ពលរដ្ឋ​​រិះ​គន់​សមត្ថ​កិច្ច​មិន​លើក​ទូរសព្ទ​ពេល​ចង់​ផ្តល់​ព័ត៌​​​មាន​​ជុំវិញ​បទ​ល្មើស​ផ្សេងៗ

ប្រជា​ពលរដ្ឋ​ភាគ​ច្រើន បង្ហាញ​ការ​អស់​ជំនឿ​ទៅ​លើ​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន ដែល​ប្រកាស​ឲ្យ​ពលរដ្ឋ​​សហ​ការ​ផ្តល់​​ព័ត៌​មាន​ ដើម្បី​មន្ត្រីមា​ន​មូល​ដ្ឋាន​ចុះ​ទប់​ស្កាត់​បទ​ឧក្រិដ្ឋ​ឱ្យ​បាន​ទាន់​ពេល​ និង​មាន​ប្រសិទ្ធ​ភាព ប៉ុន្តែ​ថា​ ពេល​ពួក​គាត់​ទូរ​សព្ទ​ប្រាប់​គ្មាន​ការ​ឆ្លើយ​តប​នោះ​ទេ​។

បញ្ហានេះ ពួកគេជំរុញឱ្យរដ្ឋាភិបាលពិនិត្យ​ឡើង​វិញ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា ដែល​​​ប្រទេស​ក្រីក្រ​មួយ​នេះ ត្រូវបានអន្តរជាតិ​រក​ឃើញ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​បាន​ក្លាយ​ជា​ដែន​ដី​ពួក​ឧក្រិដ្ឋ​ជន។

លោក រស់ សារី រស់នៅខេត្តព្រះសីហនុ ស្នើ​ឲ្យ​ថ្នាក់​ដឹក​នាំ​​រ​ដ្ឋបាល​ខេត្ត​ព្រះ​សីហនុ ក៏​ដូច​ជា​​សមត្ថ​​កិច្ច​​ជំនាញ​​​ពាក់​​ព័ន្ធ​ ពិចារណា​​លើ​បញ្ហា​នេះ​ឡើង​វិញ ដោយ​ថា ទូរសព្ទ Hot Line ​ជា​ច្រើន​ខ្សែ ​ពេល​ពលរដ្ឋ​​ជួប​​ហេតុ​​​ការណ៍​អ្វី​មួ​យ ហើយ​រាយ​ការណ៍​ជូន​សមត្ថ​កិច្ច គឺ​​​​មិន​​មាន​អ្នក​ឆ្លើយ​តប​ទេ។​​

លោក​ថា បើបញ្ហានេះ មិនត្រូវបានកែប្រែទេនោះ វាឆ្លុះបញ្ចាំងថា មន្ត្រី​​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​សុវត្ថិ​ភាព​ពលរដ្ឋ និង​សន្តិ​សុខ​សង្គម​ទេ។

លោកថា៖ «ចង់រាយការណ៍ពាក់ព័ន្ធបទល្មើសអំពើហិង្សា ឬមួ​យ​ក៏​រឿង​បន្ទាន់​ណា​មួយ ដែល​អា​​ច​បង្ក​​ឲ្យ​​មាន​គ្រោះ​ថ្នាក់​ដល់​គាត់។ ចឹ​ង​ពេ​ល​​​ហៅ​ឬខ​ល​ទៅ អាជ្ញាធរ​អត់​លើក​ទូរសព្ទ ហើយ​ហេ​​តុការណ៍​​ហ្នឹង​​វា​​អាច​​កើត​ឡើង​ធ្ងន់​ធ្ងរ។ តែ​បើ​អាជ្ញាធរ​មក​ទាន់​ពេល ហេតុ​ការណ៍​​​​ហ្នឹង​វា​មិន​អាច​កើត​ឡើង​ទេ។ ដូច​ជា​​ករណី​​​ចោរ​ប្លន់ ពេល​ឃើញ​ហេតុ​ការណ៍​​ហ្នឹង​ ផ្តល់​ព័ត៌​មាន​ទៅ​សមត្ថ​កិច្ច។ ឥឡូ​វ​មាន​ពេ​ល​ខ្លះ​​​អត់​ហ៊ាន​​ទូរសព្ទ​ទៅ​សមត្ថ​កិច្ច​ទេ គឺ​មាន​តែ​ខាង​ព័ត៌​មាន​ទេ ដូច​ទាក់​ទង​ទៅ​កាន់​ទីក​ន្លែង​កើត​ហេតុ​ លឿន​ជាង​ទាក់​ទង​ទៅ​អាជ្ញាធរ»។

ពលរដ្ឋរូបនេះ មើលឃើញថា ​មន្ត្រីនៅតាមស្ថាប័នរដ្ឋភាគច្រើន គឺមិនមែនមន្ត្រីបំរើ​រាស្ត្រ ដូច​ថ្នាក់​ដឹក​​​នាំ​​​​​ស្ថាប័ន​​​កំពូល​​​​កម្ពុជា តែង​ក្រើនរំលឹក​ ​ត្រូវ​ចាត់​ទុក​រាស្ត្រ​ជា​ធំ​នោះ​​ទេ។ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ មន្ត្រី​មាន​ឋានៈ ឬ​តួនាទី​ខ្ពស់​​ភាគ​​​ច្រើន ​​​តែង​បង្ហាញ​ចរិក​កោង​កាច សម្លុត គម្រាម​កំហែង​ និង​ពើង​ទ្រូង​ដាក់​​រាស្ត្រ​​​​​ទៅ​វិញ​ទេ។

ស្រដៀង​គ្នា​ដែរ សម្រាប់ពលរដ្ឋ​រស់​នៅ​តាម​រាជ​ធានី​ខេត្ត​ផ្សេង​ទៀត​ ក៏​បាន​លើក​ឡើង​ពី​ផល​វិបាក ក្នុង​ការ​​​ជួប​ជាមួយ​​អាជ្ញា​ធរ ឬ​សមត្ថ​កិច្ច ​​ដូច​​គ្នា​ពលរដ្ឋ​ខាង​លើ​ដែរ។ ហើយ​ពួក​គាត់​ សំណូម​ពរ​​​ដល់​​ថ្នាក់​​​​​ដឹក​នាំ​​ក្រសួង​ស្ថាប័ន​​មួយ​ចំនួន​នោះ ជួយ​​កែ​​លម្អ​​ចំណុច​អវិជ្ជ​មាន​ របស់​ខ្លួន​ឲ្យ​​បាន​ប្រសើរ​ជាង​នេះ​?។

លោក ជុំ ឌីណា អះអាងថា គាត់ក៏ធ្លាប់បានទូរសព្ទ និង​ផ្ញើ​សារ​សួរ​នាំ​ទៅ​ សមត្ថ​កិច្ច​ប្រដាប់​អាវុធ ប៉ុន្តែ​មន្ត្រីភា​គ​ច្រើន​​មិន​បាន​ឆ្លើយ​តប​ដូច​គ្នា​ ។ បញ្ហា​នេះ លោក​ជំរុញ​ឱ្យ​រដ្ឋាភិ​បាល​ពិនិត្យ​ឡើង​វិញ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ភាព​កក់​ក្តៅ​ចំពោះ​សារ​អំពាវ​នាវ​របស់​មេដឹក​នាំ។

លោកថា៖ «ធ្លាប់បានទាក់ទងទៅមន្ទីរមួយចំនួនដែរ ក្រោម​ការ​គ្រប់​គ្រង​របស់​ខេត្ត​ គឺ​បាន​ទាក់​ទង​ឆាត​ទៅ Hot Line គឺ​មិន​​ដែ​ល​​បាន​​ឆ្លើយ​តប​ទេ។ មាន​ដូច​ជា ខាង​មន្ត្រី​មន្ទីរ​សុរិយោ​ដី​ និង​មន្ទីរ​ពាក់​ព័ន្ធ​ដទៃ​ទៀត​ជា​ដើម គឺ​៣ខែ​​ក្រោយ​ទើប​មាន​ការ​ឆ្លើយ​តប»។

ទាក់​ទិនបញ្ហានេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ​អង្គ​ការ​លីកាដូ និយាយ​ថា វា​មិន​មែន​ជា​រឿង​ល្អ​​ទេ នៅ​ពេល​មន្ត្រី​បម្រើ​រាស្ត្រ តែ​មិន​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​រាស្ត្រ​នោះ។ ​​ចំណុច​​នេះ អា​ច​​​​​នាំ​​ឲ្យ​ពលរដ្ឋ​អស់​​​ទំនុក​​ចិត្ត និង​បាត់​​ជំនឿ​​​​ទៅ​​លើ​​ការ​ដឹ​ក​នាំ​​​នៅ​តាម​មូល​ដ្ឋាន​ បើ​មិន​កែ​លម្អ​។

លោកថា៖ «សំខាន់​ពាក្យ​ថា​មន្ត្រី​បំរើ​រាស្ត្រ គឺ​នៅ​ពេល​រាស្ត្រ​ត្រូវ​ការ​មន្ត្រី មន្ត្រី​ត្រូវ​តែ​មាន​ការ​ឆ្លើយ​ត​ប​ទៅ​នឹង​សំ​​​ណូម​ពរ ទៅ​នឹង​​កង្វល់ ឬ​ក៏​ការ​ផ្តល់ព័​ត៌​មាន​ផ្សេងៗ ពី​ប្រជា​ពលរដ្ឋ​ ដើម្បី​ចូល​រួម​ក្នុ​​ងការ​​​​ថែ​រក្សានូ​វសន្តិ​សុខ សុវត្ថិ​ភាព ​សណ្តាប់​​ធ្នាប់ និង​ការ​ចូល​រួម​​ក្នុង​កា​រ​អភិវឌ្ឍ​​នៅ​ក្នុង​មូល​ដ្ឋាន។ មន្ត្រី​បើកា​​ល​ណាផ្តល់​លេខ​ទូរសព្ទ​ដល់​ប្រជា​ពលរដ្ឋ គឺ​​គាត់​សង្ឃឹម​ហើយ​ថា ​បើ​មាន​បញ្ហា​​អ្វី​គាត់​​នឹង​ទាក់​ទ​ង​​​​ទៅ​មន្ត្រី​​ទាំង​​អស់​ហ្នឹង ដើម្បី​ឲ្យ​ជួយ អញ្ចឹងបើ​សិន​ជា​ផ្តល់​លេខ​​ទូរសព្ទ តែ​គ្មាន​ការ​ឆ្លើយ​តប គឺ​មិន​ល្អ​ទេ​»។

ប្រហាក់ប្រហែលនេះ​ដែរ លោក សន ជ័យ នាយក​ប្រតិបត្តិ​អង្គ​ការ​ សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា ឲ្យ​ដឹង​ដែរ​ថា ​រាល់​​ថ្ងៃ​នេះ ​មន្ត្រី​​​ជា​ក្បាល​​​ម៉ាស៊ីន​ដឹក​នាំ​រាជ​ធានី​​ខេត្ត មេ​ប៉ូលិស និង​មេប៉េ​​អឹម ​​ជា​ដើម ហាក់​មាន​គម្លាត​ឆ្ងាយ​ពី​ប្រជា​​ពលរដ្ឋ។

​យ៉ាង​ណា លោក​ចង់​ឃើញ​មន្ត្រី​ពាក់ព័​ន្ធ​ពិនិត្យ​មើល​បញ្ហា​នេះ​ឡើង​វិញ​​ ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​ជំនឿ​លើ​អាជ្ញាធរ​ពាក់​ព័ន្ធ ដែល​ជា​អ្នក​ការ​ពារ​សណ្តាប់​ធ្នាប់​សង្គម។

លោក​ថា៖ «ចំណុចនេះយើងអាចមើលឃើញដែរថា ការសន្យា​ខ្លះ​របស់​អាជ្ញា​ធរ​ គ្រាន់​តែ​ធ្វើ​ឲ្យ​តែ​ល្អ​មើល តែជា​ក់​ស្តែង​​បែរ​​​ជា​មិន​មាន​ការ​ឆ្លើយ​តប​ មិន​មាន​ការ​អន្តរា​គមន៍​ទៅ​លើអ្វី​ដែល​ពលរដ្ឋ​រាយ​ការណ៍។ អញ្ចឹង​ហើយ ដើម្បី​ឲ្យ​ការ​​ងារ​​មាន​​ប្រសិទ្ធ​ភាព អាជ្ញាធរ​​​​ត្រូវ​បែង​ចែក​វេន​ការ​ងារ​ប្រចាំ​ការ​របស់​ខ្លួន។ ក្រុម​ណា​វេន​យប់​ក្រុម​ណា​វេន​ថ្ងៃ​ឲ្យ​ជាក់​​លាក់​ ដើម្បី​ពង្រឹង​នូវ​សុខ​មាល​ភាព​របស់​​អាជ្ញាធរ​​មាន​​​សមត្ថ​កិច្ច ក្នុង​ការ​បំពេញ​ការ​ងារ​ដែរ»។​

​ទាក់ទិនបញ្ហានេះ លោក ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា និងជាមេបក្ស​កាន់​អំណាច​ តែង​បាន​ក្រើន​រំលឹក​ដល់​មន្ត្រី​​ក្រោ​ម​​ឱវាទ​រប​ស់​លោក សូម​​​​​កុំ​ឲ្យ​ភ្លេច​ត្រចៀក ហើយ​​ត្រូវ​យក​ចិត្ត​ទុក​ដាក់​បំរើ​រាស្ត្រ ដោយ​​​មិន​ត្រូ​វចា​ត់​​ទុ​​ក​ខ្លួន​ឯ​ង​ជា​​ចៅ​ហ្វាយ​​រាស្ត្រ​​នោះ​ទេ។ លោក​ថា ការ​បង្ហាញ​​ឥរិយា​​​បថ​​​​ពើង​​ទ្រូង ​​​គឺ​នាំ​​ឲ្យ​ពលរដ្ឋ​ស្អប់​ខ្ពើម​ និង​មិន​ចំណេញ​ទាល់​តែ​សោះ។

លោកថា៖ «មន្ត្រីរបស់យើងជានិច្ចជាកាលត្រូវរំលឹកខ្លួនឯងថា ខ្លួន​ជា​អ្នក​បំរើ​ប្រជា​ជន​ មិន​មែន​ជា​​ចៅ​ហ្វា​យ​​ប្រ​​ជាជន​​ទេ។ ចំណុច​នេះ ត្រូវ​គិត​​​ឲ្យ​បាន ២៤ម៉ោងលើ២៤ម៉ោង មិន​អាច​ធ្វេស​ប្រ​ហែស​បាន​មួ​យ​នាទី​​​ណា​​​ឡើយ។ ត្រូវចាំឲ្យ​ច្បាស់ យើង​មិន​មែន​ជា​​ចៅហ្វាយ​​ប្រជា​ជន​ទេ។ យើង​ជា​ខ្ញុំ​បំរើ​ដ៏​ស្មោះ​​ត្រង់​បំផុត​របស់​​​ប្រជា​ជន។ ចំណុច​នេះ ទើប​ជា​ចំណុច​ដែល​អ្នក​​ទាំង​អស់​គ្នា​អាច​នឹង​ក្លាយ​ទៅ​ជា​មន្ត្រី​ល្អ ដែល​​ប្រជា​​ជ​ន​​​ផ្តល់​​នូវ​ជំនឿ​ទុក​ចិត្ត។ បើ​មិន​ដូច្នេះ​ទេ​ ពួក​អ្នក​នឹង​ប្រែ​ក្លាយ និង​ប្រែ​ធាតុ​ទៅ​ជាម​ន្ត្រី​អាក្រក់ ដែល​​ប្រជាជន​ស្អប់​ខ្ពើម»។

ទោះជាបែបនេះក្តី អ្នកឃ្លាំមើល​ សង្កេតឃើញថា សារដាស់តឿន​មន្ត្រី​ពី​សំ​ណាក់​មេដឹ​ក​នាំ​នេះ មិន​មែន​ជា​រឿង​ថ្មី​ទេ ហើយ​​ថា ប្រសិទ្ធ​ភាព​នៃ​ការ​អនុវត្ត​​ក៏​បាន​យូរ​ដែរ​ច្រើន​ឆ្នាំ​មក​នេះ ដែល​ធ្វើ​ឱ្យ​កម្ពុជា​មាន​បញ្ហា​ចាក់​​​​ស្រេះ​ រួម​ទាំង​ឧក្រិដ្ឋ​​កម្ម​អន​ឡាញ បទ​ឧ​ក្រិដ្ឋ​ចាប់​ជម្រិត រំលោភ​សិទ្ធិ​មនុស្ស និង​គ្រឿង​ញៀន​ជា​ដើម ខណៈ​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​បាន​ក្លាយ​ជា​ប្រព័ន្ធ​គ្រួសារ និង​បក្ខ​ពួក​និយម​ទៅ​ហើយ​នោះ។

បរិបទនេះ សន្ទស្សន៍នៃអំពើពុករលួយ ដែល​ចេញផ្សាយ​ដោយ​​អង្គ​ការ​តម្លា​ភាព​អន្តរ​ជាតិ នៅ​ដើម​ឆ្នាំ​២០២៦​នេះ បាន​​រក​ឃើញ​ថា កម្ពុជា​មាន​កម្រិត​ខ្ពស់​ជាង​គេ​ជាប់​គ្នាជិ​ត​១០​ឆ្នាំ បើ​ធៀប​នឹង​ប្រទេស​ជា​សមាជិក​អាស៊ាន ។

ប្រភពនោះរកឃើញថា មូល​ហេតុ​ចម្បង​មក​ពី​ប្រព័ន្ធ​យុត្តិ​ធម៌ មិន​អាច​កាត់​ទោស​កំហុស​មេដឹក​នាំ​បាន។ ហើយ​ថា ដើម្បី​​រើ​ខ្លួន​ចេញ​ពី​បញ្ហា​នេះ ត្រូវ​ពង្រឹង​នីតិ​រដ្ឋ និង​ត្រូវ​បើក​លំហរ​ប្រជា​ធិបតេយ្យ និង​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និង​យុត្តិ​ធម៌៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ