វិភាគ៖ តើ​វប្ប​ធម៌ «ងើប​មួយ​វាយ​មួយ»នឹង​​បន្សល់​​ទុក​​នូវ​​ផល​​​វិបាក​អ្វី​ខ្លះ​សម្រាប់​អនាគត​កម្ពុជា?

ការ​ថ្លែង​សារ​នយោ​បាយ​របស់​ប្រធាន​ព្រឹទ្ធ​សភា​កម្ពុជា លោក ហ៊ុន សែន ដែល​បាន​ប្រកាស​ជា​សាធារណៈ​នា​​ពេល​ថ្មីៗ​នេះ ក្នុង​ការ​តាម​កម្ទេច​ពលរដ្ឋ និង​អ្នក​នយោ​បាយ​បក្ស​ប្រឆាំង​ណា​ដែល​មាន​បំណង ឬ​និ​យា​យ​​រឿង​ចង់​ផ្ដួល​រំលំ​រដ្ឋាភិ​​បាល​ត្រកូល​ហ៊ុន ដោយ​គ្មាន​ញញើត​ដៃ ព្រម​ទាំង​ការ​សង្កត់​ធ្ងន់​នូវ​​ទស្សនៈ «ងើប​មួ​យ​​វាយ​មួយ» គឺ​ជា​ព្រឹត្តិ​ការណ៍​​នយោ​បាយ​ដ៏​ស្រួច​ស្រាវ​មួយ។

ភាសា​បែប​នេះ ត្រូវ​បាន​លោក ហ៊ុន​សែន លើក​​ឡើង​ជា​ញឹក​ញាប់ រួម​ទាំង​លើក​ឡើង​ជា​ថ្មី​ទៀត ក្នុង​កម្ម​វិធី​មួយ​នៅ​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២៦។

នៅក្នុងសុន្ទរកថានោះ លោក ហ៊ុន សែន បានបញ្ជាក់យ៉ាងច្បាស់ៗថា កម្ពុជានេះ មិន​អាច​ឱ្យ​នរណា​ដឹក​នាំ​នោះ​ទេ​ ក្រៅ​ពី​រដ្ឋាភិ​បាល​ត្រកូល​ហ៊ុន និង​សមាជិ​ក​គណបក្ស​ប្រជា​ជន​កម្ពុជា។

ការដឹកនាំតាមបែបគំរាមកំហែងនេះ គឺជារូបភាពនៃការដើរថយក្រោយយ៉ាងគំហុក​នៃ​រប​ប​ប្រជា​ធិប​តេយ្យ​សេរី​ពហុ​បក្ស ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្ម​នុញ្ញ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។

នៅពេលដែលប្រធានស្ថាប័ននីតិបញ្ញត្តិជាន់ខ្ពស់ និងជាប្រមុខបក្សកាន់អំណាច ប្រកាស​ប្រើ​ប្រាស់​កម្លាំង​បាយ ឬ​វិធាន​​ការ​​ក្តៅ​​ដើម្បី​កម្ទេច​សត្រូវ​នយោ​បាយ និង​ពលរដ្ឋ​ដែល​មាន​គំនិត​ផ្ទុយ វា​កំពុង​បង្ហាញ​ពី​ការ​រលាយ​រលត់​នៃនីតិ​​រដ្ឋ និង​ការ​ជំនួស​មក​វិញ​នូវ​នីតិ​រដ្ឋ​ដោយ​អំណាច​បុគ្គល។

យុទ្ធសាស្ត្រ «ងើបមួយវាយមួយ» មិនត្រឹមតែជាការព្រមានដល់ក្រុមប្រឆាំងនៅក្រៅ​ប្រទេស​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​ជាកា​រ​ដាក់​សម្ពាធ​ផ្លូវ​ចិត្ត​យ៉ាង​ធ្ងន់​ធ្ងរ​​​ទៅ​លើ​ពលរដ្ឋ​ស្លូត​ត្រង់​នៅ​ក្នុង​ស្រុក ឱ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​វប្ប​ធម៌​នៃ​ការ​ភ័យ​ខ្លាចមិន​​​​ហ៊ាន​​រិះ​គន់ ឬ​​ចូល​រួម​មតិ​ក្នុង​កិច្ច​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ។

ការណ៍នេះ ធ្វើឱ្យលំហសេរីភាពសង្គមស៊ីវិល និងសារព័ត៌មានឯករាជ្យកាន់តែរួមតូចទៅៗ រហូតដល់ស្ទើរតែ​បាត់បង់ទាំងស្រុង ព្រោះព្រំដែនរវាងការរិះគន់ដើម្បីស្ថាបនា និងការចោទប្រកាន់ពីបទប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិ​បាល ត្រូវបានកំណត់តាមអំពើចិត្តរបស់ប្រមុខមេដឹកនាំគណបក្សកាន់អំណាច។

លើសពីនេះ​ទៅទៀត ការប្រកាសជាចំហថា ប្រទេសជាតិត្រូវតែដឹកនាំដោយរដ្ឋាភិបាលត្រកូលហ៊ុន និងសមាជិកគណបក្សប្រជាជនកម្ពុជាតែមួយគត់ គឺជាការលុបបំបាត់ចោលនូវខ្លឹមសារពិតប្រាកដនៃការបោះឆ្នោត និងសិទ្ធិស្វ័យសម្រេចរបស់ប្រជាពលរដ្ឋ។

គោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យចែងថា អំណាចគឺជារបស់ប្រជាពលរដ្ឋ ហើយ​ការ​ផ្លាស់​ប្តូរ​អ្នក​ដឹក​នាំ​តាម​រយៈ​ការ​បោះ​ឆ្នោត​ដោយ​សេរី ត្រឹម​ត្រូវ និងយុត្តិធម៌ គឺជាសិទ្ធិមិនអាចកាត់ថ្លៃបាន។

នៅ​ពេលដែលអំណាចរដ្ឋត្រូវបានកំណត់ជាមុនថាជាកម្មសិទ្ធិផ្តាច់មុខរបស់វង្សត្រកូលណាមួយ ឬ​គណបក្ស​​ណា​មួយ វា​​នឹង​ធ្វើឱ្យស្ថាប័នជាតិទាំងមូលប្រែក្រឡាទៅជាឧបករណ៍​បម្រើផលប្រយោជន៍​ក្រុម​គ្រួសារ ​និង​បក្ខ​ពួក​និយម ជាជាងការបម្រើផលប្រយោជន៍សាធារណៈ។

និន្នាការបែបនេះ រុញច្រានកម្ពុជាឱ្យដើរចេញឆ្ងាយពីប្រព័ន្ធនយោបាយទំនើបដែលមានការត្រួតពិនិត្យ និងតុល្យ​ភាព​​អំណាច រួចធ្លាក់ទៅក្នុងរបបនយោបាយនាយទុនផ្តាច់ការ ដែលអំណាច និងធនធានសេដ្ឋកិច្ចត្រូវបានប្រមូលផ្តុំ​នៅ​ក្នុងដៃមនុស្សមួយក្រុមតូច។

នៅក្នុងទិដ្ឋភាពសង្គម និងការឯកភាពជាតិ ការប្រើប្រាស់ធម៌ក្តៅ និងវោហាសាស្ត្រវាយ​កម្ទេច​បែប​នេះ​ បង្កើត​​​​​ឱ្យ​មា​ន​​ការ​​បែក​​បាក់​​ផ្ទៃ​ក្នុង​ជាតិ​យ៉ាង​​ជ្រៅ។

ប្រវត្តិ​សាស្ត្រ​កម្ពុជា បាន​បង្ហាញ​រួច​មក​ហើយ​ថា​វប្ប​ធម៌ «ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច ទឹក​ខ្សោះ​ស្រមោច​ស៊ី​ត្រី» ឬ​ការ​ចាត់​​ទុក​អ្នក​មាន​មតិ​ផ្ទុយ​ជា​សត្រូវ​សាសន៍​ដទៃ មិន​ដែល​នាំ​មក​នូវ​សន្តិភា​ព​ប្រកប​ដោយ​ចីរ​ភាព​នោះ​ឡើយ។

ការ​បង្ក្រាប​ដោយគ្មានការយោគយល់ អាចរក្សាបាននូវភាពស្ងប់ស្ងាត់តែសំបកក្រៅ ឬ​ជា​សន្តិ​ភាព​ដោយ​បង្ខំ ប៉ុន្តែ​វា​​នឹង​​បង្កើត​ឱ្យ​មាន​កំហឹង​សង្គម និង​ការ​មិន​ពេញ​ចិត្ត​ដោយ​ស្ងប់​ស្ងាត់​នៅ​ក្នុង​ចិត្ត​របស់​ពលរដ្ឋ។

នៅពេលដែលពលរដ្ឋមានអារម្មណ៍ថា ពួកគេមិនមែនជាម្ចាស់ប្រទេស ប៉ុន្តែជាអ្នកចំណុះអំណាច​របស់​ត្រកូល​ណា​មួយ ស្មារតី​ស្នេហា​ជាតិ និង​ការ​លះ​បង់​ដើម្បី​វឌ្ឍន​ភាព​សង្គម​នឹង​ត្រូវ​ចុះ​ខ្សោយ ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ការ​កសាង​ដើម​ទុន​សង្គម និង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្ស​ប្រកប​ដោយ​សម​ធម៌។

ងាក​មកពិនិត្យលើទិដ្ឋភាពសេដ្ឋកិច្ច និងឱកាសចំណេញខាតរបស់ប្រទេសជាតិវិញ របប​ដឹក​នាំ​បែប​នេះ នាំ​ម​ក​នូវ​ការ​​ខាត​បង់​យុទ្ធ​សាស្ត្រ​ធំធេងជាងផលចំណេញរយៈពេលខ្លី។

ពិតណាស់ អ្នកគាំទ្ររដ្ឋាភិបាលអាចលើកឡើងថា ការក្តាប់អំណាចណែនក្នុងដៃ និងការកម្ទេច​ក្រុម​ប្រឆាំង​ និង​អ្នក​មាន​គំនិត​ផ្ទុយ ជួយ​រក្សា​បាន​នូវ​ស្ថិរ​ភាព​នយោ​បាយ​ដែល​ជា​លក្ខ​ខណ្ឌ​ចាំបាច់ ដើម្បី​ទាក់​ទាញ​ការ​វិនិ​យោគ។

ទោះ​ជាយ៉ាងណា​ ស្ថិរភាពដែលកើតចេញពីការគំរាមកំហែង និងការ​ភ័យ​ខ្លាច គឺ​ជា​ស្ថិរ​ភាព​ដែល​មាន​ហានិភ័យ​​ខ្ពស់ និង​​មិន​​មាន​ភាព​យូរ​អង្វែង​ឡើយ ព្រោះ​វា​មិន​មាន​គ្រឹះ​រឹង​មាំ​ផ្អែក​លើ​ស្ថាប័ន​ច្បាប់​ឯករាជ្យ។

អ្នក​វិនិយោគទុនអន្តរជាតិខ្នាតធំមកពីបណ្តាប្រទេសប្រជាធិបតេយ្យ ដែលនាំមកនូវបច្ចេកវិទ្យាខ្ពស់ និងស្តង់​​ដារ​ការ​ងារ​ល្អៗ តែងតែមានការរារែកក្នុងការបោះទុននៅក្នុងប្រទេស​ដែលមានហានិភ័យផ្នែកនយោ​បាយ​​​​ខ្ពស់ និងប្រព័ន្ធ​​តុលាការ​​ដែល​ស្ថិតនៅក្រោមបង្គាប់របស់អ្នកនយោបាយ។

ជាលទ្ធផល កម្ពុជានឹងបាត់បង់ឱកាសក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការទាក់ទាញទុនវិនិយោគប្រកប​ដោយ​គុណ​​ភាព។ ការខាតបង់ផ្នែកសេដ្ឋកិច្ចមួយទៀតដែលមើលឃើញយ៉ាងច្បាស់ គឺការប៉ះពាល់ដល់ទំនាក់​ទំនង​​ពាណិជ្ជ​កម្ម​ជាមួយ​ដៃគូអន្តរជាតិធំៗ ដូចជាសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក។

ការបន្តរឹតបន្តឹងសិទ្ធិមនុស្ស និងការបោសសម្អាតសំឡេងប្រឆាំងតាមរបៀបគ្មានញញើតដៃ គឺជាការផ្តល់លេស និង​​ភស្តុតាងកាន់តែរឹងមាំដល់សហគមន៍អន្តរជាតិក្នុងការអនុវត្តទណ្ឌកម្មសេដ្ឋកិច្ច ឬការដកហូតប្រព័ន្ធ​​អនុ​គ្រោះ​​ពាណិជ្ជ​កម្ម​បន្ថែម​​ទៀត ដូចជាប្រព័ន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ និងប្រព័ន្ធអនុគ្រោះទូទៅ​ជាដើម។

នៅពេលដែលប្រព័ន្ធអនុគ្រោះទាំងនេះត្រូវបានបាត់បង់ វិស័យកាត់ដេរ និងផលិតកម្មនានានៅកម្ពុជាដែលជា​ឆ្អឹង​ខ្នងសេដ្ឋកិច្ច និងជាប្រភពចំណូលរបស់កម្មកររាប់លាននាក់ នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែង​យ៉ាង​ខ្លាំង ដែលអាចបណ្តាលឱ្យមានការបិទរោងចក្រ និងការបាត់បង់ការងារធ្វើ។

ផលវិបាកទាំងនេះ នឹងធ្លាក់ទៅលើស្មារបស់ពលរដ្ឋក្រីក្រ និងស្រទាប់វណ្ណៈកណ្តាល ដែលមិនមែន​ជា​អ្នកបង្កើត​​ជម្លោះ​​នយោ​បាយ​នោះ​ឡើយ។

ក្នុងបរិបទនៃភូមិសាស្ត្រនយោបាយតំបន់ និងសកលលោក យុទ្ធសាស្ត្រដឹកនាំបែបដាច់​ខាត និង​ការ​ការ​ពារ​អំណាច​​វង្ស​ត្រកូល​របស់​ លោក ហ៊ុន សែន នឹង​រុញ​ច្រាន​កម្ពុជា​ឱ្យធ្លា​ក់​ចូល​ទៅ​ក្នុង​ភាព​ឯកោ​នៅ​លើ​ឆាក​អន្តរ​ជាតិ​កាន់​តែ​ខ្លាំង។

ការងាកចេញពីតម្លៃប្រជាធិបតេយ្យជាសកល ធ្វើឱ្យកម្ពុជាបាត់បង់មិត្តភក្តិ និងដៃគូ​យុទ្ធ​សាស្ត្រ​នៅ​ក្នុង​ប្លុក​លោក​ខាង​លិច ដែល​ជា​ទីផ្សារ​នាំ​ចេញ​ដ៏​ធំ​បំផុត​របស់​ខ្លួន។

ដើម្បីរស់រាន និងរក្សាអំណាច ទណ្ឌកម្ម និងសម្ពាធពីលោកខាងលិច នឹងបង្ខំឱ្យរដ្ឋាភិបាលត្រកូល​ហ៊ុន ត្រូវ​តែ​ងាក​ទៅ​ពឹង​ផ្អែក​ស្ទើរ​តែ​ទាំង​ស្រុង​លើ​ការ​គាំទ្រ​ផ្នែក​នយោ​បាយ យោធា និង​សេដ្ឋ​កិច្ច​ពី​បណ្តា​ប្រទេស​មហា​អំណាច​ផ្តាច់​ការ ជា​ពិសេស​គឺ​ប្រទេស​ចិន។

ការពឹងផ្អែកលើប៉ូលអំណាចតែមួយជ្រុងយ៉ាងខ្លាំងក្លាបែបនេះ គឺជាគ្រោះថ្នាក់ដ៏ធំធេងចំពោះ​ឯក​រាជ្យ​ភាព​ អធិប​តេយ្យ​ភាព​ជាតិ និង​ភាព​បត់​បែន​ផ្នែក​ការ​ទូត​របស់​កម្ពុជា ដែល​ផ្ទុយ​ទៅ​នឹង​នយោ​បាយ​ការ​បរទេស​អព្យា​ក្រឹត អចិន្ត្រៃយ៍ និង​មិន​ចូល​បក្ស​សម្ព័ន្ធ ដែលមានចែងក្នុងច្បាប់រដ្ឋធម្មនុញ្ញរបស់ជាតិ។

លើសពីនេះ និន្នាការនៃការផ្ទេរអំណាចតាមបែបតំណពូជ និងការការពារអំណាចនោះដោយប្រើវិធីវោហាសាស្ត្រ​ហិង្សា​ដូចលោក ហ៊ុន សែន បានលើកឡើង ក៏ធ្វើឱ្យខូចខាតដល់កេរ្តិ៍ឈ្មោះ និងកិត្យានុភាពរបស់កម្ពុជា​នៅ​លើ​ឆាក​អន្តរ​ជាតិ​ផង​ដែរ។

កម្ពុជា នឹងត្រូវបានមើលឃើញថាជាប្រទេសដែលមិនគោរពតាមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ ១៩៩១ ដែលជាគ្រឹះនៃការបង្កើតរបបគ្រប់គ្រងថ្មី និងជាការសន្យារបស់រដ្ឋកម្ពុជាចំពោះសហគមន៍អន្តរជាតិ​ក្នុងការកសាង​រដ្ឋប្រជាធិបតេយ្យដែលគោរពសិទ្ធិមនុស្ស។

ការបំពានលើការសន្យាជាសកលនេះ ធ្វើឱ្យកម្ពុជាបាត់បង់ទម្ងន់ជឿទុកចិត្តក្នុងការចរចា ឬ​ការ​ដើរ​តួនាទី​ជា​អ្នក​សម្រប​សម្រួល​នៅ​ក្នុង​ក្រប​ខណ្ឌ​តំបន់ ដូច​ជា​អាស៊ាន​ជាដើម។

ជារួម សារព្រមាន និងតាមកម្ទេច និងការសង្កត់ធ្ងន់លើយុទ្ធសាស្ត្រ «ងើបមួយវាយមួយ» របស់លោក ហ៊ុន សែន ម្តងហើយម្តងទៀតរបស់លោក ហ៊ុន សែន គឺជាការឆ្លុះបញ្ចាំងពីទស្សនៈនយោបាយ «មានអញ់ អត់ឯង» ពោលគឺការរស់របស់ភាគីម្ខាង គឺជាការស្លាប់របស់ភាគីម្ខាងទៀត។

ទោះបីជាវិធីសាស្ត្រនេះ អាចផ្តល់ផលចំណេញភ្លាមៗ ដល់រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក្នុងការរក្សា​អំណាច និងការបង្ក្រាបរាល់ការគំរាមកំហែងចំពោះវង្សត្រកូល ប៉ុន្តែវាបានបង្កើតនូវការខាតបង់យ៉ាងធំធេង និងរ៉ាំរ៉ៃសម្រាប់​អនាគតប្រទេសជាតិ។

ការបំផ្លាញប្រព័ន្ធប្រជាធិបតេយ្យ ការបង្កើតបរិយាកាសភ័យខ្លាចក្នុងសង្គម ការបែកបាក់ជាតិ ការប្រឈមនឹងទណ្ឌកម្មសេដ្ឋកិច្ច និងការបាត់បង់ឯករាជ្យភាពផ្នែកការបរទេស គឺជាតម្លៃដ៏ខ្ពស់ហួសហេតុដែលកម្ពុជាត្រូវបង់ គ្រាន់តែដើម្បីធានាការក្តាប់អំណាចផ្តាច់មុខរបស់ក្រុមគ្រួសារលោក ហ៊ុន សែន។

វឌ្ឍនភាព និងសន្តិភាពពិតប្រាកដរបស់កម្ពុជា មិនអាចកើតមានឡើងបានឡើយ ដរាបណាវប្បធម៌នយោបាយនៃ​ការគំរាមកំហែង និងការចាត់ទុកពលរដ្ឋខ្លួនឯងជាសត្រូវ នៅតែបន្តប្រើប្រាស់ជាស្នូលនៃការដឹកនាំរដ្ឋ ដូចការលើកឡើងរបស់លោក ហ៊ុន សែន នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ