បទល្មើសបង្ខាំងមនុស្សធ្វើទារុណកម្ម ដើម្បីជំរិតទារប្រាក់ និងចោរកម្ម នៅខេត្តព្រះសីហនុ ត្រូវបានគេអះអាងមកថា កំពុងកើនឡើងពីជនជាតិចិន ដែលទាមទារឱ្យរដ្ឋាភិបាលចាត់វិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាព ដើម្បីបញ្ចៀសការភ័យខ្លាចដល់អ្នកវិនិយោគ និងសន្តិសុខសង្គម។
លោក ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រាប់សារព័ត៌មានក្នុងស្រុកនៅថ្ងៃសុក្រនេះថា ពិតជាមានករណីបង្ខាំងមនុស្ស នៅក្នុងបន្ទប់សណ្ឋាគារឈ្មោះ ហ័ងជា ហួយ័ន ជាវ ឌាន (Huang jia Hotel) មានទីតាំងនៅម្ដុំចំការស្ពៃ ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ពិតមែន។ លោកថា ជនរងគ្រោះ ត្រូវកម្លាំងកងរាជអាវុធហត្ថ ចូលរំដោះ ក្រោយពលរដ្ឋផ្តល់ព័ត៌មានស្នើឲ្យជួយអន្តរាគមន៍។
បើតាមការចុះផ្សាយនោះ បទល្មើសនេះ សមត្ថកិច្ចបានកំណត់មុខសញ្ញាជនល្មើស និងកំពុងអនុវត្តនីតិវិធី។ យ៉ាងណា មេបញ្ជាការអាវុធហត្ថខេត្តរូបនោះ មិនប្រាប់ឱ្យដឹងពីចំនួនជនសង្ស័យទេ ដោយគ្រាន់តែនិយាយខ្លីថា ជាករណីបង្ខាំងមនុស្សធ្វើទារុណកម្ម ជំរិតទារប្រាក់ពីជនរងគ្រោះ បក្ខពួកជនល្មើស គឺជាជនជាតិចិន។
ផ្តើមពីបញ្ហានេះ ប្រជាពលរដ្ឋរស់នៅក្រុងព្រះសីហនុ បង្ហាញព្រួយបារម្ភពីសុវត្ថិភាព ខណៈបទល្មើស ចាប់បង្ខាំងធ្វើទារុណកម្មជំរិតទារប្រាក់ ប្លន់ប្រដាប់អាវុធ ចោរកម្ម គាស់ផ្ទះ កាច់កម៉ូតូ គ្រឿងញៀន និងឃាតកម្មជាដើម បានបន្តធ្វើសកម្មភាពស្ទើររាល់ថ្ងៃ ប៉ុន្មានសប្តាហ៍មកនេះ។
លោក សាន ស៊ីណា ជាអាជីវកររស់នៅខេត្តព្រះសីហនុ លើកឡើងថា មូលដ្ឋាននេះ កើតមានបទល្មើសថ្មីៗជាច្រើនករណី ដែលមានជនល្មើសជាជនបរទេស ពិសេសជនជាតិចិន។ លោកថា តាមការសង្កេត បទល្មើសទាំងនេះ បានកើតឡើងស្ទើរជារៀងរាល់ថ្ងៃ ទោះបីសមត្ថកិច្ចបានបង្ក្រាប និងបញ្ជូនសំណុំរឿង ទៅកាន់តុលាការផ្តន្ទាទោស ជាបន្តបន្ទាប់បែបណាក្តី។
លោកចាត់ទុកហេតុការណ៍ចាប់បង្ខាំងស្ត្រីជនជាតិវៀតណាមធ្វើទារុណកម្មជំរិតទារប្រាក់ កាលពីថ្ងៃទី៤ ខែមិថុនា នៅក្នុងសណ្ឋាគារហ័ងជា ហួយ័ន ជាវ ឌាន (Huang jia Hotel) ថាជាសញ្ញាចាប់ជំរិតថ្មីទៀត មានសញ្ញាគួរឲ្យព្រួយបារម្ភ សម្រាប់ការរស់នៅ និងប្រកបរបរប្រចាំថ្ងៃ ក្នុងក្រុងព្រះសីហនុ។
លោកបន្ថែមថា៖ «ស្ត្រីរងគ្រោះជនជាតិវៀតណាមម្នាក់ បានបើកបង្អូចពីខាងក្រោយសណ្ឋាគារស្តែក ហើយយកក្រេមលាបមាត់បោះពីជាន់ទី៦ មកក្រោយ ដើម្បីស្នើឲ្យគេជួយ ឬប្តឹងសមត្ថកិច្ច ជួយករណីមានជនជាតិចិន ចាប់បង្ខាំងធ្វើទារុណកម្មវៃដំ។ ជនរងគ្រោះត្រូវគេវៃបែកមុខបែកមាត់អស់ហើយម្សិលមិញហ្នឹង។ ហើយក៏បានសមត្ថកិច្ចចុះទៅជួយសង្គ្រោះស្ត្រីរងគ្រោះបានទាន់ពេល។ តែជនបង្កជនជាតិចិន បានគេចខ្លួនបាត់ពីកន្លែងកើតហេតុ។ សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានចុះអន្តរាគមន៍សង្គ្រោះជនរងគ្រោះបានភ្លាមៗដែរម្សិលមិញ»។
ត្រង់ចំណុចនេះ លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពកម្ពុជា លើកឡើងថា អាជ្ញាធរខេត្តព្រះសីហនុ គួរត្រួតពិនិត្យ ឬធ្វើរដ្ឋបាលចំហ ទៅលើវត្តមានជនបរទេស ពិសេសជនជាតិចិន ដែលចូលមករស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីកំណត់អត្តសញ្ញាណ ឲ្យបានច្បាស់លាស់ ដ្បិតបទល្មើសដែលកើតមានជាបន្តបន្ទាប់មកនេះ នឹងនាំឱ្យប៉ះពាល់ដល់កិត្តិយសមូលដ្ឋាននេះធ្ងន់ធ្ងរ ពិសេសបង្កការភ័យខ្លាចដល់ពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគទុនជាដើម។
លោកបន្តថា៖ «នៅពេលឃើញមានបាតុភាព មានបញ្ហាកើតឡើងជាក់ស្តែង ដែលបង្កឡើងដោយជនជាតិចិនបែបនេះ ខ្ញុំគិតថា អាជ្ញាធរខេត្តព្រះសីហនុ គួរតែចាត់វិធានការកំណត់អាទិភាពក្នុងការពិនិត្យតាមដាន ជាពិសេសទៅលើជនជាតិចិន ដែលមានសាវតាមិនល្អ ដែលពួកគេមានប្រវត្តិជាប់ពាក់ព័ន្ធរឿងស្កែមជាដើមហ្នឹង។ អញ្ចឹងត្រូវតែមានការត្រួតពិនិត្យរដ្ឋបាលទៅលើជនជាតិចិន ដែលរស់នៅក្នុងខេត្តព្រះសីហនុ ឲ្យបានហ្មត់ចត់។ បើមិនអញ្ចឹងទេ មុខមាត់ខេត្តព្រះសីហនុ អាចនឹងប្រឈមការខ្លាចរអាជាក់ជាមិនខាន»។
អ្នកឃ្លាំមើលសង្គមរូបនេះ មើលឃើញថា បទល្មើសដែលកើតឡើង ក្រោយបែកសំបុក Scams Online នៅកម្ពុជា គឺទុកជាហានិភ័យថ្មីទៀត សម្រាប់សង្គមកម្ពុជា បើរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរខេត្តព្រះសីហនុ គ្មានវិធានគ្រប់គ្រងជនបរទេស ដែលកំពុងមានវត្តមាននៅកម្ពុជា ឲ្យបានត្រឹមត្រូវទេ។
តាម លោក សន ជ័យ ការឆ្លើយ ឬការបង្ក្រាបបទល្មើសបានទាន់ពេល និងមានប្រសិទ្ធភាព របស់សមត្ថកិច្ចជំនាញ នឹងជំរុញឲ្យខេត្តព្រះសីហនុ អាចនាំឲ្យភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ មានទំនុកចិត្តឡើងវិញនៅថ្ងៃអនាគត។
លោកបញ្ជាក់បន្ថែមថា៖ «ការបង្ក្រាបនិងការឆ្លើយតបលឿនទៅលើបទល្មើសឧក្រិដ្ឋដែលកើតឡើង និងការបង្ក្រាបឲ្យបានទាន់ពេលវេលា ព្រមទាំងការត្រួតពិនិត្យទៅលើសមាសភាព ដែលបង្កភាពអវិជ្ជមានដល់អសន្តិសុខ នៅខេត្តព្រះសីហនុហ្នឹង គឺជារឿងមួយត្រូវធ្វើជាបន្ទាន់»។
តាមការកត់សម្កាល់ ក្រោយរដ្ឋាភិបាលបើកយុទ្ធនាការក្តៅចាប់តាំងពីដើមឆ្នាំ២០២៦មក គេសង្កេតឃើញកើតមានបទឧក្រិដ្ឋធំៗ មានដូចជា ឃាតកម្ម ប្លន់ប្រដាប់អាវុធ និងចាប់បង្ខាំងមនុស្សធ្វើទារុណកម្មជំរិតទារប្រាក់ បានកើតឡើងជាបន្តបន្ទាប់ នៅតាមរាជធានីខេត្តមួយចំនួន ពិសេសនៅខេត្តព្រះសីហនុ។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែមេសា មានករណីជនជាតិចិន២នាក់ ចេញប្លន់ប្រដាប់អាវុធ ទៅលើអាជីវករនៅហាងបញ្ចាំមួយកន្លែង ស្ថិតក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។
មួយករណីទៀតគឺនៅថ្ងៃទី៧ ខែឧសភា សមត្ថកិច្ចក៏បានបង្ក្រាបករណីជនជាតិចិនមួយក្រុម បានចាប់បង្ខាំងស្ត្រីជនជាតិចិនម្នាក់ ដើម្បីជំរិតទារប្រាក់ ដោយរំដោះស្ត្រីរងគ្រោះជនជាតិចិនម្នាក់ និងចាប់ខ្លួនជនសង្ស័យចំនួន ៦នាក់ កសាងបញ្ជូនសំណុំរឿងទៅផ្តន្ទាទោស។
លើសពីនេះ កាលយប់ថ្ងៃទី២៣ ខែមីនា មានករណីខ្មាន់កាំភ្លើងមួយក្រុម បានបាញ់សម្លាប់ថៅកែកាស៊ីណូជនជាតិតៃវ៉ាន់ម្នាក់ ស្លាប់ក្នុងថ្លុកឈាម ហើយគិតមកដល់ថ្ងៃទី០៥ ខែមិថុនានេះ ពោលគឺជាង២ខែមកនេះ សមត្ថកិច្ចខេត្តនេះ នៅមិនទាន់ចាប់ខ្លួនជនល្មើស យកមកផ្តន្ទាទោសនៅឡើយទេ។
បញ្ហាទាំងនេះ ត្រូវបានគេជឿងថា កំពុងបង្កការភ័យខ្លាចដល់អ្នកវិនិយោគ ប្រជាពលរដ្ឋ និងសន្តិសុខសង្កម ដែលរដ្ឋាភិបាលត្រូវទប់ស្កាត់ឱ្យមានប្រសិទ្ធភាព រួមទាំងបោសសម្អាតមន្ត្រីពុករលួយជាប្រព័ន្ធផងដែរ ទើបអាចស្តារមុខមាត់កម្ពុជាបាន៕








