ក្រុមប្រដាប់អាវុធលីបង់ ហេហ្សបូឡា នៅថ្ងៃទី៤ខែមិថុនា បានបដិសេធយ៉ាងដាច់អហង្ការចំពោះលក្ខខណ្ឌនៃកិច្ចព្រមព្រៀងឈប់បាញ់ដែលគាំទ្រដោយអាមេរិក រវាងអ៊ីស្រាអែល និងលីបង់។ មេដឹកនាំក្រុមនេះ គឺលោក ណាស៊ីម កាស៊េម បាននិយាយថា ការចរចានេះគឺ «គ្មានប្រយោជន៍» និង «គួរឱ្យអាម៉ាស់» សម្រាប់លីបង់។
ការបដិសេធនេះ បានកើតឡើងបន្ទាប់ពីអ៊ីស្រាអែល និងលីបង់ បានប្រកាសជាថ្មីនូវកិច្ចព្រមព្រៀងឈប់បាញ់ ជាមួយនឹងការបង្កើតតំបន់សន្តិសុខ «សាកល្បង» នៅខាងក្នុងប្រទេសលីបង់ ដែលតម្រូវឱ្យហាមឃាត់សកម្មជនក្រុមហេហ្សបូឡា និងតម្រូវឱ្យក្រុមនេះបញ្ឈប់ការវាយប្រហារលើអ៊ីស្រាអែល។
លោក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា លោកបានពិភាក្សាជាមួយក្រុមហេហ្សបូឡា និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនហ្សាមីន ណេតាញ៉ាហូ ហើយសង្ឃឹមថា លីបង់នឹងអាចមានសន្តិភាពឡើងវិញ។
មេដឹកនាំក្រុមហេហ្សបូឡា បានបញ្ជាក់ថា «ការសន្មត់ថាឈប់បាញ់» នេះ គឺស្មើនឹងការចុះចាញ់ និងជួយឱ្យអ៊ីស្រាអែលសម្រេចបាននូវគោលដៅរបស់ខ្លួន។ បរិយាកាសស្រដៀងគ្នានេះដែរ បានស្តែងឡើងនៅលើដងផ្លូវក្នុងតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលជាមូលដ្ឋានរឹងមាំរបស់ក្រុមហេហ្សបូឡា ដោយប្រជាជននៅទីនោះយល់ថា នេះជាកិច្ចព្រមព្រៀងចុះចាញ់ មិនមែនជាកិច្ចព្រមព្រៀងសន្តិភាពឡើយ។
កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ គឺអាស្រ័យលើ «ការជម្លៀសសកម្មជនហេហ្សបូឡាទាំងអស់» ចេញពីតំបន់ចន្លោះព្រំដែនអ៊ីស្រាអែល និងទន្លេលីតានី ដែលបច្ចុប្បន្នកំពុងកាន់កាប់ដោយកងទ័ពជើងគោកអ៊ីស្រាអែល ដោយមានអាមេរិកជួយណែនាំដល់ការបង្កើតតំបន់សាកល្បងឱ្យកងកម្លាំងប្រដាប់អាវុធលីបង់គ្រប់គ្រងផ្តាច់មុខ។ តំណាងប្រទេសទាំងពីរនឹងជួបគ្នាម្តងទៀតនៅថ្ងៃទី២២ ខែមិថុនា ដើម្បីបន្តការចរចា។
ទោះបីជាយ៉ាងណា ក្រុមហេហ្សបូឡាមើលឃើញពីផលប្រយោជន៍នយោបាយក្នុងការបង្ហាញខ្លួនឯងថាជាកម្លាំងតែមួយគត់ដែលអាចប្រឆាំងនឹងអ៊ីស្រាអែល។ ខណៈពេលដែលប្រធានាធិបតីលីបង់ លោក ហ្សូសែហ្វ អូន ថាការឈប់បាញ់អាចអនុវត្តបានក្នុងរយៈពេល ២៤ ម៉ោងក្រោយការអនុម័ត រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក អ៊ីស្រាអែល កាតស៍ បានប្រកាសថា កងទ័ពអ៊ីស្រាអែលនឹងបន្តប្រតិបត្តិការនៅលើដីដើម្បីកម្ទេចហេដ្ឋារចនាសម្ព័ន្ធភេរវកម្ម។ ការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងលីបង់បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៨ នាក់ស្លាប់។
ទន្ទឹមនឹងនេះ កងកម្លាំងរក្សាសន្តិភាពរបស់ UN ម្នាក់ (ជនជាតិស៊ែប៊ី) និងទាហានអ៊ីស្រាអែលម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នា។ ក្រុមហេហ្សបូឡាបានអះអាងថា ខ្លួនបានកំណត់គោលដៅលើទាហាន និងយានយន្តយោធាអ៊ីស្រាអែលនៅក្នុងទីក្រុងកានតារ៉ា និងតំបន់ប្រាសាទប៊ូហ្វត។
ប្រទេសលីបង់ត្រូវបានទាញឱ្យធ្លាក់ចូលទៅក្នុងសង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីថ្ងៃទី២ ខែមីនា នៅពេលដែលក្រុមហេហ្សបូឡាបានបាញ់រ៉ុកកែតសងសឹកនឹងការសម្លាប់មេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ មនុស្សយ៉ាងហោចណាស់ ៣,៥២៦ នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសលីបង់ ចាប់តាំងពីការចាប់ផ្តើមនៃសង្គ្រាមនេះ ហើយមនុស្សជាងមួយលាននាក់បានភៀសខ្លួន៕









