ឧក្រិដ្ឋ​កម្ម​អន​ឡាញ​កំពុង​បំបែក​ខ្លួន​តាម​ផ្ទះ​តូចៗ ក្រោយ​​​ការ​​បង្ក្រាប​​ខ្នាត​ធំ

ប្រតិ​បត្តិ​ការ​បោស​សម្អាត​ឧក្រិដ្ឋ​កម្ម​អន​ឡាញ​ទ្រង់​ទ្រាយ​ធំ​ជាង​កន្លះ​ឆ្នាំ​មក​នេះ បាន​ធ្វើ​ឱ្យ​ឧស្សាហ​​កម្ម​ឆបោក​ជា​ច្រើន​កន្លែង​ដួល​រលំ ប៉ុន្តែប​ច្ចុប្បន្ន​វា​​ត្រូ​វ​បាន​​ជំនួស​​មក​វិញ​ដោយ​សហ​គ្រាស​តាម​ផ្ទះ។

ក្រុមឧក្រិដ្ឋជនទាំងនោះ ប្រមូលផ្ដុំគ្នាក្នុងចំនួនតិចជាង ៣០​នាក់ ដោយ​ជ្រើស​រើស​ទី​​តាំង​ផ្ទះ​លំ​ហែ បុ​រី ផ្ទះ​ល្វែង ភោជ​​នីយ​​ដ្ឋាន និ​ង​ផ្ទះ​សំណាក់​ជា​ដើម សម្រាប់​ការ​លាក់​ខ្លួន​ និង​ប្រតិ​បត្តិ​ការ។

ជាក់ស្ដែងការបង្ក្រាបមួយនៅចុងខែមេសា ក្នុងផ្ទះសំណាក់មួយ​កន្លែង​នៅ​ក្រុង​ខេមរ​ភូមិន្ទ​ ខេត្ត​កោះ​កុង សមត្ថ​កិច្ច​​ចាប់​បាន​ជន​បរទេស​១៧​នាក់។ ករណី​មួយ​ទៀត នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា ​សមត្ថ​កិច្ច​​រក​​ឃើញ​ជន​បរទេស​ចំនួន ១៩​នាក់​ និង​ទូរស័ព្ទ​ជាង​ ២ពាន់​គ្រឿង នៅ​ផ្ទះ​លំហែ​មួយ​កន្លែង​នៅ​ច្រក​ម្ទេស ក្រុង​​បាវិត ខេត្ត​​ស្វាយ​រៀង។ ដោយ​​ឡែក ការ​​បង្ក្រាប​​មួយ​​​ទៀត នៅ​​កណ្ដាល​​ក្រុង​​បាត់​ដំបង កាល​ពី​ថ្ងៃ​ទី​១ ខែ​មិថុនា អាជ្ញាធរ​បាន​រក​ឃើញ​ឧក្រិដ្ឋ​ជន​អន​ឡាញ​​ប្រមាណ ៣០​នាក់ ក្នុង​នោះមា​ន​សន្តិសុ​ខ​៧នាក់​ជា​ជនជា​តិ​ខ្មែរ​ ខណៈ​ម្ចាស់​វីឡា​គឺ​ជា​មន្ត្រី​យោធា។

អ្នកតាមដាន​ បារម្ភថា ការបង្កើតជម្រកអនឡាញតាមរូប​ភាព​ថ្មី​នៅ​ក្នុង​បន្ទប់​ជួល​ និង​ផ្ទះ​ជួល​អាច​ធ្វើ​ឱ្យ​ការ​បង្ក្រាប​​កាន់​តែ​ពិបាក​ជាង​មុន ដោយ​សារ​មាន​ទីតាំង​ច្រើន​ និង​មិន​ប្រាកដ​ប្រជា ខណៈ​ជន​ជាតិ​ខ្មែរ​ដែល​បាត់​បង់​ការ​​ងារ​ ក៏​អាច​វិវត្ត​ខ្លួន​ក្លាយ​ជា​ភ្នាក់​ងារ​ស្កេម​អន​ឡាញ​តា​ម​ផ្ទះ​ផង​ដែរ។

អ្នកតាមដានឧក្រិដ្ឋកម្មអនឡាញ លោក ជុំ ឧទិត្យ កត់​សម្គាល់​ថា ទោះ​ការ​ឆបោក​តាម​ផ្ទះ​មាន​ទម្រង់​តូច តែ​វា​ក៏​ត្រូ​វ​​ត​​ភ្ជាប់​ទៅ​នឹង​បណ្ដាញ​ប្រព័ន្ធ​ធំ​ដែល​មាន​វត្ត​មាន​ទាំង​ក្នុង​ និង​ក្រៅ​ប្រទេស។ លោក​បន្ត​ថា ផ្អែក​លើ​ការ​តាម​ដាន​​អាស័យ​ដ្ឋាន​អ៊ីន​ធឺ​ណិត ឬ IP address ឧក្រិដ្ឋ​ជន​កំពុង​ជ្រើស​រើស​គោល​ដៅ​ថ្មី​ តាម​បណ្ដាប្រ​ទេស​ស្ថិត​នៅ​ក្នុង​តំបន់​​អាស៊ី​អាគ្នេយ៍​ដដែល ដែល​ធ្វើ​ឱ្យ​ប​ណ្ដាញ​ឧក្រិដ្ឋ​កម្ម​អន​ឡាញ នៅ​តែ​មាន​ភាព​ប្រទាក់​ក្រឡា​គ្នា។

ករណី​នេះ លោក​យល់​ឃើញ​ថា ការ​បោស​សម្អាត​តាម​របៀប​បច្ចុប្បន្ន គឺ​គ្មាន​ប្រសិទ្ធ​ភាព​ឡើយ ដរាប​ណា​គ្មាន​ការ​ជីក​ឫស​គល់​ទាំង​បណ្ដាញ​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

លោក ជុំ ឧទិត្យ មានប្រសាសន៍ថា៖ «ទាល់​តែ​យើង​បោស​សម្អាត​ជា​ប្រព័ន្ធ​ដែរ។ យើង​បោស​​សម្អាត​តាំង​ពី​​មេ​ឧក្រិដ្ឋ​ជន ប្រតិ​បត្តិ​ករ​ឆបោក ប្រព័ន្ធ​សឺវើរ​មេ  ហើយ​អ្វី​ដែល​សំខាន់​មួយ​ទៀត​នោះ គឺ​កន្លែង​លាង​លុយ​កខ្វក់។ កន្លែង​ហ្នឹង​វា​សំខាន់​ដែរ​ ពីព្រោះ​កាល​ណា​គេ​ឆបោក​បាន លុយហ្នឹ​ង​វា​មិន​ទាន់​អាច​ចែក​បាន​ភ្លាមៗ​ទេ វា​ទា​ល់​តែ​មាន​កន្លែង​លាង។ ហើយ​អា​ការ​លាង​លុយ​ហ្នឹង មិន​មែន​ទូ ជញ្ជីង លក់​មាស​ ឬក៏​កន្លែង​ដូរ​លុយ​ធម្មតា​អាច​ទៅ​លាង​លុយ​ទាំង​អស់​​ហ្នឹង​​បាន​ទេ វា​ទា​ល់​តែ​មាន​ការ​សហការ​ពី​​រដ្ឋ​ ឬ​ក៏​ពី​អំណាច​រដ្ឋ​នៃ​ប្រទេស​​មួយ បាន​វា​អាច​ធ្វើ​ទៅ​បាន»។

តាមការតាមដាន​ លោក ជុំ ឧទិត្យ មើ​លឃើញ​ថា ក្រុម​ឧក្រិដ្ឋ​ជន​បោះ​ទីតាំង​នៅ​ប្រទេស​ចំនួន​៤ រួម​មាន ភូមា ឡាវ ហ្វីលីពីន និង​ស្រី​លង្កា ដោយ​សារ​ជា​ប្រទេស​មាន​នីតិ​រដ្ឋ​ខ្សោយ។ លោក​បន្ត​ថា ពួក​ឧក្រិដ្ឋ​ជន​បាន​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​តាម​ច្រក​របៀង​ ចូល​ទៅ​ខេត្ត​ស្រះ​កែវ ត្រាត និងច​ន្ទ​បុរី ប្រទេស​ថៃ មុន​បន្ត​ទៅ​ប្រទេស​ទាំង​នោះ។ លោក​ឱ្យ​ដឹង​ទៀត​ថា ពួក​ជន​បរទេស​ពិសេសជ​ន​ជាតិ​ចិន ព្យាយាម​គេច​មិន​ព្រម​ទៅ​ប្រទេស​កំណើត​ ដោយ​ហេតុ​ថា​ពួក​គេ​មា​ន​​ឈ្មោះ​​​ក្នុង​បញ្ជី​ជន​ល្មើស​ត្រូវ​ចាប់​ខ្លួន​ ដោយ​សារ​ការ​បង្កើត​គណនី​ធនាគារ​ក្លែង​ក្លាយ​ទុក​ស្តុក និង​ជួញ​ដូរ​លុយ​កខ្វក់ ទៅ​កាន់​ទីក្រុង​ឌូបៃ​ និង​ប្រទេស​វៀត​ណាម។

បើតាមប្រធានលេខាធិការដ្ឋានគណៈកម្មកា​រ​ចំពោះ​​កិច្ច​ប្រយុទ្ធ​ប្រឆាំង​ការ​ឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា (គ.ឆ.ប.ឆ) ​លោក ឆៃ ​ស៊ី​ណា​រិទ្ធ បាន​ប៉ាន់​ស្មាន​ថា ចំណាត់​ការ​បោស​សម្អាត​ឧក្រិដ្ឋក​ម្ម​អន​ឡាញ​នៅ​ពេល​នេះ អាច​នឹង​ធ្វើ​ឱ្យ​ជន​បរទេស​ហោច​ណាស់​ជាង​ ២០​ម៉ឺន​នាក់ ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

ក្រៅពីជនបរទេស នៅក្នុងប្រតិបត្តិការបង្ក្រាបមួយ​ចំនួន សមត្ថ​កិច្ច​ក៏​បា​ន​រក​ឃើញ​ជន​ជាតិ​ខ្មែរ​ជា​ប្រតិ​បត្តិ​ករ​អន​ឡាញ​ផង​ដែរ ប៉ុន្តែ​អាជ្ញាធរ​ជ្រើស​រើស​ការ​មិន​បញ្ចេញ​តួ​លេខ​ ដោយ​អប់រំ​ពួក​គេ​ហើយ​ដោះ​លែង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​កាលពីថ្ងៃទី២៦ ខែ​ឧសភា លោក​ស្រី ជូ ប៊ុន​អេង បាន​ឱ្យ​ដឹង​ថា សមត្ថ​កិច្ច​បាន​រក​ឃើញ​ប្រតិ​បត្តិ​ករ​អន​ឡាញ​ជាជ​ន​ជាតិ​ខ្មែរ​ និង​បាន​ហៅ​ទៅ​អប់​រំ​ណែ​នាំ។ ប៉ុន្តែ​អ្នក​ស្រីថា​ បញ្ហា​គួរ​ឱ្យ​បារ​ម្ភ​នោះ គឺ​នៅ​ត្រង់​ពួក​គេ​អាច​បង្កើត​សកម្ម​ភាព​ឆបោក​ដោយ​ខ្លួន​ឯង ដោយ​សារ​មាន​ជំនាញ​នេះ​ស្រាប់។

លោកស្រី ជូ ប៊ុនអេង ថ្លែង​ថា៖ «ឥឡូវ​ឃើញ​ខ្មែរ​យើង​ស្ថិត​នៅក្នុ​ង​រង្វង់​នៃ​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង​ដែរ ប៉ុន្តែ​នៅ​ពេល​​ដែល​​យើង​យក​គាត់​អប់​រំ ហើយ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ​អី​ហ្នឹង​ កុំ​ភ្លេច​​ថា​ពួក​គាត់​មាន​ចំណេះ​ដឹង​ហ្នឹង​រួច​ហើយ អ៊ីចឹង​​គាត់​អាច​ប្រើ​ប្រាស់​ពេល​ណា​ក៏​បាន​ដែរ។ អ៊ីចឹង​នេះ​គឺ​ជា​ហានិភ័យ​ក្នុង​រឿង​ស្កេម​អន​ឡាញ​ ដោយ​សារ​បច្ចេក​វិទ្យា​​នេះ​​វា​បាន​ធ្វើ​ឱ្យ​គាត់​ដិត​ដាម​ហើយ អ៊ីចឹង​គាត់​អាច​ប្រើ​ប្រាស់​សម្រាប់​បោក​ប្រាស់​គេ​ពេល​ណា​ក៏​បាន។ នេះ​គឺ​ជា​​រឿង​​គួ​រ​ឱ្យ​ព្រួយ​បារម្ភ»។

ទោះបីការបង្ក្រាបឧក្រិដ្ឋកម្មអនឡាញ មានភាពសស្រាក់សស្រាំ និង​មាន​ច្បាប់​ថ្មី​កំណត់​ការ​ផ្ដន្ទា​ទោស​ធ្ងន់​ធ្ងរ ប៉ុន្តែ​អ្នក​ឃ្លាំ​មើល​ថា លទ្ធ​ផល​ពិត​ប្រាកដ​នឹង​មិន​អាច​វិជ្ជ​មាន​ឡើយ​ ដរាប​ណា​បណ្ដាញ​ឧក្រិដ្ឋ​ជន និង​មេខ្លោង​ធំៗ ពិសេស​​​អ្នក​​មាន​អំណាច​នៅ​ក្នុង​ស្រុក​មិន​ត្រូវ​បាន​បង្ក្រាប​ឱ្យ​ដល់​ឫស​គល់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ