ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រពីរដែលបានកើតឡើងបន្តបន្ទាប់គ្នាយ៉ាងមានរបៀបរៀបរយ គឺការផ្តល់ព្រះរាជទានទោសដល់ លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ និងការប្រកាសតែងតាំង លោក គ្រីស្តូហ្វឺ អ៊ែនឌឺសិន (Christopher Anderson) ជាបេក្ខភាពឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយសេតវិមាននៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ទាំងពីរនេះ មិនមែនកើតឡើងដោយចៃដន្យតាមធម្មជាតិនោះទេ ប៉ុន្តែវាជាលទ្ធផលនៃការចរចាការទូតនៅពីក្រោយឆាកយ៉ាងស្វិតស្វាញ និងជាទម្រង់នៃការដោះដូរផលប្រយោជន៍ជាយុទ្ធសាស្ត្រ ដើម្បីរំលាយភាពទ័លច្រកការទូតដែលបានអូសបន្លាយពេលអស់រយៈពេលជាងពីរឆ្នាំ ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៤មក។
ដើម្បីយល់ដឹងឱ្យបានគ្រប់ជ្រុងជ្រោយ យើងត្រូវពិនិត្យទៅលើប្រវត្តិ និងសាវតានៃភាពរកាំរកូសការទូតមុនពេលឈានមកដល់របត់ឆ្នាំ២០២៦នេះ។ ក្រោយពេលដែលលោក ផាទ្រីក មើហ្វី (Patrick Murphy) បានបញ្ចប់អាណត្តិជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ ទំនាក់ទំនងការទូតរវាងក្រុងវ៉ាស៊ីនតោន និងក្រុងភ្នំពេញ ត្រូវបានទម្លាក់មកត្រឹមកម្រិតភារធារីស្តីទី ដែលដឹកនាំដោយលោកស្រី រ៊ីជិត អិល វ៉កឃឺ (Bridgette L. Walker)។
ទោះបីជាក្នុងអំឡុងពេលនោះ រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន បានព្យាយាមស្នើឈ្មោះលោក រ៉ូបឺត វីលលីម ហ្វរដិន (Robert William Forden) ដែលជាអ្នកការទូតជើងចាស់ឱ្យមកបន្តតំណែងក៏ដោយ ក៏សំណើនេះត្រូវបានគាំងជាប់នៅក្នុងគណៈកម្មាធិការទំនាក់ទំនងការបរទេសនៃព្រឹទ្ធសភាអាមេរិក។
ភាពជាប់គាំងនេះបណ្តាលមកពីការមិនពេញចិត្តរបស់សមាជិកព្រឹទ្ធសភាអាមេរិក ទាំងខាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ចំពោះស្ថានភាពសិទ្ធិមនុស្ស ការរំលាយគណបក្សប្រឆាំង និងការកាត់ទោសមេដឹកនាំនយោបាយនៅកម្ពុជា។
ការទុកតំណែងឯកអគ្គរដ្ឋទូតឱ្យនៅទំនេរអស់រយៈពេលជាងពីរឆ្នាំ គឺជាយុទ្ធសាស្ត្របញ្ចេញឥរិយាបថមិនពេញចិត្តជាផ្លូវការរបស់អាមេរិក ដើម្បីដាក់សម្ពាធ និងរក្សាគម្លាតនយោបាយជាមួយរបបភ្នំពេញ។
របត់ការទូតដ៏សំខាន់បានលេចរូបរាងឡើងនៅពេលដែលមានការប្រែប្រួលរចនាសម្ព័ន្ធអំណាច និងការផ្លាស់ប្តូរជំនាន់អ្នកដឹកនាំនៅកម្ពុជា។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បានព្យាយាមបង្ហាញនូវទម្រង់ការទូតបែបបត់បែន និងប្រាកដនិយមជាងមុន ដោយមានបំណងចង់ធ្វើពិពិធកម្មទំនាក់ទំនងបរទេស និងកាត់បន្ថយការពឹងផ្អែកខ្លាំងលើប៉ូលអំណាចតែមួយ។
លោក ហ៊ុន ម៉ាណែត ត្រូវការទាក់ទាញទុនវិនិយោគពីបណ្តាប្រទេសបស្ចិមលោក និងរក្សាទីផ្សារនាំចេញសម្លៀកបំពាក់ និងស្បែកជើងដ៏ធំរបស់ខ្លួននៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណា របាំងនយោបាយដ៏ធំបំផុតដែលរារាំងមិនឱ្យអាមេរិកបោះដៃមករកកម្ពុជា គឺសំណុំរឿងគតិយុត្តិ និងនយោបាយរបស់លោក កឹម សុខា។
លោក កឹម សុខា ត្រូវបានតុលាការកាត់ទោសឱ្យជាប់ឃុំក្នុងផ្ទះរយៈពេល ២៧ឆ្នាំ ពីបទសន្ធិដ្ឋិភាពជាមួយអាមេរិក ដែលការចោទប្រកាន់នេះបានប៉ះពាល់ដោយផ្ទាល់ដល់កិត្តិយស និងរូបភាពអន្តរជាតិរបស់សហរដ្ឋអាមេរិក ព្រោះរដ្ឋាភិបាលអាមេរិកត្រូវបានគេមើលឃើញថាជាបរទេសដែលរងការចោទប្រកាន់នោះ។
ហេតុដូច្នេះហើយ ការសម្រេចចិត្តថ្វាយសេចក្តីព្រាងព្រះរាជក្រឹត្យដើម្បីសុំព្រះរាជទានទោសលើកលែងទោសដល់ លោក កឹម សុខា ដោយលោក ហ៊ុន សែន ក្នុងនាមជាប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ គឺជាយុទ្ធសាស្ត្រនយោបាយដែលត្រូវបានគណនាយ៉ាងល្អិតល្អន់។
ការដោះលែងនេះ បានធ្វើឡើងភ្លាមៗ តែមួយខែប៉ុណ្ណោះបន្ទាប់ពីសាលាឧទ្ធរណ៍ភ្នំពេញបានប្រកាសតម្កល់សាលក្រមផ្តន្ទាទោស ២៧ឆ្នាំ។
ពេលវេលានៃការផ្តល់ព្រះរាជទានទោសនេះ គឺដើម្បីបើកផ្លូវឱ្យមានការសម្របសម្រួលការទូតកម្រិតខ្ពស់។ លទ្ធផលបានលេចឡើងភ្លាមៗ ពោលគឺត្រឹមតែមួយសប្តាហ៍ក្រោយមក នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ សេតវិមានបានប្រកាសជាផ្លូវការនូវការជ្រើសរើសលោក រីស្តូហ្វឺ អ៊ែនឌឺសិន ឱ្យចូលមកបំពេញតំណែងជាឯកអគ្គរដ្ឋទូតថ្មី។
ព្រឹត្តិការណ៍ទាំងពីរនេះ បានបង្ហាញពីល្បែងសមតុល្យអំណាច ដែលភាគីខាងកម្ពុជាយល់ព្រមផ្តល់សម្បទានផ្នែកសិទ្ធិមនុស្សជាថ្នូរនឹងការទទួលបានការទទួលស្គាល់ និងការបង្កើនកម្រិតទំនាក់ទំនងការទូតផ្លូវការពីសំណាក់មហាអំណាចសេដ្ឋកិច្ចពិភពលោក។
បើពិនិត្យទៅលើប្រវត្តិរូប និងសមត្ថភាពរបស់លោក គ្រីស្តូហ្វឺ អ៊ែនឌឺសិន យោងតាមទិន្នន័យផ្លូវការរបស់សេតវិមាន លោកមិនមែនជាអ្នកការទូតអាជីពតាមបែបប្រពៃណីដែលមកពីក្រសួងការបរទេសឡើយ ប៉ុន្តែលោកគឺជាទីប្រឹក្សាជាន់ខ្ពស់ផ្នែកសន្តិសុខជាតិ និងគោលនយោបាយការបរទេសរបស់សមាជិកព្រឹទ្ធសភា ស្ទីវ ដេនស៍ (Steve Daines) មកពីគណបក្សសាធារណរដ្ឋ។
លោក អ៊ែនឌឺសិន មានបទពិសោធន៍យ៉ាងជ្រៅជ្រះក្នុងការរៀបចំយុទ្ធសាស្ត្រការពារជាតិ ហិរញ្ញវត្ថុអន្តរជាតិ និងកិច្ចការសន្តិសុខនៅតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ការជ្រើសរើសបុគ្គលដែលមានប្រវត្តិការងាររឹងមាំនៅក្នុងស្ថាប័នព្រឹទ្ធសភា និងមានជំនាញខាងសន្តិសុខជាតិ បញ្ជាក់ឱ្យឃើញថា រដ្ឋបាលរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងឆ្នាំ២០២៦ នេះ មានបំណងចង់ឱ្យដំណើរការផ្តល់សច្ចាប័នប្រព្រឹត្តទៅដោយរលូន និងឆាប់រហ័ស ព្រោះលោក អ៊ែនឌឺសិន មានទំនាក់ទំនងល្អជាមួយសមាជិកព្រឹទ្ធសភាទាំងសងខាង។
លើសពីនេះ វាក៏ជាសញ្ញាមួយបង្ហាញថា អាមេរិកកំពុងផ្តល់អាទិភាពខ្លាំងលើទិដ្ឋភាពសន្តិសុខ និងភូមិសាស្ត្រនយោបាយនៅក្នុងតំបន់អាស៊ាន ជាជាងការផ្តោតលើរបៀបវារៈសិទ្ធិមនុស្សតែមួយមុខ។
នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយ ការបញ្ជូនអ្នកជំនាញសន្តិសុខជាតិមកកាន់ភ្នំពេញ គឺដើម្បីតាមដាន និងវាយតម្លៃឡើងវិញនូវតុល្យភាពអំណាចនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។
សហរដ្ឋអាមេរិក មានការព្រួយបារម្ភជាយុទ្ធសាស្ត្រចំពោះការកើនឡើងនៃឥទ្ធិពលយោធា និងសេដ្ឋកិច្ចរបស់ចិននៅកម្ពុជា ជាពិសេសការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម និងការសាងសង់ព្រែកជីកហ្វូណនតេជោ។
វត្តមានរបស់ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នឹងអនុញ្ញាតឱ្យអាមេរិកមានយន្តការផ្លូវការ និងមានទម្ងន់ក្នុងការចរចាដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ដើម្បីធានាថា កម្ពុជានៅតែបន្តរក្សាបាននូវនយោបាយការបរទេសឯករាជ្យ អព្យាក្រឹត និងមិនអនុញ្ញាតឱ្យមានការប្រើប្រាស់ទឹកដីរបស់ខ្លួនក្នុងរូបភាពណាមួយដែលប៉ះពាល់ដល់សន្តិសុខ និងស្ថិរភាពតំបន់ ស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញកម្ពុជា។
ចំពោះផលប៉ះពាល់លើបញ្ហាព្រំដែន និងអធិបតេយ្យភាពជាតិ ការតែងតាំងឯកអគ្គរដ្ឋទូតថ្មីនេះ អាចដើរតួនាទីជាអ្នកសង្កេតការណ៍ និងជាអ្នកផ្តល់ប្រឹក្សាប្រយោល។ អាមេរិកតែងតែគាំទ្រដល់ការគោរពច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។
នៅក្នុងបរិបទដែលកម្ពុជាកំពុងមានការជជែកដេញដោល និងការចរចាលើបញ្ហាដែនទឹកជាន់គ្នា និងបន្ទាត់ព្រំដែនជាមួយថៃ វត្តមានរបស់តំណាងការទូតជាន់ខ្ពស់របស់អាមេរិក នឹងជួយឱ្យមានតុល្យភាពការទូតមួយ ដែលរារាំងមិនឱ្យមានការដាក់សម្ពាធដោយខុសច្បាប់ពីសំណាក់ភាគីណាមួយ និងជួយជំរុញឱ្យមានការដោះស្រាយទំនាស់ដោយសន្តិវិធី និងផ្អែកលើគោលការណ៍ច្បាប់អន្តរជាតិ។
អាមេរិក ចង់ឃើញកម្ពុជាមានអធិបតេយ្យភាពរឹងមាំ និងមានសមត្ថភាពការពារបូរណភាពទឹកដីរបស់ខ្លួន ព្រោះរដ្ឋដែលទន់ខ្សោយ និងមានបញ្ហាព្រំដែន ងាយនឹងធ្លាក់ចូលទៅក្នុងឥទ្ធិពលនៃកិច្ចព្រមព្រៀងយោធាដែលមិនមានតុល្យភាព។
ងាកមកពិនិត្យលើបញ្ហាសេរីភាព និងសិទ្ធិមនុស្សវិញ ទោះបីជាការតែងតាំងលោក គ្រីស្តូហ្វឺ អ៊ែនឌឺសិន កើតឡើងក្រោយការដោះលែងលោក កឹម សុខា ក៏ដោយ ក៏វាមិនមែនមានន័យថា អាមេរិកនឹងបន្ធូរបន្ថយការរិះគន់ ឬបោះបង់ចោលតម្លៃប្រជាធិបតេយ្យនោះឡើយ។
ផ្អែកលើទស្សនៈរបស់លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ី និងប៉ាស៊ីហ្វិក ការលើកលែងទោសដល់លោក កឹម សុខា របស់គណបក្សកាន់អំណាចបង្កប់ដោយល្បិចកលនយោបាយ និងឆ្លងកាត់ការគិតគូរយ៉ាងល្អិតល្អន់ជាលក្ខណៈយុទ្ធសាស្ត្រ។
ព្រះរាជក្រឹត្យចុះហត្ថលេខាដោយ លោក ហ៊ុន សែន បានលុបចោលតែទោសជាប់ឃុំនៅក្នុងផ្ទះប៉ុណ្ណោះ ប៉ុន្តែសិទ្ធិធ្វើនយោបាយពេញមួយជីវិត និងការហាមឃាត់មិនឱ្យធ្វើសកម្មភាពនយោបាយផ្សេងៗ រួមទាំងការហាមឃាត់ការធ្វើដំណើរទៅក្រៅប្រទេសរយៈពេលប្រាំឆ្នាំ នៅតែរក្សាដដែល។
ការណ៍នេះស្តែងឱ្យឃើញថា គណបក្សកាន់អំណាចយល់ព្រមបន្ធូរបន្ថយសម្ពាធត្រឹមកម្រិតមនុស្សធម៌ និងរូបភាពខាងក្រៅ ដើម្បីដោះដូរយកការបើកផ្លូវការទូត ប៉ុន្តែមិនអនុញ្ញាតឱ្យមានការប្រែប្រួលដល់រចនាសម្ព័ន្ធអំណាច និងស្ថិរភាពនយោបាយផ្ទៃក្នុងដែលនាំឱ្យប៉ះពាល់ដល់ការគ្រប់គ្រងរបស់គណបក្សកាន់អំណាចនោះទេ។
លោក គ្រីស្តូហ្វឺ អ៊ែនឌឺសិន ក្នុងនាមជាតំណាងឱ្យរដ្ឋបាលអាមេរិក នឹងបន្តរក្សាជំហររឹងមាំលើការទាមទារឱ្យមានការស្តារលំហប្រជាធិបតេយ្យ បើកសេរីភាពសារព័ត៌មាន និងការដោះលែងសកម្មជននយោបាយ និងសង្គមផ្សេងទៀតដែលកំពុងជាប់ឃុំ។
ទោះជាយ៉ាងណា យុទ្ធសាស្ត្រនៃការអនុវត្តអាចនឹងមានការប្រែប្រួល។ ជំនួសឱ្យការប្រើប្រាស់វោហារសាស្ត្ររិះគន់ និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាសាធារណៈ ដែលជារឿយៗតែងតែរុញច្រានកម្ពុជាឱ្យកាន់តែខិតជិតទៅរកប៉ូលអំណាចម្ខាងទៀត ឯកអគ្គរដ្ឋទូតថ្មីអាចនឹងប្រើប្រាស់ការទូតស្ងប់ស្ងាត់ ឬហៅថាការចរចាបែបបិទទ្វារ។
ការធ្វើបែបនេះ គឺដើម្បីបង្កើតទំនុកចិត្តទ្វេភាគីជាមុនសិន រួចហើយទើបប្រើប្រាស់ការលើកទឹកចិត្តផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធឡើងវិញ ជាឧបករណ៍ដោះដូរឱ្យមានការកែលម្អស្ថានភាពសិទ្ធិមនុស្សជាជំហានៗ។
លើសពីនេះ ទិដ្ឋភាពសេដ្ឋកិច្ចក៏ជាចំណុចស្នូលមួយដែលមិនអាចមើលរំលងបាន នៅក្នុងរបត់ការទូតថ្មីនេះ។ លោក ហ៊ុន ម៉ាណែត ដឹងយ៉ាងច្បាស់ថា សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ជាពិសេសលើផលិតផលវាយនភណ្ឌ ស្បែកជើង និងកាបូប។
ការមានឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពប្រចាំការនៅភ្នំពេញ នឹងជួយសម្របសម្រួលដល់ការជួបពិភាក្សារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសភាពាណិជ្ជកម្មអាមេរិក ដើម្បីស្វែងរកឱកាសវិនិយោគថ្មីៗ ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធឌីជីថល។
សម្រាប់អាមេរិក ការបង្កើនការវិនិយោគសេដ្ឋកិច្ចនៅកម្ពុជា គឺជាយុទ្ធសាស្ត្រមួយក្នុងការផ្តល់ជម្រើសសេដ្ឋកិច្ចជំនួសដល់កម្ពុជា ដើម្បីកុំឱ្យប្រទេសនេះពឹងផ្អែកខ្លាំងពេកលើប្រភពទុនពីចិនតែមួយ ដែលអាចនាំឱ្យប៉ះពាល់ដល់ឯករាជ្យភាពនៃការសម្រេចចិត្តផ្នែកនយោបាយការបរទេស។
សរុបមក របត់ការទូតរវាងសហរដ្ឋអាមេរិក និងកម្ពុជានៅពាក់កណ្តាលឆ្នាំ២០២៦ តាមរយៈការផ្តល់ព្រះរាជទានទោសដល់លោក កឹម សុខា និងការតែងតាំងលោក គ្រីស្តូហ្វឺ អ៊ែនឌឺសិន គឺជាឧទាហរណ៍ដ៏ច្បាស់លាស់មួយនៃការអនុវត្តគោលនយោបាយការបរទេសបែបប្រាកដនិយម ដែលផ្អែកលើការដោះដូរផលប្រយោជន៍ និងការយល់ដឹងពីតថភាពភូមិសាស្ត្រនយោបាយ។
ភាគីទាំងពីរ យល់ឃើញថា ភាពរកាំរកូស និងការរក្សាគម្លាតការទូតកន្លងមក មិនបានផ្តល់ផលប្រយោជន៍យូរអង្វែងដល់ភាគីណាមួយឡើយ។
រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ប្រើប្រាស់កាតាលីករនយោបាយផ្ទៃក្នុងដើម្បីទម្លាយភាពទ័លច្រកការទូត ចំណែកឯសហរដ្ឋអាមេរិកវិញចាប់យកឱកាសនេះដើម្បីពង្រឹងវត្តមាន និងឥទ្ធិពលជាយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងតំបន់ ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ទោះបីជាទំនាក់ទំនងទ្វេភាគី អាចនឹងមានភាពល្អប្រសើរ និងមានលក្ខណៈស្ថាបនាជាងមុននៅក្នុងក្របខ័ណ្ឌផ្លូវការ និងសេដ្ឋកិច្ចក៏ដោយ ក៏ការខ្វែងគំនិតគ្នាជាមូលដ្ឋានលើបញ្ហាជុំវិញលំហប្រជាធិបតេយ្យ និងការប្រកួតប្រជែងអំណាចរវាងមហាអំណាច នឹងនៅតែជាប្រធានបទដ៏ប្រឈមដែលតម្រូវឱ្យអ្នកការទូតនៃប្រទេសទាំងពីរត្រូវបន្តដោះស្រាយដោយភាពវៃឆ្លាត និងការប្រុងប្រយ័ត្នខ្ពស់ក្នុងរយៈពេលវែងខាងមុខ៕
ដោយ សុក្រឹត ពុទ្ធិ









