ពលរដ្ឋ​ចង់​ឃើញ​ភូមិ​ឃុំ​មាន​សុវត្ថិ​ភាព ក្រោយ​មាន​ករណី​ចាប់​ជំរិត និង​ឃាតកម្ម​បន្ត​បន្ទាប់

ករណី​ចាប់​ជំរិត ឈាន​ដល់​ឃាត​កម្ម​សម្លាប់​មនុស្ស និង​ប្លុង​សាក​សព​ចោល​ក្នុង​ទិដ្ឋ​ភាព​ឃោរ​ឃៅ កំពុង​​បន្លាច​ផ្លូវ​ចិត្ត​ប្រជា​ពលរដ្ឋ​កម្ពុជា ឱ្យ​​រស់​នៅ​លាយ​ឡំ​ជាមួយ​ភាព​ភ័យ​ខ្លាច និង​ក្ដី​​បារម្ភ​ក្នុង​រ​យៈ​​ពេល​​ប៉ុ​ន្មាន​ខែ​ចុង​ក្រោយ​នេះ។

ប្រជា​ពលរ​ដ្ឋ​រស់នៅរាជធានីភ្នំពេញ អ្នកស្រី សៀ ដាវី ប្រាប់​វីអូឌី​ឱ្យ​ដឹង​ថា អ្នក​ស្រី​បារម្ភ​ខ្លាច​ករណី​​ចាប់​​ជំរិត គំរាម​សម្លាប់ ធ្លាក់​លើ​សមាជិក​គ្រួសារ​អ្នក​ស្រី​នៅ​ថ្ងៃ​ណា​មួយ ស្រប​ពេល​​ជីវភាព​កំពុង​​​ខ្វះ​ខាត​ស្រាប់​​​ទៅ​ហើយ​នោះ។

អ្នកស្រីថា៖ «ចេះតែព្រួយបារម្ភ! ដូចជាខ្ញុំផ្ទាល់ ឬ​បងប្អូន​អីចឹង យើង​ចេះ​តែ​និ​យា​យ​ប្រាប់​​គ្នា​ពាក់​​ព័ន្ធ​​នឹង​រឿង​សកម្ម​​ភាព​បទ​ល្មើស​អី​ហ្នឹង ព្រោះ​យើង​មើល​មិន​ឃើញ​ដែរ។​ ដូច​ក្មេងៗ​ដើរ​លេង​អីចឹង ចេះ​​​​​តែ​ប្រាប់​បង​ប្អូន​ទៅ​ថា ឱ្យ​​ឧស្សាហ៍​មើល​កូនៗ​ផង ខ្លាច​គេ​ចាប់​ គេ​អី​ចឹង​ទៅ។ យើង​​មិ​ន​​មែន​​ជា​អ្ន​ក​​មាន​អី​ទេ​ បើ​គេ​ចាប់​យក​ទៅ​ យើង​ដឹង​ទៅ​​រក​លុយ​ឯណា​បាន​យក​ទៅ​ឱ្យ​គេ? ​អ៊ីចឹង​វា​បា​រម្ភ​ពី​សុវ​ត្ថិ​ភាព​​ក្មេង​ៗ​ផង និង​សុវត្ថិ​ភាព​ខ្លួន​ឯង​ផង។ ខ្លាច​អា​ទី​មួយ រឿង​​ចោរ និង​រឿង​​​អី​​ហ្នឹង។ សូ​​ម្បី​តែ​​​បើក​​ទ្វា​រ​លក់​ដូរ​ត្រឹម​ម៉ោង ៨ អី​ហ្នឹង​គឺ​បិទ​អស់​ហើយ អត់​ហ៊ាន​នៅ​​ដល់​​យប់​​ជ្​រៅ​​ទេ គឺ​ល្ម​ម​​ៗ​​បិទ​ទ្វារ​ហើយ»។

យោងតាមការចុះផ្សាយព័ត៌មាន ក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ សមត្ថកិច្ច​បាន​រក​ឃើញ​​ករណី​​ចាប់​ជំរិត និង​ឃាតកម្មប្លុងសាកសពចោល​ដល់​ទៅ​ពីរ​ករណី​ ដោយ​មាន​មនុស្ស​ស្លាប់​ចំនួន​ ៣នាក់ ក្នុង​​នោះ​​ពីរ​នាក់​ជាជន​ជាតិ​ខ្មែរ។ ជន​ល្មើស​បាន​សហការ​គ្នា​ជា​ក្រុម​ក្នុង​ការ​ចាប់​ជំរិត និង​សម្លាប់​ជន​​រង​​គ្រោះ​​​រួច​ដឹក​សាក​ស​ព​ទៅ​ប្លុ​ង​​​​ចោល ដោយ​មួយ​ករណី ប្លុង​ចោល​ក្បែរគំ​នរ​សម្រាម​ខណ្ឌ​ដង្កោ និង​ក​រណី​​​​មួយ​ទៀត យក​ទៅ​​​បោះ​​ចោល​ក្នុង​លូ​ហើយ​ចាក់​បេតុង​ពី​លើ។

ពលរដ្ឋម្នាក់ទៀតនៅរាជធានីភ្នំពេញ កញ្ញា ស៊ុន រ៉ានី តក់​ស្លុត​នឹង​ភាព​ឃោរ​ឃៅ​ទាំង​នេះ​ និង​បា​រម្ភ​​​ថា​ស​ក​ម្ម​ភា​ព​នេះ​​អាច​កើត​ឡើង​កាន់​តែ​ច្រើន​ក្នុង​សង្គម ប្រសិន​បើ​អាជ្ញា​ធរ​​មិន​រឹត​បន្តឹង​ការ​ដាក់​​ទោស​​ទណ្ឌ​​លើ​​​​ជន​ល្មើស។ កញ្ញា​កត់​សម្គាល់​ថា​ ករណី​ឃាត​កម្ម​សាហាវ​ឃោរ​​ឃៅ​ភាគ​ច្រើន​ប្រព្រឹត្ត​ដោ​យ​ជ​ន​​​បរទេ​ស ​ដែល​ទាម​ទារ​​ឱ្យ​​អាជ្ញាធរ​ត្រូវ​បង្កើន​​ការ​ត្រួត​ពិនិត្យ​លើ​ការ​រស់​នៅ​របស់​ពួក​គេ។

កញ្ញា ស៊ុន រ៉ានី និយាយ​ថា៖ «យើងអត់ដឹងថាពួកគាត់ហ្នឹង ជាមនុស្ស​ល្អ​ឬ​ក៏​អាក្រក់​ ឬ​ក៏​ជា​មនុស្ស​​បែប​ណា ដែល​​គាត់​​មក​ហើយ មិន​ត្រឹម​តែ​គាត់​មក​ហើយ គាត់​បង្ក​នូវ​វិនាស​កម្ម​ ក៏​ដូច​ជា​បញ្ហា​មិន ​ដូច​ជា​ឃាតកម្ម ឬ​ក៏​ប​ញ្ហា​​​អសន្តិ​​សុខ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​យើង​ផង​ដែរ។​​ អា​នេះ​ក៏​សូម​ឱ្យ​ សំណូម​ពរ​មួយ​ទៀត ទៅ​​លើ​ការ​​​រឹត​បន្តឹង​ទៅ​លើ​ជន​អន្តោ​​ប្រវេសន៍​ដែល​ធ្វើ​ដំណើរ​ចូ​ល​មក​​ក្នុង​ប្រទេស​​កម្ពុជា​ផង​ដែរ»។

ករណីចាប់ជំរិត ឈានដល់ការសម្លាប់ជនរងគ្រោះ បានកើតមានជាច្រើន​ករណី​ ដោយ​ភាគ​ច្រើន​នៃ​​ជន​ល្មើស​ គឺ​ជា​ជន​​បរទេស។ ទោះយ៉ាងណា គេក៏ឃើញមាន​ពលរដ្ឋ​ខ្មែរ​ ប្រព្រឹត្ត​បទ​ល្មើស​ឃោ​​រឃៅ​នេះ​ផង​ដែរ ក្នុង​នាម​ជា​អ្នក​ផ្សំ​គំនិត​ និង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ឱ្យ​មេ​ខ្លោង​ដែល​ជា​ជន​បរទេស។

ទាក់ទិនរឿងនេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​​អភិវឌ្ឍន៍ និង​​សន្តិ​ភាព​​(PDP) លោក យង់ គិ​​ម​អេង កត់​សម្គាល់​ឃើញ​កត្តា​ធំៗ​បួន​ ដែល​នាំ​ឱ្យ​មាន​ការ​ចាប់​ជំរិត​ និង​ឃាត​កម្ម​ឃោរ​ឃៅ រួម​មាន ​គ្រឿ​ង​ញៀន​និង​គ្រឿង​ស្រវឹង ភាព​ក្រី​ក្រ ភាព​ឥត​ការ​ងារ​ធ្វើ​ និង​ការ​ត្រាប់​តាម​វីដេអូ ឬ​ខ្សែ​ភាព​យន្ត។ លោ​ក​បន្ត​ថា ករណី​នេះ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​ និង​រដ្ឋាភិ​បាល បង្កើន​ការ​អនុវត្ត​គោល​​នយោ​បាយ​​ភូ​មិ​ឃុំ​​មាន​សុវត្ថិ​ភាព បង្កើត​ប៉ុស្តិ៍​យាម​ លុប​បំបាត់​អំពើ​ហិង្សា ការ​លួច​ឆក់​ប្លន់​ជា​ដើម។

លោក យង់ គិមអេង ថ្លែង​ថា៖ «ហើយរដ្ឋាភិបា​លក៏ត្រូវតែដោះស្រា​យ​បញ្ហា​សង្គម​ដែល​កើត​មា​ន​ឱ្យ​បាន​ឆាប់​​ដែរ ពីព្រោះ​​អាជ្ញាធរ​គ្នា​មិន​អាច​ទៅ​ដោះ​ស្រាយ​បញ្ហា​សង្គម​ជា​រួម​នេះ​ទេ​ ប៉ុន្តែ​មាន​តែ​រដ្ឋ​ទេ​ដែល​​អា​ច​​មាន​​លទ្ធ​ភាព​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សង្គម ដូច​ជា ភាព​ក្រី​ក្រ ដូច​ជា​ភាព​អត់​ការ​ងារ​ធ្វើ ដូច​ជា​កា​​រខ្វះ​​ជំនា​ញ​រ​បស់​ប្រជា​ពលរដ្ឋ​ជា​ដើម​ ដើម្បី​ឱ្យ​គាត់​កាន់​តែ​មាន​ជំនាញ កាន់​តែ​មាន​កា​​រងារ​ធ្វើ​ច្រើន​អីចឹង​ទៅ»៕  

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ