អ្នកឃ្លាំមើលមួយចំនួន និងអ្នកនយោបាយប្រឆាំង លើកឡើងថា ខ្មែរមិនអាចរកការឯកភាពជាតិឃើញដើម្បីធ្វើឱ្យខ្មែរមានការរួបរួមសាមគ្គី ធ្វើឱ្យខ្មែរខ្លាំងបាននោះទេ និងនៅតែបន្តរស់នៅរងទុក្ខតជំនាន់ ថែមទាំងអាចបាត់បង់ប្រទេសទៀតផង បើនៅតែស្ថិតក្រោមការដឹកនាំងើបមួយវ៉ៃមួយ ដើម្បីបានកាន់អំណាចតពូជរបស់ លោក ហ៊ុន សែន ដូចបច្ចុប្បន្ន។
លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់វីអូឌីនៅថ្ងៃទី៨ខែមិថុនានេះថា ការដែលប្រទេសកម្ពុជានៅតែបន្តវិលវល់ បែកបាក់ជាតិ ប្រទេសជាតិនៅតែទន់ខ្សោយ កើតមានវិបត្តិចាក់ស្រេះ អ្នកនយោបាយប្រឆាំង និងសកម្មជនសង្គម ត្រូវបានលោកហ៊ុន សែន ចាប់ដាក់ពន្ធនាគារតាមអំពើចិត្ត និងមួយចំនួនបង្ខំចិត្តរត់ភៀសខ្លួន ទៅសុំសិទ្ធិជ្រកកោននៅក្រៅប្រទេស គឺដោយសារតែអំណាចប្រមូលផ្តុំតែនៅក្នុងដៃលោកហ៊ុន សែន។ លោកថា ក្នុងរយៈពេលប្រមាណ ៣០ឆ្នាំ មកនេះ អ្នកនយោបាយប្រឆាំង និងសកម្មជនសង្គម ត្រូវបានលោកហ៊ុន សែន ប្រើតុលាការចាប់ដាក់គុក រួចលើកលែងទោស ហើយនឹងចាប់ដាក់គុកវិញ ចំពោះជនណាក៏ដោយ ដែលហ៊ានរិះគន់អំពើទុច្ចរិតបំផ្លាញជាតិ និងការក្តោបអំណាចតពូជរបស់កាត់។
លោកថា៖ «ជោគវាសនាគណបក្សប្រឆាំង គឺស្ថិតក្នុងកណ្តាប់ដៃ លោកហ៊ុន សែន ចង់ចាប់ដាក់គុកឬរំលាយគណបក្សពេលណាចោល គឺស្រេចតែគាត់ ពីព្រោះច្បាប់ស្ថិតនៅលើមាត់ លោកហ៊ុន សែន អាហ្នឹងយើងឃើញជាក់ស្តែង។ លោកហ៊ុន សែន គាត់និយាយហើយ អ្នកឯងដូចត្រីនៅក្នុងកន្ត្រក ចង់កាច់កពេលណាក៏បាន អាហ្នឹងយើងឃើញជាក់ស្តែងអ៊ីចឹង។ គាត់ប្រើអំណាចផ្តាច់ការ ចង់ដោះលែងអ្នកណាស្រេចតែចិត្តគាត់ចង់ ចាប់អ្នកណាដាក់គុកក៏ស្រេចតែចិត្តគាត់។ គាត់ប្រើពាក្យគំរាមចំពោះអ្នកប្រឆាំងងើបមួយវ៉ៃមួយ គាត់ប្រើពាក្យនេះតែជាមួយខ្មែរគ្នាឯង ជាមួយថៃគាត់អត់ហ៊ានទេ បណ្តោយឱ្យថៃឈ្លានពានខ្មែរស្រេចចិត្ត យើងឃើញជាក់ស្តែងអ៊ីចឹង»។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ស្របទៅនឹងការលើកឡើងរបស់ លោក អ៊ុំ សំអាន និងហៅ លោកហ៊ុន សែន ថាជាមេដឹកនាំដែលមានគំនិតទុច្ចរិត ក្នុងការបំផ្លាញអ្នកនយោបាយណាដែលរឹងទទឹង មិនព្រមដើរតាមបន្ទាត់នយោបាយដែលលោក។ លោកហ៊ុន សែន បានធ្វើអំពើទុច្ចរឹតដដែលៗក្លាយជាទម្លាប់ ក្នុងរយៈពេលប្រមាណ៣០ឆ្នាំមកនេះ គឺចាប់ដាក់គុក លើកលែងទោស ធ្វើឱ្យមានការឈឺចាប់ និងការបែកបាក់ជាតិកាន់តែខ្លាំង។
លោកថា៖ «អាហ្នឹងហើយដែលប្រជាពលរដ្ឋ ដែលអ្នកនយោបាយដទៃ ដែលអន្តរជាតិ គេថា លោកហ៊ុន សែន ជាជនផ្តាច់ការហ្នឹង ហើយជាជនដ៏ទុច្ចរិតបំផុតនៅក្នុងការដឹកនាំប្រទេសកម្ពុជា ពីព្រោះមនុស្សល្អឬក៏មេដឹកនាំល្អណាដែលធ្វើរឿងចឹងៗកើតទេ? អត់ទេ។ មេដឹកនាំល្អណាក៏ដោយ គឺគេគោរពច្បាប់ គេគោរពរដ្ឋធម្មនុញ្ញ គេគោរពមនុស្សដូចគ្នា គេមិនចេះតែប៉ាតណាប៉ាតណី ធ្វើបាបប្រជាពលរដ្ឋ ធ្វើបាបអ្នកនយោបាយប្រឆាំង ធ្វើបាបសកម្មជនសង្គមដែលប្រើសិទ្ធិបញ្ចេញមតិទេ។ ប្រភេទលោកហ៊ុន សែន ជាប្រភេទមេដឹកនាំផ្តាច់ការ ជាប្រភេទមេដឹកនាំទុច្ចរិត គិតតែពីផលប្រយោជន៍បក្ខពួកខ្លួនទេ»។
វីអូឌី មិនអាចទាក់ទងលោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេ នៅថ្ងៃទី៨ខែមិថុនានេះ។
ប៉ុន្តែលោក ប៉ែន បូណា បានថ្លែងកាលពីថ្ងៃទី២៦ខែឧសភា បន្ទាប់ពីមានការលើកលែងទោសជាប់ឃុំក្នុងផ្ទះ លើលោកកឹម សុខា ដោយយកសារលោកហ៊ុន ម៉ាណែត មកបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីបានចាត់ទុកការលើកលែងទោសឱ្យលោកកឹម សុខា ថាជាជំហ៊ានមួយបន្ថែមក្នុងការពង្រឹងសាមគ្គីឯកភាពជាតិ។
អ្នកនាំពាក្យរូបនេះ លើកឡើងថា ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជា តាំងពីជំនាន់លោកហ៊ុន សែន រហូតមកដល់លោកហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយផ្សះផ្សា បង្រួបបង្រួមជាតិ ដើម្បីពង្រឹងឯកភាពជាតិខ្មែរ តាមរយៈសិល្បៈនៃការដឹកនាំប្រកបដោយគុណធម៌ និងពោរពេញទៅដោយការសណ្តោសប្រោសប្រណី។
ប៉ុន្តែនៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៅអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២ខែមិថុនា លោកហ៊ុន សែន បានថ្លែងជាមួយពាក្យសម្តីគ្រោតគ្រាតជាថ្មីទៀតដូចនេះថា៖ «អញប្រាប់ហ្ហែង ផ្តាំហ្ហែងឱ្យហើយ អ្នកណាក៏ដោយ ដែលប៉ុនប៉ងផ្តួលរដ្ឋាភិបាល ងើបមួយវ៉ៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្តិវិធីដោយមិនប៉ុនប៉ងផ្តួលរំលំដោយខុសនឹងរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិរបស់អ្នកឯង សារជូនអ្នកឯងមិនច្រើនទេ។ បើអ្នកឯងនៅតែបន្តនិយាយថា ត្រូវតែផ្តួលត្រកូលហ៊ុន អញសូមប្រាប់ទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូលហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្ហែងដែរ គឺមានតែក្រុមទេវតា ហ្វូងទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចនៅប្រទេសនេះ»។
សម្រាប់ លោកម៉ែន ណាត លោកហ៊ុន សែន គឺជាមេដឹកនាំផ្តាច់ការ ដោយបានប្រើគ្រប់វិធីទាំងស្របច្បាប់និងមិនស្របច្បាប់ ដើម្បីកម្ចាត់អ្នកនយោបាយដែលមានមតិផ្ទុយ ហើយបានត្រួតត្រាគ្រប់ស្ថាប័នជាតិទាំងអស់ រួមទាំងស្ថាប័នព្រះមហាក្សត្រ និងតុលាការ។ បន្ទាប់ពីរំលាយគណបក្សប្រឆាំង រំលាយស្ថាប័នសារព័ត៌មានឯករាជ្យ និងអង្គការសង្គមស៊ីវិលឯករាជ្យ ដែលជាកញ្ចក់ឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតក្នុងសង្គមអស់ លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត និងបក្ខពួក បានជិះសេះលែងដៃបំផ្លាញធនធានធម្មជាតិ ប្រព្រឹត្តអំពើពុករលួយ កឹបកេងទ្រព្យសម្បត្តិជាតិ បើកឱ្យឧក្រិដ្ឋជនអនឡាញបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា ដើម្បីតែកើបប្រមូលប្រាក់ធ្វើមានធ្វើបានសម្រាប់តែក្រុមគ្រួសារនិងបក្ខពួកខ្លួន ប៉ុន្តែរដ្ឋនិងប្រជាពលរដ្ឋកាន់តែច្រើនធ្លាក់ខ្លួនកាន់តែក្រីក្រ ជំពាក់បំណុលគេរុំកោះ។
លោកថា៖ «ពីព្រោះមានតែជនពាលទេ ដែលធ្វើរឿងចឹងៗកើត ចង់ធ្វើបាបអ្នកណាក៏បាន ចង់បង្ក្រាបអ្នកណាក៏បានស្រេចចិត្ត ដោយគ្មានខ្វល់ពីសិទ្ធិជាមូលដ្ឋានរបស់មនុស្ស មិនខ្វល់ពីការឈឺចាប់របស់អ្នកដទៃមិនខ្វល់ពីរឿងអយុត្តិធម៌របស់អ្នកដទៃទេ ឱ្យតែខ្លួនឯងសមបំណង គឺខ្លួនឯងធ្វើយ៉ាងម៉េចក៏បាន។ នឹងហើយដែលហៅថា មិនសមជាមេដឹកនាំ។ ហើយគាត់ថា ក្រុមប្រឆាំងមិនទាន់ដល់វេនទៅដឹកនាំប្រទេសទេ ក្នុងន័យហ្នឹងបំណងរបស់គាត់ គ្មានអ្នកណាក្រៅពីត្រកូលហ៊ុនរបស់គាត់ទេ ដែលទៅដឹកនាំប្រទេស ទោះបីពួកអ្នកនៅក្នុងគណបក្សកាន់អំណាចដូចគ្នា ក៏មិនទាន់ដល់វេនពួកហ្នុងដែរ គឺត្រូវតែត្រកូលហ៊ុនមុនសិន។ គឺត្រកូលហ៊ុនបង្កើតរាជកាលត្រកូលហ៊ុនសិន ត្រួតត្រាទាំងមន្ត្រី ត្រួតត្រាទាំងស្តេច ត្រួតត្រាទាំងរាស្ត្រ ហើយធ្វើអំពើយង់ឃ្នងនៅក្នុងការដឹកនាំជាតិ»។
លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ថ្លែងថា នយោបាយធ្វើទុក្ខបុកម្នេញ ហិង្សាធ្វើបាបខ្មែរគ្នាឯងរបស់លោកហ៊ុន សែន ថ្វីត្បិតតែធ្វើឱ្យជោគជ័យទៅដល់ក្រុមគ្រួសារនិងបក្ខពួកខ្លួន ដែលនៅពេលនេះ សុទ្ធតែក្លាយទៅជាមហាសេដ្ឋីរស់នៅលើគំនរទ្រព្យសម្បត្តិដែលបានមកពីការកេងប្រវ័ញ្ចទ្រព្យសម្បត្តិជាតិ និងការគប់គិតរកស៊ីទុច្ចរិត ប៉ុន្តែប្រជាពលរដ្ឋនិងប្រទេសជាតិកំពុងធ្លាក់ក្នុងវិបត្តិក្រីក្រធ្ងន់ធ្ងរ។
អ្នកឃ្លាំមើលរូបនេះ បន្តថា ដោយសារតែគណបក្សប្រជាជនដឹងខ្លួនថា ក្រោមការដឹកនាំរបស់ខ្លួនបានធ្វើឱ្យពលរដ្ឋនិងជាតិជួបវិបត្តិច្រើនពេក ជាពិសេសជាតិទន់ខ្សោយមិនអាចការពារទឹកដីបាន ធ្វើឱ្យប្រទេសជិតខាងប្រមាថមើលងាយចូលរំលោភឈ្លានពានយកទឹកដីខ្មែរតាមអំពើចិត្ត ទើបលោកហ៊ុន សែន ខំកម្ចាត់អ្នកនយោបាយប្រឆាំង មិនឱ្យចូលរួមប្រកួត តាមរយៈការដកសិទ្ធិធ្វើនយោបាយ និងងើបមួយវៃមួយ ដើម្បីធ្វើយ៉ាងណាឱ្យត្រកូលខ្លួនបានដឹកនាំប្រទេសតពូជ។
លោកថា៖ «ប្រសិនបើអ្វីដែលយើងមើលឃើញកាន់តែបន្ត ហើយរូបភាពចុងក្រោយនេះកាន់តែគំរាមកំហែង គឺរឿងងើប១វ៉ៃ១ ហើយយើងនិយាយមកទាក់ទងនឹងការដឹកនាំតពូជតអីនេះ វាសុទ្ធតែជារឿងដើរផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ។ ការលើកឡើងបែបនេះ វាហាក់បីដូចជាធ្វើរដ្ឋប្រហារធម្មនុញ្ញហើយ គឺរដ្ឋធម្មនុញ្ញយើងបានចែងច្បាស់ហើយថា ប្រទេសកម្ពុជាដឹកនាំតាមបែបប្រជាធិប្បតេយ្យ ដោយមានការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ជាដើម។ ប៉ុន្តែសម្តីមេដឹកនាំថ្មីៗនេះ គឺបង្ហាញច្បាស់ហើយថា កម្ពុជានឹងមិនគោរពតាមគោលការណ៍បែបហ្នឹងទេ គឺដោយមានការគិតគូរៀបចំទៅដល់អ្នកបន្តវេនដោយហៅខ្លួនឯងថា ជាកូនទេវតា»។
ចំណែក លោក សុខ សុគន្ធ ហៅ ជែម សុខ អ្នកស្រាវជ្រាវ និងជាអ្នកអត្ថាធិប្បាយលើបណ្តាញសង្គម បានហៅលោក ហ៊ុន សែន ថា ជាមនុស្សល្ងង់ដែលខ្លាំងបានតែជាមួយខ្មែរគ្នាឯង។ និយាយឡើងសុទ្ធតែថា មានតែកូនត្រកូលហ៊ុន មានតែកូនទេវតាទេ ទើបជាអ្នកកាន់អំណាចប្រទេសនេះបាន ដោយលោកចោទសួរថា បើសិនលោកហ៊ុន សែន ខ្លាំងមែន ហេតុអ្វីមិនកាន់អំណាចខ្លួនឯង បែរជាចាំឱ្យយួនលើបន្តុប និងថា បើលោកហ៊ុន សែន ពិតជាពូកែមែន ហេតុអ្វីមិនរៀបចំស្រុកទេសឱ្យបានល្អខ្លាំង ការពារទឹកដីឱ្យបានគង់វង្ស បែរជាបណ្តែតបណ្តោយឱ្យយួនឱ្យសៀមប្រមាថមើលងាយ រំលោភយកទឹកយកដីតាមអំពើចិត្ត។
លោកថា៖ «វាពូកែបានតែខ្មែរគ្នាឯង! ស៊ឹងតែប្រាប់ថា វាមិនអាចម៍ទេ! ប៉ុល ពត វាសម្លាប់គ្នាវាទាល់តែអស់យួនវ៉ៃយកអំណាចបាត់។ ឥឡូវ ហ៊ុន សែន អីណាក្រញ៉េងក្រញ៉ាងអីណាកូនទេវតាអីណា? សម្លាប់ខ្មែរអស់ទៅ ចាប់ខ្មែរដាក់គុកអស់ទៅ ហ៊ុន សែន គេធាក់ក្បាលចោល! ឡូឡាបានតែជាមួយខ្មែរ វាមិនអាចម៍ទេ ដីទឹកយួនយកគ្មានហ៊ានមាត់ម៉ាម៉ាត់ ឥឡូវសៀមយកទាំងទឹកទាំងដីទៀត មិនដឹងធ្វើអីវាផងចេះតែគំរាមខ្មែរ។ មនុស្សអាយុប៉ុនៗប៉ុណ្ណឹងហើយមិនកសាងសេចក្តីស្រឡាញ់ ឱ្យតែចាប់ក្បាលមីក្រូហ្វូនមកគំរាម! មើលគំរាមទៅបានស្អីមកវិញ? វាអត់! អ៊ីចឹងវាជាសម្តីល្ងង់ខ្លៅទេ! វាមិនដែលមានជនជាតិណារកតែរឿងគ្នាឯង! ខ្ញុំឆ្ងល់កើតមកជាខ្មែរ ពូកែជាងគេគំរាមតែខ្មែរ ពូកែជាងគេធ្វើឱ្យខ្មែរខ្លបខ្លាច ចុះម៉េចមិនធ្វើឱ្យបរទេសខ្លបខ្លាច? អាហ្នឹងហើយជាបញ្ហារបស់តាសែនខ្ញុំនេះ»។
សម្រាប់ លោកអ៊ុំ សំអាន ដែលធ្លាប់ត្រូវបានលោកហ៊ុន សែន ចាប់ដាក់ពន្ធនាគារ និងក្រោយមកត្រូវបានលើកលែងទោស ទាក់ទងនឹងការរិះគន់លើភាពមិនប្រក្រតី ក្នុងការបោះបង្គោលព្រំដែនកម្ពុជា-វៀតណាម លើកឡើងថា បើលោក ហ៊ុន សែន និងលោកហ៊ុន ម៉ាណែត នៅតែបន្តដឹកនាំប្រទេសតាមបែបផ្តាច់ការធ្វើទុក្ខបុកម្នេញ ធ្វើបាបតែខ្មែរគ្នាឯង រំលោភសិទ្ធិមនុស្ស ដើរប្រាសចាកឆ្ងាយពីគោលការណ៍ប្រជាធិបតេយ្យ ធ្វើឱ្យសហគមន៍អន្តរជាតិថ្កោលទោសដូចបច្ចុប្បន្ន កម្ពុជាមិនត្រឹមតែមិនរីកចម្រើនប៉ុណ្ណោះទេ ថែមទាំងកាន់តែធ្លាក់ចុះដុនដាប បរទេសប្រមាថមើលងាយ រំលោភឈ្លានពានទឹកដីកាន់តែខ្លាំង នឹងអាចឈានទៅបាត់ប្រទេស។
បើតាមមន្ត្រីបក្សប្រឆាំងរូបនេះ ប្រសិនបើលោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត មិនព្រមកែប្រែការដឹកនាំរបស់ខ្លួន ហើយនៅតែបន្តដឹកនាំប្រទេសតាមបែបផ្តាច់ការ ចាប់អ្នកមានមតិផ្ទុយដាក់គុកតាមអំពើចិត្តរំលោភរដ្ឋធម្មនុញ្ញបែបនេះ ជម្រើសចុងក្រោយគឺមានតែប្រជាពលរដ្ឋខ្មែររួបរួមគ្នា ទម្លាក់ត្រកូលហ៊ុនពីអំណាច ទើបអាចធ្វើឱ្យប្រជាជាតិខ្មែរមានការរួបរួមសាមគ្គីគ្នា កសាងប្រទេសឱ្យរីកចម្រើនរឹងមាំបាន ពីព្រោះសត្រូវពិតប្រាកដរបស់ខ្មែរ គឺបរទេសឈ្លានពាន មិនមែនខ្មែរគ្នាឯងនោះទេ៕









