ពលករ​ខ្មែរ​​ម្នាក់​​ស្លាប់​​ដោយ​សារ​​ឆក់​​ខ្សែ​​ភ្លើង​​នៅ​​លើ​​ទូក​​នេសាទ​​នៅ​​ប្រទេស​​ថៃ

ពលករ​​ខ្មែរ​​ម្នាក់​​បាន​​ស្លាប់ ​ដោយ​សារ​​ត្រូវ​​ខ្សែ​​ភ្លើង​​ឆក់​​នៅ​​លើ​​ទូក​​នេសាទ​​មួយ​​នៅ​​ប្រទេស​​ថៃ កាល​​ពី​​​ថ្ងៃ​ទី​២ ខែ​​មិថុនា។

អង្គ​ការ​​សង់​ត្រាល់​​បាន​​ស្រង់​​ប្រភព​​​ផ្សព្វផ្សាយ​ដោយ​នាយកដ្ឋាន​ជលផល​ថៃ​ នៅ​ថ្ងៃទី៤ ខែ​មិថុនា ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​​ដែល​ស្លាប់​​នោះ​​មាន​​វ័យ ២៦​ឆ្នាំ គឺ​ជា​សមាជិក​នាវិក​លើ​នាវា​នេសាទ​មួយ​គ្រឿង​​មាន​ទម្ងន់​ជិត​២០០​​​តោន។

ប្រភព​ដដែល ​បញ្ជាក់​ថា ការ​រក​ឃើញ​ករណី​ស្លាប់​ពលករ​ខ្មែរ​នេះ នៅ​ពេល​នាយកដ្ឋាន​ជលផល អង្គភាព​ការ​ពារ និង​​បង្ក្រាប​ការ​នេសាទ​សមុទ្រ​​ស៊ីឈុន និង​មជ្ឈមណ្ឌល​ការពារ និង​បង្ក្រាប​ការ​នេសាទ​សមុទ្រ​សុងក្លា ចុះ​ត្រួត​ពិនិត្យ​លើ​នាវា​នោះ ក្រោយ​​បាន​ទទួល​របាយការណ៍​ថា មាន​អ្នក​នៅ​លើ​នាវា​ម្នាក់​ត្រូវ​បាន​ឆក់​ចរន្ត​អគ្គិសនី កាលពី​ថ្ងៃទី២ ខែ​មិថុនា ឆ្នាំ២០២៦  នៅ​ម៉ោង​ប្រមាណ​​ជិត​៨ព្រឹក។

ក្នុង​ប្រតិបត្តិការ​នេះ មន្ត្រី​ជលផល​បាន​ដាក់​ពង្រាយ​ទូក​ល្បាត​នេសាទ Y.09-69 ដើម្បី​ជួយសង្គ្រោះ ប៉ុន្តែ ជន​រងគ្រោះ​ជា​ពលករ​ខ្មែរ​រូប​នោះ​បាន​​ស្លាប់​ហើយ។ រីឯ​សាកសព​ត្រូវ​បាន​នាំ​យក​មក​ច្រាំង ​ដើម្បី​បន្ត​នីតិវិធី។

វីអូឌី ​ពុំ​អាច​សុំ​ការ​ឆ្លើយ​ពី​ករណី​នេះ ពី​មន្ត្រី​នាំពាក្យ​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ស៊ុន មេសា បាន​​ទេ​នៅ​ថ្ងៃទី៤ ខែ​មិថុនា នេះ។

ជុំវិញ​ករណី​នេះ ​នាយកដ្ឋាន​ជល​ថៃ ​មិន​ទាន់​បង្ហាញ​របាយការណ៍​​លម្អិត​ពី​មូលហេតុ​​​បណ្ដាល​ឱ្យ​ឆក់​ខ្សែ​ភ្លើង​​​ស្លាប់​​ពលករ​​ខ្មែរ​រូប​នោះ​ទេ ហើយ​ក៏​មិន​ទាន់​​ផ្សព្វផ្សាយ​ពី​អត្តសញ្ញាណ​របស់​ពលករ​ខ្មែរ​នោះ​ដែរ។ ចំណែក​​​មន្ត្រី​អង្គការ​សង់ត្រាល់​​ប្រចាំ​ប្រទេស​ថៃ ​លោក លឹង សុផុន កំពុង​តាមដាន​ករណី​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ