ពលរដ្ឋ​​​​បន្ត​តវ៉ា​នៅ​សាលា​ខេត្ត​​សៀម​រាប ស្នើ​ឱ្យ​​អាជ្ញាធរ​​ទប់​​ស្កាត់​​​កា​រ​រំលោភ​យក​​​ដី​​តំបន់​​ឃ្លាំង​​ទឹក​​៧៨

ប្រជា​ពលរដ្ឋ​ជិត ១០០​នាក់ នៅ​​សង្កាត់​ស្វាយ​ដង្គំ ក្រុង​​សៀម​​រាប នៅ​ថ្ងៃ​ព្រហស្បតិ៍​​នេះ បា​ន​​ប្រមូល​​​ផ្តុំ​​តវ៉ា​នៅ​មុខ​​សាលា​​​​​ខេត្ត​​​សៀមរាប ស្នើ​ឱ្យ​អាជ្ញាធរ​​ពន្លឿន​ការ​ដោះស្រាយ​បញ្ហា​ដីធ្លី​​នៅ​តំបន់​​ឃ្លាំ​ងទឹក​ទំនប់​៧៨ ​ដែល​ត្រូវ​បាន​ជន​ខិល​ខូច ​និង​ក្រុមហ៊ុន​ឯក​ជន រំលោភ​យក​ទាំង​បំពាន ខណៈ​ដែល​ឃ្លាំងទឹកបុរាណ​មួយ​​នេះ បាន​​ក្លាយ​ជាដីគោក​រាក់​អស់​មួយ​ផ្នែក ហើយ​វា​នឹង​​​ប៉ះពាល់​ដល់​ការ​អាស្រ័យ​ផល​បែប​ប្រពៃណី​របស់​ពលរដ្ឋ​​រាប់​រយពាន់​គ្រួសារ បើសិន​មិនមានការ​ជួយ​សង្គ្រោះ​បានទាន់ពេល។

ប្រជាពលរដ្ឋ​រស់នៅ​សង្កាត់​ស្វាយ​ដង្គំ លោក អ៊ន់ ប្រុស​ បាន​ប្រាប់​វីអូឌី​នៅព្រឹក​ថ្ងៃទី​០៤ ខែ​មិថុនានេះ​ថា ពលរដ្ឋ​​ចំនួន ៧៥នាក់ រស់នៅ​សង្កាត់​ស្វាយដង្គំ បាន​នាំគ្នា​ទៅ​តវ៉ានៅសាលា​ខេត្ត​សៀមរាប ដើម្បី​ស្នើ​សុំឱ្យ​ថ្នាក់ដឹកនាំ​ខេត្ត ជួយ​ទប់ស្កាត់ករណី​ជន​ខិលខូច និង​ក្រុមហ៊ុន​ឯក​ជន ដែលពួកគាត់​ពុំ​ស្គាល់​ឈ្មោះ ​បាន​និងកំពុង​ទន្ទ្រានយកដី​ឃ្លាំង​​ទឹក​​ទំនប់​៧៨ អស់ជា​ច្រើន​ហិកតា ​ចាប់​តាំង​ពី​ឆ្នាំ​២០១៤មក​។

លោក​បន្តថា កន្លងមក ពលរដ្ឋ​ធ្លាប់បាន​តវ៉ា និង​ស្នើសុំ​អន្តរាគមន៍ពី​អាជ្ញាធរសង្កាត់ និង​អាជ្ញា​ធរ​ក្រុ​ងដែរ ប៉ុន្តែ​​នៅ​​​ពុំទា​ន់មានលទ្ធផលជាផ្លែផ្កា​​​ ទើប​ពួកគាត់​បន្ត​មក​ថ្នាក់​ខេត្ត​ទៀត។

លោកថា៖ «លើកមុន​ខ្ញុំ​ទៅ​ខាង​​សាលា​ក្រុងម្ត​ងហើយ ដល់​ពេល​​ខាង​សាលា​ក្រុង​នោះគាត់ដាក់​​កិច្ច​​សន្យា កិច្ច​សន្យា​​ជាមួយ​អ្នក​ដែលធ្វើផ្ទះនៅក្នុង​តំបន់​​ឃ្លាំ​ងទឹកនោះ កិច្ចសន្យា​តាំង​ពី​​​ ថ្ងៃ​ទី​​៣១ ខែ​៣ ហើយ​​ខាង​ក្រុង​ដាក់​​ឱ្យ​រុះរើ​ថ្ងៃទី​១០ ខែ​៤ ហើយ​ដល់​​ខែ​៦ ថ្ងៃទី៣​ទី​៤​ហើយ គាត់​អត់​ទាន់​រើ​​ទៀត ឥឡូវ​​មានតែ​មក​ខាង​ខេត្ត​ឱ្យ​ជួយ​ដោះស្រាយ។​ បើសម្រាប់​​ខ្ញុំ ហើយ​និ​ងប្រជា​ពលរដ្ឋ​ក្នុង​សង្កាត់​ហ្នឹង គាត់​​​ចង់ឱ្យពន្លឿន​ការ​ដោះស្រាយឱ្យ​ជន​ដែល​ធ្វើផ្ទះ​ក្នុង​ឃ្លាំង​ទឹក​ហ្នឹង​​​​រុះរើ​ឱ្យ​ឆាប់ៗ»។

ឃ្លាំង​ទឹក​បុរាណ​ទំនប់​៧៨ ​​មាន​​ផ្ទៃ​ទឹក​រាប់​​ពាន់​ហិកតា​​​នៅ​រដូវ​វស្សា​ ហើយ​នៅ​រដូវប្រាំង​អាច​ស្តុក​​​ទឹក​រាប់​លាន​​ម៉ែត្រ​​គូប​ អំណោយ​ផល​គាប់​​ប្រសើរ​ដល់​កសិករ​​បង្ហូរ​ទឹក​ដាក់​ស្រែ​ប្រាំង។ ឃ្លាំង​​ទឹក​​នេះ​ ក៏​ជា​ជង្រុក​ត្រី​សាច់ និង​បន្លែ​​ធម្ម​ជាតិ​​​ដល់​​​​កសិករ​​អាស្រ័យផល បែប​ប្រពៃណី​ជា​ច្រើន​​ឆ្នាំ​មក​ហើយ​ និង​មាន​ផ្នែក​ខ្លះ មាន​ព្រៃ​​លិច​ទឹក បឹង​ឈូក និង​​ដុះ​ព្រលិត​រំចង់​ ផ្ដល់​សម្រស់​​​​ស្រស់​ស្អាត​ទាក់ទាញ​ភ្ញៀវ​ទេសចរ ជាប់​នឹង​ភ្នំ​ក្រោម កៀក​នឹង​តំបន់​បឹង​ទន្លេ​​សាប​ ដែល​​​ភ្ញៀវ​​ទេសចរ​ចូលចិត្ត​ទៅ​ទស្សនា​តំបន់​នោះ។

កន្លងមក​ ប្រជាពលរដ្ឋ​រាប់រយ​នាក់ រស់នៅ​សង្កាត់​ចំនួន​៣ រួមមាន​សង្កាត់ស្វាយ​ដង្គំ សង្កាត់​សំបួរ និង​សង្កាត់​​សៀម​រាប ​បាន​នាំគ្នា​តវ៉ា​ទៅ​អាជ្ញាធរ​សង្កាត់ និង​សាលា​ក្រុង ជា​រឿយៗ​ចាប់​តាំង​​​ពី​​​ឆ្នាំ​​២០១៤ រហូត​មក​ទល់​ពេល​នេះ ​ដើ​​ម្បី​​​ស្នើ​​​​​ឱ្យ​​​អាជ្ញាធរ​​​ជួយ​ការពារ​ឃ្លាំង​ទឹក​បុរាណ​នេះ ស្រប​​ពេល​​ដែល​មាន​​សកម្មភាព​ចាក់​​ដី​លុប​ផ្នែក​ខ្លះ និង​ជីក​យក​អាចម៍​​ដី​លក់​ ធ្វើ​អាជីវកម្ម ពី​សំណាក់​​ក្រុម​អ្នក​មាន​លុយ អស់ប្រមាណជាង ៣០០ហិកតា​។

ពលរដ្ឋ​រស់នៅសង្កាត់​ស្វាយដង្គំមួយរូបទៀត លោក ទិត​ ចន្ថា មាន​ប្រសាសន៍ថា កន្លង​មក​ ខាង​អាជ្ញាធរ​ក្រុង​ធ្លាប់បានចេញឱសានវាទឱ្យជនខិល​ខូច​ទាំងនោះរុះរើ​ផ្ទះ ឬសំណង់ចេញ​ពីដីឃ្លាំង​ទឹក​ទំនប់​៧៨​នេះ​ដែរ ប៉ុន្តែ​មក​ដល់ពេល​នេះ ពួកគេ​មិន​ទាន់រុះរើ​នៅឡើយ ទើប​ពលរដ្ឋ​នាំគ្នា​ទៅ​រក​ថ្នាក់ខេត្តឱ្យ​ជួយ​បន្ថែមទៀត។ លោកថា ពលរដ្ឋ​ស្នើ​ដល់​​អាជ្ញាធរ​ខេត្ត​មានចំណាត់ការ​​ទៅលើ​សំណង់​ខុសច្បាប់​ទាំងនោះ និង​បោះបង្គោល​ព្រំដី​តំបន់​​ឃ្លាំង​ទឹក​ដែលជាទ្រព្យ​​សម្បត្តិ​​រួមក្នុង​សហគមន៍​​ ឱ្យ​បាន​ច្បាស់លាល់​ ដើម្បី​ជៀស​វាង​ការ​ទន្ទ្រាន​បន្ថែម​ទៀតពី​ជន​ខិល​ខូច​​។

លោកថា៖ «គឺ​ខ្ញុំបាទ​​ចង់បាន​ដំណោះស្រាយ​សមស្រប​មួយ យោង​ទៅតាម​ច្បាប់ ទៅតាម​សិទ្ធិ​អំណាច​របស់​​ពលរដ្ឋ​ ដែល​​មាន​សិទ្ធិ​ប្រើ​ប្រាស់​នៅលើដីឃ្លាំង​ទឹក​ជារួម​​ ដោយ​​គ្មានបុគ្គលណាអាច​យក​មក​កាន់​កាប់​ ឬហែក​ជ្រៀក​​គប់គិត​គ្នា​​​លក់​​នូវ​ដីឃ្លាំ​ងទឹក​ហ្នឹង​ទេ»។

ប្រជា​សហគមន៍ទាំង​នោះ​ ​ស្នើ​ឱ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ចំពោះ​ជនល្មើស ទើប​អាច​ការពារ​ឃ្លាំង​ទឹក​នេះ​យូរ​​អង្វែង ព្រោះ​​ជន​ខិល​ខូច​​នៅ​តែ​បន្ត​ដាក់​លុប​ផ្នែក​ខ្លះ​ ដោយសារ​ទីផ្សារ​ដី​ឡើង​ថ្លៃ។

វីអូឌី មិនអាចសុំការ​អត្ថាធិប្បាយជុំវិញករណីនេះ ពីអភិបាលខេត្តសៀមរាប លោក ប្រាក់ សុភ័ណ បាន​ទេនៅថ្ងៃទី​០៤ ខែមិថុនានេះ។

បើតាមក្រុម​ប្រជាពលរដ្ឋ ក្នុង​ជំនួប​ជាមួយ​មន្ត្រីរដ្ឋបាល​ខេត្ត និង​ជួប​តាមទូរស័ព្ទជាមួយ​​អាជ្ញាធរ​ក្រុង​​នោះ គឺ​ខាង​អាជ្ញាធរក្រុង​ថា នឹង​ចេញលិខិត​បន្ថែមទៀត​ឱ្យម្ចាស់​សំណង់​ខុស​ច្បាប់​ទាំង​នោះរុះរើ​ចេញ ឱ្យបាន​មុន​ថ្ងៃទី១១ខែ​មិថុនា សប្តាហ៍​​ក្រោយនេះ។

កន្លងមក ចៅ​សង្កាត់​ស្វាយ​ដង្គុំ ក្រុង​សៀមរាប លោក ហ៊ា ហាវ ធ្លាប់​បាន​ឱ្យដឹ​ងនាពេល​ថ្មីៗនេះ​​​​ថា អាជ្ញាធរ​​ក្រុង និង​​សមត្ថ​កិច្ច​​បាន​​​ចុះ​​​ដោះ​ស្រាយ​​បញ្ហា​នេះ​​​បាន​​​មួយ​​​ចំនួន​​ហើយ​ ដោយ​ចាត់​ឱ្យ​អ្នក​ដែល​បំពាន​​ឃ្លាំង​ទឹក​នេះ​ ​ធ្វើ​កិច្ច​សន្យា​បញ្ឈប់ និង​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​​នោះ។ លោក​ថា អាជ្ញាធរ​បាន​​ជូន​​​ដំណឹង​ និង​ផ្សព្វផ្សាយ​ហាម​ពលរដ្ឋ​មិន​ឱ្យ​ចាក់​ដី​លុប​ឃ្លាំង​នេះ​​បន្ត​ទៀត​​ទេ។​

លោក​ថ្លែង​​ថា៖ «ខាងលើ(ថ្នាក់លើ) កំពុង​សិក្សា​មើល​ផែនទី​កំណត់​ឱ្យ​គាត់​ តែ​កន្លែង​នោះ​យើង​ហាម​មិន​ឱ្យ​ធ្វើ​អី​ត​ទៀត​​ទេ »។

អនុប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស និង​ដីធ្លី នៃ​​សមាគម​​ការ​ពារ​សិទ្ធិមនុស្ស​អាដហុក លោក​​ យិន ម៉េងលី មាន​ប្រសាសន៍​ថា បើ​​ឃ្លាំង​ទឹក​ទំនប់​៧៨ ​​​ជាដី​​​សាធារណៈរបស់រដ្ឋ ដូច្នេះ​ការ​រំលោភ​យក ឬការ​សាងសង់​សំណង់​រំលោភ​យក​ដី​សាធារណៈ​របស់​​រដ្ឋ​ ដោយ​គ្មានការ​អនុញ្ញាត ​គឺ​ជា​អំពើ​ខុស​ច្បាប់ ដែលអាជ្ញាធរ​​ត្រូវ​មាន​​វិធានការ​រដ្ឋបាល ឬវិធាន​ទប់​ស្កាត់​ការ​ទន្ទ្រាន​ ដើម្បីការ​ពារ​​​ដី​ទ្រព្យ​សម្បត្តិរបស់​រដ្ឋ។​​

លោកថា៖ «ចឹង​រដ្ឋបាល​ខេត្តត្រូវ​ពិនិត្យមើល​ឡើង​វិញ រដ្ឋបាល​ខេត្ត​គឺជា​ទី១ ជា​ប្រធាន​ គណៈកម្មការ​គ្រប់គ្រងប្រើប្រាស់​​​ដីធ្លី​របស់​រដ្ឋ​ ចឹង​ពិនិត្យ​មើល​ឡើង​វិញ​ដើម្បី​​​ចាត់វិធានការ​សមស្រប​ណាមួយក្នុងការ​ឱ្យ​ជន​ហ្នឹង​រុះ​រើ​ដោយ​ស្ម័គ្រ​ចិត្ត​​ ទី​១​ទុករយៈពេល ទី​២​បើ​សិន​ជា​ជន​​ហ្នឹង​​មិន​ព្រម​​ធ្វើការ​រុះរើ​ទេ រដ្ឋបាល​ក្រុង​​អាចមាន​វិធានការ​រដ្ឋបាល អាច​​ធ្វើការ​កម្ទេច​ចំពោះ​សំណង់ ចំពោះ​របង​​​ណា​ដែលរំលោភ​មក​លើដី​សាធារណៈ ហើយ​បើនៅ​រឹង​ទទឹង​ទៀត អាច​ធ្វើការ​ប្តឹង​​ផ្តន្ទា​​ទោសទៅ​តាម​ច្បាប់ ទៅ​តុលាការ​ ពីបទ​ រំលោភបំពាន​លើ​ទ្រព្យ​សម្បត្តិ​សាធារណៈ ចាត់វិធាន​ការ​របៀបនេះ បាន​ធ្វើ​ឱ្យ​ពលរដ្ឋ​គាត់​​មើល​ឃើញ​ថា ការ​អនុវត្តច្បាប់​របស់​រដ្ឋបាល របស់​អាជ្ញាធរ​​មាន​តម្លាភាព មិន​មែនធ្វើបាន​​តែទៅ​លើពលរដ្ឋទន់ខ្សោយ​ទេ»។

ច្បាប់​ភូមិបាល​ឆ្នាំ២០០១ មាត្រា​​២៥៩​ និង​មាត្រា​២៦១ ចែង​​ថា ការ​​​ប៉ះ​ពាល់​​កម្ម​សិទ្ធិ​​នៃ​​ទ្រព្យ​សម្បត្តិ​​សាធារណៈ​​​របស់​​រដ្ឋ ​​ត្រូវ​​ផ្ដន្ទា​ទោស​​ពិន័យ​​​ជា​​ប្រាក់​​ពី ៥លាន​​រៀល​ ដល់​ ៥០លាន​​រៀល​ និង​​ផ្ដន្ទា​ទោស​​ដាក់​​​ពន្ធនា​គារ​​ពី ១ (មួយ) ឆ្នាំ ដល់ ៥ (ប្រាំ) ឆ្នាំ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ