អ៊ុយក្រែន​រិះគ​ន់​ការ​វាយ​ប្រហារ​ពី​រ៉ុស្ស៊ី​មុន​កិច្ច​ពិភាក្សា​គាំទ្រ​របស់​អឺរ៉ុប​ធានា​សន្តិ​សុខ​សម្រាប់​អ៊ុយ​កែន

នាយក​រដ្ឋ​មន្ត្រី​ចក្រ​ភព​អង់​គ្លេស លោក សឺ គៀ ស្តាម័រ (Sir Keir Starmer) នឹង​ទទួល​ស្វាគមន៍​លោក វ៉ូឡូ​ឌី​មៀ ហ្សេ​ឡេន​​ស្គី (Volodymyr Zelensky) នៅ​វិមាន​ដោន​នីង​ស្ទ្រីត (Downing Street) នៅ​ចុង​ថ្ងៃទី​​៧ខែ​មិថុនា​នេះ រួម​​ជា​មួយ​​ប្រធានា​ធិបតី​បារាំង លោក អេម៉ា​នូ​អែល ម៉ា​ក្រុង (Emmanuel Macron) និង​អធិការ​បតី​អាល្លឺម៉ង់ លោក ហ្វ្រីដ​រិច មឺស (Friedrich Merz) ដើម្បី​ពិភាក្សា​អំពី​ការ​គាំទ្រ​របស់​អឺរ៉ុ​ប​ចំពោះ​​អ៊ុយ​ក្រែន។

មុន​កិច្ច​ប្រជុំ​នេះ ក្រុម​មន្ត្រី​ទីក្រុង​គៀវ បាន​និយាយ​ថា ដ្រូន​របស់​រុស្ស៊ី​បាន​វាយ​ប្រហារ​លើ​កន្លែង​ស្តុក​ទុក​កាក​សំណល់​ឥន្ធនៈ​នុយ​ក្លេអ៊ែ​រ​ដែល​ប្រើ​ប្រាស់​រួច នៅ​ជិត​រោង​ចក្រ​នុយ​ក្លេអ៊ែរ​ឆឺណូ​ប៊ីល (Chornobyl) ភាគ​ខាង​ជើង​ប្រទេស​អ៊ុយ​ក្រែន។

ពួកគេ​និយាយថា អគ្គីភ័យត្រូវបានពន្លត់ ហើយមិនមានអ្នករងរបួស​នោះ​ទេ ដោយ​មន្ត្រី​បាន​បន្ថែម​ថា​ កម្រិត​​​​វិទ្យុ​​​សកម្ម​​នៅ​​តែ​​មាន​​ស្ថិរភាព។ លោក ហ្សេឡេនស្គី បាន​ហៅ​ការ​វាយ​ប្រហារ​នេះ​ថា​ជា «ការ​វាយ​ប្រហារ​ដ៏​ថោក​ទាប» និ​ង​មាន​ចេតនា​ពី​សំណាក់​រុស្ស៊ី។

ដោយឡែក អាជ្ញាធរបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៣ នាក់ បាន​ស្លាប់ នៅ​ក្នុង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី​លើ​ភូមិ​មួយ​នៅ​ខាង​ក្រៅ​ទីក្រុង​ហ្សាប៉ូ​រី​ហ្ស៊ី​យ៉ា (Zaporizhzhia) ភាគ​អាគ្នេយ៍​នៃ​ប្រទេស។

យោងតាមក្រុមហ៊ុន អេណឺហូអាតូម (Enerhoatom) ដែលជាប្រតិបត្តិករនុយក្លេអ៊ែររដ្ឋ​របស់​អ៊ុយ​ក្រែន​ បាន​ឱ្យដឹ​ង​ថា ការ​វាយ​ប្រហារ​របស់​រុស្ស៊ីលើតំបន់ឆឺណូប៊ីល បាន «បំផ្លាញមួយផ្នែក» នៃ​អគារ​ស្តុក​ទុក​កាក​សំណល់​ឥន្ធនៈ​នុយ​ក្លេ​អ៊ែរ​ដែល​ប្រើ​ប្រាស់​រួច ប៉ុន្តែ​វិទ្យុ​សកម្ម​នៅ​តែ​ស្ថិត​ក្នុង​កម្រិត​ធម្មតា។

លោក ហ្សេឡេនស្គី បានសរសេរនៅលើបណ្តាញសង្គម X ថា៖ «រុស្ស៊ី​មាន​ចេតនា​វាយ​ប្រហារ​លើ​ហេដ្ឋា​រចនា​សម្ព័ន្ធ​នុយ​ក្លេ​អ៊ែរ​ជា​ក់​លាក់​មួយ​នេះ» ដោយ​លោក​បាន​ពិពណ៌នា​​ថា​អគារ​នោះ​ជា «ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​សំខាន់​បំផុត» ហើយ​ការ​​វាយ​​ប្រហារ​នេះ​គឺ «ថោក​ទាប»។

លោកបានបន្តរៀបរាប់លម្អិតអំពីការវាយប្រហារពេញមួយយប់របស់រុស្ស៊ីនៅក្នុងតំបន់ចំនួន ១៣ ដោយបន្ថែមថា ទីក្រុងម៉ូស្គូបានបាញ់បង្ហោះមីស៊ីលចំនួន ៨៨ គ្រាប់ ដ្រូនជាង ៣,២៥០ គ្រឿង និងគ្រាប់បែកណែនាំផ្លូវ (guided bombs) ចំនួន ១,៨០០ គ្រាប់ក្នុងសប្តាហ៍កន្លងទៅនេះ។

កាលពីថ្ងៃទី​៦ខែ​មិថុនា អ៊ុយក្រែនបានកំណត់គោលដៅលើទីក្រុងសាំងពីតធ័របឺគ (St Petersburg) និងតំបន់​ជុំវិញ ខណៈដែលទីក្រុងនេះកំពុងរៀបចំថ្ងៃចុងក្រោយនៃវេទិកាសេដ្ឋកិច្ចដ៏ធំមួយ តាមរយៈការវាយប្រហារ​ដោយ​ដ្រូន ដែល​អាជ្ញាធរ​រុស្ស៊ីបានពិពណ៌នាថា «មិនធ្លាប់មានពីមុនមក»។

មហាអំណាចលោកខាងលិច​ទាំងបី​ ដែលតំណាងនៅវិមានដោននីងស្ទ្រីត ដែលហៅថាក្រុម E3 គឺជាសម្ព័ន្ធ​​មិត្ត​ដ៏រឹង​មាំ​បំផុត​​មួ​យចំនួនរបស់ទីក្រុងគៀវ។ ចក្រភពអង់គ្លេស និងបារាំងកំពុងដឹកនាំគំនិតផ្តួចផ្តើម «សម្ព័ន្ធ​ភាព​នៃអ្នក​ស្ម័គ្រ​ចិត្ត» (coalition of the willing) ដើម្បីផ្តល់ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។

កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ក្នុង​ការ​សម្រប​សម្រួល​បទ​ឈប់​បាញ់​បាន​​ចុះ​ខ្សោយ ហើយ​ការ​យក​ចិត្ត​ទុក​​ដាក់​​របស់​ទីក្រុងវ៉ាស៊ីនតោន បានប្តូរទៅលើសង្រ្គាមអ៊ីរ៉ង់វិញ។

កាលពីថ្ងៃទី​៥ខែ​មិថុនា លោក ពូទីន បានបដិសេធសំណើរបស់​លោក ហ្សេឡេនស្គី សម្រាប់​ការ​ចរ​ចា​ទល់​មុខ​គ្នា​ដើម្បី​បញ្ចប់​​សង្រ្គាម ដោយ​និយាយ​ថា លោក​មិន​ឃើញ​មាន​ប្រយោជន៍​ណា​មួយ​ក្នុង​ការ​ជួប​ជា​មួយ​មេដឹក​នាំ​អ៊ុយ​ក្រែន​នោះ​​ទេ ហើយ​បាន​សង្កត់​​ធ្ងន់​ថា បទ​ឈប់​បាញ់​នឹង​គ្រាន់​តែ​អនុ​ញ្ញាត​ឱ្យ​អ៊ុយ​ក្រែន​ប្រមូល​ផ្តុំ​កម្លាំង​ឡើង​វិ​ញ​តែ​ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ