ក្រសួង​ចុះ​ជួប​ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​និង​អ្នក​រង​គ្រោះ​ពី​កូន​លោក ទ្រី ភាព ក្រោយ​មាន​រលក​តវ៉ា​នៅ​ភ្នំ​ពេញ

ក្រសួង​និង​​​អាជ្ញាធរ បាន​​​ជួ​បតំ​ណាង​​​ប្រជា​​ពលរដ្ឋ​ជិត ៧០០​គ្រួសារ នៅ​​​ខេត្ត​​ព្រះ​វិហារ ក្រោម​ហេតុ​ផល​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជម្លោះ​ដីធ្លី​ជាមួយ​​ក្រុម​​ហ៊ុន​ចំនួន​ពីរ មាន​ទាំង​ក្រុម​កូន​លោក ទ្រី ភាព ដែល​ការ​ចុះ​ដោះ​ស្រាយ​នេះ​ ក្រោ​​យ​​​​អ្នក​រង​គ្រោះ​ឡើង​មក​តវ៉ា​នៅ​ភ្នំពេញ ទាម​ទារ​ឱ្យ​មេដឹ​ក​នាំ​ជួយ​ទប់​ស្កាត់​ការ​រំលោភ​បំពាន កើត​ចេញ​ពី​គម្រោង​​ផ្តល់​ដី​សម្ប​ទាន​ដែល​រ​ដ្ឋ​ផ្តល់​ឱ្យ​ទៅ​ក្រុម​ហ៊ុន។

​សមាគម​​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ឱ្យ​ដឹង​នៅលើទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ដោយ​មានភ្ជាប់​​លិខិត​របស់​​​នាយក​រដ្ឋ​បាល​សាលា​ខេត្ត​ព្រះវិ​ហារ លោក យ៉ង គឹមហឿង ចុះថ្ងៃទី​០២ ខែ​មិថុនា មក​ផ្សព្វផ្សាយ​​ថា កិច្ច​​ប្រជុំ​​ដោះស្រាយ​ទំនាស់​ដីធ្លី​រវាង​​ពលរដ្ឋ និង​ក្រុមហ៊ុន​ចំនួន​២។

កិច្ចប្រជុំរកដំណោះ​ស្រាយ ធ្វើ​ឡើង​នៅម៉ោង​២​រសៀល​ថ្ងៃទី​០៤ ខែ​​មិថុនា​ ឆ្នាំ​​​២០២៦ នៅរដ្ឋបាល​ខេត្ត​ព្រះវិហារ​ ដោយ​​មាន​ការ​​ចូល​រួម​​ពី លោក ផែង គីមស្រេង ​អនុរដ្ឋលេខាធិការ​ក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ អភិបាល​រង​ខេត្ត រួមទាំង​​​​អាជ្ញាធរពាក់ព័ន្ធជាច្រើន​នាក់​ទៀត។​​

បើតាម​អាដហុក កិច្ច​ប្រជុំនេះ នឹង​​ដោះ​ស្រាយ​ទំនាស់​ដីធ្លី​​រវាង​​ពលរដ្ឋ​​ចំនួន ៩២​​គ្រួសារ​ មក​​​ពី​ស្រុក​​សង្គ​ម​​ថ្មី​ និង​ពលរដ្ឋ​​​ចំនួន​ ៣៩៧​គ្រួសារទៀត មក​ពី​ស្រុក​រវៀង ដែលមានជម្លោះ ជាមួយ​ក្រុម​ហ៊ុន​ឆាយ​ណា​ហ្គ្រេត​ខស​ ខេមបូឌា អ៊ីន​វេសមេន។ រីឯកិច្ចប្រជុំ​មួយ​​ទៀត ​មាន​​ពលរដ្ឋ ២០២គ្រួសារ ដែល​មាន​​ជម្លោះ​ជាមួ​យជា​មួយ​​ក្រុម​ហ៊ុន​ គ្លូបល​គ្រីន ខេមបូឌា​ អេនើជី ឌីវេឡុបមេន នៅ​ក្នុង​ឃុំ​រីក​រាយ និង​ឃុំ​រួស​រាន់ ស្រុក​រវៀង ខេត្ត​ព្រះ​​វិហារ។

កិច្ចប្រជុំដោះស្រាយទំនាស់ដីធ្លីនេះ កើតឡើង​បន្ទាប់ពីពលរដ្ឋបានឡើងតវ៉ា​ដាក់ពាក្យ​​​សុំ​​អន្តរា​គ​មន៍​​ទៅ​ក្រសួង​​ពាក់​​​ព័ន្ធ​​​​ជា​​ច្រើន​​លើក​ ដោយ​​ចោទ​​ក្រុម​​ហ៊ុន​​ថា​​បាន​​ឈូស​ឆាយ​បំផ្លិច​បំផ្លាញ​ផល​ដំណាំ​របស់​ពួក​គាត់ ហើយ​​ក៏​មាន​ពលរដ្ឋ​​មួយ​ចំនួន រង​ការ​គំរាម​កំហែង​ឱ្យ​ឈប់​ធ្វើ​ការ​តវ៉ា។

កាលពីឆ្នាំ​២០២៣ រដ្ឋលេខាធិការ​ប្រចាំការ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បាន​ចុះហត្ថលេខា​អនុ​ញ្ញាត​​ឲ្យ​​​ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់​​លោក ទ្រី ដា​លុច  រុក​រក​និង​ធ្វើ​អាជីវកម្ម​រ៉ែ​ដែក​ទូទាំង​ប្រទេស ដោយ​​លើក​ហេតុផល​ថា ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​។​

ក្រុម​ហ៊ុន គ្លូប៊ល ហ្គ្រីន ជា​កម្ម​សិទ្ធិ​របស់​លោក ទ្រី ដាលុច ​ត្រូវ​ជា​កូន​បង្កើត ឧកញ៉ា ទ្រី ភាព ដែល​មាន​រឿង​អាស្រូវ​លក់​​​ដូរ​​​ឈើ​​ប្រណីត​ខុសច្បាប់​នាំ​ចូល​ទៅ​ក្រៅ​ប្រទេស និង​ជា​ឈ្មួញ​ឈើ​ដ៏​ល្បី​ល្បាញ​នៅ​កម្ពុជា។

ចំណែក វិវាទដីធ្លី​រវាង​ពលរដ្ឋ​នៅ​ស្រុក​សង្គម​ថ្មី និង​ស្រុក​រវាងវិញ កើ​តឡើង​ក្រោយ​ពី​រដ្ឋាភិបាល បាន​ផ្តល់ដីសម្បទានសេដ្ឋកិច្ច​សម្រាប់​វិនិ​យោគ​ដំណាំកសិ-ឧស្សាហ៍​កម្ម ឱ្យ​ក្រុម​ហ៊ុន ឆាយ​​ណា​​ហ្គេ្រត ខស (ខេមបូឌា) អ៊ិនវេសមេន លើ​ផ្ទៃ​ដី​​ទំហំ ៥ ៩៨០​ហិកតា តាម​រយៈ​អនុ​ក្រឹត្យ ចុះ​ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ​ ឆ្នាំ២០១២។ នេះ​បើតាម​​សេច​ក្ដី​ជូន​ដំណឹង​​រប​ស់​រដ្ឋ​បាល​​ខេត្ត​​ព្រះវិហារ ​ចុះ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០២៦។

លិខិតដដែលបន្តថា ក្រោយ​មានការសម្របសម្រួលរវាងប្រជាពលរដ្ឋ ជាមួយ​ភាគី​ក្រុម​ហ៊ុន​វិនិយោគ​ជា​ច្រើន​លើក ភាគី​ខាង​ក្រុម​ហ៊ុន​យល់​ព្រម​ដោះ​ស្រាយ​តាម​យន្ត​ការ​ឈ្នះៗ ដោយ​ផ្តល់​ជូន​ប្រជា​ពលរដ្ឋ​ដែល​ចូល​មក​រំលោភ​កាន់​កាប់​​លើ​ទីតាំង​ដី​រដ្ឋ​ដែល​បាន​ចុះ​បញ្ជី​រួច​នេះ ក្នុង ១ហិកតា ជា​ថវិកា​ចំនួន ១ ២០០ ០០០រៀល (មួយ​លាន ម្ភៃម៉ឺនរៀល) ជា​ថ្នូ​រ​​នឹង​ការ​ចាក​ចេញ និង​ទុក​រយៈ​ពេល ១៥​ថ្ងៃ ដោយគិតចាប់ពីថ្ងៃ​ទី៣​០ ខែ​មីនា ឆ្នាំ​២០២៦ រហូត​ដល់​ថ្ងៃ​ទី​១៣ ខែមេសា ឆ្នាំ​២០២៦ ជាកំហិត។

ទោះជាយ៉ាងណា​ តំណាងប្រជាពលរដ្ឋទាំង​​ ៣៩៧ គ្រួសារ បាន​អះអាងថា ពួកគាត់​​បាន​អាស្រ័យ​​ផល​​លើ​​​ដី​នោះ តាំង​ពីឆ្នាំ​២០០០មក ខណៈ​​ក្រុមហ៊ុន​បាន​ចូលទៅឈូសឆាយលើ​ដីនោះ​នៅ​ឆ្នាំ​២០១២។ ក្រុមតំណាង​​ពលរដ្ឋ​ចាត់ទុកការ​ផ្តល់​​​ដីដែលគាត់​បាន​និង​កំពុ​ង​អាស្រ័យ​ផល​ ទៅ​ឱ្យ​ក្រុមហ៊ុន ពីសំណាក់អាជ្ញាធរ​​រដ្ឋ​ ថាជារឿង​មិន​ត្រឹម​ត្រូវ​​​ និង​បាន​​ស្នើ​​​ដល់​រដ្ឋាភិបាល កាត់​ឆ្វៀល​ដី​ជណ​ពួកគាត់​បានអាស្រ័យ​ផល​វិញ ព្រោះ​​ពួកគាត់​រស់​ពឹង​ផ្អែក​លើ​ដី​នោះ​ដើម្បី​ជីវភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ