ការបន្តកៀរគរក្រុមមន្ត្រីយ៉ាងច្រើន ចុះមូលដ្ឋានរបស់ លោកហ៊ុន សែន និងការចុះទៅសម្ពោធសមិទ្ធផលនានារបស់លោកហ៊ុន ម៉ាណែត ត្រូវបានអ្នកឃ្លាំមើលរិះគន់ថា ជាការបង្ហាញពីការមិនសូវយកចិត្តទុកដាក់លើបញ្ហាបូរណៈភាពទឹកដី ដែលកំពុងទទួលរងការឈ្លានពានពីថៃ និងក៏ជាការមិនផ្តល់អាទិភាពដល់សុខទុក្ខរបស់កងទ័ពជួរមុខដែលកំពុងជួបការលំបាកផងដែរ។
ប្រតិកម្មទាំងនេះកើតមានឡើងបន្ទាប់ពី លោកហ៊ុន សែន ប្រមុខរដ្ឋស្តីទី បានដឹកនាំមន្ត្រីរាប់រយនាក់ចុះទៅជួបសំណេះសំណាលជាមួយមន្ត្រីពន្ធដារ កាលពីថ្ងៃទី២ខែមិថុនា ជាមួយនឹងការផ្ញើសារគំរាមងើបមួយវ៉ៃមួយជាថ្មីទៀត ទៅលើក្រុមប្រឆាំងដែលលោកថា មានបំណងផ្តួលរំលំការកាន់អំណាចតពូជនៃត្រកូលហ៊ុនរបស់លោក និងនៅថ្ងៃទី៣ខែមិថុនា លោកហ៊ុន សែន បានចុះទៅសំណេះសំណាលជាមួយមន្ត្រីបក្សប្រជាជន និងមន្ត្រីរាជការជាង ១០០០នាក់ នៅខេត្តកំពង់ធំ ដែលជាខេត្តទី១២ ក្នុងបេសកកម្មចុះមូលដ្ឋានរបស់លោក ចាប់តាំងពីដើមខែឧសភាឆ្នាំ២០២៦មក។
យ៉ាងណាក្តី លោក ជា ធីរិទ្ធ អ្នកនាំពាក្យលោកហ៊ុន សែន បានថ្លែងថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ របស់ប្រធានគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាព រវាងព្រឹទ្ធសភា ជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំឭកដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួននិងការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អ។ នេះបើតាមហ្វេសប៊ុកលោកហ៊ុន សែនកាលពីថ្ងៃ៣ខែមិថុនា។
ចំណែក លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថ្មីៗនេះ ក៏ហាក់មមាញឹកក្នុងការកៀរគរមន្ត្រីរដ្ឋាភិបាលយ៉ាងច្រើនហែហមលោក ទៅសម្ពោធសមិទ្ធផលនានាផងដែរ ដូចជាកាលពីថ្ងៃទី២១ខែឧសភា បើកសម្ពោធអគារអគ្គនាយកដ្ឋានពន្ធដារថ្មី ថ្ងៃទី២៧ខែឧសភា បើកសម្ភោធរោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ និងថ្ងៃទី៣ខែមិថុនា សម្ពោធអគារវិទ្យាសា្ថនជាតិអប់រំជាដើម។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក បានប្រាប់វីអូឌីនៅថ្ងៃទី៤ខែមិថុនានេះថា ភាពមិនស៊ីសង្វាក់គ្នា ចំពោះការចល័តកម្លាំងនយោបាយចុះមូលដ្ឋាន និងការបំពេញភារកិច្ចពិធីការនានា បើធៀបនឹងសភាពការណ៍តានតឹងនៅតាមព្រំដែនអាចត្រូវបានគេមើលឃើញថា ជាការខកខានក្នុងការកំណត់អាទិភាពយុទ្ធសាស្ត្រជាតិឱ្យបានត្រឹមត្រូវ។
លោកថា៖ «ក្នុងស្ថានភាពដែលអធិបតេយ្យភាពជាតិ កំពុងរងការគំរាមកំហែង ការចំណាយធនធានរដ្ឋមិនមែនជាពេលវេលារបស់ថ្នាក់ដឹកនាំកំពូលទៅលើការងារគ្រឹះពង្រឹងនយោបាយបក្ស ឬពិធីសម្ពោធនានាហាក់ដូចជាការមើលរំលងគ្រោះថ្នាក់ចំពោះមុខ និងខ្វះការយកចិត្តទុកដាក់លើជីវភាព ក៏ដូចជាសមត្ថភាពការពារជាតិរបស់កងទ័ពជួរមុខដែលជាខែលការពារជាតិដ៏ពិតប្រាកដ។ ការដែលរដ្ឋាភិបាលហាក់ព្យាយាមរក្សាភាពធម្មតា អាចបង្កជាការយល់ឃើញថាជាការមិនអើពើឬជាយុទ្ធសាស្ត្របំភាន់សភាពការណ៍ធ្វើឱ្យប៉ះពាល់ដល់ស្មារតីស្នេហាជាតិ និងទំនុកចិត្តរបស់សាធារណជន លើការប្តេជ្ញាចិត្តការពារបូរណភាពទឹកដី»។
បើតាមអ្នកវិភាគរូបនេះ ផ្ទុយទៅវិញ បើពិនិត្យមើលលើទិដ្ឋភាពគ្រប់គ្រងរដ្ឋបាល និងនយោបាយជាក់ស្តែងរបៀបនៃការចុះមូលដ្ឋាន និងការបន្តសកម្មភាពអភិវឌ្ឍន៍ផ្ទៃក្នុង ក៏អាចត្រូវបានបកស្រាយថា ជាការប៉ុនប៉ងរក្សាស្ថិរភាពផ្ទៃក្នុង និងចៀសវាងការបង្កើតឱ្យមានភាពភ័យស្លន់ស្លោក្នុងចំណោមប្រជាពលរដ្ឋផងដែរ។ លោកបន្តថា ដូច្នេះការរក្សាសកម្មភាពរដ្ឋបាលឱ្យនៅជាប្រក្រតី អាចជាយុទ្ធសាស្ត្ររបស់គណបក្សកាន់អំណាច ដើម្បីបង្ហាញទៅកាន់ប្រជាពលរដ្ឋថា ស្ថានភាពផ្ទៃក្នុងនៅតែស្ថិតក្រោមការគ្រប់គ្រងទាំងស្រុងទោះបីជាការណ៍នេះបង្កើតឱ្យមានការរិះគន់យ៉ាងខ្លាំងពីមជ្ឈដ្ឋានខាងក្រៅ អំពីការមិនយកចិត្តទុកដាក់លើការបំពាក់អាវុធទំនើប និងការបង្កើនថវិកាគាំទ្រកងទ័ពដែលកំពុងឈរជើងប្រឈមមុខនឹងគ្រោះថ្នាក់ដោយផ្ទាល់ក៏ដោយ។
ជាមួយគ្នានេះ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ក៏បានប្រាប់វីអីឌីនៅថ្ងៃទី៤ខែមិថុនានេះផងដែរថា ការចុះទៅតាមមូលដ្ឋានរបស់ លោកហ៊ុន សែន គឺដើម្បីជួបសកម្មជនគណបក្សដែលកំពុងកាន់តំណែងជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ ក្រុមប្រឹក្សាក្រុងស្រុកខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីប្រមូលការគាំទ្រសម្រាប់ការបោះឆ្នោតឃុំសង្កាត់ក្នុងឆ្នាំ២០២៧ខាងមុខ និងក៏ដើម្បីបន្លប់ព្រឹត្តិការណ៍កុំឱ្យមានការយកចិត្តទុកដាក់រឿងថៃឈ្លានពានទឹកដីផងដែរ។ ចំណែក លោកហ៊ុន ម៉ាណែត បានទៅសម្ពោធសមិទ្ធផលនានា ដោយបានលើកពីបញ្ហានិងវិធានការមួយចំនួន ក៏ដើម្បីបន្លប់ព្រឹត្តិការណ៍ពីថៃឈ្លានពានផងដែរ ពីព្រោះទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គ្មានសមត្ថភាក្នុងការការពារទឹកដីនោះទេ។
មន្ត្រីបក្សប្រឆាំងរូបនេះ ជំរុញឱ្យលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គួរសន្សំថវិកាជាតិ និងផ្តោតការយកចិត្តទុកដាក់ឱ្យបានខ្លាំងបំផុត ក្នុងការពង្រឹងកងទ័ព ដើម្បីការពារទឹកដីពីថៃឈ្លានពាន ជាជាងការចំណាយថវិកាជាតិ ជិះឡានដង្ហែគ្នាទៅសម្ពោធសមិទ្ធផលផ្សេងៗ ។
លោកថា៖ «តាមពិតទៅលោកហ៊ុន សែន លោកហ៊ុន ម៉ាណែត គួរតែខ្នះខ្នែងធ្វើម៉េចទប់ស្កាត់ការឈ្លានពានរបស់ថៃ ហើយចុះទៅជួបជនភៀសសឹក ហើយទាហាននៅតាមព្រំដែន អាហ្នឹងលើកទឹកចិត្តទាហានការពារទឹកដី អាហ្នឹងជារឿងត្រឹមត្រូវ។ គួរតែសន្សំថវិកាដែលចុះមូលដ្ឋាន ឬសម្ពោធសមិទ្ធផលផ្សេងៗ យកលុយទៅពង្រឹងវិស័យយោធា ធ្វើម៉េចទិញសព្វាវុធទំនើបៗ ធ្វើម៉េចបើកប្រាក់ខែឱ្យទាហានឱ្យបានច្រើនជាងមុន ឱ្យមានជីវភាពធូរធាជាងមុន ឱ្យក្រុមគ្រួសារគាត់ហ្នឹងឱ្យមានជីវភាពធូរធាជាងមុន អាហ្នឹងទើបអាចការពារជាតិបាន បើមិនអ៊ីចឹងទេមិនអាចការពារជាតិបានទេ»។
អ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំងរូបនេះ បន្តថា ទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ហាក់មិនសូវខ្វល់រឿងថៃនៅតែបន្តរាយបន្លាលួសដាក់ទូរកុងតឺន័រ វាទយកដីខ្មែររហូតដល់ធ្វើរបងបេតុង ជីកប្រឡាយ និងសាងសង់សំណង់រឹងអចិន្ត្រៃយ៍ផ្សេងៗនៅលើដីខ្មែរនោះទេ បែរជាគិតតែពីចុះពង្រឹងបក្សពង្រឹងអំណាចនៅទីក្រុង និងនៅតាមបណ្តាខេត្តផ្សេងៗ ដោយមិនចុះទៅជួបកងទ័ព និងជនភៀសសឹកនៅព្រំដែនដែលកំពុងជួបការលំបាក។
លោកថា៖ «គាត់ទៅសម្ពោធសមិទ្ធផលផ្សេងៗ ទៅដើម្បីបោកប្រាសប្រជាពលរដ្ឋថា គណបក្សប្រជាជនត្រកូលហ៊ុនហ្នឹងអភិវឌ្ឍន៍ប្រទេសជាតិ ដូច្នេះអារឿងបាត់បង់ទឹកដីបន្តិចបន្តួចនឹងកុំទៅខ្វល់ ពីព្រោះគេជួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន។ អាហ្នឹងគេចង់បង្ហាញពីស្នាដៃរបស់គេ តែតាមពិតមិនអាចស៊ីសងនឹងការបាត់បង់ទឹកដីនោះទេ ការបាត់បង់ទឹកដី គឺសំខាន់ណាស់ កាលណាយើងអត់មានទឹកដីនៅ យើងនឹងក្លាយទៅជាជនជាតិភាគតិចនៅលើទឹកដីរបស់ខ្លួន ដូចប្រទេសចំប៉ាដែលបាត់អ៊ីចឹង ជនជាតិចាមមានទឹកដីឯណានៅ សុំប្រទេសគេនៅគ្រប់កន្លែង អាហ្នឹងជារឿងដែលខ្មែរគួរតែគិតពីបញ្ហាទឹកដីហើយឈប់ចាញ់បោកត្រកូលហ៊ុនទៀត»។
យ៉ាងណាក្តី នៅក្នុងពិធីសម្ពោធអគារនៅវិទ្យាស្ថានជាតិអប់រំកាយនិងកីឡា កាលពីថ្ងៃទី៣ខែមិថុនា ដោយមានមន្ត្រីជាន់ខ្ពស់ជាង៤០នាក់អង្គុយអមនៅលើឆាក និងមន្ត្រីរាប់រយនាក់អង្គុយនៅខាងក្រោមឆាក លោកហ៊ុន ម៉ាណែត បានថ្លែងថា កាលពីថ្ងៃទី២ខែមិថុនា រដ្ឋាភិបាលបានចាប់ផ្តើមប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំតាមច្បាប់អន្តរជាតិ UNCLOS ដើម្បីដោះស្រាយដែនសមុទ្រត្រួតស៊ីគ្នា។ លោកបន្តថា យន្តការនេះវាត្រូវការប្រើពេលវេលាយូរ ក៏ប៉ុន្តែវាមិនធ្វើឱ្យមនុស្សស្លាប់។
លោកថា៖ «អ៊ីចឹងវាប្រើពេល ប៉ុន្តែវាប្រសើរជាងបញ្ជូនទាហានទៅច្បាំងគ្នាស្លាប់ ហើយដោះស្រាយមិនចេញមកចរចាដដែលដោយមិនចាំបាច់។ ដរាបណាយើងនៅមានការដោះស្រាយបញ្ហាជាតិទឹកដីដោយសន្តិវិធី ហើយជឿចុះ គ្មានការដោះស្រាយដោយកម្លាំងមួយណាមានការស្ថិតថេរទេ។ គ្មានយករថក្រោះទៅគ្មានគ្រាប់បែកទៅ គ្មានធ្វើផ្លូវបេតុងអីដែលការពារសិទ្ធិស្របច្បាប់របស់ប្រទេសណាមួយទេ ទាល់តែប្រើតាមច្បាប់បានត្រូវ នេះគឺជាអ្វីដែលចាំបាច់។ ការតស៊ូផ្លូវច្បាប់ដែលយើងត្រូវធ្វើ»។
បន្ថែមពីនេះ លោកបញ្ជាក់ថា ការការពារទឹកដីមិនមែនត្រូវពង្រឹងនិងការធ្វើទំនើបកម្មតែទៅលើកងទ័ពឱ្យមានអាវុធយុទ្ធភណ្ឌទំនើបហើយខ្លាំងតែមួយមុខនោះទេ ក៏ប៉ុន្តែគឺត្រូវជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ជីវភាពរបស់ប្រជាពលរដ្ឋ រួមទាំងការអប់រំជាដើមផងដែរ គឺត្រូវដើរទន្ទឹមគ្នា។
ជាការឆ្លើយតបចំពោះការប្រកាសប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំរបស់កម្ពុជា រដ្ឋមន្រ្តីការបរទេសថៃ លោក Sihasak Phuangketkeow បានថ្លែងកាលពីថ្ងៃទី៣ខែមិថុនាថា «ថៃត្រៀមលក្ខណៈយ៉ាងពេញលេញ ដើម្បីធ្វើសកម្មភាពចាំបាច់នានា ដោយស្របទៅតាមអនុសញ្ញាUNCLOS ហើយទន្ទឹមគ្នានោះ នឹងតម្កល់សារសំខាន់ខ្ពស់បំផុត លើការរក្សាការពារផលប្រយោជន៍ជាតិរបស់ប្រទេសថៃ»។ នេះបើយោងតាមសារព័ត៌មានAFP ។
សម្រាប់ លោកបណ្ឌិត ឈិត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរលើបណ្តាញសង្គមនៅថ្ងៃទី៣ខែមិថុនាថា ក្រៅពីការប្រើយន្តការដោយចាប់បង្ខំនេះ កម្ពុជាក៏ត្រូវប្ដឹងថៃទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)លើរឿងព្រំដែនគោកផងដែរ ដោយសារយន្តការទ្វេភាគី (GBC, JBC, RBC…)បានជាប់គាំងហើយមកដល់ពេលនេះ។ លោកបន្តថា ជាមួយគ្នានេះ យន្តការសម្រុះសម្រួលពីភាគីទីបី ក៏មិនមានប្រសិទ្ធភាពនិងទៅមុខរួចដែរ ដោយសារថៃមិនបន្ទន់ជំហរ ប៉ុនែ្តមុននឹងប្ដឹងទៅ UNSC ត្រូវប្ដឹងទៅ ICJ ជាមុនសិន។ បើតុលាការយុត្តិធម៌អន្តរជាតិមិនអាចធ្វើអ្វីបានដោយខ្វះការចូលរួមពីភាគីថៃ ឬជាប់គាំង នោះវាគ្រប់លក្ខខណ្ឌដែលកម្ពុជាអាចប្ដឹងទៅ UNSC បានហើយ ហើយស្ថាប័ននេះក៏មិនអាចបដិសេធបានដែរ។
ចំណែក លោក អ៊ុំ សំអាន និងលោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ក៏យល់ស្របទៅនឹងការលើកឡើងរបស់លោកបណ្ឌិត ឈិត ប៊ុនថង ផងដែរ ដោយបន្ថែមថា ដើម្បីអាចទាមទារទឹកដីដែលថៃឈ្លានពានមកវិញ និងដើម្បីអាចការពារទឹកដីកម្ពុជាឱ្យបានគង់វង្ស ក្រៅពីបង្រួបបង្រួមផ្សះផ្សាជាតិក្រោមដំបូលនៃរដ្ឋធម្មនុញ្ញដើម្បីធ្វើឱ្យខ្មែរខ្លាំង រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ទី១ គឺត្រូវប្តឹងថៃទៅតុលាការអន្តរជាតិ និងគ្រប់យន្តការច្បាប់អន្តរជាតិ, ទី២ ធ្វើការទូតឱ្យបានខ្លាំងក្លាបំផុត ដើម្បីទាមទារឲ្យថៃដកកងទ័ពចេញពីដីខ្មែរ និងទី៣ ត្រូវប្រើសិទ្ធិស្វ័យការពារនៅលើទីតាំងដីជាក់ស្តែង ដើម្បីទប់ស្កាត់ការពង្រីកការឈ្លានពានរបស់ថៃ បើទោះបីជាមានការផ្ទុះអាវុធខ្លះក្តី ពីព្រោះកម្ពុជាមិនអាចនៅបណ្តែតបណ្តោយឱ្យថៃចូលវាទយកទឹកដីជារៀងរាល់ថ្ងៃតាមអំពើចិត្តដូចបច្ចុប្បន្ននេះទេ៕









