វិភាគ៖ តើ​យន្ត​ការ UNCLOS អាច​ទៅ​រួច​ទេ​បើ​លោក ហ៊ុន ម៉ាណែត មិន​​ហ៊ាន​អះ​អាង​កម្ម​សិទ្ធិ​មួយ​ផ្នែក​នៃ​កោះ​គុត​ឱ្យ​ដាច់​ស្រឡះ​ជា​មុន?

លោក ហ៊ុន ម៉ាណែត ត្រូវ​តែ​បង្ហាញ​ជំហរ​ដាច់​ខាត និង​ម៉ឺង​ម៉ាត់​បំផុត​ក្នុង​ការ​ទាម​ទារ​ឱ្យ​ថៃ​ដោះ​ស្រាយ​បញ្ហា​ដែន​អធិប​​តេយ្យ​លើ​កោះ​គុត រួម​ជាមួយ​ការ​កំណត់​ដែន​សមុទ្រ​រវាង​ប្រទេស​ទាំងពីរ។

ការ​កំណត់​ដែន​សមុទ្រ អាច​សម្រេច​បាន​ជោគ​ជ័យ​ប្រកប​ដោយ​ចីរ​ភាព និង​តម្លា​ភាព គឺ​ទាល់​តែ​មាន​ការ​កំណត់​ដែន​គោក​ឱ្យ​បាន​ច្បាស់​លាស់​ជាមុ​ន​សិន ពោល​គឺ ការ​អារ​កាត់ ថា​តើ​​ព្រំដែន​គោក​របស់​កម្ពុជា​ស្ថិត​នៅ​ត្រង់​ណា​ពិត​ប្រាកដ​នៃ​កោះ​គុត ទើប​ការ​កំណត់​ព្រំដែន​ទឹក​ជា​មួយ​ថៃ  និង​សូម្បី​តែ​ជាមួយ​វៀត​ណាម​ អាច​មាន​ភាព​ច្បាស់​លាស់ លុប​បំបាត់​បាន​នូវ​រាល់​ភាព​ស្រពិច​ស្រពិ​ល និង​ការ​ពារ​ផល​ប្រយោជន៍​ជាតិ​បាន​ពេញ​លេញ។

សូមបញ្ជាក់ថា ដំណើរ​ការ​នៃ​ការ​ដោះ​​ស្រាយ​វិវាទ​តាម​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​ចាប់​បង្ខំ​ក្រោម​ឧបសម្ព័ន្ធ​ទី​ប្រាំនៃ​អនុ​សញ្ញា​អង្គ​ការ​សហ​ប្រជា​ជាតិ​ស្តី​ពី​ច្បាប់​សមុទ្រ UNCLOS គឺ​ជា​ដំណើរ​ការ​ច្បាប់​ការ​ទូត​មួយ​ដែល​ចាប់​ផ្តើម​ឡើង​នៅ​ពេល​រដ្ឋ​ភាគី​ម្ខាង​ដាក់​ពាក្យ​បណ្តឹង​ទៅកា​ន់​អគ្គ​លេខា​ធិការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ ទោះ​បី​​ជា​ភាគី​ម្ខាង​ទៀត​មិន​ស្ម័គ្រ​ចិត្ត​ចូល​រួម​ដំបូង​ក៏​ដោយ។

បន្ទាប់មក គណៈកម្មការផ្សះផ្សាមួយប្រកបដោយអ្នកជំនាញច្បាប់អន្តរជាតិចំនួន ៥រូប នឹង​ត្រូវ​បង្កើត​ឡើង ដោយ​ភាគី​នីមួយៗ​ជ្រើស​រើស​សមាជិក ២រូប ហើយ​សមាជិក​ទាំង ៤រូប រួម​គ្នា​ជ្រើស​រើស​ប្រធាន​គណៈ​កម្ម​ការ​ម្នាក់។​

គណៈកម្មការនេះ មានភារកិច្ចពិនិត្យមើលអង្គហេតុ ស្តាប់ការបកស្រាយ និងស្វែងរកចំណុចរួមដើម្បីសម្រប​សម្រួល​​ឱ្យភាគី​ទាំ​ង​ពីរ​ឈាន​ទៅ​រក​ការ​ព្រម​ព្រៀង​គ្នា ប៉ុន្តែ​ត្រូវ​ចង​ចាំ​ថា លទ្ធផល​ចុង​ក្រោយ​ដែល​ចេញ​ដោយ​គណៈ​កម្ម​ការ​នេះ គឺ​មាន​ទម្រង់​ជា «របាយ​ការណ៍ និង​អនុ​សាសន៍» ប៉ុណ្ណោះ ពោល​គឺ​វា​មិន​មាន​តម្លៃ​គតិ​យុត្តិ​បង្ខំ​ឱ្យ​អនុ​វត្ត​តាម​ដូច​សាល​ដីការ​បស់​តុលាការ​អន្តរ​ជាតិ​នោះ​ទេ។

យ៉ាងណាក្តី យន្តការនេះ មានសម្ពាធនយោបាយ និងសីលធម៌អន្តរជាតិខ្ពស់បំផុត ព្រោះ​វា​បង្កើត​ជា​ឯក​សារ​ផ្លូវ​ការ​ដែល​បញ្ជាក់​ពី​ភាព​ត្រឹម​ត្រូវ​នៃ​បន្ទាត់​ព្រំដែន​តាម​ច្បាប់​អន្តរ​ជាតិ ដែល​ធ្វើ​ឱ្យ​ភាគី​ដែល​រឹង​រូស​ប្រឈម​នឹង​ការ​ខូច​ខាត​កេរ្តិ៍​ឈ្មោះ​នៅ​លើ​ឆាក​អន្ត​រ​ជាតិ​យ៉ាង​ធ្ងន់​ធ្ងរ។

ការលើកឡើងរបស់ភាគីថៃដែលយកយន្តការគណៈកម្មាធិការព្រំដែនរួមទ្វេភាគី JBC មក​ធ្វើ​ជា​ចំណាប់​ខ្មាំង ដើម្បី​គំរាម​​កំហែង​លើ​បំណង​របស់​កម្ពុជា​ ក្នុង​ការ​ប្រើ​ប្រាស់​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​ចាប់​បង្ខំ​ក្រោម​អនុ​សញ្ញា UNCLOS នោះ គឺ​គ្រាន់​តែ​ជាល្បែ​ង​នយោ​បាយ​ការ​ទូត​បែប​ការ​ពារ​និយម និង​ជា​យុទ្ធ​សាស្ត្រ​ពន្យារ​ពេល​ដ៏​ដដែលៗ របស់​ទីក្រុង​បាង​កក​តែ​ប៉ុណ្ណោះ។

ថៃកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ប្រៀបក្នុងការចរចាបែបបិទ​ទ្វារ​ទ្វេ​ភាគី ដែល​ពួក​គេ​តែង​​តែ​​ប្រើ​ប្រាស់​ឧត្តម​ភាព​ជា​ប្រទេស​មាន​សេដ្ឋ​កិច្ច និង​ឥទ្ធិ​ពល​តំប​ន់​ធំ​ជាង​ដើម្បី​ដាក់​សម្ពាធ​មក​លើ​កម្ពុជា។

ការ​ដែល​ថៃអះអាងថា លទ្ធផលនៃយន្តការ UNCLOS គ្រាន់តែជាអនុសាសន៍គ្មាន​កាតព្វ​កិច្ច​ផ្លូវ​ច្បាប់ គឺ​ជា​ការ​បន្ទាប​​តម្លៃ​លើ​ប្រព័ន្ធ​ច្បាប់​អន្តរ​ជាតិ ដើម្បីជាលេសក្នុងការមិនព្រមចូលតុចរ​ចាដែ​ល​មាន​តម្លា​ភាព និង​មាន​អាជ្ញា​​កណ្តាល​អន្តរ​ជាតិ​ដឹ​ងឮ ព្រោះ​ពួក​គេ​ដឹង​ច្បាស់​ថា បន្ទាត់​ព្រំដែន​សមុទ្រ​ដែ​ល​ពួកគេ​​បាន​ប្រកាស​ជា​ឯកតោភា​គី​​កាល​​ពី​ឆ្នាំ​១៩៧៣ នោះ មាន​ភាព​ទន់​ខ្សោយ​ផ្នែក​គតិ​យុត្តិ​អន្តរ​ជាតិ​ខ្លាំង​ណាស់ បើ​ធៀប​នឹង​គោល​ការណ៍​ច្បាប់​សមុទ្រ​​ទំនើប។

មួយវិញទៀត ការប្រកាសខ្សែបន្ទាត់ឯកតោភាគីរ​បស់ថៃកាលពីអតីតកាល ដោយ​អះ​អាង​សិទ្ធិ​អធិប​តេយ្យ​ផ្តាច់​មុខ​លើ​កោះ​គុត គឺ​ជា​ការ​រំលោភ​លើ​សន្ធិ​សញ្ញា​បារាំ​ង​សៀម ឆ្នាំ​១៩០៧ យ៉ាង​ធ្ងន់​ធ្ងរ ព្រោះ​សន្ធិ​សញ្ញា​នោះ​បាន​ប្រគល់​ពាក់​កណ្តាល់​នៃ​កោះគុត​មក​ឱ្យ​ស្ថិត​ក្រោម​អធិ​ប​តេយ្យ​ភាព​របស់​កម្ពុជា។

ផ្អែកលើការបញ្ជាក់ផ្លូវការពីអ្នកនាំពាក្យរដ្ឋាភិបាលថៃ និងរដ្ឋមន្ត្រីការបរទេសថៃ លោក Sihasak Phuangketkeow ដែល​ត្រូវ​បាន​ដក​ស្រង់ និង​ផ្សព្វ​ផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថៃ The Nation Thailand នៅ​ថ្ងៃ​ទី​៧ ខែ​មិថុនា ឆ្នាំ​២០២៦ ភាគី​ថៃ​បាន​បង្ហាញ​ជំហរ​មិន​ពេញ​ចិត្ត​នឹង​ការ​សម្រេច​ចិត្ត​របស់​​កម្ពុជា​ក្នុង​ការ​ប្រើ​ប្រាស់​យន្ត​ការ​ផ្សះ​ផ្សា​ដោយ​​ចាប់​​បង្ខំ​នេះ។

តាមរ​យៈ​ប្រភពព័ត៌មានផ្លូវការខាងលើ រដ្ឋមន្ត្រីការបរទេសថៃ បាន​លើក​ឡើង​ថា ថៃ​មិន​យល់​ស្រ​ប​នឹង​ការ​ប៉ុន​​ប៉ង​​របស់​​កម្ពុជា​ក្នុង​ការ​បង្វែរ ឬ​ពង្រីក​វិសាល​ភាព​នៃ​ដំណើរ​ការ​នេះ ដើម្បី​បញ្ចូល​ការ​ចរចា​អភិ​វឌ្ឍន៍​ធន​ធាន​រួម​នៅ​តំបន់​​ត្រួត​ស៊ី​គ្នា​នោះ​ទេ ទោះ​បី​ជាកា​រ​ចរ​ចាកំ​ណត់​ខណ្ឌ​សីមា​ព្រំដែ​នស​មុទ្រ​មិន​អាច​ឈាន​ទៅ​មុខ​​ក៏​ដោយ។

លើសពីនេះ តាមរបាយការណ៍ដដែល ភាគីថៃបានជ្រើសរើសសមាជិកផ្សះផ្សាចំនួន ២រូបរួចរាល់ហើយ ប៉ុន្តែ​គ្រាន់​តែ​រង់​ចាំ​ការអនុម័តជា​ផ្លូវការ​ពីគណៈរដ្ឋមន្ត្រីថៃតែប៉ុណ្ណោះ ដោយអ្នកនាំពាក្យរដ្ឋាភិបាលថៃបានព្យាយាម​​ពន្យល់ដល់​​សាធារណ​ជន និងតំណាងការទូតមកពីជាង ៧០ប្រទេសថា ដំណើរការក្រោម UNCLOS នេះ គឺគ្រាន់តែជាការពិគ្រោះ​យោបល់លើបន្ទាត់ព្រំដែនសមុទ្រតាមច្បាប់អន្តរជាតិប៉ុណ្ណោះ មិនមែនជាការចរចាដើម្បីបែងចែកផលប្រយោជន៍​ថាមពលឡើយ។

ប្រឈមមុខនឹងស្ថានភាពនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែមានភាពវៃឆ្លាត និងមិនត្រូវធ្លាក់ក្នុងអន្ទាក់​ការ​ទូតនេះទេ។ កម្ពុជាត្រូវតែរក្សាជំហររឹងមាំថា បញ្ហាអធិបតេយ្យភាពដែនដី និងសិទ្ធិដែនសមុទ្រ គឺជារឿងតែ​មួយ​ដែល​មិន​អាចកាត់ផ្តាច់បានឡើយ។

ដើម្បីដោះស្រាយករណីដ៏ស្មុគស្មាញនេះ កម្ពុជាត្រូវតែជម្រុះចោលនូវវប្បធម៌ការទូតបែបយោគយល់នយោបាយផ្ទៃក្នុង​របស់ថៃ រួចបែរមកពង្រឹងសមត្ថភាពបច្ចេកទេសពិតប្រាកដ ដោយបង្កើតក្រុមការងារច្បាប់ និងបច្ចេកទេសព្រំដែន​សមុទ្រកម្រិតខ្ពស់ដែលឯករាជ្យ និងមិនស្ថិតក្រោមឥទ្ធិពលនយោបាយ បំពេញដោយអ្នកជំនាញការច្បាប់អន្តរ​ជាតិ និងអ្នកភូមិសាស្ត្រនយោបាយជើងចាស់ដែលអាចតទល់នឹងល្បិចកលពន្យារពេលរបស់ថៃ។

ទន្ទឹមនឹងនេះ ភាពកម្សោយនៃការរៀបចំកញ្ចប់ឯកសារគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រនាពេលកន្លងមក ត្រូវ​តែ​ជំនួស​មក​វិញ​ដោយការគណនាខ្សែបន្ទាត់មូលដ្ឋានដ៏ម៉ឺងម៉ាត់បំផុត ដើម្បីលាតត្រដាងថា បន្ទាត់ឯកតោភាគីរបស់​ថៃគឺជាការរំលោភច្បាប់អន្តរជាតិយ៉ាងព្រហើន។

លើសពីនេះ រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែបោះបង់ចោលនូវទម្លាប់នៃការចរចាជាលក្ខណៈសម្ងាត់ទ្វេភាគី ដែលតែងតែធ្វើឱ្យកម្ពុជាធ្លាក់ក្នុងភាពចាញ់ប្រៀប ហើយងាកមកអនុវត្តយុទ្ធសាស្ត្រការទូតពហុភាគីយ៉ាងសកម្ម​លើ​ឆាក​អន្តរ​ជាតិ ដើម្បី​ស្វែង​រកការគាំទ្រពីប្រទេសមហាអំណាច និងសមាជិក​​អាស៊ាន។

ជំហររបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ត្រូវតែលុបបំបាត់ការសង្ស័យរបស់សាធារណ​ជន ដោយ​មិនត្រូវ​បំបែក​ការ​ចរ​ចា​ព្រំដែ​ន​សមុទ្រ​ចេញពីការចរចាបែងចែកផលប្រយោជន៍ថាមពលជាដាច់ខាត ព្រោះការប្រញាប់​​ប្រញាល់ចង់បានផលប្រយោជន៍សេដ្ឋកិច្ច​ពីប្រេងកាត ដោយទុកឱ្យបញ្ហាអធិបតេយ្យភាពដែនដី​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់ គឺ​ជា​ការ​ដើរ​ខុស​យុទ្ធ​សាស្ត្រ​ដ៏​គ្រោះ​ថ្នាក់​បំផុត។

លើស​ពី​នេះ យន្ត​ការ​អន្ត​រ​ជាតិ​នឹង​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ឡើយ បើ​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត ​នៅ​តែ​បន្ត​ភ័យ​ខ្លាច​ការ​ប៉ះ​ពាល់​ដល់​កិច្ច​ព្រម​ព្រៀង​ដែន​សមុទ្រ​ប្រវត្តិ​សាស្ត្រ​រវាង​កម្ពុជា និង​វៀត​ណាម​ ឆ្នាំ​១៩៨២ ដែល​ជា​ចំណង​នយោ​បាយ​ដ៏​រសើប​របស់​គណប​ក្ស​កាន់​អំណាច​នោះ។

តំបន់ត្រួតស៊ីគ្នាជាមួយថៃ និងតំបន់ទឹកប្រវត្តិសាស្ត្រជាមួយវៀតណាម មាន​ការ​ទាក់​ទង​គ្នា​ដោយ​ផ្ទាល់​ផ្នែក​ភូមិ​សាស្ត្រ​​នយោ​បាយ ដូច្នេះ​ជំហរ​ទន់​ភ្លន់ ឬ​ការ​ខ្លាច​ចិត្ត​ប្រទេស​ជិត​ខាង​ទាំង​ពីរ នឹង​ធ្វើ​ឱ្យ​កម្ពុជា​ខាត​បង់​ទាំង​សង​ខាង។

ក្នុងការគណ​នាបន្ទាត់មូលដ្ឋានតាមគោលការណ៍ UNCLOS កម្ពុជាត្រូវតែមានភាពហ្មត់ចត់​ជា​ទី​បំផុត​ ដោយ​មិន​ត្រូវ​បណ្តោយ​ឱ្យ​មាន​ការ​កែ​ប្រែ​បន្ទាត់​ណា​ ដែល​ខាត​បង់​ផល​ប្រយោជន៍​ជាតិ ដើម្បី​គ្រាន់​តែ​ផ្គាប់​ចិត្ត​វៀត​ណាម ឬ​ជៀស​វាង​ជម្លោះ​ត្រី​ភាគី​នោះ​ឡើយ។

ភាពច្បាស់លាស់នៃព្រំដែនគោកនៅលើកោះគុត គឺជាសោរគន្លឹះដែលបង្ហាញពីកម្រិតនៃ​ភាព​ស្មោះ​ត្រង់​របស់​​រដ្ឋាភិ​បាល លោក ហ៊ុន ម៉ាណែត ចំពោះ​ជាតិ​សាសន៍​ខ្លួន​ឯង។ ប្រសិន​បើ​គណបក្ស​កាន់​អំណាច​នៅ​តែប​ន្ត​ប្រើ​ប្រាស់​លេស​នៃ​ការ​អភិវឌ្ឍ​​សេដ្ឋ​កិច្ច ឬ​ការ​រក្សា​សន្តិភាព​ជាមួយប្រ​ទេស​ជិត​ខាង ដើម្បី​ជៀស​​វាង​ការ​ទាម​ទារ​អធិប​តេយ្យ​ភាព​ពិត​​ប្រាកដ​នៅ​លើ​កោះ​គុត នោះ​មាន​ន័យ​ថា រដ្ឋាភិ​បាល​កំពុង​លះ​បង់​គ្រឹះ​ស្ថាន​ដ៏​រឹង​មាំរ​បស់​ជាតិ​ដើម្បី​ផល​ប្រយោជន៍​​នយោ​បាយ​រយៈ​ពេល​ខ្លី។

លោក ហ៊ុន ម៉ាណែត ត្រូវតែយល់ថា ការការពារបូរណភាពទឹកដី មិនមែនជាកម្ម​វត្ថុ​នៃ​ការ​ចរចា​​ដោះ​ដូរ​ពាណិជ្ជ​កម្ម​នោះ​ទេ។

ចំពោះការរំពឹងទុ​កថា ថៃនឹងគោរពតាមលទ្ធផលផ្សះផ្សារបស់ UNCLOS ដូចករណីអូស្ត្រាលី និងទីម័រ​ខាង​កើត​នោះ គឺ​​ជា​​ការ​គិត​បែប​ក្មេង​ខ្ចី និងខ្វះការយល់ដឹងពីប្រវត្តិសាស្ត្រ ព្រោះបរិបទនយោបាយជាតិនិយមជ្រុល​របស់ថៃ និងមេរៀនជូរចត់នៃក្តីក្តាំងប្រាសាទព្រះវិហារឆ្នាំ១៩៦២ បានធ្វើឱ្យថៃមិនងាយនឹងទទួលយក​សម្ពាធពីខាងក្រៅឡើយ។

ដូច្នេះ បើរដ្ឋាភិបាលកម្ពុជានៅតែរារែក មិនហ៊ានប្រើប្រាស់យន្តការអន្តរជាតិឱ្យអស់លទ្ធភាព ដោយ​សារ​តែ​ខ្លាច​ខូច​​ទំនាក់​​ទំនង​ទ្វេ​ភាគី នោះក​ម្ពុជា​នឹង​ត្រូវ​ជាប់​អន្ទាក់​នៃ​ការ​គំរាម​កំហែង​ផ្នែក​សេដ្ឋ​កិច្ច និង​យោធា​របស់​ថៃ​ជា​រៀង​​រហូត។

ទោះបីជាដឹងថាលទ្ធផលចុងក្រោយ អាចនឹងត្រូវថៃបដិសេធ ក៏កម្ពុជាមិនត្រូវបង្ហាញភាពទន់ជ្រាយក្នុងការដើរ​លើផ្លូវច្បាប់អន្តរជាតិនោះដែរ។ ការដេញដោលតាមផ្លូវច្បាប់នៅចំពោះមុខគណៈកម្មការផ្សះផ្សាអន្តរជាតិ គឺជាឱកាសតែមួយគត់ដើម្បីលាងជម្រះនូវទស្សនៈអវិជ្ជមានដែលថា រដ្ឋាភិបាលបច្ចុប្បន្នមានជំហរទន់​ជ្រាយ​ចំពោះប្រទេសជិតខាង។

លោក ហ៊ុន ម៉ាណែត ត្រូវតែប្រើប្រាស់ឱកាសនេះដើម្បីបង្ហាញពីភាពចាស់ទុំ និងភាពដាច់​ខាត​ក្នុង​ការ​ដឹក​​នាំ ដោយ​​​មិន​​ត្រូវ​បន្ត​ដើរ​តាម​គន្លងចាស់នៃការការទូតបែបបងប្អូនធម៌​ ដើម្បីតែអំណាចគ្រួសារនោះទេ។

ជារួម យុទ្ធសាស្ត្រដោះស្រាយវិវាទតាមយន្តការច្បាប់សមុទ្រ នឹងក្លាយជាការសម្តែង​ល្ខោន​នយោបា​យ​ឥត​ន័យ ប្រសិន​បើ​រដ្ឋាភិ​បាល​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​តែ​ខ្វះភា​ព​ក្លាហាន​ ក្នុង​ការ​កំណត់​យក​បញ្ហា​អធិប​តេយ្យ​ភាព​លើ​កោះ​គុត និង​ការ​ខណ្ឌ​សីមា​ដែន​គោក​ជា​លក្ខ​ខណ្ឌ​ដាច់​ខាត​មិន​អាច​កាត់​ថ្លៃ​បាន។

ការការពារផលប្រយោជន៍សមុទ្រខ្មែរ ទាមទារឱ្យមានមេដឹកនាំដែលហ៊ាននិយាយការ​ពិត និង​ហ៊ាន​ប្រឈម​មុខ​នឹង​សម្ពាធ​​ពី​​ទាំង​​ភាគី​​ថៃ និង​វៀត​ណាម ដើម្បី​ធានា​ថា​ធន​ធាន​ធម្ម​ជាតិ និង​ទឹក​​ដី​របស់​ដូន​តា​ មិន​ត្រូវ​បាន​បាត់​បង់ ឬ​​ចែក​រំលែក​ដោយ​អយុត្តិ​ធម៌​ក្រោ​មស្លា​ក​នៃ​ការ​អភិវឌ្ឍ​រួម​នោះ​ឡើយ៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ