អ៊ុយក្រែនបានបើកការវាយប្រហារនៅជាយក្រុង St Petersburg របស់រុស្ស៊ី ប៉ុន្មានម៉ោងមុនពេលបើកវេទិកាសេដ្ឋកិច្ចដ៏ធំមួយ ដែលរៀបចំឡើងក្នុងគោលបំណងទាក់ទាញការវិនិយោគពីបរទេស។
ផ្សែងខ្មៅស្រទុំបានហុយឡើងលើផ្ទៃមេឃនៃទីក្រុងធំទីពីររបស់រុស្ស៊ីមួយនេះ ដែលជាកន្លែង លោក វ្ល៉ាឌីមៀ ពូទីន គ្រោងឡើងថ្លែងសុន្ទរកថាក្នុងព្រឹត្តិការណ៍ហិរញ្ញវត្ថុនេះ នៅថ្ងៃសុក្រ។ ភ្ញៀវរាប់ពាន់នាក់ មកពី ១៣០ ប្រទេស នឹងចូលរួម រួមទាំងគណៈប្រតិភូកម្រិតទាបមួយក្រុមរបស់សហរដ្ឋអាមេរិកផងដែរ។
អាជ្ញាធរមូលដ្ឋានបាននិយាយថា ប្រព័ន្ធការពារអាកាសបានបាញ់ទម្លាក់ដ្រូនចំនួន ៥៩គ្រឿង កាលពីយប់មិញ ហើយស្រុកចំនួនបីផ្សេងគ្នានៃទីក្រុង St Petersburg ត្រូវ បានរងការវាយប្រហារ ប៉ុន្តែមិនមានមនុស្សស្លាប់នោះទេ។ ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ម៉ូស្គូនឹងឆ្លើយតបទៅនឹងការវាយប្រហារទាំងនេះជាលក្ខណៈប្រព័ន្ធ។
ការវាយប្រហារនេះ បានធ្វើឱ្យសេវាអ៊ីនធឺណិតចល័តត្រូវកាត់ផ្តាច់ និងបិទព្រលានយន្តហោះ Pulkovo ជាបណ្តោះអាសន្ន ខណៈដែលប្រទេសឡាតវី និងអេស្តូនីដែលនៅក្បែរនោះ ក៏បានប្រកាសអាសន្នពីការវាយប្រហារតាមអាកាសដែរ។
ក្រោយមក លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានបញ្ជាក់ថា ដ្រូនរបស់អ៊ុយក្រែនបានវាយប្រហារចំទីតាំងជាច្រើនក្នុងប្រទេសរុស្ស៊ី រួមទាំងស្ថានីយប្រេង និងមូលដ្ឋានទ័ពជើងទឹកនៅក្នុងទីក្រុង Kronstadt ដែលជាប៉ុស្តិ៍យាមដ៏សំខាន់របស់កងនាវាបាល់ទិករុស្ស៊ី។ មេបញ្ជាការប្រព័ន្ធដ្រូនរបស់អ៊ុយក្រែន បាននិយាយថា នាវាចម្បាំងធុនតូច Boikiy ក៏ត្រូវបានវាយប្រហារផងដែរ។
វេទិកាសេដ្ឋកិច្ច St Petersburg ដែលធ្លាប់ត្រូវបានគេប្រសិទ្ធនាមថា «Davos របស់រុស្ស៊ី» ធ្លាប់ត្រូវបានចូលរួមដោយគណៈប្រតិភូបស្ចិមប្រទេសលំដាប់ខ្ពស់ រហូតទាល់តែមានការឈ្លានពានទ្រង់ទ្រាយធំលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។
ឆ្នាំនេះ ជាលើកដំបូងក្នុងរយៈពេលជិតមួយទសវត្សរ៍ គណៈប្រតិភូកម្រិតទាបរបស់សហរដ្ឋអាមេរិកក៏បានចូលរួមដែរ ដែលដឹកនាំដោយលោក Rodney Mims Cook Jr (ប្រធានគណៈកម្មការវិចិត្រសិល្បៈសហរដ្ឋអាមេរិក) រួមជាមួយអ្នកអត្ថាធិប្បាយស្តាំនិយម កញ្ញា Candace Owens និងតារាសម្តែងលោក Steven Seagal។
តំណាងក្រុមហ៊ុនការពារជាតិអ៊ុយក្រែន Fire Point បានបង្ហោះវីដេអូនៃដ្រូន និងផ្សែងខ្មៅយ៉ាងក្រាស់នៅមាត់សមុទ្រ ព្រមទាំងសរសេរឌឺដងថា ពួកគេមិនអាចរំលងព្រឹត្តិការណ៍ដ៏សំខាន់ដែលមានភ្ញៀវកិត្តិយសបែបនេះបានឡើយ។
បច្ចុប្បន្ន អ៊ុយក្រែនបានអភិវឌ្ឍវិស័យការពារជាតិរបស់ខ្លួនយ៉ាងខ្លាំងក្លា និងអាចវាយប្រហារចំគោលដៅនៅក្នុងប្រទេសរុស្ស៊ីជាទៀងទាត់ ដោយផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីតាំងប្រេង ដែលជាប្រភពផ្តល់ថាមពលដល់ម៉ាស៊ីនសង្គ្រាមរបស់រុស្ស៊ី។
ទន្ទឹមនឹងនេះ ការវាយប្រហារគ្នានៅតែបន្តបង្កឱ្យមានជនស៊ីវិលរងគ្រោះ ដោយដ្រូនអ៊ុយក្រែនបានបុកចំរថយន្តក្រុងមួយគ្រឿងក្នុងតំបន់ Donetsk គ្រប់គ្រងដោយរុស្ស៊ី សម្លាប់មនុស្ស ៧ នាក់ ខណៈការវាយប្រហារដោយមីស៊ីល និងដ្រូនរបស់ម៉ូស្គូនៅទូទាំងអ៊ុយក្រែនកាលពីយប់ថ្ងៃ១មិថុនា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់៕









