បើទោះបីកម្ពុជារងការឈ្លានពានតាមចិត្តពីប្រទេសថៃជាង៥ខែមកនេះ លោកហ៊ុន សែន បន្តចេញបញ្ជាកម្ចាត់ខ្មែរគ្នាឯងតាមយុទ្ធសាស្ត្រងើប១វ៉ៃ១ ដើម្បីពង្រឹងអំណាចបែបគ្រួសារនិយម ទោះសហគមន៍អន្តរជាតិចង់ឃើញមេបក្សប្រឆាំង លោក កឹម សុខា មានសិទ្ធិធ្វើនយោបាយឡើងវិញក្តី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចាត់ទុកការលើកលែងទោសជាប់ឃុំក្នុងផ្ទះ ២៧ឆ្នាំ របស់លោកកឹម សុខា កាលពីថ្ងៃទី២៥ ខែឧសភាថា ជា«ជំហានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ»។
ប៉ុន្តែនៅក្នុងពេលចុះទៅពិនិត្យអគារថ្មី នៃអគ្គនាយកដ្ឋានពន្ធដារនៅព្រឹកថ្ងៃទី២ខែមិថុនានេះ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានចេញបញ្ជាជាថ្មីទៀត ឱ្យកម្ចាត់ក្រុមប្រឆាំង តាមយុទ្ធសាស្ត្រងើប១វាយ១ ដែលលោកយល់ថា ពួកគេទាំងនោះ ចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងត្រកូលហ៊ុន។
លោកបញ្ជាក់ថា៖ «ការដឹកនាំប្រទេសកម្ពុជា ប្រសិនបើអត់ត្រកូលហ៊ុនក៏មិនទាន់ដល់ពេលត្រកូលសម ឬត្រកូលណានោះដែរ គឺមានកូនទេវតាច្រើនណាស់ចាំដឹកនាំ»។ នេះបើតាមសារព័ត៌មានBTV របស់អ្នកស្រី ហ៊ុន ម៉ាណា កូនស្រី លោកហ៊ុន សែន។
ការព្រមានរបស់ លោក ហ៊ុន សែន នេះ ចំពេល លោកសម រង្ស៊ី មេដឹកនាំរដ្ឋាភិបាលកម្ពុជាឯករាជ្យ២៣តុលា ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី២ខែមិថុនានេះ ក្នុងន័យជំរុញឱ្យពលរដ្ឋត្រូវហ៊ានរើខ្លួនពីរបបដឹកនាំបែបផ្តាច់ការ ដើម្បីកុំឱ្យស្តាយក្រោយ។ លោកលើកឡើងថា ការចូលរួមឈឺឆ្អាលពីបញ្ហាសង្គម ប្រសើរជាងអង្គុយយំ ពេលសង្គមបាត់បង់។
ក្នុងន័យនេះ លោកគូសបញ្ជាក់ថា៖ «របបផ្តាច់ការ គឺដូចជាមឹកយក្សមួយ ដែលមានដៃវែងជាច្រើន លាតសន្ធឹងចូលទៅគ្រប់ផ្នែកនៃសង្គម។ ដៃមួយគ្រប់គ្រងតុលាការ ខ្សែដៃមួយទៀតគ្រប់គ្រងយោធា ប៉ូលិស និងប្រព័ន្ធផ្សព្វផ្សាយ ខណៈដែលខ្សែដៃផ្សេងៗទៀតបង្កើតឧក្រិដ្ឋកម្ម ដែលចូលជ្រៀតជ្រែកទៅក្នុងសេដ្ឋកិច្ច និងជីវិតប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ»។
សម្រាប់ លោក សម រង្ស៊ី ប្រជាជនខ្មែរដែលកំពុងរស់នៅស្ថិតនៅក្រោមរបបបែបនេះ បានបាត់បង់សេរីភាពក្នុងការគិត ក្នុងការនិយាយ និងមិនអាចរស់នៅដោយឯករាជ្យភាពបានទេ ហេតុដូច្នេះប្រជាជនអាចកាត់ដៃមឹកនោះចោល កម្ចាត់របបផ្តាច់ការ ដើម្បីឲ្យសង្គមឆ្ពោះទៅរកសេរីភាពពិតប្រាកដ។
ជុំវិញបញ្ហានេះ លោកម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ថ្លែងថា សាររបស់លោក ហ៊ុន សែន មិនមែនព្រមានតែអ្នកនយោបាយប្រឆាំងនៅក្រៅស្រុកនោះទេ វាក៏ជាការព្រមាន លោក កឹម សុខា ដែលកំពុងទាមទារសិទ្ធិធ្វើនយោបាយឡើងវិញ និងក៏ជាការព្រមានដល់ក្រុមនៅក្នុងគណបក្សប្រជាជនដែលចង់ឈរឈ្មោះប្រជែងអំណាចជាមួយត្រកូលហ៊ុន ផងដែរ។
លោកថា៖ «សញ្ញាព្រមាននេះ គឺជាសញ្ញាអំណាចផ្តាច់ការគ្រួសារនិយម អត់ខ្វល់ខ្វាយអំពីទឹកដីជាតិដែលកំពុងរកការយាយីឈ្លានពានពីថៃពីយួនទេ ធ្វើម៉េចឱ្យតែក្រុមគ្រួសារគាត់រក្សាអំណាចបាន គឺគាត់គិតថាគ្រប់គ្រាន់ហើយ។ ហើយប្រទេសជាតិកំពុងតែរងការបែកបាក់ស្មារតីនេះ កំពុងតែលង់លក់នៅក្រោមអំណាចសណ្តំរបស់លោកហ៊ុន សែន លោកហ៊ុន សែន ឆ្លៀតលើកស្ទួយកូនចៅខ្លួនគ្រប់កាលៈទេសៈ ទោះបីការដឹកនាំរបស់គ្រួសារគាត់នឹងជិតរលាយប្រទេសកម្ពុជាហើយក៏ដោយ។ យើងមើលទៅជារឿងដ៏គួរឱ្យសង្វេគ»។
អ្នកឃ្លាំមើលរូបនេះ បន្តថា ប្រទេសកម្ពុជាកំពុងទទួលរងការឈ្លានពានទឹកដីយ៉ាងច្រើនជារៀងរាល់ថ្ងៃ គួរណាស់ លោកហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី ផ្ញើសារអំពាវនាវរកការរួបរួមជាតិផ្សះផ្សាស្មារតីជាតិស្របតាមរដ្ឋធម្មនុញ្ញ ស្តារសិទ្ធិមនុស្ស ប្រជាធិបតេយ្យ ស្តារមុខមាត់ជាតិ តាមរយៈការធ្វើកំណែទម្រង់ផ្ទៃក្នុងជាតិ ប៉ុន្តែលោកហ៊ុន សែន បែរជាផ្ញើសារពោរពេញទៅដោយកំហឹងហិង្សា ដែលកាន់តែធ្វើឱ្យមានការបែកបាក់ជាតិកាន់តែខ្លាំងថែមទៀត។
លោកថា៖ «ដូចលោក ហ៊ុន សែន លើកឡើងចឹងថា ត្រកូលគាត់នៅមានមនុស្សច្រើនណាស់ អ៊ីចឹងបក្ខពួកនិយមលើកស្ទួយគ្នាឯងហ្នឹងហើយ ជាការបំផ្លិចបំផ្លាញជាតិខ្លួនឯងក្នុងចំណោមមេដឹកនាំហ្នឹង។ ហើយកាលណាមេដឹកនាំមានគំនិតទុច្ចរិតអ៊ីចឹងហើយ វាធ្វើឱ្យជាតិវារងគ្រោះដូចសព្វថ្ងៃអ៊ីចឹង។ រងគ្រោះដោយការប្រមាថពីប្រទេសជិតខាង រងគ្រោះដោយភាពក្រីក្ររបស់ពលរដ្ឋ រងគ្រោះដោយសារការហ៊ុំព័ទ្ធសេដ្ឋកិច្ចរបស់អន្តរជាតិ។ ការហ៊ុំព័ទ្ធសេដ្ឋកិច្ចពីអន្តរជាតិ តាមរយៈល្បែងឆបោកអនឡាញរាល់ថ្ងៃហ្នឹង ធ្វើឱ្យពួកទេសចរ ពួកអ្នកវិនិយោគអន្តរជាតិ គេមិនហ៊ានមករកស៊ី ដល់អ៊ីចឹងហើយអាហ្នឹងវាប្រៀបដូចជាការហ៊ុំព័ទ្ធសេដ្ឋកិច្ចខ្លួនឯងដែរ»។
លោកសេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយ ថ្លែងថា រហូតមកដល់ពេលនេះ លោកកឹម សុខានៅតែស្ថិតនៅក្រោមការដកសិទ្ធិធ្វើនយោបាយយ៉ាងតឹងរ៉ឹងដដែល ដែលជាចេតនារបស់លោកហ៊ុន សែនដើម្បីកម្ចាត់មេបក្សប្រឆាំងរូបនេះពីនយោបាយ ដើម្បីបន្តក្តោបអំអាចតពូជ។
លោកថា៖ «ចំពោះមូលហេតុដែល លោកហ៊ុន សែន នៅតែបន្តដកសិទ្ធិនយោបាយរបស់លោកកឹម សុខាដោយមិនខ្វល់ពីសម្ពាធ ឬក៏បំណងរបស់សហគមន៍អន្តរជាតិ គឺផ្អែកទៅលើកត្តាគន្លឹះចំនួន២។ កត្តាទី១ការរក្សាស្ថិរភាពអំណាច និងការគ្រប់គ្រងនយោបាយផ្ទៃក្នុង។ គណបក្សកាន់អំណាចនៅតែមើលឃើញថា លោកកឹម សុខា នៅតែជាតួអង្គដែលមានប្រជាប្រិយភាព មានសមត្ថភាពនៅក្នុងការប្រមូលផ្តុំកម្លាំងអ្នកប្រជាធិបតេយ្យ និងអ្នកគាំទ្រពីអតីតគណបក្សសង្គ្រោះជាតិ។ ដូច្នេះការបើកផ្លូវឱ្យលោកមានសេរីភាពនយោបាយឡើងវិញ អាចបង្កើតជាហានិភ័យ ឬក៏ជាការប្រកួតប្រជែងដ៏ធំមួយដល់ការផ្ទេរអំណាច និងការរក្សាលំនឹងនយោបាយរបស់គណបក្សកាន់អំណាច»។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី បានប្រាប់វីអូឌីនៅថ្ងៃទី២ខែមិថុនានេះថា សារព្រមានរបស់លោក ហ៊ុន សែន បង្ហាញពីភាពភ័យខ្លាចបាត់បង់អំណាច រួមទាំងខ្លាចប្រជាប្រិយភាពលោក កឹម សុខា ដោយថា ព្រោះមេដឹកនាំរូបនេះ បានសាងកំហុសច្រើនជាមួយពលរដ្ឋ និងបញ្ហាទឹកដី ដែលថៃកំពុងគ្រប់គ្រងរហូតបច្ចុប្បន្ន។
លោកថា៖ «យើងឃើញហើយ បើសិនជាករណី លោកកឹម សុខា នេះបើមិនទទួលស្គាល់សាលក្រមនៅតែបន្តប្តឹងសារទុក្ខទៅតុលាការកំពូល ខ្ញុំយល់ថា ករណីរបស់លោកកឹម សុខា នឹងមិនត្រូវបានលើកលែងទោស និងដោះលែងឱ្យមានសេរីភាពនោះទេ ទោះបីមានការដោះលែងនូវការអនុវត្តទោស២៧ឆ្នាំ នៅមានការដាក់បម្រាមពាក់ព័ន្ធទៅនឹងការបន្តជីវិតនយោបាយ ត្រូវបានហាមឃាត់ និងការធ្វើដំណើរទៅក្រៅប្រទេស។ នេះស្តែងឱ្យឃើញថា លោកហ៊ុន សែន និងគណបក្សកាន់អំណាចបច្ចុប្បន្ន ហាក់ដូចជាខ្លាចនូវប្រជាប្រិយភាព លោកកឹម សុខា ក្នុងការប្រកួតប្រជែងជាមួយគណបក្សរបស់ខ្លួន»។
សម្រាប់ លោក ករុណា បើមើលលើប្រជាប្រិយភាពរបស់លោកកឹម សុខា ចាប់តាំងពីឆ្នាំ២០១៣ មកដល់បច្ចុប្បន្ន គឺនៅតែមានការគាំទ្រពីប្រជាពលរដ្ឋ និងពីសហគមន៍អន្តរជាតិ ទើបគណបក្សប្រជាជនដែលដឹកនាំប្រទេសធ្វើឱ្យកើតមានវិបត្តិចាក់ស្រេះ និងបានធ្វើឱ្យបាត់បង់ទឹកដីយ៉ាងច្រើនខ្លាចមិនហ៊ានប្រកួតទើបដកសិទ្ធិធ្វើនយោបាយពីមេបក្សប្រឆាំងរូបនេះ។
លោកថា៖ «គួបផ្សំក្នុងរយៈកាលចុងក្រោយការដឹកនាំរបស់គណបក្សកាន់អំណាចបច្ចុប្បន្ន បានធ្វើឱ្យស្ថានភាពប្រទេសធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ទាំងបញ្ហាសេដ្ឋកិច្ច និងជីវភាពរបស់ប្រជាពលរដ្ឋធ្លាក់ក្នុងស្ថានភាពបំណុលវ័ណ្ឌក ក្រីក្រ អំពើចោរកម្ម អសុវត្ថិភាពសង្គម អំពើឆបោកអនឡាញ ធ្វើឱ្យប៉ះពាល់កិត្តិយសរបស់ប្រទេសនៅលើឆាកអន្តរជាតិ ហើយធ្វើឱ្យបាត់បង់ទឹកដីអីជាដើមនេះ គឺជាផ្នែកមួយដែលធ្វើឱ្យខាងគណបក្សកាន់អំណាចកាន់តែខ្លាចក្នុងការប្រកួតប្រជែងជាមួយគណបក្សប្រឆាំង ដែលមានមេដឹកនាំមានប្រជាប្រិយភាពដូចលោកកឹម សុខា។ ចឹងហើយយើងឃើញថា កុំថាឡើយលោកកឹម សុខា សូម្បីសកម្មជននៃគណបក្សនយោបាយផ្សេងទៀត ដែលមានថ្វីមាត់មានប្រជាប្រិយភាពក្នុងការកៀរគររកការគាំទ្រពីប្រជាពលរដ្ឋហ្នឹង ក៏គណបក្សកាន់អំណាចមិនឱ្យមានសិទ្ធិសេរីភាពធ្វើនយោបាយដែរ»៕









