គណបក្សប្រឆាំងមួយនៅកម្ពុជា ប្រមូលស្នាមមេដៃសកម្មជនរបស់បក្សខ្លួន និងប្រជាពលរដ្ឋជាង ៥៧០០ស្នាមមេដៃ ដើម្បីត្រៀមដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ប្តឹងមេដឹកនាំប្រទេសថៃ ដែលបានឈ្លានពានដែនអធិបតេយ្យភាពទឹកដីកម្ពុជា និងបានបណ្តាលឱ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងប្រាសាទបុរាណ នៅតាមបណ្តាខេត្តមួយចំនួននៅជាប់បណ្តោយព្រំដែន ព្រមទាំងអាយុជីវិតរបស់ប្រជាពលរដ្ឋខ្មែរ។
នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦នេះ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ នាទីស្នាក់ការគណបក្ស នៅរាជធានីភ្នំពេញថា ឧក្រិដ្ឋកម្មសង្គ្រាមឈ្លានពានពីសំណាក់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា នាពេលកន្លងមកថ្មីៗនេះ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លាប់ និងរបួសជាច្រើននាក់ និងប្រជាពលរដ្ឋរាប់ម៉ឺននាក់ត្រូវភៀសសឹក បាត់បង់ផ្ទះសម្បែង ព្រមទាំងបំផ្លាញនូវហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើនទៀត រួមទាំងប្រាសាទបុរាណខ្មែរ ជាពិសេសប្រាសាទព្រះវិហារដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោក រងការខូចខាតយ៉ាងដំណំផងដែរ។
មិនតែប៉ុណ្ណោះ លោកថា បើទោះជាបីបច្ចុប្បន្ន មិនមានសង្គ្រាម ប៉ុន្តែទាហានថៃនៅបន្តរំលោភឈ្លានពានបូរណ ភាពទឹកដីកម្ពុជា ដោយមានការដាក់កម្លាំង ការរាយជាបន្លាលួស ការដាក់ទូរកុងតឺន័រ និងការធ្វើរបងជាដើម។
ការណ៍នេះ លោកថា គណបក្សកម្លាំងជាតិ បានរៀបចំពាក្យបណ្តឹង ដោយមានភ្ជាប់នូវស្នាមមេដៃរបស់តំណាងសកម្មជនគណបក្ស និងប្រជាពលរដ្ឋខ្មែរសរុបចំនួន ៥ ៧៨៩នាក់ ដាក់ទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ដែលមានកម្មវត្ថុប្តឹងចំនួន២ ក្នុងនោះ ទី១ គឺប្តឹងទៅលើថ្នាក់ដឹកនាំប្រទេសថៃ ដែលបានប្រើប្រាស់នូវរាល់ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពានលើទឹកដីកម្ពុជា និងទី២ ប្តឹងទាមទារឱ្យថ្នាក់ដឹកនាំថៃ ទទួលខុសត្រូវលើការខូចខាតហេដ្ឋារចនាសម្ព័ន្ធនានា រួមទាំងការបាត់បង់អាយុជីវិតរបស់ពលរដ្ឋស៊ីវិលផងដែរ។
លោកថា៖ «កន្លងមកយើងបានចេញសេចក្តីថ្លែងការណ៍ចង្អុលបង្ហាញ ក៏ដូចជាការផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាល ឱ្យប្រើប្រាស់យន្តការច្បាប់អន្តរជាតិ យន្តការស្មារតីកិច្ចព្រមក្រុងប៉ារីស២៣តុលា ដែលយើងមើលឃើញថាជាអាវក្រោះ ឬក៏ជាខែលក្នុងការការពារនូវបូរណភាពទឹកដីរបស់ខ្លួន ហើយគណបក្សប្រឆាំង រួមជាមួយអ្នកគាំទ្រ យើងអាចដាក់ពាក្យបណ្តឹង ឬដាក់ជូនព័ត៌មានជាភស្តុតាងទៅលើទង្វើឈ្លានពាននោះ ប៉ុន្តែនៅក្នុងនេះយើងប្រើថាពាក្យបណ្តឹង ហើយកម្មវត្ថុប្តឹងមាន២ចំណុច ទី១ គឺប្តឹងទៅលើថ្នាក់ដឹកនាំប្រទេសសៀម ដែលបានប្រើប្រាស់រាល់នូវឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មឈ្លានពានមកលើដែនអធិបតេយ្យកម្ពុជា ទី២ ប្តឹងឱ្យទទួលខុសត្រូវនូវការខូចខាត[…]នៅក្នុងហ្នឹងក៏យើងបានដាក់សំណងនៅក្នុងហ្នឹងដែរ»។
ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី បានថ្លែងក្នុងសន្និសីទសារព័ត៌មាននោះដែរថា មាត្រា៤៩នៃរដ្ឋធម្មនុញ្ញកម្ពុជា បានចែងអំពីបូរណភាពទឹកដីកម្ពុជា ហើយប្រជាពលរដ្ឋខ្មែរមានសិទ្ធិការពារបូរណភាពទឹកដី។ ប៉ុន្តែបច្ចុប្បន្ន ប្រទេសជិតខាង ជាពិសេសប្រទេសថៃ បានធ្វើការយាយី និងឈ្លានពានបូរណភាពទឹកដីកម្ពុជា ធ្វើឱ្យប្រជាពលរដ្ឋខ្មែរបាត់បង់ផ្ទះសម្បែង មុខរបរ សិស្សានុសិស្សបាត់បង់ការសិក្សា និងបានធ្វើឱ្យខូចខាតទ្រព្យសម្បត្តិអស់ជាច្រើនថែមទៀត ដែលការណ៍នេះ លោកថា ក្នុងនាមប្រជាពលរដ្ឋខ្មែរ គឺមានសិទ្ធិដាក់ពាក្យបណ្តឹងទៅតុលាការអន្តរជាតិ អំពីការរំលោភបំពានរបស់បរទេសមកលើទឹកដីកម្ពុជា។
លោកថា៖ «ចឹងថ្ងៃនេះ គណបក្សកម្លាំងជាតិ បានជម្រាបជូនអ្នកសារព័ត៌មានថា បងប្អូនប្រជាពលរដ្ឋខ្មែរ បានផ្តិតមេដៃត្រឹមត្រូវ ដើម្បីដាក់ជូនទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ ដើម្បីស្វែងរកយុត្តិធម៌ ដើម្បីបញ្ជាក់ទៅអន្តរជាតិថា ប្រទេសថៃបានឈ្លានពានប្រទេសកម្ពុជា»។
លោក ជា ធីរិទ្ធ អ្នកនាំពាក្យលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា សុំមិនអត្ថាធិប្បាយចំពោះសកម្មភាពរបស់គណបក្សប្រឆាំង ដែលប្រមូលស្នាមមេដៃគ្រោងនឹងដាក់ពាក្យបណ្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិនេះទេ ដោយថានេះជាសិទ្ធិរបស់ពួកគេ។
តែយ៉ាងណា លោកថា រដ្ឋាភិបាលកម្ពុជា បាននិងកំពុងដោះស្រាយបញ្ហាព្រំដែននេះដោយសន្តិវិធី និងប្រើប្រាស់យន្តការច្បាប់អន្តរជាតិ។
លោកថា៖ «អ្វីដែលរាជរដ្ឋាភិបាលិកម្ពុជាបានធ្វើកន្លងមក យើងបានដឹងហើយ រដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺបានដោះស្រាយបញ្ហាព្រំដែននេះ ដោយឈរលើមូលដ្ឋានសន្តិវិធី ជាពិសេសគឺយន្តការនៃច្បាប់អន្តរជាតិ ហើយកន្លងមក យើងបានហើយ យើងបានទៅដល់យន្តការតុលាការអន្តរជាតិ ទៅដល់តុលាការអន្តរជាតិ ហើយឥឡូវយើងបានដឹងហើយ យើងបានបញ្ជូនរឿងហ្នឹង តាមរយៈយន្តការផ្សះផ្សាដោយបង្ខំនៅក្នុងច្បាប់ស្តីអំពីច្បាប់សមុទ្រ របស់អង្គការសហប្រជាជាតិហ្នឹង អីចឹងយើងបានធ្វើការងារទាំងអស់ហ្នឹង យើងអត់មានបានបណ្តែតបណ្តោយទេ យើងបានចូលទៅដល់រឿងនេះ ជារឿងអន្តរជាតិតូបនីយកម្មហើយបាទ»។
ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងជាដដែលៗក្នុងសន្និសីទសារព័ត៌មានខ្លីពីបច្ចុប្បន្នភាព ស្តីពី «ការវិវឌ្ឍស្ថានភាពព្រំដែនកម្ពុជា-ថៃ និងព្រឹត្តិការណ៍ថ្មីៗដែលកើតឡើង» នាថ្ងៃទី៨ ខែមិថុនាថា កម្ពុជានៅតែបន្តគោរពនិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុតនូវបទឈប់បាញ់ និងគ្រប់ចំណុចទាំងអស់ ដែលមានចែងក្នុងសេចក្តីប្រកាសរួម ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីឈានទៅរកដំណោះស្រាយបញ្ហាព្រំដែនគោករវាងប្រទេសទាំងពីរដោយសន្តិវិធី ដោយបង្កើតឱ្យបាននូវសន្តិភាពយូរអង្វែងនៅតាមព្រំដែន ក៏ដូចជាស្ថិរភាពនិងវិបុលភាពក្នុងតំបន់ទាំងមូល។
យ៉ាងណា ក្នុងសន្និសីទនោះ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ មិនបានរំលេចពីតម្រុយនៃការដាក់ពាក្យបណ្តឹងណាមួយទៅកាន់តុលាការអន្តរជាតិនោះទេ ជុំវិញបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា-ថៃនេះ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា យល់ថា ការប្រមូលស្នាមមេដៃ និងការគ្រោងដាក់ពាក្យបណ្តឹងប្តឹងមេដឹកនាំថៃ ឬប្រទេសថៃ ទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ របស់គណបក្សនយោបាយនៅកម្ពុជា ជារឿងល្អមួយ ដោយសារតែរូបភាពនៃឧក្រិដ្ឋកម្មសង្គ្រាមដែលមេដឹកនាំថៃ ក៏ដូចជាប្រទេសថៃ បានធ្វើមកលើកម្ពុជា គឺជាការរំលោភនូវច្បាប់អន្តរជាតិជាច្រើន។
តែយ៉ាងណា លោកយល់ថា ក្នុងនាមជាមេដឹកនាំប្រទេស រដ្ឋាភិបាលកម្ពុជាក៏ត្រូវប្រមូលនូវភស្តុតាងក្នុងរយៈកាលសង្គ្រាមនោះ ដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ផងដែរ ដើម្បីឱ្យគេមានវិធានការស៊ើបអង្កេត និងចាត់វិធានការទៅលើថ្នាក់ដឹកនាំថៃ ឬរដ្ឋាភិបាលថៃ។
លោក ស៊ឹង សែនករុណា ថ្លែងថា៖ «ការប្តេជ្ញាចិត្ត ការធ្វើការផ្តិតមេដៃរបស់ខាងគណបក្សនយោបាយ ក្នុងការប្តឹងផ្តល់ វាជារូបភាពមួយ ជាឆន្ទៈមួយល្អប្រសើរហើយ ក៏ប៉ុន្តែអ្វីដែលជារូបភាពល្អ ក្នុងនាមប្រទេសជាតិមួយ និងមេដឹកនាំប្រទេសជាតិមួយ ដែលមើលឃើញអំពីរឿងរងគ្រោះរបស់ពលរដ្ឋខ្លួន ដោយសារតែសង្គ្រាម ពីការសម្លាប់ដោយយោធាថៃ ឬក៏ការបញ្ជាពីមេដឹកនាំថៃ ដោយប្រើប្រាស់នូវអាវុធជីវសាស្ត្រ ឬក៏មានលក្ខណៈផ្សេងៗដែលខុសច្បាប់អន្តរជាតិហ្នឹង គប្បីមានប្រមូលជាភស្តុតាងក្នុងនាមដែលជាមេដឹកនាំប្រទេស ដែលមានការប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិហ្នឹង ICCហ្នឹង ដើម្បីឱ្យគេរកយុត្តិធម៌ ហើយការប្តឹងនេះ ក៏ជាវិធីទប់ស្កាត់មួយដ៏សំខាន់ ដើម្បីកុំឱ្យមេដឹកនាំថៃ ឬក៏យោធាថៃគឃ្លើនបំពានរំលោភមកលើដែនបូរភាពទឹកដីរបស់ប្រទេសកម្ពុជាបន្តទៀត ហើយយើងក៏អាចរកយុត្តិធម៌ទាមទារយកទឹកដីត្រឡប់មកវិញ ដីស្រែចម្ការផ្ទះសម្បែងរបស់ប្រជាពលរដ្ឋត្រឡប់មកវិញ ដើម្បីឱ្យពលរដ្ឋបានចូលទៅរស់នៅប្រកបរបរចិញ្ចឹមជីវិតផងដែរ»។
ជុំវិញការឈ្លានពានរបស់ថៃនេះ ក្រោយមានបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបានតវ៉ាជាបន្តបន្ទាប់រហូតជាង៧០០លើក ប្រឆាំងនឹងការរំលោភបំពានរបស់ថៃ មកលើដែនអធិបតេយ្យរបស់កម្ពុជា លើទីតាំងមួយចំនួន ក្នុងខេត្តបាត់ដំបង ប៉ៃលិន ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តព្រះវិហារ រួមទំាំងតំបន់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីផងដែរ។
ដោយឡែក តំណាងរាស្ត្របក្សប្រឆាំង ដែលមានជំនាញកិច្ចការព្រំដែន លោក អ៊ុំ សំអាន បានអះអាងនាពេលថ្មីៗនេះថា ក្រោយមានបទឈប់ថៃ មិនបានគោរពទេ រហូតបច្ចុប្បន្ននេះ ដែលការឈ្លានពាននោះ ថៃបានពង្រីកការឈ្លានពានទឹកដីខ្មែរ តាមចិត្តកើនឡើងដល់ជិត៧០ទីតំាង ទាំងគ្មានការទប់ស្តាត់ពីក្រសួងការពារជាតិកម្ពុជា៕








