អ្នក​តាម​ដាន​ថា​ការ​បង្ក្រាប​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​បាន​បិទ​បាំង​ទ្រព្យ​សម្បត្តិ​ពួក​ឧក្រិដ្ឋ​ជន

អ្នក​ឃ្លាំ​មើល ព្រមាន​ពី​ហានិ​ភ័យ​នៃ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​នៅ​កម្ពុជា បើ​វិធាន​ការ​បង្ក្រាប​របស់​រដ្ឋាភិ​បាល​នៅ​តែ​មិន​ចាប់​មេខ្លោង​ធំៗ​ដែល​អន្តរ​ជាតិ​ចង្អុល​បង្ហាញ ហើយ​នៅ​តែ​លាក់​បាំង​សាច់​ប្រាក់ ទ្រព្យ​សម្បត្តិ​របស់​ពួក​គេ​ឧក្រិដ្ឋ​ជន។

ក្តីបារម្ភនេះ ពួកគេ​ជំរុញ​ឱ្យរដ្ឋា​ភិ​បាល​បង្ហាញ​តម្លា​ភាព និង​ចាប់​មេ​ខ្លោង ដើម្បី​សង្គ្រោះ​កម្ពុជា​កុំ​ឱ្យ​ជាប់​ទណ្ឌ​កម្ម​អន្តរ​ជាតិ។

អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម លោក​​បណ្ឌិត មាស នី បាន​ចោទ​សួរ​ថា ចំពោះ​យុទ្ធ​នា​កា​រ​ចុះ​​​​បង្ក្រាប​ស្គេម​អន​​ឡាញ​របស់​សមត្ថ​កិច្ច​កន្លង​មក ឃើញ​ចាប់​បាន​ត្រឹម​អ្នក​ជាប់​ពាក់​ព័ន្ធ​រាប់​ពាន់​ម៉ឺន​នាក់ និង​បង្ហាញ​ត្រឹម​​វត្ថុ​តាង​ដូច​ជា​​សម្ភារៈ​​​​​កំព្យូទ័រ ឬ​សម្ភារៈ​ផ្សេងៗ​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ​​មិ​ន​​ឃើញ​សមត្ថ​កិច្ច​បង្ហាញ​​​​​វត្ថុ​តាង​ដូច​ជា​លុយ​​​ដែ​ល​​ជា​ភស្តុ​​តាង​ជាក់​​​ស្តែង​​​​​​ទាល់​​តែ​​សោះ?​។

លោកថា ចំពោះ​ការអនុវត្តនីតិវិធីទៅលើអ្នកជាប់ពាក់ព័ន្ធ នឹង​បទ​ល្មើស​នេះ​ ក៏​ហាក់​ធ្វើ​ឡើង​មិន​ទាន់​បាន​ត្រឹម​ត្រូវ​ដែរ ដោយ​​ឃើញ​​​មាន​ជន​សង្ស័យ​ខ្លះ​ បាន​បញ្ជូន​ទៅ​ផ្តន្ទា​ទោស​តាម​ប្រព័ន្ធ​តុលាការ និង​ខ្លះ​ទៀត បាន​បណ្តេញ​ចេញ​ពី​កម្ពុជា​ជា​ដើម។

លោកបន្តថា៖ «យើងដឹងហើយថា អនឡាញនេះ ល្បីលុយរាប់ពាន់​លាន​ដុល្លារ។ ប៉ុន្តែ​នៅ​ពេល​សមត្ថ​កិច្ច​ចាប់​បាន​ម្តងៗ តើភ​ស្តុតាង​អី​​ដែ​ល​​បង្ហាញ​ថា​ទីតាំង​ ឬ​ជន​សង្ស័យ​ហ្នឹង​ជាស្គេម​អន​ឡាញ។ ហើយ​ម្នាក់ៗ​ហ្នឹង​រក​លុយ​បាន​ប៉ុន្មាន? ឧទាហរណ៍​ថា ដូច​ករណី​​​​ចាប់​ស្កេម​​អន​ឡាញ នៅខេ​ត្ត​បាត់​ដំបង ថា​តើ​ប្រតិ​បត្តិ​ការ​តាំង​ពី​ថ្ងៃដែ​ល​ចាប់​ តាំង​​ពី​គេ​ចូល​មក​នៅរ​ហូត​ដល់​ថ្ងៃ​គេ​ចាប់​ហ្នឹង ថា​តើលុ​យគេ​រ​ក​​បាន​មាន​ចំនួន​ប៉ុណ្ណា ហើយ​លុយ​ហ្នឹង​នៅ​ឯណា?។ នេះ​ជា​ចម្ងល់? ខ្ញុំ​មិន​មែន​ជាអ្ន​ក​ច្បាប់​ទេ ប៉ុន្តែ​គ្រាន់​តែ​មាន​ចម្ងល់​ខ្លួន​ឯង​ទេ»។

តាមលោក មាស នី ក៏ដូចជាសាធារណ​ជន ចង់​ឃើញកា​រ​អនុវត្ត​ច្បាប់​ ទៅ​លើ​អ្នក​ជាប់​ពាក់​ព័ន្ធ​បទ​ល្មើស​ស្កេម​អន​​ឡាញ​​នេះ ឲ្យបា​ន​​ស៊ី​ជំ​រៅ​ជាង​នេះ ប្រយោជន៍​ដើម្បី​​ជំរុញ​ឲ្យ​​ភ្ញៀវ​ទេស​ចរ​​ និងអ្ន​ក​វិនិយោ​គ​ទុន​បរទេស ងាក​មក​គាំទ្រ​​ឡើង​វិញ។

លោកបន្ថែមថា៖ «ករណីនេះ បើយើងមិនច្បាស់លាស់ នឹងធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ ឬ​ក៏​មាន​បញ្ហា​ភ័យ​ខ្លាច​ដល់​ភ្ញៀវ​ទេស​ចរ​ដទៃ​ទៀត ដែល​​​គេ​​​ម​ក​រស់​នៅ​ស្រុក​ខ្មែរ​ ជាពិសេស​ទេស​ចរ​ចិន​ហ្នឹង​ឯង ដែល​យើង​ចង់​ឲ្យ​ចិន​មក​លេង​ស្រុក​ខ្មែរ ប៉ុន្តែ​បើ​សិន​ជា​យើ​ង​មិន​មាន​ភាព​ច្បាស់លាស់​បែ​ប​ហ្នឹង វា​ធ្វើ​ឲ្យ​ចិន​មកលេ​ង​ដែល​គ្នា​ស្មោះ​ត្រង់​ហ្នឹង ក៏​គេ​អត់​ហ៊ាន​មក​លេង​ដែរ។ បើ​មក​លេង ហើយ​កំពុង​ស្នាក់នៅ​ហើ​យត្រូវសមត្ថកិ​ច្ច​ទៅព័ទ្ធ​ចាប់​ ថា​មាន​បទ​ល្មើស​ស្កេម​អន​ឡាញ​អី​ហ្នឹង អាណឹ​ង​វា​សុទ្ធតែ​ជា​ហានិភ័យស​ម្រាប់​ប្រទេស​យើង។ បើ​យើង​មិន​បាន​អនុវត្ត​នីតិ​វិធី​​​ហ្នឹង​ឲ្យ​បាន​ត្រឹ​ម​ត្រូវ។ នេះ​ជា​ការ​មើល​ឃើញរបស់​ប​ង»

ស្រដៀងគ្នាដែរ សម្រាប់ លោក យី សុខសាន្ត មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់​​សមាគ​ម​អាដ​ហុក​ បាន​ឲ្យ​វីអូឌី​​ដឹ​ង​នៅថ្ងៃ​ទី​៨​ខែ​​មិថុនា​​នេះ​ដែរ​ថា ការ​ដែល​​កម្លាំង​ចម្រុះ​​ចុះ​បង្ក្រាប​ស្កេម​អន​ឡាញ​​ម្តងៗ ហាក់​មិន​សូវ​ឃើញ​​បង្ហាញ​ភស្តុតា​ង​ពាក់​ព័ន្ធ​នឹង​ទ្រព្យ​សម្បត្តិ​ពួក​ឧក្រិដ្ឋ​ជន​ទេ ខណៈ​សហគមន៍​អន្តរ​ជាតិ ក៏​​​កំពុង​​តាម​​ដាន​វិធាន​ការ​នេះ។

លោកថា៖ «ពលរដ្ឋហាក់បីដូចជានៅមានមន្ទិល​សង្ស័យ​ពី​ក្រុម​ចម្រុះ​ ដែល​ចុះ​ទៅ​បង្ក្រាប​ស្គេម​អន​ឡាញ​ហ្នឹង។ យើង​​ចង់​​ឲ្យស​មត្ថកិច្ច​​ធ្វើ​​ឲ្យ​​មាន​​​​​តម្លា​ភាព បើចា​ប់​បាន​ លុយ​ដែល​ប្រមូល​មក​ហ្នឹង​យក​ទៅ​ទុក​ដាក់​នៅ​កន្លែង​ណា ឬ​សម្ភារៈ​យក​ទៅ​ណា​​ដើម្បីរ​ក្សា​ទុក​ដូច​ករណី ចោរ​លួច​​​​​​ចោរ​ប្លន់​ចោល​លួច​ម៉ូតូ​ជា​ដើម។ គឺ​ដក​យក​ម៉ូតូ ទូរសព្ទ​យក​ទៅ​រក្សា​ទុក​ដើម្បី​ស្រាវ​ជ្រាវ ប៉ុន្តែ​ជាក់​ស្តែង​យើង​មើល​ឃើញ​ថា សម​ត្ថ​កិច្ច​​បង្ក្រាប​​​​​បទ​ល្មើស​នេះ​ ប៉ុន្តែ​មិន​មាន​តួ​លេខ​​ច្បាស់​​លាស់ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​សង្ស័យ ជាពិសេស​មតិ​ជាតិ​អន្តរ​​ជាតិ កំពុង​សំឡឹង​​មក​​​​មើល​​​កម្ពុជា​យើង។ ហើយ​យើង​គួរ​តែ​ជម្រះ​មន្ទិល​សង្ស័យ​នេះ​ឲ្យ​​ល្អ​ ដើម្បី​ស្តារ​មុខ​មាត់​ប្រទេស​ជាតិ​យើង»។

​​អ្នកឃ្លាំមើលសង្គមរូបនេះ ​ស្នើឲ្យ​ការអនុវត្តច្បាប់ស្គេម​អនឡាញនេះ គឺ​អនុវត្ត​ឲ្យ​មាន​តម្លា​ភាព​ ​ ដើម្បី​ស្តារ​មុខ​មាត់​កម្ពុជា​លើ​ឆាក​អន្តរ​ជាតិ។

លោក​បន្ត​ថា៖ «នៅពេលដែល​ក្រុម​ស្គេម​ហ្នឹង​ចូល​មក​ពេញ​ស្រុក​យើង គឺ​ទី១ ធ្វើ​ឲ្យ​ទេស​ចរ​ ក៏​គេ​មិន​ហ៊ាន​មក​លេង​ស្រុក​យើង។ ហើយ​ទី២​ ការ​មក​រក​ប្រកប​របរ​រក​​ទទួល​ទាន​លក់​ដូរ​បើក​ហាង​ផ្សេងៗ ឬ​ក្រុម​ហ៊ុន​ជា​ដើម​ហ្នឹង វា​ហាក់​ដូច​ជា​មាន​ការ​ថម​ថយ គេ​មិន​ហ៊ាន​មក​រក​ស៊ី​ទេ។ ហើយ​ការ​មក​រក​ស៊ី​ស្រុក​យើង​ហ្នឹង វា​ហាក់​បី​ដូច​ជា​មិន​សូវ​ជា​គោរព​​ច្បាប់។ អញ្ចឹង​អ្នក​ដែល​រក​ស៊ី​ស្មោះ​ត្រង់ អ្នក​ដែល​មក​រក​ស៊ី ដើម្បី​​អភិវឌ្ឍន៍​​​ប្រទេស គេ​អត់​សូវ​ហ៊ាន​មក​ចូល​រួម​​ទេ។ នេះ​ជា​ការ​កត់​សម្គាល់​របស់​ខ្ញុំ។ ហើយ​ថ្មី​នេះ ក៏​ឃើញ​មាន​ក្រុមជ​ន​អន្តោ​ប្រវេសន៍ ឬ​ជន​​បរទេស​​បាន​​ធ្វើ​​​​សកម្ម​​ភាព​លួច​ម៉ូតូ ប្លន់ ចាប់​ជំរិត និង​ឃាតក​ម្ម​ជា​ដើម។ នេះ​​ជា​ព័ត៌​មាន​ដែល​យើង​មើល​ឃើញ​នៅ​ក្នុង​បណ្តាញ​សង្គម»។

ចំណែក លោក សេក សុជាតិ ​​អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់​គំនិត និង​ការ​ស្រាវ​ជ្រាវ​ នៅ​តែ​ទទូច​ចង់​ឃើញ​រដ្ឋាភិ​​បាល បើក​ការ​​​​ស៊ើប​​អង្កេត​​​ទៅ​​​​លើ​អ្នក​ជាប់​ពាក់​ព័ន្ធ​មួយ​ចំនួន​ ដែល​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​សហគមន៍​អន្តរ​ជាតិ ពិសេស​សហរដ្ឋ​អាមេ​រិក ដែល​រក​ឃើញ​ថា ​​ឈ្មួញ​​មាន​ទ្រព្យ និង​មាន​អំណាច​នៅ​កម្ពុជា​មួយ​ចំនួន គឺ​ជា​មេ​ខ្លោង​​ធំ​​នៅ​ពី​ក្រោយ​បទ​ល្មើស​ ស្គេម​អន​ឡាញ​នៅ​ក​ម្ពុជា។​

លោកទទួលស្គាល់​ថា យុទ្ធ​នា​ការ​បង្ក្រាបស្គេម​អនឡាញ ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ ​មាន​សភាព​ក្តៅ​គ​គុក និង​ទទួល​​បាន​ផល​​វិ​ជ្ជ​មាន​​ច្រើន ប៉ុន្តែ​ស្នើ​ឲ្យ​កា​​រ​​​​អនុ​វត្ត​​​ច្បាប់​ឲ្យ​បាន​ស៊ី​ជំរៅ​ជាង​នេះ។ ដ្បិត​បើការ​​អនុវ​ត្ត​ច្បាប់​ធូរ​លុង នឹង​មិន​ទទួល​បាន​​ការ​គាំទ្រ​​ពី​សហគមន៍​អន្តរ​ជាតិ​​​នោះ​​ឡើយ ហើយ​​​​​កម្ពុជា​នឹង​លែងជា​ទី​ទុ​​កចិ​ត្ត​របស់​អ្នក​វិនិយោគ​ទុន និង​ភ្ញៀវ​ទេស​ចរ​បរទេស​​​​ទៀត​ដែរ។​

លោកបន្តថា៖ «ក្នុងករណីដែលមិនអនុវត្តឬមិនស៊ើប​អង្កេត​ ចំពោះ​បុគ្គល​ដែល​សហគមន៍​អន្តរ​ជាតិ​បាន​លើក​ឡើង គឺ​នឹង​ធ្វើ​ឲ្យ​មាន​មន្ទិល​​សង្ស័យ​ច្រើន ហើយ​មន្ទិល​ទាំងអ​ស់​នេះ​ នឹង​អាច​ធ្វើ​​ឲ្យ​មាន​ការ​រិះ​គន់​និង​វាយ​តម្លៃ អំពី​ការ​អនុ​វ​ត្ត​​ច្បាប់​មាន​ស្តង់​ដារ​ពីរ ឬ​ក៏​ច្រើន នៅ​ក្នុង​ប្រ​​​ទេស​កម្ពុជា។ ហើយ​ក៏អា​ច​នឹង​ធ្វើ​ឲ្យមា​ន​បញ្ហាទំ​នាក់​ទំនង​ការ​ទូត​ ឬ​ក៏​មាន​បញ្ហា​លើ​វិស័យ​ឧស្សាហ​កម្ម សេដ្ឋ​កិច្ច​ផ្សេងៗ ដែល​អ្នក​ជាប់​ពាក់​​ព័ន្ធ​​ធំៗ​​​​​​មិ​ន​ត្រូវ​បាន​ស៊ើប​អង្កេត។ អញ្ចឹង​វា​គឺ​ជា​ប្រធាន​បទ​នៅ​តែ​ក្តៅ​ ហើយ​នៅ​តែ​មា​នកា​រ​មន្ទិល»។​

ទាក់ទិនបទល្មើសស្កែមអនឡាញនេះដែរ លោក ហ៊ុន សែន ប្រធាន​​ព្រឹទ្ធសភាកម្ពុជា កាល​ពី​ពេល​ថ្មីៗ​នេះ បាន​ព្រមាន​​ចាត់​វិធាន​ការ​ច្បាប់​ឲ្យ​​​បាន​ធ្ងន់​ធ្ងរ​បំផុត ទៅ​លើ​​មន្ត្រី​ក្រោម​ឱវាទ​ របស់​លោក ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​​នេះ ដោយ​ត្រូវ​បញ្ចប់​តំណែង និង​កសាង​​សំណុំ​​រឿង​​​​បញ្ជូន​​​​​ទៅកា​ន់​តុលាការ​ផ្តន្ទាទោ​ស​ថែម​ទៀត​ផង។

លោកថា៖ «​ខ្ញុំក៏សូមស្វាគមន៍ជាមួយនឹងការដក​ចោល​មន្ត្រី​មួយ​ចំនួន ហើយ​ខ្ញុំ​​សូម​ផ្តល់​ជា​អនុ​សាសន៍​​ថា ការ​បង្ក្រាប​​ការ​ឆបោក​ត្រូវ​ដើរ​​​​​ទន្ទឹម​គ្នា​នឹង​ការ​បង្ក្រាប មន្ត្រី​ដែល​ពាក់​ព័ន្ធ​ និង​ដក​ចោល​មន្ត្រី ដែល​ធ្វើ​សកម្ម​ភាព។ អ្នក​មិន​អាច​ទទួល​ជោគ​ជ័យ​បាន​ទេ បើ​អ្នក​ត្រឹម​តែ​​ទៅ​វៃ​ពួក​អន​ឡាញ ឬ​ពួក​ស្គេម​ទាំង​ហ្នឹង ហើយមិ​ន​ដើរ​ទន្ទឹម​ជាមួយ​នឹង​​អ្នក ដែល​ជាប់​ពាក់​ព័ន្ធ​ និង​អ្នក​ដែល​មិន​ចង់​ធ្វើ។ នាយក​រដ្ឋ​មន្ត្រី ត្រូវ​ចាំ​​​​ឲ្យច្បាស់​ត្រង់​កន្លែង​ហ្នឹង»។

យ៉ាងណា​ក៏ដោយចុះ ​​​អ្នកឃ្លាំមើលសង្គម មើល​ឃើញ​ថា ​យុទ្ធនា​ការ​បង្ក្រាប​ស្គេម​អន​ឡាញ​ របស់​រដ្ឋាភិ​បាល​ជាប​ន្ត​បន្ទាប់​​មក​នេះ ជា​ពិសេស​​ចា​ប់​ពី​ដើម​ឆ្នាំ​​២០២៦ មក​ដល់​ដើម​​​ខែ​​មិថុនា​​នេះ បា​​នចាប់​​​ខ្លួន និង​បណ្តេញ​​ជន​​​បរទេស​​​​ចម្រុះ​ជាតិ​សាសន៍ ដែល​​ជាប់​​​ពាក់​​ព័​ន្ធ​បទ​ល្មើស​នេះ ​រាប់​ពាន់​ម៉ឺន​នាក់ ចេញ​ពី​កម្ពុជា។ តែ​យ៉ាង​ណា មេខ្លោង​ធំៗ ដែល​​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​ របស់​អន្តរ​ជាតិ កំពុង​ស្ថិត​ក្នុង​ជួរ​ថ្នាក់​ដឹ​ក​នាំ​រដ្ឋាភិ​បាល​កម្ពុជា ដែល​ស្និត​នឹង​លោក ហ៊ុន សែន និង​លោក ហ៊ុន ម៉ាណែត នៅ​មិន​ទាន់​បានចា​ប់ខ្លួ​ន​ទេ  ដូ​ច​ជា​លោក ហ៊ុន តូ លោកលី យ៉ុង​ផាត់ លោក​កុក អាន ជា​ដើម មិន​ត្រូវ​បាន​ចាប់​ខ្លួន​ទេ ដែល​វិធាន​នេះ​ជំរុ​ញ​ឱ្យ​មាន​ការ​រិះ​គន់​ថា មេដឹក​នាំ​នៅ​ពី​ក្រោយ​ឧក្រិដ្ឋ​កម្ម​នេះ ធ្វើ​ឱ្យ​កម្ពុជា​ប្រឈម​នឹង​ហានិ​ភ័យ តាម​រយៈ​វិធាន​ដាក់​ទណ្ឌ​កម្ម​ពី​សហគមន៍​អន្តរ​ជាតិ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ