អ្នក​​តា​ម​ដាន​បង្ហាញ​ការ​ខក​​ចិ​ត្ត​​ចំពោះ​លោក ហ៊ុន ម៉ាណែត ​ដែល​​បណ្ដោយ​​​ឱ្យ​​​ថៃ​រំលោភ​យក​ដី​​ខ្មែ​រ​​តាម​​ចិត្ត

អ្នក​​តាម​​ដាន​​កិច្ច​ការ​​ព្រំដែន​​សម្ដែង​​ការ​​ហួស​​ចិត្ត​យ៉ាង​​ខ្លាំង ​ចំពោះ​​រដ្ឋាភិ​បាល​​​លោក ហ៊ុន ម៉ាណែត ដែល​​បណ្ដោយ​​​ឱ្យ​​​ថៃ​​រុល​​ចូល​​ដី​​​ខ្មែរ​​ស្រេច​​ចិត្ត ខណៈ​​ទឹក​ដី​​ជាង ៧០​​ទីតាំង​ ​ត្រូវ​​ថៃ​​កាន់​​កាប់​​រួច​​ហើយ ខណៈ​មេដឹក​នាំ​រូប​នេះ នៅ​តែ​មិន​បង្ហាញ​ជំហរ​ ប្រសិទ្ធ​ស្វ័យ​ការ​ពារ និ​ងប្តឹ​ង​ថៃ ដើម្បី​ទាម​ទារ​ទឹក​ដី​ខ្មែរ​យក​ត្រឡប់​មក​វិញ ទោះ​ថៃ​បន្ត​ឈ្លាន​ពាន​ជាង​៥ខែ​មក​នេះ​រំលោភ​លើ​បទ​ឈប់​បាញ់។

កាល​ពី​ថ្ងៃ​​ទី២ ខែ​មិថុនា ម្សិលមិញ ទាហាន​ថៃ​មួយ​ក្រុម​បាន​សម្រុក​ចូល​ដី​ខ្មែរ​នៅ​តំបន់​មុំ ស្រុក​ជាំក្សាន្ត ខេត្ត​​ព្រះ​វិហារ និង​ព្យាយាម​​បោះបង្គោល​លើ​ដី​ខ្មែរ ដើម្បី​ស្រះ​បន្លា​លួស​ក្នុង​ដី​ខ្មែរ​បន្ត​ទៀត ក្រោយ​ពី​ពួកគេ​ដើរ​ព័ទ្ធ​បន្លា​លួស​ស្រេច​ចិត្ត​នៅ​តាម​បណ្ដោយ​​ព្រំដែន និង​កាន់​កាប់​ទឹក​ដី​ខ្មែរ​ជាង ៧០​ទីតាំង​ដោយ​ខុស​ច្បាប់។

ការណ៍​នេះ​​ធ្វើ​ឱ្យ​អ្នក​តាម​ដាន​ស្ថានការណ៍​ព្រំដែន​​នៅ​ក្រៅ​ប្រទេស ​បាន​សម្ដែង​ការ​ហួស​ចិត្ត​​ចំពោះ​​រដ្ឋាភិ​បាល ​​លោក ហ៊ុន ម៉ាណែត ដែល​​បណ្ដោយ​​​ឱ្យ​​ថៃ​​​រុល​ចូល​ដី​ខ្មែរ​ស្រេច​ចិត្ត ដោយ​គ្មាន​ការ​រារាំង។

ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក ម៉ែន ណាត និយាយ​នៅ​ថ្ងៃ​ទី៣ ខែ​មិថុនា​ថា ការ​​ដែ​ល​​រដ្ឋាភិ​បាល​​មិន​​រារាំង​​សកម្ម​ភាព​​របស់​​ថៃ​​រុល​​ចូល​​​ដី​​ខ្មែរ គឺ​​ជា​​រឿង​​ខាត​​បង់​​សម្រាប់​ប្រទេស​កម្ពុជា​យ៉ាង​ខ្លាំង ហើយ​លោក​កាន់​តែ​បារម្ភ​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត គ្មាន​សមត្ថភាព​ទាមទារ​ទឹកដី​ពី​ថៃ​មក​វិញ ដូច​ការ​អួតអាង​ឡើយ។

អ្វី​ដែល​លោក​ហួស​ចិត្ត ព្រោះ​ប្រមុខ​រដ្ឋាភិបាល​​នៅ​បន្ត​រក្សា​ជំហរ​ចរចា​ទ្វេ​ភាគី​ជាមួយ​ថៃ ទាំង​ដែរ​ថៃ​មិន​អើពើ ហើយ​រុល​ចូល​ដី​ខ្មែរ​គ្រប់​កន្លែង​សឹង​រាល់​ថ្ងៃ ព្រមទាំង​រារាំង​ទាហាន​​ខ្មែរ​មិន​ឱ្យ​ឃាត់​សកម្មភាព​យ៉ាង​គឃ្លើន​របស់​ថៃ​ថែម​ទៀត។ ប៉ុន្តែ​លោក​​​មើល​​ឃើញ​​ថា ទាហាន​​ខ្មែរ​​នៅ​​តំបន់​​មុំបី មាន​​ភាព​​ក្លាហាន​​ហ៊ាន​​រារាំង​​ទាហាន​​ថៃ ទោះ​ខ្លួន​អាច​ត្រូវ​មេ​ទាហាន​ស្ដី​បន្ទោស​យ៉ាងណាក្ដី។

​លោក ម៉ែន ណាត ថ្លែង​ថា៖ «បើ​ធៀប​នឹង​រឿង​ព្រំដែន​ដែល​កំពុងតែ​កើតឡើង​រវាង​កម្ពុជា​ថៃ​បច្ចុប្បន្ន ឃើញ​​ថៃ ​រុលចូល​រហូត ដើរ​បោះបង្គោល​ព្រំដែន ដាក់​បន្លា​លួស ធ្វើ​ដំបូង​ថ្ម ដាក់​ចាក់​បេតុង ធ្វើ​ផ្លូវ​ធ្វើ​អី​ផ្សេងៗ។ ឧទាហរណ៍​​ដូច​​ករណី​​តំបន់​​មុំ​៣ ដែល​​កើត​ឡើង​​ថ្ងៃ កើត​ឡើង​​ថ្ងៃ​ទី​២ មិថុនា ២០២៦ ហ្នឹង ឃើញ​ទាហាន​ខ្មែរ​ទៅ​ឃាត់​ទាហាន​ថៃ​មិន​ឱ្យ​បោះបង្គោល​តម្រុយ ដាក់​​បន្លា​លួស ថ្មី​របស់​ថៃ​ទៀត​អញ្ចឹង»

សម្រាប់​លោក ម៉ែន ណាត នៅ​តែ​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ប្ដឹង​ថៃ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) មិន​មែន​​​គ្រាន់​តែ​​ជូន​​ដំណឹង​​ជិត ១​ឆ្នាំ​ មិន​ដំណើរការ​នោះ​ទេ។ មួយ​វិញ​ទៀត ​លោក​ចង់​ឱ្យ​រដ្ឋាភិបាល​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​​ជា​និច្ច ទោះ​ត្រូវ​ផ្ទុះ​អាវុធ​​ជាមួយ​ថៃ​ក៏ដោយ សម្រាប់​​បុព្វហេតុ​ការពារ​បូរណភាព​ទឹកដី​ខ្មែរ ព្រោះ​លោក​ថា យន្តការ​ការ​ទូត ការ​ចរចា​ទ្វេ​ភាគី និង​ញត្តិ​​ជិត ១​ពាន់​​លើក​ ​​ទៅ​ភាគី​ថៃ លែង​មាន​ប្រសិទ្ធភាព​ហើយ។

ចំណែក​អ្នកជំនាញ​កិច្ចការ​ព្រំដែន​ពី​គណបក្ស​ប្រឆាំង ​​លោក អ៊ុំ សំអាន និយាយ​ថា ការ​មិន​អើពើ​ប្ដឹង​ថៃ​នៅ​តុលាការ​​​​យុត្តិធម៌​អន្តរ​ជាតិ ជា​មូលហេតុ​ដែល​ថៃ​បន្ត​ធ្វើ​បារ៉ាស់ ដាក់​កុងទឺន័រ រាយ​បន្លា​លួស​កំណត់​ព្រំដែន​ស្រេច​ចិត្ត មិន​មែន​តែ​​តំបន់​មុំ​បី​ទេ គឺ​មាន​​ច្រើន​កន្លែង​ទៀត រួម​ទាំង​ភ្នំទ្រព្យ ច្រក​អានសេះ និង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​ថ្មីៗ​នេះ​ផង​ដែរ។ យ៉ាងណា លោក​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​​លោក ហ៊ុន ម៉ាណែត ឈប់​រំពឹង​ការ​ចរចា ១​ភាគរយ​ជាមួយ​ភាគី​ថៃ​ទៅ ហើយ​ងាក​រក​យន្តការ​អន្តរជាតិ​ដែល​​មាន​ស្រាប់​វិញ។

លោក​ អ៊ុំ សំអាន ថ្លែង​ថា៖ «ដូច្នេះ​នៅ​ពេល​ដែល​កម្ពុជា​មិន​អើពើ​រឿង​ថៃ​ឈ្លានពាន​ទឹកដី​ដែន​គោក​នេះ មិន​ព្រម​ប្ដឹង​ថៃ​ទៅកាន់​​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ ហ្នឹង ប្រាកដជា​ទឹកដី​យើង​ចំនួន ៦២​ទីតាំង បើ​គិត​មុន​សង្គ្រាម​ទៀត ៧២​ទីតាំង នឹង​បាត់​បង់​​ជា​អចិន្ត្រៃយ៍​ទៅ​ខាង​ភាគី​ថៃ​ហើយ ហើយ​មិនអាច​ទាមទារ​បាន​មកវិញ​តាមរយៈ​ការចរចា​ទ្វេភាគី អាហ្នឹង​ដូច ចោរ​ប្លន់​របស់​​​​យើង លួច​របស់​យើង យើង​ទៅ​ចរចា​ទ្វេភាគី ជាមួយ​ចោរ អត់​ប្ដឹង​ទៅ​កាន់​ប៉ូលិស​ឬ​តុលាការ​មិនបាន​របស់​ហ្នឹង​មកវិញ​ទេ»

អ្នក​ជំនាញ​កិច្ចការ​ព្រំដែន​រូប​នេះ នៅ​តែ​យល់​ថា ការ​សន្យា​របស់​លោក ហ៊ុន ម៉ាណែត ថា​នឹង​ទាមទារ​ទឹកដី​ឱ្យ​បាន​មកវិញ​ទាំង​​អស់ គឺ​ជា​ការ​បោកប្រាស់​ពលរដ្ឋ និង​ធ្វើ​នយោបាយ​ប្រជាភិថុតិ ឬក៏​គ្រាន់តែ​ទិញ​ពេលវេលា​ ​ដើម្បី​កាន់​អំណាច​តែ​ប៉ុណ្ណោះ ខណៈ​​​លោក ហ៊ុន សែន បន្ត​គំរាម​ខ្មែរ​​មិន​ឱ្យ​ប្ដូរ​មេដឹកនាំ​ត​ត្រកូល​របស់​ខ្លួន ដោយ​ព្រមាន​ងើប​មួយ​វាយ​មួយ​ជាមួយ​ពលរដ្ឋ​​ខ្មែរ តែ​សម្ងំ​ស្ងៀម​ជាមួយ​​ថៃ និង​វៀតណាម​ជាដើម។

រី​ឯ​ លោក ហ៊ុន ម៉ាណែត ឯណេះ​វិញ​បន្ត​និយាយ​នៅ​ថ្ងៃទី៣ ខែ​មិថុនា ថា រដ្ឋាភិបាល​របស់​លោក​​នឹង​បន្ត​ចរចា​ជាមួយ​ភាគី​ដដែល​​ដោយ​គ្មាន​ការ​ប្រែប្រួល​ទេ។ លោក​អះអាង​ថា ការ​ដោះស្រាយ​ជម្លោះ​ជាមួយ​ថៃ គឺ​​ត្រូវ​ការ​ពេលវេលា តាម​សន្តិ​វិធី​ផ្អែក​​លើ​​ផ្លូវ​ច្បាប់​ជា​មូលដ្ឋាន ហើយ​លោក​បាន​លើក​ករណី​​រដ្ឋាភិបាល​ចាប់ផ្ដើម​ប្រើប្រាស់​យន្តការ​ច្បាប់​សមុទ្រ​អន្តរ​ជាតិ UNCLOS តាមរយៈ​ការ​ផ្សះផ្សា​ដោយ​បង្ខំ​ជាដើម ដោយ​លោក​មិន​ចង់​​ឱ្យ​មាន​ការ​ផ្ទុះ​អាវុធ​ស្លាប់​ទាហាន​ទៀត​ទេ។

​លោក ហ៊ុន ម៉ាណែត ថ្លែង​ថា៖ «អញ្ចឹង​វា​ប្រើ​ពេល ប៉ុន្តែ​វា​ប្រសើរ​ជាង​បញ្ជូន​ទាហាន​ទៅ​ច្បាំង​គ្នា​ស្លាប់ ហើយ​ដោះស្រាយ​​មិន​ចេញ មក​​ចរចា​ដដែល​ដោយ​មិន​ចាំបាច់។ ដរាបណា​យើង​នៅ​មាន​ការ​ដោះស្រាយ​បញ្ហា​ជាតិ ទឹកដី​ដោយ​សន្តិ​វិធី ហើយ​ជឿ​ចុះ គ្មាន​ការ​ដោះស្រាយ ដោយ​កម្លាំង​មួយ​ណា​ដែល​មិន​ឋិតឋេរ​​ទេ។ គ្មាន​យក​រថក្រោះ​ទៅ គ្មាន​គ្រាប់​បែក​ទៅ គ្មាន​ធ្វើ​ផ្លូវ​បេតុង គ្មាន​អី​ដែល​ការពារ​សិទ្ធិ​ស្របច្បាប់​របស់​ប្រទេស​ណាមួយ​ទេ​។ ទាល់តែ​ប្រើ​តាម​ច្បាប់​​បាន​ត្រូវ»។

ទោះ​​លោក ហ៊ុន ម៉ាណែត អះអាង​ពី​យន្តការ​ច្បាប់​ជាមួយ​ភាគី​យ៉ាងណាក្ដី រហូត​មក​ដល់​ពេល​នេះ​ ​ភាគី​ថៃ​មិន​ទាន់​ព្រម​ចូល​តុ​​​ចរចា​កំណត់​ព្រំដែន​គោក​ជាមួយ​គណៈកម្មការ​ព្រំដែន​រួម (JBC) ជាមួយ​កម្ពុជា​ទេ ក្រោយ​កិច្ច​ព្រមព្រៀង​បទ​ឈប់​បាញ់​ជា​លើក​​ទី២ កាល​ពី​ថ្ងៃទី២៧ ខែ​ធ្នូ ឆ្នាំ​២០២៥។ ក្រៅ​ពី​មិន​ចូល​ចរចា​ហើយ​នោះ ភាគី​ថៃ​ថែម​ទាំង​បង្កើន​​ការ​រុល​ចូល​កាន់​កាប់​ទឹក​​ដី​ខ្មែរ​នៅ​តំបន់​ផ្សេង​ទៀត​ជា​ច្រើន​កន្លែង ហើយ​កម្ទេច​សំណង់​ផ្ទះ​ពលរដ្ឋ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​ថែម​ទៀត ព្រម​ទាំង​សង់​សំណង់​រឹង​ជា​របង​រឹង​មាំ​ដោយ​ឯកតោភាគី​នៅ​ចំណុច​បង្គោល​ព្រំដែន​លេខ​៥២-៥៤ ក្នុង​ស្រុក​កំរៀង ខេត្ត​បាត់ដំបង​​ទៀត​​ផង​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ