អ្នកឃ្លាំមើល និងបញ្ញវន្តខ្មែរមួយចំនួន គ្មានសង្ឃឹមថា កម្ពុជានឹងអាចទាមទារទឹកដីពីថៃមកវិញបាន តាមរយៈការចរចាទ្វេភាគី ដែលថៃព្យាយាមគេចវេសជិតកន្លះឆ្នាំមកហើយនោះបានទេ និងបានជំរុញឱ្យរដ្ឋាភិបាលកម្ពុជាឆាប់ដាក់ពាក្យប្តឹងថៃទៅតុលាការអន្តរជាតិ ICJ និងគ្រប់យន្តការច្បាប់អន្តរជាតិ ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២ខែមិថុនា ក៏បានប្រកាសប្រើយន្តការផ្សះផ្សាដោយចាប់បង្ខំក្រោមនីតិសមុទ្រUNCLOS ដើម្បីដោះស្រាយវិវាទដែនសមុទ្រត្រួតស៊ីគ្នាជាមួយថៃ។
ថ្មីៗនេះ លោកអានុទីន ឆាន់វីរៈគុន នាយករដ្ឋមន្ត្រីថៃ បានប្រកាសលែងទទួលស្គាល់ផែនទីបារាំងសៀមខ្នាត១លើ២០០ពាន់ ដោយប្រកាសប្រើផែនទីខ្នាត១លើ៥០ពាន់ ដែលថៃបានគូសដោយខ្លួនឯងជាឯកតោភាគីវិញ ខណៈថៃនៅតែគឃ្លើនរុលចូលវាទយកដីកម្ពុជាជារៀងរាល់ថ្ងៃ ចាប់តាំងពីក្រោយបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។ សាធារណជន បានបន្តចោទសួរថាតើហេតុអ្វីបានជារដ្ឋាភិបាលលោកហ៊ុន ម៉ាណែត នៅតែមិនទាន់ប្តឹងថៃទៅកាន់យន្តការច្បាប់អន្តរជាតិ ក្រៅពីចេញសេចក្តីថ្លែងការណ៍ថ្កោលទោសថៃដែលគ្មានប្រសិទ្ធភាព។
សម្រាប់ លោកអ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ យល់ថា វាមានចំណុចមួយចំនួនដែលគួរពិចារណាពីមូលហេតុដែលរដ្ឋាភិបាលល លោកហ៊ុន ម៉ាណែត មិនហ៊ានប្តឹងថៃទៅកាន់តុលាការអន្តរជាតិ។ ចំណុចចំបងទី១ គឺអាចដោយសារតែបើសិនជាប្តឹងថៃទៅ ខ្លាចប៉ះពាល់ដល់វៀតណាម ពីព្រោះលោកហ៊ុន សែន ត្រូវបានលើកបន្តុបឱ្យឡើងកាន់អំណាចដោយវៀតណាម ហើយលោកហ៊ុន សែន បានសងគុណវៀតណាម តាមរយៈការកាត់ដែនដីគោកនិងផ្ទៃសមុទ្រ រួមទាំងកោះត្រល់ និងចង្កោមកោះក្រចកសេះ រាប់ម៉ឺនគីឡូម៉ែត្រក្រឡា ទៅឱ្យវៀតណាម តាមរយៈសន្ធិសញ្ញាឆ្នាំ១៩៨២-៨៣និង៨៥។
លោកថា៖ «បើប្តឹងថៃទៅកាន់តុលាការអន្តរជាតិICJ អាចវៀតណាមគេខឹង កាលណាប្តឹងថៃអាចថ្ងៃក្រោយប្តឹងវៀតណាមដែរ អាហ្នឹងបញ្ហាទី១។ បញ្ហាទី២ ដោយសាររដ្ឋាភិបាលលោកហ៊ុន ម៉ាណែត យល់ថា បើសិនជាថៃមិនទទួលស្គាល់យុត្តាធិការរបស់ICJ អ៊ីចឹងកម្ពុជាមិនអាចប្តឹងថៃបាននោះទេ។ ហើយមួយទៀត បើសិនជាប្តឹងថៃទៅ ICJ ទៅ អាចថៃខឹងបង្កើតឱ្យមានសង្គ្រាមម្តងទៀត ទម្លាក់ត្រកូលហ៊ុនពីអំណាច។ មួយទៀតរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ចង់ចរចាទ្វេភាគី គឺមានការងាយស្រួលក្នុងការបន្លែបន្លំជាមួយថៃកាត់ទឹកដីខ្មែរឱ្យថៃ ដើម្បីដូរយកសន្តិភាពនិងអំណាចរបស់ត្រកូលហ៊ុន»។
បើតាមអ្នកជំនាញកិច្ចការព្រំដែនរូបនេះ ដំណើរនៃការចរចារកដំណោះស្រាយវិវាទព្រំដែនគោកជាមួយថៃរបស់លោកហ៊ុន ម៉ាណែត គឺអាចនឹងមិនខុសពីអ្វីដែលលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសបានលើកឡើងនោះទេ។ លោក សុខុន និយាយថា វាស់វែងទៅបើយើងចូលដីគេបន្តិចបន្តួច កាត់ទៅឱ្យគេទៅ ហើយរើផ្ទះប្រជាជនចេញទៅ។ ត្រង់ចំណុចនេះ មានន័យថា ចង់ចរចាកាត់ទឹកដីទៅឱ្យថៃទៅ ហើយបញ្ចប់ត្រឹមប៉ុណ្ណឹងទៅ បោះបង្គោលត្រឹមប៉ុណ្ណឹងទៅ ដើម្បីកុំឱ្យមានសង្គ្រាមទៀត ដែលជាការដូរយកសន្តិភាពនិងការពារអំណាច ដើម្បីកុំឱ្យថៃទម្លាក់ត្រកូលហ៊ុនពីអំណាច ទើបលោកហ៊ុន ម៉ាណែត មិនហ៊ានប្តឹងថៃ។
លោកថា៖ «បើនៅតែបន្តធ្វើដូចសព្វថ្ងៃ មិនប្តឹងថៃទៅ ICJ មិនព្រមប្រើសិទ្ធិស្វ័យការពារទប់ស្កាត់មិនឱ្យថៃឈ្លានពាននោះទេ ខ្ញុំយល់ថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត មិនអាចទាមទារទឹកដីខ្មែរពីថៃបានវិញនោះទេ។ អ្វីដែលលោកហ៊ុន ម៉ាណែត ថា នឹងទាមទារទឹកដីខ្មែរចំនួន៦២ទីតាំងមកពីថៃវិញបាន វាគ្រាន់តែជានយោបាយប្រជាភិថុតិបោកប្រាស់ប្រជាពលរដ្ឋ ទិញពេលវេលា ដើម្បីកាន់អំណាចរបស់ត្រកូលហ៊ុនតទៅទៀតតែប៉ុណ្ណោះឯង»។
ជាមួយគ្នានេះ លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានចាត់ទុកការថ្លែងរបស់លោកអានុទីន ឆាន់វីរៈគុន ដែលលែងទទួលស្គាល់ផែនទីរបស់បារាំងខ្នាត១លើ២០០ពាន់ថា គ្រាន់តែជាសារនយោបាយផ្ទៃក្នុងរបស់ថៃប៉ុណ្ណោះ។ ទោះយ៉ាងណា លោកថា ការប្រកាសលែងទទួលស្គាល់ផែនទីបារាំងសៀមខ្នាត១លើ២០០ពាន់ របស់លោក អានុទីន ក៏អាចធ្វើឱ្យមានមហន្តរាយដល់ទឹកដីខ្មែរដែរ ដោយសារតែនាយករដ្ឋមន្ត្រីថៃរូបនេះ ចង់ឱ្យកម្ពុជាទទួលស្គាល់ផែនទីខ្នាត១លើ៥០ពាន់របស់ខ្លួន នៅពេលដែលថៃបានរុលចូលមកដណ្តើមកាន់កាប់ទឹកដីកម្ពុជា បានរហូតដល់ជាង៦០ទីតាំងរួចជាស្រេច ចាប់តាំងពីក្រោយបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥មក។
បច្ចុប្បន្ន ថៃនៅតែបន្តពង្រីកការឈ្លានពានទឹកដីខ្មែរ តាមផែនទីរបស់ថៃខ្នាត១លើ៥០ពាន់ និងបង្កការអុកឡុកផ្សេងៗ។ ប៉ុន្តែរដ្ឋាភិបាលកម្ពុជានៅតែមិនព្រមប្តឹងថៃទៅតុលាការអន្តរជាតិ។ ត្រង់ចំណុចនេះ លោកម៉ែន ណាត យល់ថា រដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ហាក់ដូចចែកគ្នាមិនដាច់ថាតើអ្វីទៅការតវ៉ាតាមផ្លូវច្បាប់អន្តរជាតិ ហើយអ្វីទៅហៅថា នយោបាយជាតិរបស់ខ្លួន ពីព្រោះតាម លោកហ៊ុន សែន បកស្រាយថ្មីៗនេះ គាត់បានផ្សាភ្ជាប់រឿងព្រំដែនជាមួយពួកអ្នកប្រឆាំងក្រៅស្រុក។ លោកថា ពួកអ្នកប្រឆាំងក្រៅស្រុកក្នុងស្រុកអីក៏ដោយ គឺគេលើកគំនិតដោយសារតែបារម្ភខ្លាចបាត់បង់ទឹកដីខ្លាចបាត់ប្រទេស។
លោកថា៖ «គ្មានអ្នកណាចង់ទៅប្រឆាំងផ្តួលរំលំរដ្ឋាភិបាលមួយ ដែលកំពុងតែធ្វើល្អ ឬធ្វើត្រឹមត្រូវទេ គ្មានទេ វាទាល់តែរដ្ឋាភិបាលហ្នឹងធ្វើអាក្រក់ពេក មិនទទួលខុសត្រូវចំពោះជាតិពេក និងធ្វើឱ្យបាត់បង់ទឹកដីទៅប្រទេសជិតខាងទាំងសៀមទាំងយួនជាដើម អាហ្នឹងបានគេរកលេសដើម្បីចោទប្រកាន់រដ្ឋាភិបាល។ អាហ្នឹងទៅបន្ទោសអ្នកប្រឆាំងយ៉ាងម៉េច? អ្នកប្រឆាំង គឺគេចង់គេចង់ការពារទឹកដីបស់គេដែរ មិនមែនទឹកដីបស់ លោកហ៊ុន សែន លោកហ៊ុន ម៉ាណែត ម្នាក់ឯងឯណា គឺជាទឹកដីរបស់ខ្មែរទាំងអស់គ្នា ដូច្នេះត្រូវនាំគ្នាការពារ។ កាលណា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត បែងចែកមិនដាច់រវាងអ្វីទៅការការពារទឹកដីជាតិ និងការការពារផលប្រយោជន៍នយោបាយហ្នឹង គឺវាធ្វើឱ្យច្របល់»។
បើតាមអ្នកឃ្លាំមើលរូបនេះ ការបន្តចាប់អ្នកប្រឆាំងដាក់គុកតាមអំពើចិត្តឥតល្ហែ និងការស្រែកគំរាមងើបមួយវ៉ៃមួយរបស់លោកហ៊ុន សែន ឥតឈប់ឈរ មកលើខ្មែរអ្នកស្នេហាជាតិ ប៉ុន្តែបែរជាអត់ធ្មត់ ស្ងៀមស្ងាត់ធ្វើការតវ៉ាល្មមៗប្រឆាំងថៃ ខណៈថៃនៅតែបន្តសម្រុករុលចូលឈ្លានពានទឹកដីកម្ពុជាជារៀងរាល់ថ្ងៃ រហូតនៅពេលនេះថៃធ្វើរបងបេតុងព័ទ្ធយកដីខ្មែរ បានបង្ហាញថា ទាំងលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត គឺខ្លាចបាត់បង់អំណាចជាងការបាត់បង់ទឹកដី ទើបនៅតែអូសក្រឡាមិនទាន់ហ៊ានប្តឹងថៃទៅតុលាការអន្តរជាតិ។
លោក ម៉ែន ណាត លើកឡើងថា ចាប់តាំងពីសង្គ្រាមថៃចូលឈ្លានពានកម្ពុជាជុំទី១ រហូតមកដល់បច្ចុប្បន្នគឺមានរយៈពេលជិត១ឆ្នាំហើយ វាគួរណាស់តែរដ្ឋាភិបាលកម្ពុជាពង្រឹងវិស័យការពារជាតិឱ្យបានខ្លាំងក្លា ពង្រឹងស្មារតីសាមគ្គីឯកភាពជាតិខ្មែរ ឱ្យវាមូលមាត់គ្នា មិនមែនត្រូវបង្កើតបញ្ហាឱ្យខ្មែរគ្នាឯង បង្កើតបក្ខពួកនិយម ប្រព្រឹត្តអំពើពុករលួយក្នុងជួរមន្ត្រី ដោះស្រាយមិនចេញ ហើយធ្វើឱ្យខ្មែរមានការបែកបាក់កាន់តែខ្លាំងដូចបច្ចុប្បន្ននេះយ៉ាងដូច្នេះទេ។
លោកថា៖ «ហើយដល់អ៊ីចឹងទៅកម្ពុជានៅតែទន់ខ្សោយដដែល នៅតែក្រីក្ររហេមរហាមដដែល។ អារឿងអស់ហ្នឹងហើយដែលធ្វើឱ្យថៃហ្នឹងគេប្រើលេសនេះលេសនោះ ដើម្បីមកប្រមាថឈ្លានពានខ្មែរតាមអំពើចិត្ត។ ហើយកម្ពុជាខ្សោយហ្នឹង គឺមានកេរ្តិ៍ឈ្មោះអាក្រក់ទៅទៀត ដែលធ្វើឱ្យប្រទេសដទៃៗ គេពិបាកក្នុងការជួយអន្តរាគមន៍ក្នុងរឿងថៃឈ្លានពានកម្ពុជាដែរ។ ប៉ុន្តែរឿងអ្នកដទៃជារឿងមួយ អាហ្នឹងអ្នកការទូតកម្ពុជាធ្វើការទៅ ប៉ុន្តែរឿងបច្ចុប្បន្នរដ្ឋាភិបាលលោកហ៊ុន ម៉ាណែត ត្រូវតែដាក់គោលការណ៍ឱ្យបានម៉ឺងម៉ាត់ ទី១ត្រូវប្តឹងថៃទៅតុលាការអន្តរជាតិ មិនអាចពន្យាពេលតទៅទៀតបានទេ»។
ចំណុចទី២ លោកប្រាក់ សុខុន និងអ្នកការទូតខ្មែរនៅតាមបណ្តាប្រទេសនានា ត្រូវធ្វើការងារការទូតឱ្យខ្លាំងបកអាក្រាតថៃ ដែលឈ្លានពានទឹកដីខ្មែរមិនឈប់មិនឈរ ដើម្បីទាមទារឱ្យថៃត្រូវតែដកកងទ័ពចេញពីកម្ពុជា។
ចំណុចទី៣ លោក ម៉ែន ណាត ជំរុញឱ្យកម្ពុជាត្រូវតែប្រើសិទ្ធិការពារខ្លួន មិនអាចនៅបណ្តោយឱ្យជនឈ្លានពានបន្តរុលចូលទឹកដីខ្មែរតាមអំពើចិត្តបែបនេះជាបន្តទៅទៀតនោះទេ។ បើលោកហ៊ុន ម៉ាណែត មិនប្រើលក្ខខណ្ឌទាំងអស់នេះទេ គឺធ្វើឱ្យសៀមកាន់តែគឃ្លើនប្រើលេសនេះលេសនោះ ដើម្បីប្រមាថនិងឈ្លានពានខ្មែរតទៅទៀត។
វីអូឌី មិនអាចទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី៥ខែមិថុនានេះ។
ក៏ប៉ុន្តែ លោក បូណា បានថ្លែងបញ្ជាក់ជាថ្មីទៀតជាដដែល នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់ ស្តីពីបច្ចុប្បន្នភាពព្រំដែនកម្ពុជា-ថៃ នៅថ្ងៃនេះ ថា រដ្ឋាភិបាលកម្ពុជាប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ ក្នុងការការពារខ្មែរព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុក ដោយគណៈកម្មការឥណ្ឌូចិនសៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែ គោរពអនុសញ្ញា សន្ធិសញ្ញាបារាំងសៀម ផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀម ព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានា ដែលភាគីទាំងពីរបានឯកភាពគ្នាកន្លងមក។
កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត នូវការកែប្រែខ្សែព្រំដែនណាមួយ ដែលកើតចេញពីការប្រើកម្លាំងនោះឡើយ។
យ៉ាងណាក្តី លោកបណ្ឌិត ឈិត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរលើបណ្តាញសង្គមថា ក្រៅពីការប្រើយន្តការដោយចាប់បង្ខំ កម្ពុជាក៏ត្រូវប្ដឹងថៃទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ(UNSC)លើរឿងព្រំដែនគោកផងដែរ ដោយសារយន្តការទ្វេភាគី (GBC, JBC, RBC…)បានជាប់គាំងហើយមកដល់ពេលនេះ។ ជាមួយគ្នានេះ លោកថា យន្តការសម្រុះសម្រួលពីភាគីទីបី ក៏មិនមានប្រសិទ្ធភាពនិងមិនអាចទៅមុខរួចដែរដោយថៃមិនបន្ទន់ជំហរ។
ប៉ុនែ្តមុននឹងប្ដឹងទៅ UNSC ត្រូវប្ដឹងទៅ ICJ ជាមុនសិន។ លោកបណ្ឌិតបន្តថា បើ ICJ មិនអាចធ្វើអ្វីបានដោយខ្វះការចូលរួមពីភាគីថៃ ឬជាប់គាំង នោះវាគ្រប់លក្ខខណ្ឌដែលកម្ពុជាអាចប្ដឹងទៅ UNSC បានហើយ ហើយស្ថាប័ននេះក៏មិនអាចបដិសេធបានដែរ។
ជាមួយគ្នានេះ ដោយហៅថៃថា ជា«រដ្ឋទំនើងកំពូលល្បិច»ក្រឡិចក្រឡុចនិយាយបាតដៃខ្នងដៃ លោកបណ្ឌិត គិន ភា ប្រធានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា បានសរសេរនៅលើបណ្តាញសង្គមនៅថ្ងៃទី៥ខែមិថុនានេះថា មានតែយើងជាខ្មែររួមគ្នាពង្រឹងសមត្ថភាពជាតិឱ្យកាន់តែរឹងមាំលើគ្រប់វិស័យ ជាពិសេសវិស័យការពារជាតិ សេដ្ឋកិច្ច ការទូត និងច្បាប់អន្តរជាតិប៉ុណ្ណោះ ទើបយើងអាចការពារអធិបតេយ្យភាព បូរណភាពទឹកដី និងផលប្រយោជន៍ជាតិរបស់កម្ពុជា ក្នុងបរិបទនៃការប្រកួតប្រជែង និងបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងតំបន់ និងពិភពលោក និងជាពិសេស«អាចប្រដៅក្បាលរដ្ឋបិសាចកុំឱ្យវាព្រហើនដាក់យើងបាន»៕









