លោក ហ៊ុន សែន រង​​កា​រ​​​រិះ​គន់​​រឿ​ង​​ដោះ​ស្រាយ​​​ឱ្យ​​ឧកញ៉ា មិន​​​អើ​ពើ​ពលរដ្ឋ​រង​គ្រោះ​រាប់​លាន​នាក់

នៅ​​គ្រា​​ដែល​​ប្រធាន​​​ព្រឹ​ទ្ធ​សភា ​លោក ហ៊ុន សែន ក្នុង​​នាម​​ប្រមុខ​​រ​ដ្ឋ​​ស្ដី​ទី ​ចេញ​​មុខ​​រក​​ដំណោះ​ស្រាយ​​ឱ្យ​​ឧកញ៉ា​​ម្នាក់​​រឿង​​​​ឆបោក​ ហើយ​​បន្សល់​ទុក​ពលរដ្ឋ​​រ​ង​​គ្រោះ​​រាប់​ម៉ឺន​នាក់​ ចាញ់​បោក​ក្រុម​ឧកញ៉ា អ្នក​រង​​គ្រោះ​ពី​កា​របាត់​បង់​ទឹក​ដី និង​ប្រព័ន្ធ​តុលាការ​ផង​នោះ រ​​ងការ​រិះ​គន់​ថា​ មេដឹក​នាំ​រូប​នេះ បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ​តែ​ជន​ខិល​ខូច មិន​ឱ្យ​តម្លៃ​ដល់​ជន​រង​គ្រោះ​ជា​អ្នក​ស្លូត​ត្រង់។

ពលរដ្ឋ​ខ្មែរ​ឥស្លាម​ម្នាក់​រស់​នៅ​ខេត្ត​ត្បូងឃ្មុំ អ្នក​ស្រី សា តឺណាស់ ប្រាប់​​វីអូឌី​​​នៅ​​ថ្ងៃ​ទី​៨​ ខែ​មិថុនា ថា ការ​​មិ​ន​​អើពើ​​របស់​​​ថ្នាក់​​ដឹក​នាំ ដើម្បី​ផ្ដល់​ដំណោះស្រាយ​ជូន​ពលរដ្ឋ​រងគ្រោះ ដោយសារ​ក្រុម​ហ៊ុន​​​ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា បាន​បន្ថែម​ការ​ឈឺ​ចាប់​ដល់​ពួកគាត់​មួយ​កម្រិត​ទៀត ខណៈ​ខ្លួន​បាន​ចាញ់​បោក​​ក្រុមហ៊ុន​មួយ​កម្រិត​ហើយ។ អ្នក​ស្រី​ថា បាន​ចាញ់​បោក​ក្រុមហ៊ុន​នេះ ចំនួន ១៥០០០​ដុល្លារ បាន​ពី​ការ​ដាក់​ប្លង់​ដី​នៅ​ធនាគារ​ ដាក់​​វិនិយោគ​ ​ដើម្បី​ស៊ី​ការ​ប្រាក់។ ប៉ុន្តែ ក្ដី​រំពឹង​ត្រូវ​រលាយ ហើយ​ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ចិញ្ចឹម​ឪពុក​ចាស់​ជរា និង​​កូន​ៗ​ត្រូវ​រៀន​រាល់​ថ្ងៃ​ទៀត​នោះ ត្រូវ​ទទួល​អម្រែក​​កាន់​តែ​ធ្ងន់។ បច្ចុប្បន្ន ​អ្នកស្រី​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ដើម្បី​រក​ប្រាក់​បង់​សង​ធនាគារ​ជា​រៀង​រាល់​ខែ។

​អ្នកស្រី សា តឺណាស់ និយាយថា​៖ «យើង​ជា​ជនរងគ្រោះ​គឺ​ត្រូវ​ពឹង​ច្បាប់! ដល់​ពេល​ច្បាប់​កាត់​ក្ដី​គ្មាន​ភាព​ស្មោះត្រង់ មាន​នីតិវិធី​​ត្រឹម​ត្រូវ ហើយ​ចេះ​តែ​ឱ្យ​ចាំ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។ ប៉ុន្តែ ជន​ឆបោក​មិន​ត្រូវ​បាន​ចាប់​ដាក់​គុក​ទេ គឺ​ចាប់​ ឡេង ចាន់ណា ប៉ុន្មាន​នាក់​ហ្នឹង​ ហើយ​ចាប់​នេះ​​គ្រាន់​តែ​នាំ​ឱ្យ​គេច​​ពី​ជន​រងគ្រោះ​ ក្រែង​ជន​រងគ្រោះ​​​ទ្រាំ​មិន​បាន​ប្រើ​ហិង្សា​អី​ហ្នឹង»។

ចំណែក ​ពលរដ្ឋ​ម្នាក់​ទៀត​ជា​ជនរងគ្រោះ​ដោយសារ​ក្រុមហ៊ុន អ្នក​ស្រី ឡេង ចាន់ណា ដែរ បាន​​​ថ្លែង​លាក់​ឈ្មោះ​បង្ហាញ​​​ក្ដី​ឈឺ​ចាប់ និង​​អន់​​​ចិត្ត​ជា​ពន់ពេក​ ​ចំពោះ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល។ អ្នកស្រី​ចាត់​ទុក​របស់​ពន្យារ​ពេល​របស់​​ក្រសួង​​ពាក់ព័ន្ធ ប្រៀប​បាន​​នឹង​​ការ​សម្លាប់​ពលរដ្ឋ​រងគ្រោះ ដោយសារ​មន្ត្រី​ធំ​ៗ​ជា​ច្រើន​បាន​ពាក់ព័ន្ធ​នឹង​គម្រោង​ឆបោក​នេះ។

​ពលរដ្ឋ​លាក់ឈ្មោះរូបនោះ​ និយាយថា​៖ «សួរថា​ខ្ញុំ​រស់​នៅ​ក្នុង​ប្រទេស​រាល់​ថ្ងៃ​នេះ ពួកខ្ញុំ​ឈឺ​ចាប់​អត់? ពួក​ខ្ញុំ​ឈឺ​ចាប់ណាស់ និង​គ្មាន​អ្វី​រំពឹង​ ទោះ​ខ្ញុំ​មាន​រដ្ឋាភិបាល​បវរធិបតី (ហ៊ុន ម៉ាណែត) ជា​មេដឹកនាំ។ តែ​ពេល​ខ្ញុំ​ជួប​ទុក្ខ​លំបាក​ តើ​​រដ្ឋាភិបាល​ជួយ​ខ្ញុំ​បាន​ទេ​ដល់​បច្ចុប្បន្ន​។ ខ្ញុំ​យល់​ថា លោក​កំពុង​ដោះស្រាយ​ឱ្យ​យើង​ខ្ញុំ​ហើយ ក៏​ប៉ុន្តែ​ការ​ដោះស្រាយ​នេះ​​ប្រៀប​បាន​​​ដូច​សំរាម ដូច្នេះ​​មិនដឹង​យុត្តិធម៌​នៅ​កម្រិត​ណា​ទេ។ ហើយ​បើ​ថា បាន​​៥០​ភាគរយ ឬ​តិច​ជាង​នេះ ក៏​ខ្ញុំ​អស់​ចិត្ត​ដែរ។ តែ​នេះ​ដូច​សំរាម ដោយ​​មិន​អាណិត​​ពលរដ្ឋ​​ខំ​ដាក់​បណ្ដឹង​ ​និង​ធ្វើ​តាម​គ្រប់​បែប​យ៉ាង​តាម​​លោក គី តិច។ ចឹង​ខ្ញុំ​សួរ​ថា អស់​លោក​អ្នក​កាន់​ច្បាប់​ទុក​​ពលរដ្ឋ​រងគ្រោះ​ជា​អ្វី ឬ​ជនរងគ្រោះ​នេះ​មិន​មែន​នៅ​ក្នុង​ប្រទេស​អស់​លោក​ទេ​ឬ​យ៉ាងណា?»។

ការ​លើក​ឡើង​របស់​ពលរដ្ឋ​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី ​លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី៦ ខែ​មិថុនា បាន​ចេញ​មុខ​អន្តរា​គមន៍​​រហូត​មាន​​​ការ​ដោះលែង​ឧកញ៉ា​ម្នាក់​ ​គឺ​លោក ហេង ឡុង ឱ្យ​នៅ​​ក្រៅ​ឃុំ ករណី​​​ចេញ​សែក​គ្មា​ន​ប្រាក់​​​រហូត ៣០​ម៉ឺន​​ដុល្លារ​ ​​ដល់​​ម្ចាស់​​កម្ចី។ លោក ហ៊ុន សែន សរសេរ​បញ្ជាក់​​ថា ការ​ចេញ​មុខ​ជួយ​ឧកញ៉ា​រូប​នេះ គ្រាន់តែ​ដោះ​ទាល់​មួយ​គ្រា ហើយ​ឧកញ៉ា​ដដែល​នេះ​​ត្រូវ​​រ​ក​​ប្រាក់​​មក​​សង​​ម្ចាស់​​កម្ចី​​​ថ្មី​​វិញ។

យ៉ាងណា ការ​ជួយ​របស់​ លោក ហ៊ុន សែន បាន​រង​ការ​រិះគន់​ពេញ​បណ្ដាញ​សង្គម ខណៈ​ពលរដ្ឋ​បាន​រងគ្រោះ​ជា​ច្រើន​ករណី មិន​​ថា តែ​ក្រុមហ៊ុន​អ្នក​ស្រី ឡេង ចាន់ណា ទេ ក្នុង​នោះ​មាន​ក្រុម​​ហ៊ុន ពិភពដីមាស របស់​អតីត​ឧកញ៉ា ហ៊ី គឹម​ហុង ក្រុមហ៊ុន ជា សារ៉ន និង​ក្រុមហ៊ុន ស៊ីអាយ​ស៊ី (CIC) របស់​លោក គុយ វ៉ាត ជាដើម។ ចំណែក​ពលរដ្ឋ​ភៀស​សឹក និង​ទាហាន​​ជួរ​មុខ​ក៏​សុទ្ធ​​តែ​ត្រូវ​ការ​ជំនួយ​​ផ​ង​​ដែរ។

លើស​ពី​នេះ របាយការណ៍​សង់ត្រាល់ រ​កឃើញ​ថា ពលករដែលត្រឡប់មកពីថៃ ក្នុងកំឡុងខែកក្កដា ដល់​​ខែ​តុលា ឆ្នាំ​២០២៥ មាន​ចំនួន​៨៥% អះ​អាង​ថា ខ្លួន​មិន​អាច​សង​បំណុល​គេ​បាន ដោយ​សារ​ចំណូល​ជា​មធ្យម​របស់​ពួក​គាត់​បាន​ត្រឹម​តែ ៦៤​ដុល្លារ​ក្នុង​មួយ​ខែ ក្នុង​១​គ្រួសារ ក្នុង​ពេល​ដែល​ប្រាក់​ដែល​ត្រូវ​សង​បំណុល​ប្រហាក់​ប្រហែល ២២០​ដុល្លារ​ក្នុង​មួយ​ខែ។ ចំនួន​​នេះ​​ មិន​​ទា​ន់​គិត​ពី​ចំណាយ​ប្រចាំ​ខែ​សម្រាប់​គ្រួសារ​ក្រៅ​ពី​បំណុល។

ចំណែក ​របាយការណ៍​របស់ UNDP រក​ឃើញ​ថា ពលករ​ដែល​ត្រឡប់​ពី​ថៃ​វិញ​​ចំនួន ៨៣% មិន​​អា​ច​មាន​​ល​ទ្ធ​ភាព​​សង​​បំណុល​​​គេ​​ទេ។ អង្គ​ការ​​ទាំង​​ពីរ​​នេះ​ថា មិន​​ទាន់​​ឃើញ​​អន្តរា​គមន៍​​​ពី​​រដ្ឋ​​ឡើយ។

ចំណែក​​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ក្រៅ​ប្រទេស ​លោក អ៊ុំ សំអាន យល់​ឃើញ​​ថា ការ​​ចេញ​​មុខ​​របស់ ​លោក ហ៊ុន សែន ជួយ​​ឧកញ៉ា​​បោក​ប្រាស់ គឺ​​ជា​​រឿង​​ខុស​​ទំនង ខណៈ​មាន​ករណី​ជា​ច្រើន​ទៀត​ដែល​ពលរដ្ឋ​កំពុង​រងគ្រោះ គ្មាន​អាជ្ញាធរ​ណា​ចេញ​មុខ​​អន្តរា​គមន៍​​ឡើយ។ លោក​បន្ត​​ចោទ​​ជា​សំណួរ​ថា ហេតុអ្វី​ករណី​ក្មួយ​ប្រុស​​បង្កើត ​លោក ហ៊ុន សែន គឺ​លោក ហ៊ុន តូ ដែល​កំពុង​​បោក​​លុយ​អតិថិជន​​​ចិន វៀតណាម និង​ខ្មែរ ពី​ក្រុមហ៊ុន ហួយ​វ័ន ផេ ជាដើម នោះ លោក ហ៊ុន សែន មិន​ជួយ​អន្តរា​គមន៍?។ លើស​​ពី​​នេះ ​នៅ​មាន​ក្រុមហ៊ុន​ជា​ច្រើន​​ទៀត​កំពុង​បោក​ប្រាស់​ពលរដ្ឋ ហើយ​​ពលរដ្ឋ​​​បាន​​ត្រឹម​​ជា​​ជន​​រង​គ្រោះ ដូច​ជា ក្រុម​ហ៊ុន លោក ឡេង ណាវ៉ាត្រា ជាដើម។ ចំណែក​មន្ត្រី​បក្ស​ប្រឆាំង​ដែល​មាន​​ករណី​​​ស្រដៀង​នេះ ក៏​លោក ហ៊ុន សែន មើល​មិន​​ឃើញ​​ដែរ។

លោក អ៊ុំ សំអាន ថ្លែងថា៖ «ហើយ​បើ​ចង់​ជួយ ម្ដេច​មិន​ជួយ​​ លោក ថាច់ សេដ្ឋា ដែល​គេ​ដោះស្រាយ​រឿង​សែក​ស្អុយ​តែ ៣​ម៉ឺន​ដុល្លារ ហើយ​​លោក ហេង ឡុង ដល់​​៣០​​ម៉ឺន​​ដុល្លារ ហេតុ​អ្វី​អន្តរាគមន៍​​ឧកញ៉ា ហេង ឡុង ព្រោះ​ឧកញ៉ា ហេង ឡុង និង​ប្រពន្ធ​របស់​​គាត់ គឺ​ជា​អ្នកគាំទ្រ​បក្ស​​ប្រជាជន​ ដូច្នេះ​លោក ហ៊ុន សែន ជួយ​តែ​​​​​គ្នា​គេ​ទេ»

យ៉ាងណា ទាំងមន្ត្រីបក្សប្រឆាំង និងជនរងគ្រោះ នៅតែជំរុញឱ្យមេដឹកនាំ​បង្ហាញ​ការ​ទទួល​ខុស​ត្រូវ លើ​បញ្ហា​បូរណ​ភាព​​ទឹក​​ដី​ ស្តារ​យុត្តិ​ធម៌​សង្គម និង​ត្រូវ​ដក​ខ្លួន​ពី​ក្រុម​ឧក្រិដ្ឋ​ជន ដើម្បី​បញ្ចៀស​ចលាចល​សង្គម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ