បទយកការណ៍៖ ពលរដ្ឋ​​រស់​​ក្បែរ​​រណ្ដៅ​​រ៉ែ​​រប​ស់​​ក្រុម​ហ៊ុន​​មួយ​​​ក្នុង​​​ខេត្ត​​​កំព​ត​​​ទ្រាំ​​រស់​​​នៅ​​ទាំង​​ភាព​​ភ័យ​​ខ្លាច

ពលរដ្ឋ​​​ឃុំ​​ល្បើក ស្រុក​​ឈូក ខេត្ត​​កំពត ដែល​​ធ្លាប់​​តែ​​រស់​​នៅ​​​អាស្រ័យ​​នឹង​​​ព្រៃ​​ស្រោង ដោយ​​ការ​ជីក​ដំឡូង គាស់​ទំពាំង និង​កាប់​​ឫស្សី ឃ្វាល​​គោ​ជាដើម នៅ​ក្នុង​សហគមន៍​ភ្នំ​ត្នោត​នោះ ឥឡូវ​ស្ថានភាព​របស់​ពួកគេ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ទាំង​ស្រុង ក្រោយ​​ក្រុម​ហ៊ុន​​​​រ៉ែ​​របស់​អ្នក​មាន​ឥទ្ធិពល​ម្នាក់​ធ្វើ​អាជីវកម្ម​ជីក​កកាយ និង​បំផ្ទុះ​ដី​ថ្ម គាស់​រំលើង​យក​រ៉ែ​ជិត ២០​ទីតាំង ជាង ១ឆ្នាំ​មក​នេះ។

ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​ជាង ២០​គ្រួសារ ដែល​រស់​នៅ​ក្បែរ​រណ្ដៅ​រ៉ែ​របស់​ក្រុមហ៊ុន​ក្នុង​តំបន់​ភ្នំ​ត្នោត ស្ថិត​​នៅ​ភូមិ​​​ត្រពាំងគគីរ ឃុំ​ល្បើក ស្រុក​ឈូក បាន​អះ​អាង​​ថា ពួកគេ​បង្ខំ​ចិត្ត​ស៊ូ​ទ្រាំ​រស់​នៅ​​ទាំង​ភាព​ភ័យ​ខ្លាច ដោយ​សារ​​ជញ្ជាំង​​ផ្ទះ​របស់​​ខ្លួន​បាន​ប្រេះស្រាំ​​យ៉ាង​ដំណំ បណ្ដាល​មក​ពី​ការ​បំផ្ទុះ​ដី​យក​រ៉ៃ ជាង ១​ឆ្នាំ​មក​ហើយ។

អ្នកស្រី ខឹម នួន ថ្លែង​ប្រាប់​វីអូឌី​ដោយ​ទឹក​មុខ​​អស់​សង្ឃឹម​ថា រាល់​ថ្ងៃ​អ្នកស្រី​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​បន្ត​រស់​នៅ​ក្នុង​ផ្ទះ​ថ្ម​ផ្ទាល់​ដី ដែល​​រង​ការ​ប្រេះស្រាំ​នេះ​ទេ ពីព្រោះ​អ្នកស្រី​ត្រូវ​ចិញ្ចឹម​ចៅ​ជិត ១០​នាក់​ក្នុង​បន្ទុក ដែល​កូនៗ​អ្នកស្រី​ត្រូវ​ទៅ​ធ្វើ​ការ​រកស៊ី​ចិញ្ចឹម​ជីវិត​​នៅ​ឆ្ងាយ​ពី​ផ្ទះ និង​នៅ​រាជធានី​ភ្នំពេញ។

ជា​អ្នក​ភូមិ​រស់​នៅ​ទីនេះ​តាំង​ពី​កំណើត អ្នកស្រី ខឹម នួន ហាក់​អន់​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​អាជ្ញាធរ​របស់​ខ្លួន​មិន​អើពើ​ដោះស្រាយ​​ទាមទារ​សំណង​ខូចខាត​ផ្ទះ​​ពី​ក្រុមហ៊ុន​ជីក​រ៉ែ ក្រៅ​តែ​ពី​ចុះ​ប្រាប់​ឱ្យ​ពួកគាត់​ការពារ​សុវត្ថិភាព នៅ​ពេល​ក្រុមហ៊ុន​បំផ្ទុះ​រក​រ៉ែ ប៉ះ​ពាល់​ផ្ទះ​ពលរដ្ឋ។

អ្នកស្រី ខឹម នួន និយាយថា៖ «កាល​ពី​ឆ្នាំ​២០២៥ ក្រុមហ៊ុន​គេ​មក​ជីក​ហើយ​គេ​បាញ់​ថ្ម​ហ្នឹង​វា​រញ្ជួយ​ដី​អញ្ចឹង​ទៅ វា​ប្រេះ​។ ពេល​យើង​ប្រេះ​​​ហើយ​​យើង​ប្រាប់​គេ​ភូមិ​​អញ្ចឹង​ទៅ​ប្រាប់​ភូមិ​អី​ប្រាប់​កន្លែង​អាជ្ញាធរ​គេ​ហ្នឹង​ គេ​ថា​ឲ្យ​យើង​ប្រយ័ត្ន​​ទៅ​ ព្រោះ​អី​គេ​ត្រូវតែ​ធ្វើ​ហើយ​ក្រុមហ៊ុន​​​ហ្នឹង​ ​បើ​យើង​អត់​ប្រយ័ត្ន​ខ្លាច​​មាន​គ្រោះថ្នាក់​ អញ្ចឹង​ឲ្យ​យើង​ប្រយ័ត្ន​។ អញ្ចឹង​ក៏​ខ្ញុំ​មិនដឹង​ថា ទៅ​ស្នើ​ដល់​កន្លែង​ណា​ហើយក៏​ប្រាប់​ទៅ​កន្លែង​​ទីណា​ទៀត​ទេ ខ្ញុំ​ដល់​ប្រាប់​គេ​ភូមិ​ឃុំ​ហើយក៏​គេ​អត់​អើពើ​ខ្ញុំ​ក៏​ស្ងាត់ស្ងៀម​ទៅ»។

ផ្ទះ​អ្នកស្រី ខឹម នួន នៅ​ជាប់​នឹង​របង​ព័ទ្ធ​ស័ង្កសី​ជិត​ឈឹង​របស់​ក្រុមហ៊ុន​ជីក​រ៉ែ​ដ៏​ធំ។ បើ​តាម​ការ​អះអាង​របស់​អ្នកស្រី ក្រុមហ៊ុន​ជីក​​រ៉ែ​នេះ​ បាន​ចាប់​ផ្ដើម​ដំណើរការ​នៅ​ដើម​ឆ្នាំ​២០២៥។ អ្នកស្រី​រំលឹក​ថា កាល​ពី​ក្រុមហ៊ុន​ខួង​រក​រ៉ែ​ដំបូង​នៅ​ជាប់​ផ្ទះ​របស់​ខ្លួន ពេល​នោះ​​សំឡេង​ផ្ទុះ​បាន​លឺ​ឡើង​យ៉ាង​កង​រំពង និង​ធ្វើ​ឱ្យ​ចៅ​តូចៗ​របស់​អ្នកស្រី​ភ័យ​ខ្លាច និង​ញ័រ​ណែន​ដើម​ទ្រូង​ជាដើម។ ពេល​​ខ្លះ​មាន​កម្ទេច​ថ្ម​ទំហំ​ជិត កន្លះ​គីឡូក្រាម ខ្ទាត​រំលង​ដំបូល​ផ្ទះ​ក៏​មាន ពេល​​ក្រុមហ៊ុន​បាញ់​ថ្ម​ម្ដងៗ។ ចំណែក​ផ្សែង​ក៏​ចាប់ផ្ដើម​​​ហុយ​ទ្រលោម​ខ្មួលខ្មាញ់​មើល​គ្នា​លែង​យល់ ដែល​បង្ខំ​ឱ្យ​អ្នកស្រី​នាំ​ចៅ​តូច​ៗ​រត់​កាត់​វាលស្រែ​ទៅ​ផ្ទះ​ពលរដ្ឋ​ផ្សេង​ទៀត អង្គុយ​​ចាំ​​ទម្រាំ​ក្រុមហ៊ុន​ពន្លត់​គ្រឿងចក្រ ទើប​អាច​ត្រឡប់​មក​ផ្ទះ​វិញ​បាន។

អ្នកស្រី ខឹម នួន បន្តថា៖ «កូន​ខ្ញុំ​អា​ចៅ​តូច​ហ្នឹង​ពេល​វា​ផ្ទុះ​ខ្លាំង​វា​ថា ម៉ែអើយ​ចុង​ម៉ែអើយ​ចុក​ទ្រូង​កូន​ណា​ចុក​ទ្រូង​កូន​ណា។ ម៉ែ​អូន​អូន​អូន​ហត់​ណាស់ វា​ថា អ៊ីចឹង​វា​ហត់​ពេក​វា​អាហ្នឹង​វា​រញ្ជួយ​​ឡើង​អ៊ីចឹង​ទៅ។ អ៊ីចឹង​ហើយ​ខ្ញុំ​ចេះតែ​នាំ​ចៅ​គាត់​រត់​ទៅ​ផ្ទះ​គេ​លិច​នោះ។ រាល់ថ្ងៃ​តែ​គេ​រៀប​ផ្ទុះ មិន​ថា ពិបាក មិន​ថា​ស្រណុក ក៏​នាំ​ចៅ​រត់​រហូត​ទាល់តែ​គេ​ឈប់​ផ្ទុះ​បាន​មក​វិញ»។

ឆ្លើយ​តប​នឹង​កង្វល់​របស់​ពលរដ្ឋ​រងគ្រោះ​រូប​នេះ មេឃុំ​ល្បើក ​លោក ឯម ភៀង ថ្លែង​ប្រាប់​វីអូឌី​នៅ​ថ្ងៃទី៥ ខែ​​មិថុនា ថា លោក​ទើប​បាន​​ទទួល​ព័ត៌មាន​ថា តំណាង​ក្រុមហ៊ុន​​រ៉ែ លោក ប៊ូ ម៉ៅ គ្រោង​ទៅ​ជួប​អ្នកស្រី ខឹម នួន ដើម្បី​ពិភាក្សា​​​ដោះ​​ស្រាយ​​​សំណង ក្រោយ​​​ផ្ទុះ​ព័ត៌មាន​ដែល​ស្ត្រី​រូប​នេះ​ថ្លែង​ប្រាប់​វីអូឌី។ លើស​ពី​នេះ ​លោក​ទទួល​ស្គាល់​ថា នៅ​មាន​​ពលរដ្ឋ​ផ្សេង​ទៀត​ក្នុង​ចំណោម​​ពលរដ្ឋ​​ជាង ២០​គ្រួសារ ​មិន​ទាន់​ទទួល​បាន​សំណង​ពី​ក្រុមហ៊ុន​ជីក​រ៉ែ​នៅ​ឡើយ​ដែរ ប៉ុន្តែ​លោក​បដិសេធ​មិន​ប្រាប់​ចំនួន​​លំអិត​នៃ​គ្រួសារ​រង​ផល​ប៉ះពាល់។ យ៉ាងណា លោក​​ក៏​ព្យាយាម​​លាក់​ឈ្មោះ​ក្រុម​ហ៊ុន​រ៉ែ​នេះ​ផង​ដែរ ដោយ​គ្រាន់​តែ​អះ​​អាង​​ថា ជា​​​ក្រុមហ៊ុន​​មាន​អាជ្ញាធរ​​ពី​ថ្នាក់​​​ជាតិ​ត្រឹម​ត្រូវ។

​លោក ឯម ភៀង និយាយថា៖ «អត់​ដឹង​ទេ​ព្រោះ​រឿង​ក្រុមហ៊ុន​អាហ្នឹង ដោះស្រាយ​ប៉ុន្មាន​ដង​ហើយ ប៉ុន្តែ​មិន​ដឹង​មួយ​ណា។ គេ​ដោះស្រាយ​គ្នា​គេ​ហ្នឹង​ពីរ​លើក​ហើយ។ មាន​ថ្ងៃ​ហ្នឹង​គេ​ចុះទៅ​មើល​ទៀត​ហើយ»។

ចំណែក​​ តំណាង​ក្រុមហ៊ុន​រ៉ែ ​លោក ប៊ូ ម៉ៅ ប្រាប់​វីអូឌី​​នៅ​ថ្ងៃ​នេះ​ថា លោក​នឹង​​ពិភាក្សា​ជាមួយ​​អាជ្ញាធរ​មូលដ្ឋាន​មុន​ទៅ​ជួប​​គ្រួសារ​​រង​ផល​ប៉ះពាល់​ដែល​​​​​​​​​បាន​ផ្សព្វផ្សាយ​ទុក្ខ​លំបាក​របស់​ខ្លួន។ ប៉ុន្តែ​លោក​មិន​បញ្ជាក់​លម្អិត​ថា នឹង​ដោះស្រាយ​របៀប​ម៉េច ហើយ​​ហេតុអ្វី​ទើប​ក្រុមហ៊ុន​មិន​អើពើ​ដោះស្រាយ​ពី​កង្វល់​របស់​ពលរដ្ឋ​ជាង ១​ឆ្នាំ​មក​ហើយ រហូត​អ្នកស្រី ខឹម នួន ទម្លាយ​​ប្រាប់​ជា​​សាធារណៈ។ មួយ​វិញ​ទៀត លោក​ក៏​មិន​ឆ្លើយ​តប​ដែរ​ពី​ព័ត៌មាន​លម្អិត​របស់​ក្រុមហ៊ុន​ថា ជា​​របស់​បុគ្គល​រូប​ណា និង​​មាន​ឈ្មោះ​អ្វី​ឱ្យ​ពិត​ប្រាកដ។

លោក ប៊ូ ម៉ៅ និយាយថា៖ «ម្សិលមិញ​បង​បាន​ហៅ​ម្ចាស់​គាត់​មក​សម្របសម្រួល​ដែរ​ណា ! ហើយ​​បង​ទៅ​ពិនិត្យ​ផ្ទាល់​ទីតាំង​ហ្នឹង​ហើយ​ប៉ះពាល់​យ៉ាងម៉េចៗ ហើយ​ត្រូវ​រៀបចំ​ឲ្យ​គាត់​ទៅ​ម៉េច​ឲ្យ​បាន​ល្អ​ហើយ​ឲ្យ​បាន​សប្បាយចិត្ត​ឡើងវិញ»

ទាក់ទង​ករណី​នេះ អភិបាល​ខេត្ត​កំពត​លោក ម៉ៅ ធនិន ប្រាប់​វីអូឌី​នៅ​ថ្ងៃទី៥ ខែ​មិថុនា ដោយ​លោក​មិន​បញ្ជាក់​ឈ្មោះ​ក្រុមហ៊ុន​​ជីក​រ៉ែ និង​​​អ្នក​ពាក់ព័ន្ធ​នោះ​ទេ។ លោក​ថា ការ​ដោះស្រាយ​ករណី​នេះ គឺ​ជា​រឿង​ជំនាញ​របស់​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត ហើយ​​លោក​រុញ​​ឱ្យ​វីអូឌី​សួរ​ខាង​ជំនាញ ឬ​មក​ជួប​លោក​ផ្ទាល់​នៅ​សាលាខេត្ត​កំពត។

​លោក ម៉ៅ ធនិន ថ្លែង​ថា៖ «ប្អូន​ចង់​បាន​ការ​បញ្ជាក់​ណាមួយ​ទៅលើ​ការងារ​នេះ ប្អូន​ជួប​ជាមួយនឹង​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​។ ហើយ​បើ​មិន​អញ្ចឹង​ទេ​ប្អូន​អាច​ជួប​ជាមួយ​បង​ផ្ទាល់​នៅ​សាលាខេត្ត​ណា​នឹង​ជួប​ផ្ទាល់ ព្រោះ​ការងារ​នេះ​ប្អូន​ស្ដាប់​មួយ​ចំហៀង​ទេ​ប្អូន មិន​ទាន់​ដឹង​​​ពី​យន្តការ​នៃ​ការ​ដោះស្រាយ​របស់​មន្ទីរ​ជំនាញ និង​អាជ្ញាធរ​ទេ​។ ហើយ​បើ​ប្អូន​ចង់​ដឹង​ច្បាស់​ជួប​បង​នៅ​រដ្ឋបាល​ខេត្ត ​ហើយ​បើ​មិន​អញ្ចឹង​ទេ ​ជួប​ជាមួយ​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល»។

យ៉ាងណា វីអូឌី​ពុំ​អាច​សុំ​ការ​ឆ្លើយ​បំភ្លឺ​​រឿង​នេះ​ពី ​ប្រធានមន្ទីរ​​រ៉ែ និង​ថាមពល​ខេត្ត​កំពត លោក សោម វិចិត្រ បាន​ទេ នៅ​ថ្ងៃ​ទី៥ ខែ​មិថុនា។

ទាក់ទង​ករណី​នេះ​ដែរ សកម្មជន​ចលនា​មាតា​ធម្មជាតិ កញ្ញា មាន លីសា និយាយ​ថា ការ​ដោះស្រាយ​បញ្ហា​របស់​ពលរដ្ឋ​​រងគ្រោះ​គួរ​ចាត់​ជា​អាទិភាព មិនមែន​ចាំ​ដល់​ពលរដ្ឋ​ទម្លាយ​ប្រាប់​កាសែត​​ពី​កង្វល់​របស់​ខ្លួន​ឡើយ។ កញ្ញា​ថា ការ​ដោះស្រាយ​មិន​លំបាក​ទេ បើ​អាជ្ញាធរ​ពាក់ព័ន្ធ​ពិត​ជា​ចង់​ឱ្យ​ពលរដ្ឋ​នៅ​មូលដ្ឋាន​ទទួល​បាន​ផល​ប្រយោជន៍ ជាង​ការពារ​​ផល​ប្រយោជន៍​ឱ្យ​ក្រុមហ៊ុន។ សកម្មជន​បរិស្ថាន​រូប​នេះ​បន្ត​ថា ការ​ជួយ​លាក់​បាំង​ព័ត៌មាន​ក្រុមហ៊ុន​ជីក​រ៉ែ​ពី​សំណាក់​អាជ្ញាធរ​មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​កញ្ញា​សង្ស័យ​ថា ក្រុមហ៊ុន​ជីក​រ៉ែ​នៅ​តំបន់​ភ្នំត្នោត​នេះ​ជា​របស់​ក្រុមហ៊ុន​លោក ទ្រី ភាព ដែល​​កូន​ប្រុស​របស់​លោក​គឺ​លោក ទ្រី ដាលុច ប្រើ​ឈ្មោះ​ក្លូបល ហ្គ្រីន (Global Green) ដើម្បី​ធ្វើ​អាជីវកម្ម។

​កញ្ញា មាន លីសា ថ្លែង​ថា៖ «អញ្ចឹង​រឿង​នេះ​ចង់​ដោះស្រាយ​ ឬក៏​មិន​ដោះស្រាយ​ វា​ទាក់ទង​ជាមួយនឹង​ខ្សែ​ខ្នង​នៅ​ពីក្រោយ​ ដែល​បញ្ហា​ជម្លោះ​នេះ​គឺ Global Green ដែល​មាន ទ្រី ភាព នៅ​ពីក្រោយ​ច្បាស់​ណាស់។ ហើយ​ឬក៏​កូន​ៗ  ​ទ្រី ភាព ហ្នឹង ជាពិសេស​ហ្នឹង​គឺ​លោក ម៉ៅ ធនិន ក៏​មាន​ចំណែក​ក្នុង​ការ​កាង​អំណាច​ឲ្យ​ពួក​ក្រុមហ៊ុន​ទាំងអស់​ហ្នឹង​ដែរ​ចាស»។

ស្រដៀង​នឹង​ការ​លើក​ឡើង​នេះ ពលរដ្ឋ​រងគ្រោះ​ម្នាក់​ដែល​ថ្លែង​លាក់​ឈ្មោះ​និង​សំឡេង​អះអាង​ប្រាប់​វីអូឌី​ថា ក្រុមហ៊ុន​ជីក​រ៉ែ​អាច​ជា​របស់​លោក ទ្រី ភាព ហើយ​អភិបាល​ខេត្ត​កំពត​លោក ម៉ៅ ធនិន ជា​អ្នក​កាង​ពី​ក្រោយ។ ប្រភព​នេះ​បន្ត​​ថា កាល​ពី​ឆ្នាំ​២០២៤ មាន​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា ជំទាវ​តូច ជា​មនុស្ស​ជំនិត​លោក ម៉ៅ ធនិន ចាប់ផ្ដើម​ចុះ​ទិញ​​ដី​ពលរដ្ឋ​នៅ​តំបន់​នេះ​សឹង​ទាំងអស់ ហើយ​បាន​​ធ្វើ​ផ្លូវ​កាត់​ព្រៃ​សហគមន៍​ភ្នំ​ត្នោត ដើម្បី​ដឹក​ជញ្ជូន​រ៉ែ​នោះ។ លោក​​ថែម​​ទាំង​បាន​លឺ​តំណាង​ក្រុមហ៊ុន​លោក ប៊ូ ម៉ៅ ថា ក្រុមហ៊ុន​ជីក​រ៉ែ​នេះ​ជា​របស់​ក្រុមហ៊ុន លោក ទ្រី ភាព ថែម​ទៀត។ ប្រភព​​បន្ត​ថា មាន​ពលរដ្ឋ​ខ្លះ​លក់​ដី​បាន ក៏​ប្ដូរ​ទីលំនៅ​ទៅ​កន្លែង​ផ្សេង ដោយសារ​មិន​អាច​ទ្រាំ​នឹង​សំឡេង​រញ្ជួយ ដី​ហុយ​​ទ្រលោម ខណៈ​ផ្ទះ​ពួកគេ​នៅ​ជាប់​នឹង​រណ្ដៅ​រ៉ែ​ជាដើម។ ប៉ុន្តែ ពលរដ្ឋ​ខ្លះ​ដែល​គ្មាន​លទ្ធភាព​ក៏​សុខ​ចិត្ត​ទ្រាំ​រស់​នៅ​ទាំង​លំបាក ហើយ​គ្មាន​សំណង​ដល់​ពួកគេ​ថែម​ទៀត។

ចំណែក​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ត្រឹម​ចុះ​ផ្សាយ​ពី​ការ​តវ៉ា​របស់​ពលរដ្ឋ​តែ​ប៉ុណ្ណោះ នៅ​ពេល​ក្រុមហ៊ុន​ចាក់​ដី​បិទ​ផ្លូវ​ពលរដ្ឋ ឬ​ក្ដី​បារម្ភ​របស់​ពួកគេ ករណី​ខ្លាច​ធ្លាក់​ក្មេងៗ ឬ​សត្វ​ពាហនៈ​ចូល​រណ្ដៅ​ដែល​ក្រុមហ៊ុន​មិន​បិទបាំង​ជាដើម។

ចំណែក​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ ហាក់​សំដែង​ភាព​ភ័យ​ខ្លាច នៅ​ពេល​មាន​អ្នក​កាសែត​ចុះ​​​ជួប និង​សួរ​នាំ​រឿង​រណ្ដៅ​នៅ​ជាប់​​របង​ផ្ទះ​គាត់ ដោយ​ពួកគេ​និយាយ​ឡើង​ញាប់​មាត់​ថា មិនដឹង​គេ​ជីក​ធ្វើ​អី​ឡើយ ទោះ​ឃើញ​អាចម៍​ដី​ខ្ពស់​ផុត​ដំបូល​ផ្ទះ​ពួកគាត់ ហើយ​ឡាន​ធំៗ​បរ​កាត់​ផ្ទះ​រាល់​ថ្ងៃ​យប់​យ៉ាងណា​ក្ដី។

ទិដ្ឋភាព​​តំបន់​នោះ ត្រូវ​បាន​គេ​ដាក់​សន្តិសុខ​យាមកាម​យ៉ាង​តឹងរ៉ឹង​ក្នុង​​ប៉ម​នៃ​ច្រក​ចូល​ការដ្ឋាន និង​គ្មាន​ស្លាក​ឈ្មោះ​​ក្រុមហ៊ុន ឬ​បញ្ជាក់​ថា ជា​អាជីវកម្ម​អ្វី​ពិត​ប្រាកដ​ដែរ។ យ៉ាងណា មាន​ពលរដ្ឋ​អះអាង​ថា ពួកគេ​បាន​ឃើញ​មាន​​ជន​ជាតិ​​ចិន​ច្រើន​បម្រើ​ការ​ជាមួយ​ខ្មែរ​នៅ​ទីនោះ ដោយ​ភាគច្រើន​ជិះ​ឡាន​ទំនើប​ចេញ​ចូលៗ។ ចំណែក រថយន្ត​ធុន​ធ្ងន់​​ប្រភេទ​យីឌុប​ត្រូវ​បាន​គេ​បិទ​យ៉ាង​ជិត​ឈឹង សម្រាប់​ដឹក​ជញ្ជូន​រ៉ែ​ចេញ តាម​ផ្លូវ​ថ្មី​ដែល​គេ​ធ្វើ​កាត់​តាម​ព្រៃ​សហគមន៍​​ភ្នំត្នោត ឆ្ពោះ​ទៅ​ផ្លូវ៤១។

បច្ចុប្បន្ន​ទីតាំង​ដែល​ក្រុមហ៊ុន​ជីក​រ៉ែ មាន​ប្រមាណ​ជិត ២០​រណ្ដៅ ហើយ​គេ​ប្រមូល​ចូល​ការដ្ឋាន​កែច្នៃ​ចំនួន​៤ ស្ថិត​នៅ​​ភូមិ​ត្រពាំង គគីរ ឃុំ​ល្បើក។ កាលពី​ឆ្នាំ​២០០៥ តំបន់​ភ្នំ​ត្នោត​នេះ ត្រូវ​បាន​ក្រសួង​កសិកម្ម និង​អាជ្ញាធរ​ខេត្ត​កំពត រួម​នឹង​សហគមន៍​រួម​គ្មាន​បង្កើត​ជា​ព្រៃ​សហគមន៍ ជា​ប្រភេទ​ព្រៃស្រោង សម្រាប់​ពលរដ្ឋ​រក​អនុផល​ដើម្បី​ចិញ្ចឹម​ជីវិត លើ​​ផ្ទៃដី​ជិត ៥​រយ​ហិកតា (៤៥៨ហិកតា)។ ប៉ុន្តែ​ក្រោយ​ក្រុមហ៊ុន​ជីក​រ៉ៃ​ចាប់​ផ្ដើម​ចូល​មក​ក្នុង​ដើម​ឆ្នាំ​២០២៥ ពួកគេ​បែរ​ជា​ត្រូវ​ក្លាយ​ជន​រងគ្រោះ ហើយ​​ខ្លះ​ពុំ​បាន​​ទទួល​បាន​សំណង​​ពី​ភាគី​ក្រុមហ៊ុន​នោះ​​ឡើយ រហូត​គ្រួសារ​​អ្នកស្រី ខឹម នួន ទម្លាយ​ទុក្ខ​លំបាក​ប្រាប់​វីអូឌី កាល​ពីថ្ងៃទី១ ខែ​មិថុនា ឆ្នាំ​២០២៦៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ