ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ សហព័ន្ធសហជីព សមាគម សរុបជាង៥០ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួម ជំរុញឱ្យថៅកែរោងចក្រ រដ្ឋាភិបាល និងអ្នកបញ្ជាទិញ បង្កើនវិធានការពារសុវត្ថិភាពកម្មករក្នុងវិស័យកាត់ដេរ ដោយសំអាងថា ពួកគេបារម្ភយ៉ាងខ្លាំងចំពោះហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់កម្មករ ដ៏គួរឲ្យតក់ស្លុត កើតឡើងផ្ទួនៗគ្នានាប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
តាមសេចក្តីថ្លែងការណ៍រួមចុះថ្ងៃទី៨ខែមិថុនានេះ ពួកគេបានផ្តោតលើគ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦ ក្នុងខេត្តកំពង់ឆ្នាំង និងខេត្តស្វាយរៀង ដែលហេតុការណ៍នោះ កម្មករកាត់ដេរចំនួន ៩៣នាក់ បានរងផលប៉ះពាល់ ដែលក្នុងនោះមានអ្នកស្លាប់ចំនួន ១៤នាក់ និងអ្នករងរបួសចំនួន ៧៩នាក់ ដែលភាគច្រើនជាស្ត្រី។
សម្រាប់ក្រុមអង្គការសង្គមស៊ីវិលទាំងនោះ ហេតុការណ៍ដ៏អាក្រក់ទាំងនេះ មិនមែនជាទម្រង់ដាច់ដោយឡែកឡើយ ប៉ុន្តែជាភស្តុតាងនៃបញ្ហាដែលកើតមានឡើងជាបន្តបន្ទាប់ និងប្រកបដោយគ្រោះថ្នាក់ក្នុងការដឹកជញ្ជូនកម្មករ និងការការពារសុវត្ថិភាពកម្មករនៅទូទាំងប្រទេសកម្ពុជា។
ទិន្នន័យផ្លូវការ បានបង្ហាញពីភាពធ្ងន់ធ្ងរនៃវិបត្តិដែលកើតមានឡើង ដោយនៅខេត្តកំពង់ឆ្នាំង តែមួយមានកម្មករសរុប ៥៣នាក់ រងផលប៉ះពាល់ ក្នុងនោះមានអ្នកស្លាប់ ៩នាក់ និងរងរបួស ៤៤នាក់។ ចំណែកនៅខេត្តស្វាយរៀង មានកម្មករ ៤០នាក់ បានរងផលប៉ះពាល់ រួមមានអ្នកស្លាប់ ៥នាក់ និងរងរបួស ៣៥នាក់។ តួលេខទាំងនេះ បង្ហាញពីតម្រូវការជាបន្ទាន់សម្រាប់ការកែទម្រង់ប្រព័ន្ធដឹកជញ្ជូនរបស់កម្មករ ដើម្បីទប់ស្កាត់ហេតុការណ៍ដូចនេះមិនឲ្យកើតឡើងជាថ្មីម្តងទៀត។
រៀងរាល់ថ្ងៃ កម្មករជាច្រើនពាន់នាក់ ត្រូវធ្វើដំណើរទៅមកពីគេហដ្ឋានទៅបំពេញការងារនៅតាមបណ្តារោងចក្រនានា ដោយប្រើយានយន្តដែលមានមនុស្សកកកុញ និងមិនត្រូវបានរចនាឡើងសម្រាប់ដឹកអ្នកដំណើរ។ កម្មករត្រូវបង្ខំឲ្យឈរ ឬអង្គុយក្នុងស្ថានភាពមិនមានសុវត្ថិភាព ដោយគ្មានខ្សែក្រវ៉ាត់សុវត្ថិភាព ឬឧបករណ៍ការពារជាមូលដ្ឋានណាមួយ ដែលធ្វើឱ្យពួកគេប្រឈមមុខនឹងហានិភ័យក្នុងកម្រិតខ្ពស់ នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។
បើតាមប្រភពដដែល បានដកស្រង់សម្តីរបស់ លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) មកសំអាងថា “ហេតុការណ៍គ្រោះថ្នាក់ទាំងពីរនេះ គឺជាការបាត់បង់ជីវិតដែលអាចបង្ការបាន។ កម្មករកាត់ដេរ មិនគួរត្រូវប្រឈមមុខនឹងហានិភ័យ ដើម្បីទៅដល់កន្លែងធ្វើការរបស់ពួកគេនោះទេ។ ការធ្វើកំណែទម្រង់ជាប្រព័ន្ធ និងបន្ទាន់ ត្រូវការយ៉ាងចាំបាច់ ឥឡូវនេះ” ។
លើសពីនេះ ពួកគេទទួលស្គាល់ថា ការឆ្លើយតបរហ័សទាន់ពេលវេលារបស់រដ្ឋាភិបាល ក្នុងការផ្តល់សេវាការព្យាបាល និងសំណង តាមប្រព័ន្ធបេឡាជាតិសន្តិសុខសង្គម ប.ស.ស.។ ទោះជាយ៉ាងណា ការឆ្លើយតបបន្ទាន់តែមួយមុខ គឺមិនគ្រប់គ្រាន់នោះទេ។ ការបង្ការការបាត់បង់ជីវិតនាពេលអនាគត ត្រូវការដោះស្រាយ និងរកឲ្យឃើញនៃដើមហេតុនៃបញ្ហាក្នុងការដឹកជញ្ជូនគ្មានសុវត្ថិភាព។
ក្រោមហេតុផលនេះ ពួកគេអំពាវនាវឲ្យរដ្ឋាភិបាលត្រូវពង្រឹង និងអនុវត្តយ៉ាងតឹងរឹង ច្បាប់ និងបទបញ្ជាពាក់ព័ន្ធនឹងការដឹកជញ្ជូនកម្មករ រួមទាំងការហាមឃាត់ការប្រើប្រាស់យានយន្តមិនមានសុវត្ថិភាព ដោយកំណត់ស្តង់ដារសុវត្ថិភាពច្បាស់លាស់ និងធានាការត្រួតពិនិត្យជាប្រចាំ និងការទទួលខុសត្រូវ។ ការវិនិយោគសាធារណៈបន្ថែមលើប្រព័ន្ធដឹកជញ្ជូនសុវត្ថិភាព ដែលអាចដំណើរការបាន និងមានតម្លៃសមរម្យ សម្រាប់កម្មករនៅទូទាំងប្រទេស។
លើសពីនេះ និយោជក និងសមាគមនិយោជកត្រូវទទួលខុសត្រូវ ក្នុងការធានាថា កម្មករទាំងអស់អាចទទួលបានសេវាដឹកជញ្ជូនដែលមានសុវត្ថិភាពខ្ពស់ មានទំនុកចិត្ត និងមានសេចក្តីថ្លៃថ្នូរ រួមមានការវិនិយោគលើយានយន្តដែលមានសមត្ថភាព មានបរិក្ខារការពារសុវត្ថិភាពគ្រប់គ្រាន់ និងមានការផ្តល់សេវាដែលមានអាជ្ញាបណ្ណ និងដាក់បញ្ចូលសុវត្ថិភាពដឹកជញ្ជូន ជាផ្នែកមួយសំខាន់នៃកាតព្វកិច្ចនៅកន្លែងការងារ។
ចំណែក ម៉ាកយីហោអន្តរជាតិ និងអ្នកបញ្ជាទិញ ត្រូវទទួលស្គាល់កាតព្វកិច្ចរបស់ខ្លួន ក្នុងការដោះស្រាយហានិភ័យជាប្រព័ន្ធនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់។ ម្ចាស់ម៉ាកយីហោត្រូវផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការប្តេជ្ញាចិត្តខ្ពស់ ដើម្បីធានាថា រោងចក្រត្រូវវិនិយោគលើការដឹកជញ្ជូនសុវត្ថិភាព និងធានាថា សុវត្ថិភាពកម្មករទាំងក្នុង និងក្រៅកន្លែងការងារ គឺជាស្តង់ដារដែលមិនអាចបដិសេធបាន។
សុវត្ថិភាពកម្មករ ត្រូវតែពង្រីកលើសពីច្រកចូលរបស់រោងចក្រ។ មិនមានកម្មករណាម្នាក់គួរត្រូវប្រឈមមុខនឹងហានិភ័យ ឬគ្រោះថ្នាក់ដល់អាយុជីវិត ដើម្បីតែរកចំណូលដើម្បីផ្គត់ផ្គង់គ្រួសារ និងការរស់នៅដោយសេចក្ដីថ្លៃថ្នូរនោះទេ។
វីអូឌី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ លោក ស៊ុន មេសា បានភ្លាមៗទេនៅថ្ងៃចន្ទនេះ។
យ៉ាងនេះក្តី អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង៥០ស្ថាប័ន ដែលបានចេញសេចក្តីថ្លែងការណ៍រួមនោះ បានគូសបញ្ជាក់ថា ការបាត់បង់ជីវិតកម្មករ ១៤នាក់ គឺជាសោកនាដកម្ម និងមានផលវិបាកធ្ងន់ធ្ងរដល់ក្រុមគ្រួសាររបស់ពួកគេ។ វិធានការសម្រាប់បង្ការក្នុងពេលអនាគត ត្រូវការការទទួលខុសត្រូវរួម កិច្ចសហការសម្របសម្រួល និងការវិនិយោគដែលមានន័យពីគ្រប់ភាគីពាក់ព័ន្ធ។
ពួកគេថា បានត្រៀមខ្លួនរួចរាល់ក្នុងការចូលរួមសហការស្ថាបនា ជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីធានាថា កម្មករកាត់ដេរទាំងអស់នៅកម្ពុជា មានលក្ខខណ្ឌការងារ និងការធ្វើដំណើរដែលមានសុវត្ថិភាព និងមានសេក្តីថ្លៃថ្នូរក្នុងនាមជាមនុស្ស៕









