៅតាមច្បាប់ជាគោល»។
របាយការណ៍ស្តីពីស្ថានភាពសិទ្ធិដីធ្លី ដែលចេញផ្សាយដោយសមាគមការពារសិទ្ធិមនុស្សអាដហុក កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ រកឃើញថា បញ្ហាវិវាទដីធ្លីនៅក្នុងឆ្នាំ២០២៥ បន្តមានលក្ខណៈធ្ងន់ធ្ងរ រ៉ាំរៃ និងស្មុគស្មាញ ។
អាដហុក រកឃើញថា មានករណីថ្មីបានកើតឡើងចំនួន ៤៥ករណី បន្ថែមលើករណីចាស់ៗ ដែលមិនទាន់មានដំណោះស្រាយសមរម្យ។ ហើយថា បានប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួនជាង ៥ពាន់គ្រួសារ (៥ ៥២០គ្រួសារ) និងផ្ទៃដីជាង ១១ម៉ឺនហិកតា (១១៥ ៤១៣ ហិកតា) ក្នុងនោះភាគរយខ្ពស់ នៃវិវាទពាក់ព័ន្ធនឹងការរំលោភដីធ្លីដោយបុគ្គលមានអំណាច ៤២ភាគរយ និងអ្នកមានទ្រព្យ/ក្រុមហ៊ុន ២០ភាគរយ ។
កំណើននៃវិវាទនេះ បង្ហាញពីឥទ្ធិពលខ្លាំងរបស់ក្រុមអាជ្ញាធរ ដែលមានអំណាចលើការប្រើប្រាស់ធនធានដីធ្លី និងធនធានធម្មជាតិ។ ហើយថា បើគ្មានវិធានការជាក់ស្តែង វិវាទដីធ្លីនឹងបន្តបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ស្ថិរភាពសេដ្ឋកិច្ច-សង្គម ការកើនឡើងនៃភាពក្រីក្រ ការបាត់ទំនុកចិត្តលើរដ្ឋាភិបាល និងប្រព័ន្ធយុត្តិធម៌ ដែលអាចរារាំងការអភិវឌ្ឍរយៈពេលវែង៕









