កសិករជិត ៧០០គ្រួសារ នៅខេត្តព្រះវិហារ ដែលមានជម្លោះជាមួយក្រុមហ៊ុនចំនួនពីរ រួមទាំងក្រុមហ៊ុនកូនលោក ទ្រី ភាព ត្រូវបានគេអះអាងមកថា ជិត ៥០០គ្រួសារ ត្រូវបានមន្ត្រីពីក្រសួងចុះទៅសម្របសម្រួលឱ្យចូលទៅធ្វើស្រែចម្ការលើដីធ្លាប់អាស្រ័យផលឡើងវិញបាន តែជាង ២០០គ្រួសារទៀត ស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ធ្វើឱ្យពួកគេបារម្ភពីវិបត្តិគ្រួសារ។
កាលពីថ្ងៃទី៤ខែមិថុនានេះ សមាគមការពារសិទ្ធិមនុស្សអាដហុក បាននិយាយថា កិច្ចប្រជុំរកដំណោះស្រាយ ធ្វើឡើងនៅរដ្ឋបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី លោក ផែង គីមស្រេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អភិបាលរងខេត្ត រួមទាំងអាជ្ញាធរពាក់ព័ន្ធជាច្រើននាក់ទៀត ជុំវិញបញ្ហាខាងលើនេះ។
យ៉ាងណា វីអូឌី មិនអាចរកការបន្យល់បន្ថែមពី លោក ផែង គីមស្រេង ដែលចុះជួបមន្ត្រីខេត្ត និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីសុំការពន្យល់ពីលទ្ធផលនៃការចុះដោះស្រាយបញ្ហាវិវាទដីធ្លីនេះបានទេ គិតត្រឹមម៉ោងផ្សាយនេះ។
យ៉ាងនេះក្តី មន្ត្រីអាដហុក ឱ្យដឹងថា បន្ទាប់ពីការជជែកស្វែងរកដំណោះស្រាយ កាលពីរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ប្រជាពលរដ្ឋចំនួន ៣៩៧គ្រួសារ នៅស្រុករវៀង និង ៩២គ្រួសារ នៅស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ឆាយណា ហ្គ្រេតខស ខេមបូឌា អ៊ីនវេសមេន ទទួលបានដំណោះស្រាយបណ្តោះអាសន្នចំនួន៣ចំនុច។
បើតាមប្រភពខាងលើ កសិករជិត ៥០០គ្រួសារនោះ ត្រូវបានអនុញ្ញាតឱ្យអាស្រ័យផលធម្មតាសិន ចំណែកពលរដ្ឋដែលមានទីលំនៅនៅស្រុកផ្សេង ឬខេត្តផ្សេង ត្រូវធ្វើការផ្ទេរទីលំនៅមកកន្លែងដែលគាត់កំពុងរស់នៅបច្ចុប្បន្ន ក្នុងដីទំនាស់ឱ្យបានលឿន។
រីឯចំនុចទី៣ ថ្ងៃទី៥ ខែមិថុនានេះ ក្រុមមន្រ្តីពាក់ព័ន្ធ នឹងចុះទៅធ្វើអត្តសញ្ញាណកម្មក្បាលដីប្រជាពលរដ្ឋ ដែលមានដីនៅក្នុងតំបន់មានទំនាស់។
ដោយឡែក ដំណោះស្រាយសម្រាប់ពលរដ្ឋខាងឃុំរីករាយ និងឃុំរួសរាន់ ជាមួយក្រុមហ៊ុន គ្លូបលហ្គ្រីន ខេមបូឌា អេនើជី ឌីវេឡុបមេន ជារបស់លោក ទ្រី ដាលុច កូនលោក ទ្រី ភាព ដែលមានពលរដ្ឋចំនួន២០២គ្រួសារ ពុំទាន់មានអ្វីជាក់លាក់ទេ ដោយមន្ត្រីពីក្រសួងអះអាងថានឹងចុះទៅដល់ទីតាំងដីផ្ទាល់ តែមិនកំណត់កាលបរិច្ឆេទចុះទេ។
លើសពីនេះ ពលរដ្ឋដែលទទួលយកសំណងហើយ មិនមានអ្វីដោះស្រាយទៀតទេ តែក្រសួងនឹងចុះទៅសិក្សាមើលថា បើពលរដ្ឋណាដែលពិតជាខ្វះខាតមែន ហើយត្រូវបានក្រុមហ៊ុនយកដី ខាងក្រសួង និងសហការជាមួយអាជ្ញាធរមូលដ្ឋាន រកទីតាំងដីថ្មី ដើម្បីឱ្យពលរដ្ឋដែលខ្វះខាតនោះអាចបង្កបង្កើនផលចិញ្ចឹមជីវិត តែការជជែកសម្រេចនេះ ខាងខេត្តបានអះអាងថា មិនមានលិខិតស្នាមលាយលក្ខណ៍ជាអក្សរទេ។
សម្រាប់តំណាងពលរដ្ឋ លោក សោម យូរី បង្ហាញការព្រួយបារម្ភថា ការតម្រូវឱ្យពលរដ្ឋផ្លាស់លំនៅឋាន កូនៗពួកគេអាចបាត់បង់ការសិក្សា ដោយសារតែចំណាកស្រុកតាមឪពុកម្តាយ។ លើសពីនេះ ចង់ឱ្យពលរដ្ឋទទួលបានប្លង់កម្មសិទ្ធិលើដីធ្លាប់អាស្រ័យផល ដើម្បីទប់ស្កាត់ការរំលោភបំពានពីក្រុមហ៊ុនជាថ្មីទៀត។
លោកថា៖ «ការសំណូមពរនោះមានដែរ ដោយជួយដំណោះស្រាយដាក់សន្យាឲ្យអាជ្ញាធរធ្វើប្លង់ធ្វើអីឲ្យកាន់កម្មសិទ្ធិច្បាស់លាស់ ហើយកន្លែងណាដែលមិនទាន់យកលុយមិនទាន់វៃដំណាំ ក៏ទុកឲ្យប្រជាពលរដ្ឋធ្វើស្វាយចន្ទីអីទៅ បើកន្លែងដាំដំឡូងក៏បន្តរហូតទៅ ធ្វើប័ណ្ណកម្មសិទ្ធិឱ្យទៅ ជួនណាអ្នកធ្វើប្លង់ក៏មិនហ៊ានធ្វើ ធ្វើប្លង់អត់បាន ព្រោះមានន័យថាសួរគេ គេថាថ្នាក់លើអត់ឱ្យធ្វើ»។
ចំណែក អ្នកស្រី នុត សុខឿន អះអាងថាជាអ្នកដែលទទួលសំណង ដោយសារតែពួកគេរងការគំរាមកំហែងចាប់ដាក់គុក ក្រោយពីក្រុមហ៊ុនយកគ្រឿងចក្រទៅឈូសកម្ទេចដំណាំស្វាយចន្ទីពួកគេចោលហើយ បង្ខំឱ្យទទួលសំណង ដែលបញ្ហានេះគាត់ចង់ឱ្យរដ្ឋាភិបាលពិចាណារដើម្បីមានដីសម្រាប់ចិញ្ចឹមជីវិត។
អ្នកស្រីថា៖ «ឈូសចោលចន្ទីអស់រលីងឆេញ ហៅគ្នាទៅវាស់យកលុយ តើច្បាប់មានដែលអត់លោកគូ្រដែលថាច្បាប់ឈូសដំណាំហើយឱ្យគ្នាយកលុយដី បង្ខំចិត្តនេះ ដែលដីខ្ញុំដែលដាំដំណាំដែលខ្ញុំខំគាស់កៀលរមៀលគល់វាល គាត់ឲ្យតម្លៃមួយដែលអាចឲ្យខ្ញុំអាចចិញ្ចឹមគ្រួសារទៅមុខបាន អាហ្នឹងខ្ញុំយល់ព្រមដែរ ឬមួយក៏ឲ្យលុយសំណងប៉ុណ្ណេះ ហើយអាចកាត់ឆ្វៀលឲ្យខ្ញុំពាក់កណ្តាលទៅវិញ ក៏ខ្ញុំព្រមដែរ ខ្ញុំជាអ្នកស្រែចម្ការពឹងពាក់តែនឹងដីស្រែចម្ការហ្នឹងឯង បើអត់ពីស្រែចំការ ខ្ញុំអត់ចង់ទៅស៊ីឈ្នួលជួលបស់អ្នកណាក្រៅពីធ្វើស្រែចម្ការទេ»។
ការអះអាងបែបនេះ ហាក់ស៊ីគ្នាទៅនឹង អ្នកស្រី ចិន យ៉នដែរ ដែលថា ក្រុមហ៊ុនបានគំរាមកំហែងចាប់ពលរដ្ឋពួកគេដាក់គុក បើមិនទទួលយកសំណងដែលតម្រូវដោយក្រុមហ៊ុន មិនមែនជាការស្ម័គ្រចិត្តទទួលយកសំណងដូចការអះអាងក្នុងកិច្ចប្រជុំទេ។
បញ្ហានេះ គាត់ចង់ឃើញមន្ត្រីពីក្រសួងដែលចុះទៅដល់តំបន់មានជម្លោះ បើកការស៊ើបអង្កេតរឿងនេះ ដើម្បីឱ្យពួកគាត់អាចមានដីសម្រាប់អាស្រ័យផលចិញ្ចឹមជីវិតឡើងវិញ។
អ្នកស្រីថា៖ «ដីដែលខ្ញុំនៅសល់ទាំងអស់គ្នាក្នុងប្លុកតំបន់ក្រុមហ៊ុន ស្នើសុំឲ្យអាជ្ញាធរពាក់ព័ន្ធឲ្យ ប្រគល់ជូនពួកខ្ញុំវិញ តែឲ្យមានការប្លង់កម្មសិទ្ធិជូនប្រជាពលរដ្ឋខ្ញុំឲ្យបានគ្រប់ៗគ្នាផង ដើម្បីគាត់បានអាស្រ័យផលបន្តទៅមុខទៀត។ ដីដែលខាងក្រុមហ៊ុនយកសុំឲ្យក្រុមហ៊ុនប្រគល់ដីជូនពួកគាត់វិញ ពីព្រោះក្រយៅដៃដែលផ្ដិតក្រយៅដៃយកលុយនោះ មិនមែនឱ្យខ្ញុំយកដោយការពេញចិត្តទេលោកគ្រូ ដោយសារខាងក្រុមហ៊ុនកាត់បង្ខិតបង្ខំ អាជ្ញាធរបង្ខិតបង្ខំគំរាមពួកគាត់ចាប់គាត់ដាក់គុក ដាក់ខ្នោះ ម្លោះហើយគាត់ខ្លាចបន្តិចបន្តួចក៏គាត់ផ្ដិតក្រយៅដៃព្រមទទួល ខាងក្រុមហ៊ុនគេថាគេមានសាក្សីមានភស្តុតាងអស់ហើយ តែដូចខ្ញុំជម្រាបខាងដើម ដូចខ្ញុំឧទាហរណ៍ថាកុំថាតែមួយហាត់ដប់លានលោកគ្រូ មួយហាត់ហាសិបម៉ឺន ក៏ខ្ញុំទទួលយកបានដែរ ឲ្យតែខ្ញុំមានឯកសារពីក្រុមហ៊ុនច្បាស់លាស់ដូចតែខាងគាត់យកពីខាងខ្ញុំ ប៉ុន្តែសម្រាប់ប្រជាពលរដ្ឋខ្ញុំអត់មានឯកសារមកពីខាងក្រុមហ៊ុនទេគ្រប់ៗគ្នា»។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យិន ម៉េងលី គាំទ្រយន្តការដោះស្រាយ ដោយមានវត្តមានមន្ត្រីពីក្រសួងចុះដល់ទីតាំងកើតហេតុ ដោយលោកសំអាងថា ការចុះទៅដល់ទីតាំងជម្លោះ មន្ត្រីនឹងមើលឃើញពីសកម្មភាពរំលោភបំពាននៅលើដីជាក់ស្តែង ដែលជាមូលដ្ឋាន សម្រាប់រកដំណោះស្រាយដល់ភាគីដែលងាយរងគ្រោះ។
ប៉ុន្តែលោកបារម្ភថា យន្តការដោះស្រាយវិវាទដីធ្លីជាមួយក្រុមហ៊ុននេះ នឹងមិនជោគជ័យទេ បើខ្វះអ្នកសម្របសម្រួលដែលមានឆន្ទៈមិនលម្អៀងនោះ។
លោកថា៖ «មួយទៀត យើងចង់សំណូមពរសុំឲ្យមានវប្បធម៌ក្នុងការជួបជជែកគ្នានេះ រវាងពលរដ្ឋក្រុមហ៊ុន និងមន្ត្រីជាន់ខ្ពស់របស់ខេត្ត ឬក៏របស់ស្រុក ហើយការជួបគ្នានេះ អាចជជែកទៅបានលុះត្រាតែមានការសម្របសម្រួលពីអ្នកសម្របសម្រួលមួយ ដោយកុំឲ្យមានភាពលម្អៀង កាលណាយើងយកភាពលម្អៀង ឬក៏ការដាក់គំនាបទៅលើភាគីម្ខាង នោះមិនសូវបានជោគជ័យទេ»។
កាលពីឆ្នាំ២០២៣ រដ្ឋលេខាធិការប្រចាំការទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បានចុះហត្ថលេខាអនុញ្ញាតឲ្យក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន (ខេមបូឌា) របស់លោក ទ្រី ដាលុច រុករកនិងធ្វើអាជីវកម្មរ៉ែដែកទូទាំងប្រទេស ដោយលើកហេតុផលថា ជួយអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
ក្រុមហ៊ុន គ្លូប៊ល ហ្គ្រីន ជាកម្មសិទ្ធិរបស់លោក ទ្រី ដាលុច ត្រូវជាកូនបង្កើត ឧកញ៉ា ទ្រី ភាព ដែលមានរឿងអាស្រូវលក់ដូរឈើប្រណីតខុសច្បាប់នាំចូលទៅក្រៅប្រទេស និងជាឈ្មួញឈើដ៏ល្បីល្បាញនៅកម្ពុជា។
ចំណែក វិវាទដីធ្លីរវាងពលរដ្ឋនៅស្រុកសង្គមថ្មី និងស្រុករវាងវិញ កើតឡើងក្រោយពីរដ្ឋាភិបាល បានផ្តល់ដីសម្បទានសេដ្ឋកិច្ចសម្រាប់វិនិយោគដំណាំកសិ-ឧស្សាហ៍កម្ម ឱ្យក្រុមហ៊ុន ឆាយណាហ្គេ្រត ខស (ខេមបូឌា) អ៊ិនវេសមេន លើផ្ទៃដីទំហំ ៥ ៩៨០ហិកតា តាមរយៈអនុក្រឹត្យ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១២។ នេះបើតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តព្រះវិហារ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦។
លិខិតដដែលបន្តថា ក្រោយមានការសម្របសម្រួលរវាងប្រជាពលរដ្ឋ ជាមួយភាគីក្រុមហ៊ុនវិនិយោគជាច្រើនលើក ភាគីខាងក្រុមហ៊ុនយល់ព្រមដោះស្រាយតាមយន្តការឈ្នះៗ ដោយផ្តល់ជូនប្រជាពលរដ្ឋដែលចូលមករំលោភកាន់កាប់លើទីតាំងដីរដ្ឋដែលបានចុះបញ្ជីរួចនេះ ក្នុង ១ហិកតា ជាថវិកាចំនួន ១ ២០០ ០០០រៀល (មួយលាន ម្ភៃម៉ឺនរៀល) ជាថ្នូរនឹងការចាកចេញ និងទុករយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ជាកំហិត។
ទោះជាយ៉ាងណា តំណាងប្រជាពលរដ្ឋទាំង ៣៩៧ គ្រួសារ បានអះអាងថា ពួកគាត់បានអាស្រ័យផលលើដីនោះ តាំងពីឆ្នាំ២០០០មក ខណៈក្រុមហ៊ុនបានចូលទៅឈូសឆាយលើដីនោះនៅឆ្នាំ២០១២។ ក្រុមតំណាងពលរដ្ឋចាត់ទុកការផ្តល់ដីដែលគាត់បាននិងកំពុងអាស្រ័យផល ទៅឱ្យក្រុមហ៊ុន ពីសំណាក់អាជ្ញាធររដ្ឋ ថាជារឿងមិនត្រឹមត្រូវ និងបានស្នើដល់រដ្ឋាភិបាល កាត់ឆ្វៀលដីជូនពួកគាត់បានអាស្រ័យផលវិញ ព្រោះពួកគាត់រស់ពឹងផ្អែកលើដីនោះដើម្បីជីវភាព៕









