លោក ​ហ្សេឡេនស្គី អំពាវ​នាវ​ឱ្យ​មាន​ការ​ចរចា​ទល់​មុខ​គ្នា​ជាមួយ​លោក ពូទីន លើ​សង្គ្រាម​អ៊ុយ​ក្រែន

ប្រធានាធិបតី​អ៊ុយ​ក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បាន​អំពាវ​នាវ​ឱ្យ​មាន​ការ​ចរចា​ដោយ​ផ្ទាល់​មុខ នៅ​ក្នុង​លិខិត​​ជា​សាធារណៈ​មួយ​ផ្ញើ​ជូន​ត្រង់​ទៅ​កាន់​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លិខិត​នេះ គឺ​ជា​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ទៅ​លើកា​រ​កាន់​អំណាច​រយៈ​ពេល ២៦ ឆ្នាំ របស់​មេដឹ​ក​នាំ​រុស្ស៊ី​រូប​នេះ​ ចាប់​តាំង​ពី​ការ​ឈ្លាន​ពាន​ឆ្នាំ​២០២២​មក។

លោក ហ្សេឡេនស្គី បានទទួលស្គាល់អំពីការផ្លាស់ប្តូរអាទិភាពរបស់​អាមេរិក ដោយ​លោក​មាន​ប្រសាសន៍​ថា វា​ជា​រឿង​មិន​ត្រឹម​ត្រូវ​ឡើយ​ក្នុង​ការ​រង់​ចាំ​ឱ្យ​រដ្ឋ​បាល​ លោក ត្រាំ ងាក​មក​យក​ចិត្ត​ទុក​ដាក់​លើ​សង្គ្រាម​អ៊ុយ​ក្រែន​វិញ ខណៈ​ពេល​​ដែល​​រដ្ឋ​បាល​នេះ កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំ​ង​លើ​សង្គ្រាម​អ៊ីរ៉ង់។ លោក​សរ​សេរ​ថា៖ «ខ្ញុំ​សូម​ស្នើ​ឱ្យ​មាន​ជំនួប​​មួយ»។

លោកហាក់ដូចជាកំពុងព្យាយាមចាប់យកឱកាសក្នុងខណៈពេលដ៏សំខាន់នៃសង្គ្រាមនេះ នៅ​ពេល​ដែល​អ៊ុយក្រែនចាប់​ផ្តើមមាន​ប្រៀបខ្លះឡើងវិញនៅលើសមរភូមិ តាមរយៈការវាយប្រហាររយៈចម្ងាយឆ្ងាយ។ ទន្ទឹម​នឹងនេះដែរ ទីក្រុង​ម៉ូស្គូបានបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសដ៏សាហាវនៅទូទាំងប្រទេសអ៊ុយក្រែន ដើម្បីកេងចំណេញ​ពីកង្វះខាតប្រព័ន្ធការពាររបស់ទីក្រុងគៀវ។

លោក ពូទីន បានថ្លែងកាលពីថ្ងៃទី​៤ខែ​មិថុនា​ថា រុស្ស៊ីនឹងពង្រឹងប្រព័ន្ធការពារអាកាសរបស់​ខ្លួន ដើម្បី​ទប់​ទល់​នឹង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​របស់​អ៊ុយ​ក្រែន​នា​ពេល​ថ្មីៗ​នេះ ដែល​បាន​ជ្រៀត​ចូល​យ៉ាង​ជ្រៅ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី និង​បង្ក​ផល​​ប៉ះពា​ល់​ដល់​វេទិកា​សេដ្ឋ​កិច្ច​របស់​លោក​នៅ​ទីក្រុង សាំង ពីទ័របឺគ។ លោក ពូទីន បាន​ទទួល​ស្គាល់​ការ​ខូច​ខាត​នេះ ដោយ​មាន​ប្រសាសន៍​ថា៖ «​ជាកា​រ​សោក​ស្តាយ​របស់​យើង ពួក​វា​ខ្លះ​បាន​ទម្លាយ​ចូល​មក… យើ​ង​ត្រូ​វ​តែ​កែ​លម្អ​វា»។

លោក ពូទីន ក៏បានថ្លែងផងដែរថា រុស្ស៊ីបើកចំហរចំពោះការសម្របសម្រួលលើបញ្ហាអ៊ុយក្រែន ស្របតាមការ​យោគយល់​គ្នា​ដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកំពូលរបស់លោកជាមួយលោក ដូណាល់ ត្រាំ នៅទីក្រុង អង់ខូរ៉េច រដ្ឋ​អាឡា​ស្កា ដើម្បីបញ្ចប់ជម្លោះដែលឥឡូវនេះបានឈានចូលដល់ឆ្នាំទីប្រាំហើយ។

លោក ត្រាំ បាននិយាយកាលពីថ្ងៃទី​៤ខែ​មិថុនា​ថា វា​ជា​រឿង ​«ដ៏អស្ចារ្យ» ប្រសិនបើលោក ហ្សេឡេនស្គី ជួបជាមួយ​ លោក ពូទីន ប៉ុន្តែលោកបានមានប្រសាសន៍ថា ភាគីទាំងសងខាងត្រូវតែធ្វើការសម្របសម្រួល ដោយ​​លោកបានប្រាប់​អ្នកយកព័ត៌មាន​ថា៖ «ខ្ញុំគិតថា យើងមានចំណែកយ៉ាងច្រើនក្នុងរឿងនេះ… ពួកគេគួរ​តែធ្វើវា​ឱ្យ​សម្រេច»។

ទន្ទឹមនឹងនេះដែរ សភាតំណាងរាស្ត្រអាមេរិក បានអនុម័តច្បាប់ផ្តល់ជំនួយសន្តិសុខ និងការស្តារឡើងវិញដល់​​អ៊ុយក្រែនជាង ១ ពាន់លានដុល្លារ រួមទាំងប្រាក់កម្ចីការពារជាតិ ៨ ពាន់លានដុល្លារទៀត ដោយមើលរំលង​ការទាស់​ទែង​​ពី​សំណាក់​មេដឹក​នាំគណបក្សសាធារណរដ្ឋ។

នៅក្នុងលិខិតរបស់លោក ហ្សេឡេនស្គី លោកបានមានប្រសាសន៍ថា ការចរចាដែលបានស្នើឡើងនេះ អាច​ធ្វើ​ឡើងនៅ​ក្នុង​ប្រទេសទីបីដែលជាអព្យាក្រឹត ដូចជា ប្រទេសស្វីស តួកគី ឬបណ្តាប្រទេសអារ៉ាប់ ដោយ​លោកបានសរ​សេរ​​ថា៖ «ខ្ញុំសូមស្នើឱ្យកំណត់កាលបរិច្ឆេទច្បាស់លាស់មួយសម្រាប់ជំនួបបែបនេះ»។

ចំណែកអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បាននិយាយថា លោក ពូទីន មិន​ទាន់​បាន​ឃើញ​​លិខិត​​​នោះ​នៅ​ឡើយ​ទេ ប៉ុន្តែលោកបញ្ជាក់ថា លោក ហ្សេឡេនស្គី អាច​មក​ទីក្រុង​ម៉ូស្គូ​បាន​ ប្រសិន​បើ​ចង់​ចរចា។

លោក ហ្សេឡេនស្គី បានបញ្ជាក់នៅក្នុងលិខិតនោះថា ទីភ្នាក់ងារសម្ងាត់អ៊ុយក្រែនបានបង្ហាញថា រុស្ស៊ីកំពុង​មាន​ផែន​ការ​អូសបន្លាយសង្គ្រាមរហូតដល់ឆ្នាំ២០២៧ និង២០២៨ ដោយពឹងផ្អែកលើការវាយប្រហារ​ដោយមីស៊ីលបាលីស្ទិក និងព្យាយាមទាញប្រទេសបេឡារុស្សឱ្យធ្លាក់ចូលទៅក្នុងជម្លោះ។

មេដឹក​នាំ​អ៊ុយក្រែនរូបនេះ បានអះអាងថា រុស្ស៊ីកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗដោយសារការចំណាយលើ​​សង្គ្រាម សម្ពាធសេដ្ឋកិច្ច និងកង្វះខាតប្រេងឥន្ធនៈ។ លោកបានអះអាងថា រុស្ស៊ីមានទាហានស្លាប់ ឬរបួសធ្ងន់ធ្ងរជាង ៣០ ០០០ នាក់ នៅក្នុងខែឧសភាតែមួយប៉ុណ្ណោះ។

លោក ហ្សេឡេនស្គី បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេចក្នុងការអនុវត្តការឈប់បាញ់ពេញលេញ​ក្នុងកំឡុង​ពេលចរចា ហើយបានស្នើឱ្យមានការដោះដូរអ្នកទោសទាំងអស់ ដើម្បីដោះដូរទាំងអស់ជាជំហាន​ដំបូង រួមទាំង​ការប្រគល់ជូនមកវិញនូវជនស៊ីវិល និងកុមារដែលត្រូវបាននាំយកចេញពីអ៊ុយក្រែនផងដែរ។

លោក ហ្សេឡេនស្គី បាននិយាយទៅកាន់លោក ពូទីន ថា៖ «ពិភពលោកមិនបានធុញ​ទ្រាន់​នឹង​អ៊ុយ​ក្រែន​ ដូច​ដែល​អ្នក​​​ធ្លាប់​​សង្ឃឹម​ទុក​នោះ​ទេ។ ប៉ុន្តែការនឿយណាយជាមួយរុស្ស៊ី កំពុងតែកើនឡើង»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ