អ្នកឃ្លាំមើល​សាទរ​ការ​បញ្ជូន​វិវាទ​ដែន​សមុទ្រ​ទៅ​​UNCLOS​​​​តែ​​ស្តី​​បន្ទោស​​រឿង​​កម្ចាត់​​ខ្មែរ​ដើម្បី​អំណាច

អ្នក​ឃ្លាំ​មើល​ជា​ច្រើន​​ ​គាំទ្រ​រដ្ឋាភិ​បាល​ ​លោក​​ហ៊ុន ម៉ាណែត ​ដែល​​ប្រកាស​​បញ្ជូន​វិវាទ​​ដែ​ន​​​សមុទ្រ​​​​​ដ៏​រ៉ាំ​រ៉ៃ​​រវាង​កម្ពុជា​​និង​​ថៃ​ ទៅ​​UNCLOS​ តែ​អ្នក​​​ឃ្លាំ​មើល​​មួយ​​ចំនួន​ក៏​បាន​​​​រិះ​គន់​ លោក​​ហ៊ុន សែន ​ផង​ដែរ ​ដែល​​បាន​​គំរាម​​ងើប​​១វ៉ៃ១​​​​​លើ​​ខ្មែរ​គ្នា​​ឯង​​​​​ជា​ថ្មី​​ទៀត ​ប៉ុន្តែ​​ហាក់​​ខ្លប​ខ្លាច​​យ៉ាង​​ខ្លាំង​​ជា​មួយ​​យោ​ធា​​ថៃ​ ដែល​​នៅ​​តែ​បន្ត​រុល​​ចូល​ឈ្លាន​ពាន​​​វាទ​​យក​​ទឹក​ដី​ខ្មែរ​​​​តាម​​​អំពើ​​​ចិត្ត​​​​ជា​រៀង​​រាល់​​ថ្ងៃ ​​ចាប់​​តាំង​​​ពី​​ក្រោយ​​​បទ​​ឈប់​​បាញ់​ កាល​ពី​ថ្ងៃ​ទី​​២៧ ខែ​ធ្នូ ​ឆ្នាំ​​២០២៥​​មក។

ប្រតិកម្ម​ទាំងនេះ​ ​បាន​​កើតមាន​ឡើង​បន្ទាប់​ពី​​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត កាលពីថ្ងៃទី​២​​ខែ​​​មិថុនា បាន​​ប្រកាស​​ពី​​ការ​ជូន​ដំណឹង​របស់​​រដ្ឋាភិ​បាល​​កម្ពុជា ទៅ​កាន់​ភាគី​ថៃ​ និង​អង្គកា​រ​សហ​​ប្រជា​ជាតិ អំពី​ការ​ចាប់​ផ្តើម​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​ចាប់​​ប​ង្ខំ​ទាក់​ទង​នឹង​បញ្ហា​ដែន​សមុទ្រ​ត្រួត​ស៊ី​​គ្នា​ជាមួយ​ថៃ តាម​​នីតិ​សមុទ្រ​​UNCLOS ។

លោក​ ​ហ៊ុន ម៉ាណែត ​បាន​ថ្លែង​តាម​រយៈ​វិដេអូ​បង្ហោះ​លើ​បណ្តាញ​សង្គម​ថា៖ «យើងជ្រើសរើសយកយន្តការ​នេះ​ ក្នុងគោលដៅដើម្បីការពារអធិបតេយ្យភាពជាតិ និងសិទ្ធិលើដែនសមុទ្ររបស់​កម្ពុជា ដោយអនុ​លោម​​តាម​​ច្បាប់អន្តរ​ជាតិ។ កម្ពុជាតែងតែប្រកាន់​ភ្ជាប់ នូវគោលការណ៍ដោះស្រាយ​វិវាទជាមួយ​ប្រទេស​ជិតខាង​ដោយ​សន្តិវិធី។ កម្ពុជា​នៅតែមានបំណងទំនាក់​ទំនង​ជា​មួយ​ភាគីថៃ ដោយឈរនៅលើគោលការណ៍សន្តិ​ភាព និងកិច្ចសហប្រតិបត្តិការដោយការគោរពគ្នាទៅវិញទៅមក។ ទន្ទឹមនឹង​នេះ អធិបតេយ្យជាតិ និងសិទ្ធិ​ស្ថិត​នៅលើដែនសមុទ្ររបស់កម្ពុជាត្រូវតែគោរពជាដាច់ខាត»។

​នៅក្នុងថ្ងៃដដែល​នេះ នាឱកាស​​ចុះទៅពិនិត្យ​អគារពន្ធដារថ្មី ​លោក​​ហ៊ុន សែន ​ប្រមុខ​​រដ្ឋ​​ស្តីទី​​បាន​​​ធ្វើ​​ការ​ព្រមាន​​ខ្លាំងៗ​​​​ជា​ថ្មី​​ទៀត​​ ​​សំដៅ​​ទៅ​លើ​​ក្រុម​​ប្រឆាំង​​​ថា យុទ្ធ​សាស្ត្រ​​ងើប​មួយ​​វ៉ៃ​​មួយ​​របស់​​លោក ​គឺ​​នៅ​​តែ​​បន្ត​​ចំពោះ​​ក្រុម​​ដែល​មាន​បំណង​ចង់ផ្តួលរំលំ​​ត្រកូលហ៊ុន​របស់​លោក​។

លោក ហ៊ុន សែន ថ្លែង​ថា៖«អាងស្អីឡើង​ថា ផ្តួល​ត្រកូលហ៊ុន ហ្ហែងចាំទៅ​ អញប្រាប់​ហ្ហែង ​អញ​​ផ្តាំ​​ទៅ​​ពួក​​ឯង​ឱ្យ​​ហើយ​ ​​អ្នក​​ណា​ក៏​ដោយ​​ដែល​​ប៉ុន​ប៉ង​​ផ្តួ​ល​​រដ្ឋាភិ​បាល ងើប​​១វ៉ៃ១។ អ្នក​ដែល​ធ្វើ​នយោបាយ​ដោយ​សន្តិ​វិធី​​ដោយ​​មិន​​ប៉ុន​​ប៉ង​​ផ្តួល​​រំលំ​ដោយ​​មិន​​ខុស​​រដ្ឋ​ធម្ម​នុញ្ញ​ ខ្ញុំ​​គោរព​សិទ្ធិ​​​របស់​​អ្នក​​ឯង​​ សារ​ជូន​​អ្នក​​ឯង​​គឺ​​មិន​​ច្រើន​​ទេ។​ បើអ្នក​ឯង​នៅ​តែបន្តនិយាយ​ថា​ ត្រូវ​តែផ្តួល​ត្រកូល​ហ៊ុន អញ​សូម​ប្រាប់ទៅ​ពួក​ឯង​ឱ្យ​​ច្បាស់​​ ​​បើ​អត់​​មាន​ត្រកូល​​ហ៊ុន ដឹកនាំ​ក៏មិន​ដល់​វេន​ពួក​ហ្ហែង​ដែរ គឺមាន​តែក្រុម​ទេវតា​​ហ្វូង​​ទេវតា​ទេ​ដែល​មាន​សិទ្ធិ​​កាន់​​កាប់​​អំណាច​​​នៅ​ប្រទេស​នេះ»។

ជាមួយគ្នា​នេះ​ លោក​បញ្ជាក់​ទៀតថា ​បើសិនជា​លោក​ហ៊ុន ម៉ាណែត ​មិន​អាច​ដឹកនាំ​​ប្រទេស​ជាបន្ត​ទៅ​ទៀត​​​​បាន ​ឬក៏​គ្មាន​ត្រកូល​ហ៊ុនណា​ អាច​ឡើង​ដឹកនាំ​ប្រទេស​បាន​ «ក៏មិន​ទាន់​ដល់​វេណ​អាត្រកូល​សម ឬ​ក៏​អាត្រកូល​​សុខ ឬ​​អាសៅរ៍ អាទិត្យ​​អី​​ដែរ» គឺ​មាន​តែត្រកូល​ទេវតា ​គឺ​ក្រុម​គ្រួសារ​គណបក្ស​ប្រជាជនប៉ុណ្ណោះ​​ដែល​​​នឹងបន្តដឹកនាំ​​ប្រទេស​នេះ​។

លោក ​អ៊ុំ សំអាន ​អតីតតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះជាតិ ​បាន​សម្តែង​ការ​សោក​ស្តាយ​​ចំពោះ​​​​​ការចេញ​មក​​​គំរាម​ជា​ថ្មី​ទៀត​របស់​ ​លោក​ហ៊ុន សែន ដោយ​លោក​ថា មេបក្ស​ប្រ​ជាជន​​រូប​នេះ​​ហ៊ាន​​​​ខ្លាំង​​បាន​​តែ​ជាមួយ​​ខ្មែរ​​​គ្នា​​ឯង ប៉ុន្តែ​​បែរ​​ជា​ទន់​​ខ្សោយ​ ខ្លប​ខ្លាច​ជាមួយ​​ចោរ​​សៀម​​ឈ្លាន​​​ពាន​​​​​​​​​ទៅ​​វិញ​​ ទើប​​ធ្វើ​​ឱ្យ​សៀម​​​អាច​​ចូល​​ឈ្លាន​ពាន​​ទឹក​​​ដី​​កម្ពុជា​​បាន​​​តាម​​អំពើ​​ចិត្ត​​ក្នុង​​រយៈ​ ​១ឆ្នាំ​​មក​​នេះ។ លោក​ថា ការ​​ដែល​លោក​ ​ហ៊ុន សែន​មិន​​ហ៊ាន​​តប​ត​​តាម​​រយៈ​​ការ​​ងើប​​មួយ​​​វ៉ៃ​មួយ​​ជា​មួយ​ថៃ​បន្ទាប់​ពី​ចាញ់​​សង្គ្រាម​ថៃ​​​ពីរ​​លើក ​គឺ​​ដោយ​សារ​​ខ្លាច​​ថៃ​​ប្រើ​យន្ត​ហោះ​F-16​​មក​​ទម្លាក់​​គ្រាប់​​ចំ​ផ្ទះ​​របស់​​ខ្លួន នៅ​ទួល​ក្រសាំង ​ដែល​​អា​ច​​បញ្ចប់​​ការ​កាន់​​អំណាច​​តពូជ​​របស់​​ត្រកូល​​ហ៊ុន​។

លោកថា៖ «លោក​ហ៊ុន សែន ​ខ្លាំង​បាន​​តែ​ជា​មួយ​ខ្មែរគ្នា​ឯង​ដែ​លគ្មាន​អាវុធក្នុងដៃ​ងើបមួយ​វ៉ៃ​មួយ​​​ចាប់​ដាក់​គុក​សម្លាប់​​ឱ្យគេលួច​វ៉ៃ​ដូច​ជាលោក​បណ្ឌិតកែម ឡីលោក​ឈុត វុទ្ធី លោក​ជា វិជ្ជា​ ត្រូវ​បាន​គេ​សម្លាប់។ ប៉ុន្តែជាមួយយួន​ យួន​​ជាចៅហ្វាយ​របស់គាត់ ជាមួយថៃ​ហ៊ាន​គ្រាន់​បើ ប៉ុន្តែ​​ដោយ​សារ​គាត់ចាញ់សង្គ្រាម​២ដង​បាក់ស្បាត​លែងហ៊ាន​ជាមួយ​ថៃ។ ឥឡូវថៃ​រាយ​បន្លា​​លួស​​ស្រេច​​ចិត្ត​អត់ហ៊ាន​ប្រើទ្រឹស្តី​ងើប​មួយ​វ៉ៃមួយជាមួយថៃទេ ខ្លាចថៃគេ​តបមក​វិញ​ទម្លាក់​​ត្រកូល​​ហ៊ុន ពី​អំ​ណាច​ ខ្លាច​ថៃ​អាច​នឹងយក​ទឹកដីយើង​បន្ថែមទៀត​។ ​ត្រកូលហ៊ុន ត្រូវការពារ​អំណាច​​ដោយ​សារ​​ប្រជា​ពល​រដ្ឋ​យល់​ថា ត្រកូល​ហ៊ុន មិន​អាចការពារ​ទឹកដីខ្មែរបាន»។

យ៉ាងណាក្តី​មន្ត្រីបក្ស​ប្រឆាំង​រូប​នេះ​បាន​អបអរ​ ការ​ដែល​រដ្ឋាភិបាល​​​លោក​ហ៊ុន ម៉ាណែត​ បាន​ប្រកាស​​ចាប់​ផ្តើម​​ប្រើយន្តការផ្សះផ្សា​ដោយ​​ចាប់​បង្ខំក្រោម​UNCLOS​​ ថាជារឿងល្អ​ គឺ​ប្រសើរ​ជាង​​ការ​​​ចរចា​ទ្វេ​ភាគី​ បើ​​ទោះបីជា​​មិនល្អ​ដូច​ការ​ប្តឹង​ថៃ​ទៅកាន់​តុលាការ​យុត្តិធម៌អន្តរជាតិICJ ឬ​ក៏​តុលា​កា​រ​​​អន្តរ​​ជាតិ​​សម្រាប់​ច្បាប់​សមុទ្រ ​​ឬក៏​​តុលាការ​​អាជ្ញា​កណ្តាល​​​អន្តរ​ជាតិ​​ក្តី​​។ បើ​តាម​​លោក​ ​សំអាន សេចក្តី​​សម្រេច​ឬក៏អនុសាស្ត្រ​របស់​យន្តការ​ផ្សះផ្សា​ដោយ​ចាប់​បង្ខំ​គឺ​មិន​​អាច​​ចាប់​​បង្ខំ​​ឱ្យ​ថៃ​ត្រូវ​តែគោរព​តាម ​ដូច​សាលដីកា​របស់​តុលាការ​អន្តរជាតិ​នោះទេ។

លោក ​ម៉ែន ណាត ប្រធាន​ក្រុម​ប្រឹក្សា​ឃ្លាំមើល​កម្ពុជា​ ​យល់​​ស្រប​​ទៅ​នឹង​ការ​​លើក​ឡើង​​របស់​​លោក​​អ៊ុំ សំអាន​ ​ដោយ​​បន្ថែម​​ថា ការ​​ប្រើ​យន្តការ​​UNCLOS​គឺល្អប្រសើរ​ត្រង់ថា មាន​ភាគីទី៣​ចូល​​រួម ​ខុស​ពីការ​ចរចា​ទ្វេភាគីជាមួយ​ថៃ​កន្លង​មក ​​តាម​រយៈការ​​ប្រើ​MOU២០០១ និង MOU​២០០០​។ លោក​​ឱ្យ​ដឹងថា បើ​និយាយ​ពី​ច្បាប់​សមុទ្រ​ UNCLOS​ឆ្នាំ​១៩៨២ គឺ​មាន​មូលដ្ឋានធំៗ​ចំនួន​​​៣ ​ទី១សមុទ្រដែនដី​ មាន​ចម្ងាយ​ពី​ដែន​ដី​ជាង​២២គីឡូម៉ែត្រ​ ទី​២សមុទ្រ​តភា្ជប់​ ​មាន​​ចម្ងាយ​​ចូល​ទៅក្នុង​សមុទ្រ​៤៤គីឡូម៉ែត្រ ​និង​ទី៣​តំបន់​សេដ្ឋកិច្ច​ផ្តាច់មុខ មាន​ជិត​៣០០គីឡូ​ម៉ែត្រ​​​ចូលទៅ​ក្នុង​សមុទ្រ។

ជាមួយគ្នា​​នេះ ​លោក ​សេង វណ្ណលី អ្នក​តាម​ដានភូមិ​សាស្ត្រនយោបាយ​ បាន​ផ្តល់​ជា​យោបល់ថា ដើម្បី​ដោះ​ស្រាយ​វិវាទ​ដែន​​សមុទ្រ​នេះ​ឱ្យបានដាច់ស្រឡះ និងមិនបន្សល់ទុកជាមរតកឈឺចាប់​ដល់កូនខ្មែរជំនាន់ក្រោយ កម្ពុជាមិនអាច​ពឹង​ផ្អែក​តែលើច្បាប់អន្តរជាតិតែមួយមុខនោះទេ។ លោកថា ជំហានបន្ត​គឺ​កម្ពុជាត្រូវកសាងឯកភាពជាតិផ្ទៃក្នុងនិង​តម្លា​ភាព​សង្គម។ បន្ថែមពីនេះ រាល់ការចរចា និងការសម្រេចចិត្តលើបញ្ហាព្រំដែន លោកថា ត្រូវតែ​បើក​ចំហរ ផ្អែកលើការ​ស្រាវ​ជ្រាវបែបវិទ្យាសាស្ត្រ និងមានការចូលរួមពីអ្នកជំនាញគ្រប់និន្នាការ។

ទន្ទឹមនឹងនេះ លោកលោក​ ​វណ្ណលី ក៏​ជំរុញ​ឱ្យ​កម្ពុជាត្រូវពង្រឹងសមត្ថភាពការពារជាតិជើងទឹកខ្លួន​ឯងឱ្យខ្លាំង​​​ផងដែរ ​ដ្បិត​នាពេល​បច្ចុប្បន្ន​ច្បាប់អន្តរជាតិគ្មានន័យទេ បើគ្មានកម្លាំងពិតប្រាកដ​​ក្នុងការ​ការ​ពារ។

ទាក់​ទង​នឹងការ​លើក​ឡើង​របស់​ លោក​ហ៊ុន សែន ​ពី​​ការ​កាន់​អំណាច​តពូជ​របស់​ត្រកូល​ហ៊ុន​ លោក​ ​អ៊ុំ សំអាន​ បាន​ថ្លែងថា ប្រសិន​បើ​ត្រកូល​ហ៊ុន បន្តកាន់​អំណាច​​រហូត​ដល់​ចៅតួត ឬ​ចៅ​លួត ​ដូច​​កូរ៉េខាង​ជើង​ ​តាម​រយៈ​ការ​បោះ​ឆ្នោត​​បង្គ្រប់​កិច្ច​ដូច​ដែល លោក​ហ៊ុន សែន ​រៀបចំធ្វើ​ឡើង​​​​កាល​ពី​ឆ្នាំ​២០១៨​​ និង​២០២៣ ដោយ​ពុំមាន​គណបក្ស​ប្រឆាំង​ពិតប្រាកដចូល​រួម នោះ​កម្ពុជា​​មិន​​ត្រឹម​តែ​កើតមាន​វិបត្តិ​ចាក់ស្រេះ​ដោះ​ស្រាយ​មិន​ចេញ ​យួន​ សៀម ​រំលោភ​យក​​ទឹក​​ដី​តាម​អំពើ​ចិត្ត​ដូច​បច្ចុប្បន្ន​នេះ​ប៉ុណ្ណោះទេ ​ថែម​ទាំង​អាច​បាត់​បង់​ប្រទេស​ទាំង​ស្រុង​តែម្តង​ប្រសិន​​​បើ​ប្រជា​ជាតិ​ខ្មែរ ​នៅ​តែមិន​ព្រម​រួប​រួមគ្នា​ ដើម្បីទម្លាក់​ត្រកូល​ហ៊ុនពីអំណាចទេនោះ។

លោកថា៖ «បើសិន​លោក​ហ៊ុន ម៉ាណែត ​កាន់​អំណាច​អស់មួយជីវិត​ ទឹកដីខ្មែរ​មិនមែន​បាត់​តែ​៦២​​ទីតាំង​​នោះ​​ទេ ​ប្រាកដ​ជាបាត់​រហូត​ដល់ជាង​១០០ទីតាំង ​ទៅ​៥០០​ទីតាំង ​ហើយ​បើ​សិន​ជា​ចៅ​​ លោក​​ហ៊ុន សែន ​ចៅ​ទួត​លោក​​ហ៊ុន សែន ​ឡើង​​កាន់​​អំណាច​​ទៀត​​កម្ពុជា​នឹង​បាត់​ពី​ផែន​ទី​ពិភព​លោក​​​តែ​ម្តង។ ថៃ​និង​​យួន​​នឹង​ចែក​​កម្ពុជា​​​ជា​ពីរ​ចំណែក​ ​ដូច​សម័យ​​ព្រះ​អង្គ​ឌួង​​ដែ​ល​​យួន​​និង​​សៀម ​វា​ចង់​​ចែក​​ទឹក​ដីក​ម្ពុជា​ជាពី​រ​​ចំណែក​​ខាង​លិច​ទន្លេ​មេគង្គ ថៃ​ទៅ​​​ខាង​កើត​​ទន្លេ​មេគង្គ​យួន។ អ៊ីចឹង​​ដូច្នេះ​​​បើ​សិន​​​ជា​ចៅ​ ​លោក ​ហ៊ុន សែន ​កាន់​អំណាច​​មិន​​ត្រឹម​​បាត់​​ត្រឹម​​៥០០​ទីតាំង​​​ទៅ​ថៃ​​ទេ នឹងបាត់ទឹកដី​ទៅ​យួន​ទៅ​សៀម​បន្ថែមទៀត ​ហើយ​នឹង​បាត់ប្រទេសកម្ពុជា​ពីផែនទី​ពិភព​លោក»។

ជាមួយគ្នា​នេះ​ លោក ​ម៉ែន ណាត ក៏បាន​ថ្លែង​ដែរថា ​ការ​​​បញ្ចេញ​សារ​គំរាម​ងើប​មួយ​វ៉ៃមួយ​​ជាថ្មី​ទៀត​មក​លើ​ខ្មែរ​គ្នា​​ឯង​​​របស់​ ​លោក​ហ៊ុន សែន ​​ក្រៅ​ពី​គំរាម​​អ្នក​នយោបាយ​ប្រឆាំង​​នៅ​ក្រៅ​​ស្រុក ក៏​ជាការ​គំរាម​អ្នក​នយោបាយ​​ប្រឆាំង​នៅក្នុង​ស្រុក រួម​​ទាំង​អ្នក​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ​ដែល​ហ៊ាន​និយាយ​រិះ​គន់ ​​​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​ផែនការ​កាន់​​​អំណាច​តពូជ​របស់​ត្រកូល​ហ៊ុន​​ផង​​ដែរ​​។ អ្នក​ឃ្លាំមើល​រូប​នេះ ​បាន​សម្តែងការ​សោកស្តាយ​​ដែល​ប្រជាជាតិ​ខ្មែរ​មាន​​មេដឹក​នាំ​​​ដូច​ លោក​ហ៊ុន សែន ​ដែល​ហ៊ាន​ខ្លាំង​បាន​តែ​​​​ជាមួយ​ខ្មែរ​អ្នក​ស្នេហា​ជាតិ​ស្លូត​ត្រង់​ ប៉ុន្តែ​បែរ​ជា​ខ្លាច​​​បាក់​​ស្បាត​​ជាមួយ​​សៀម យួន​​​ដែលបន្តឈ្លានពាន​​ទឹកដីខ្មែរ​ទៅ​វិញ​។

លោកថា៖ «យុទ្ធសាស្ត្រងើបមួយ​វ៉ៃមួយ​​របស់ លោក​ហ៊ុន សែន នេះជា​យុទ្ធសាស្ត្រ​របស់ជន​ពាល​​​មិន​មែន​​​ជាយុទ្ធសាស្ត្រ​​​របស់មេដឹកនាំ​រដ្ឋាភិបាល​ ឬក៏ប្រមុខរដ្ឋនោះទេ​ ជាយុទ្ធសាស្ត្រ​ជន​ពាល​​ដែល​ប្រើ​​ប្រាស់ ​ដើម្បី​បង្ក្រាប​ធ្វើបាប​ធ្វើទុក្ខបុកម្នេញ​ទៅ​​ដល់​ប្រជាពល​រដ្ឋ ​ទៅ​ដល់​អ្នក​ប្រជា​​​ធិប​​​តេយ្យ​​ និង​ទៅ​ដល់​អ្នក​ដែលមាន​មតិ​តិចទៀន​នូវ​​អំពើ​​ខុស​ឆ្គង​​របស់​មេដឹក​នាំ។​ ហើយ​យុទ្ធ​​សាស្ត្រ​​ហ្នឹង​ ជាយុ​ទ្ធ​​សាស្ត្រ​​ទុច្ច​រិត​​មិន​ថ្លៃថ្នូរ​ ជាយុទ្ធសាស្ត្រ​របស់​ពួក​​​ផ្តាច់ការ​គ្រួសារ​​​និយម​ដែល​​មិន​​គួរ​​ត្រូវ​​ប្រើ​​ទៀត​ទេ ​ពីព្រោះ​​មេដឹ​ក​នាំត្រូវការ​ការ​ផ្សះផ្សា​ស្មារតី​ជាតិ ​ត្រូវការ​សាមគ្គីភាព​ដើម្បី​​​កសាង​ប្រទេស​រួមគ្នា ​ដើម្បី​ប្រឆាំង​រួមគ្នា​ជាមួយ​ថៃ​ឈ្លានពានបច្ចុប្បន្ន​ជាដើម»។

បើ​តាម​ លោក​ម៉ែន ណាត​ និង​លោក​អ៊ុំ សំអាន​ តាម​​រយៈ​សារ​ហិង្សា​ងើប​​មួយ​វ៉ៃ​មួយ​ដែល​លោក​ហ៊ុន សែន ​បាន​គំរាម​ជាថ្មី​ទៀត​នេះ​ឆ្លុះ​បញ្ចាំង​​ឱ្យ​ឃើញថា មេបក្ស​កាន់​អំណាច​ដែល​លើក​បន្តុប​​​​​ដោយ​​វៀតណាម​រូប​នេះ ​​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​​ខ្វាយខ្វល់​ពីការ​បាត់បង់ទឹកដីទៅ​ថៃ​ជាង​៦០​​ទីតាំង​នោះ​ទេ ប៉ុន្តែ​មាន​ការ​ខ្វល់​ខ្វាយ​ខ្លាំងទៅ​លើ​ការកាន់​អំណាច​​តពូជ។​

អ្នក​ឃ្លាំ​មើល​ទាំងនេះ​ បន្តថា​​​ ​ក្រោមការ​ដឹកនាំ​របស់​ត្រកូល​ហ៊ុន​ជិត​​៥០ឆ្នាំ​មក​នេះ​ ក្រៅ​​​ពី​​ធ្វើ​​ឱ្យ​កម្ពុជា​​បាត់​​បង់​​ទឹក​ដី​​​ទៅ​​​វៀត​ណាម ​​ទៅ​ថៃ​​រាប់​​រយ​គីឡូម៉ែ​ត្រ​​ក្រឡា​ គឺ​បាន​​បំផ្លិច​បំផ្លាញ​​ធន​​ធាន​​ធម្ម​​ជាតិ​​​ស្ទើ​​តែ​ទាំង​​ស្រុង​​ អំពើ​​ពុក​​រលួយ​​​ បក្ខ​​ពួក​​និយម ​អយុត្តិធ​ម៌​​សង្គម ​​​​អំពើ​​ឆបោក​​គ្រប់​ទម្រង់ ​និង​ឧក្រិដ្ឋ​កម្ម​​អន​ឡាញ​​ជា​ដើម បាន​កើត​ឡើង​​​ជា​ប្រព័ន្ធ​​​ចាក់​​​ស្រេះ​ ​បា​ន​​ធ្វើ​​​ឱ្យ​​ពល​រដ្ឋ​ខ្មែរ​​ទទួល​​រង​គ្រោះ​យ៉ាង​ធ្ងន់​ធ្ងរ ​និ​ង​​ធ្វើ​​​ឱ្យ​​កម្ពុជា​​មាន​​កេរ្តិ៍​ឈ្មោះ​​ស្អុយ​​អាសោច​​នៅ​ពេញ​​​ពិភព​​លោក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ