អង្គ​ការ​លើក​លែង​ទោស​លាត​ត្រដាង​ភាព​បរា​ជ័យ​លោក ហ៊ុន ម៉ាណែត ក្នុង​​ការ​លុប​បំ​​​បាត់​ទីតាំង​ឆបោក

ផ្អែក​លើ​របាយ​ការណ៍​ស្រាវជ្រា​វ​របស់​អង្គ​ការ​លើកលែ​ងទោ​ស​អន្តរ​ជាតិ (Amnesty International) ស្តី​ពី​ «បរា​ជ័យ​នៃ​កា​រ​​បង្រ្កាប​​លើ​​ទីតាំង​ប្រព្រឹត្ត​អំពើ​ឆបោក និង​ការ​ជួយ​ដល់​ជន​រ​ង​គ្រោះ​របស់​កម្ពុជា» បោះ​ពុម្ព​ផ្សាយ​ជា​ផ្លូវ​ការ​នៅ​ក្នុង​​ខែ​​មិថុនា ឆ្នាំ​២០២៦ បង្ហាញ​ឱ្យ​ឃើញ​នូវ​ទិដ្ឋ​ភាព​ស៊ី​ជម្រៅ និង​ការ​វិភាគ​យ៉ាង​ម៉ត់​ចត់​អំពី​លទ្ធ​ផល និង​ផល​ប៉ះ​ពាល់​​នៃ​​យុទ្ធ​នា​ការ​បង្ក្រាប​ឧស្សាហ​កម្ម​ឆបោក​អន​ឡាញ​នៅ​កម្ពុជា។

របាយ​ការណ៍​នេះ ធ្វើ​ឡើង​ដើម្បីវា​យ​តម្លៃ​លើ​ប្រតិ​បត្តិ​ការ​រយៈ​ពេល ១០​ខែ ដំបូង​របស់​រដ្ឋាភិ​បាល​លោក ហ៊ុន ម៉ា​ណែត ចាប់​តាំ​ងពី​​យុទ្ធ​នាការ​ទ្រង់​ទ្រាយ​ធំ​ត្រូវ​បាន​ប្រកាស​ដាក់​ចេញ​ក្នុង​ខែ​កក្កដា ឆ្នាំ​២០២៥​ រហូត​ដល់​ចុង​ខែ​មេសា ឆ្នាំ​២០២៦។

យោងតាមទិន្នន័យដែលប្រមូលបានពីការចុះផ្ទាល់ដល់​ទីតាំង​ជាក់​ស្តែង និង​ការ​សម្ភាសន៍​ជន​រង​គ្រោះ អង្គ​ការ​លើក​​​លែង​​ទោស​អន្តរ​ជាតិ​ បាន​រក​ឃើញ​ថា ទោះ​បី​ជា​រដ្ឋាភិ​បាល​ប្រកាស​ពី​ជោគ​ជ័យ​ដ៏​ធំធេង​ក្នុង​ការ​បិទ​មជ្ឈ​មណ្ឌល​​ឆបោក និង​និរទេស​ជន​បរទេស​រាប់​ម៉ឺន​នាក់​ក៏​ដោយ ក៏​យុទ្ធ​នា​ការ​នេះ​បាន​បន្សល់​ទុក​នូវ​ការ​បរា​ជ័យ​ជាប្រ​ព័ន្ធ​​យ៉ាង​​ធ្ងន់​ធ្ងរ ជា​ពិសេស​ការ​ខក​ខាន​ក្នុង​ការ​កំណត់​អត្ត​សញ្ញាណ និង​ការ​ផ្តល់​គាំទ្រ​ដល់​ជន​រង​​គ្រោះ​ពិត​ប្រាកដ​ដែល​​ត្រូវ​បាន​គេ​ជួញ​ដូរ និង​ធ្វើ​ទារុណ​កម្ម​យ៉ាង​ព្រៃ​ផ្សៃ។

ប្រសិទ្ធ​ភាព​នៃ​កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បង្ហាញ​​​ពី​គម្លាត​ដ៏​ធំធេង​រវាង​របាយ​ការណ៍​​​ផ្លូវ​ការ​របស់​រដ្ឋាភិ​បាល និង​តថ​ភាព​ជាក់​ស្តែង​នៅ​លើដី​។ យោង​តាម​ទិន្ន​ន័យ​របស់​រដ្ឋាភិ​បាល​កម្ពុជា គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ អាជ្ញាធរ​បាន​អះ​អាង​ថា ខ្លួន​បាន​បិទ​មជ្ឈ​មណ្ឌល​ឆបោក​ជាង ២៥០​ កន្លែង ចាប់​ខ្លួន​ជន​សង្ស័យ​​បា​ន​​​ចំនួន​ជាង​១ពាន់​នាក់​ (១ ០៨៩​នាក់) និង​បាន​ធ្វើការ​និរទេស​ជន​បរទេស​ចំនួន​ជាង ១ម៉ឺន​៣ពាន់​នាក់ (១៣ ០៣៩​នាក់)។

យ៉ាងណាក្តី នៅក្នុងរបាយការណ៍ខែមិថុនា ឆ្នាំ២០២៦ របស់អង្គការលើកលែងទោសអន្តរជាតិ ភស្តុតាងដែល​ផ្ទៀងផ្ទាត់បានបង្ហាញថា អាជ្ញាធរមានអន្តរាគមន៍ជាក់ស្តែងតែនៅក្នុងទីតាំងចំនួន ២៤ ប៉ុណ្ណោះ ក្នុងចំណោមទីតាំងឆបោកចំនួន ៨៦ កន្លែង ដែលត្រូវបានរកឃើញ និងបញ្ជាក់អត្តសញ្ញាណច្បាស់លាស់។

នេះមានន័យថា មានទីតាំងឆបោកត្រឹមតែប្រហែល ២៥ ភាគរយ​ប៉ុណ្ណោះ ដែលត្រូវបានស៊ើបអង្កេតក្នុងអំឡុង​ពេល​​​យុទ្ធនាការបង្ក្រាប។ អង្គការលើកលែងទោសអន្តរជាតិ បានរកឃើញទីតាំងឆបោកថ្មីបន្ថែមចំនួន ៣៣​កន្លែង​បន្ថែម​លើទីតាំងចំនួន ៥៣ កន្លែង​ ដែលត្រូវបានរកឃើញនៅក្នុងរបាយការណ៍មុន កាល​​ពី​​​​ខែ​​មិថុនា ឆ្នាំ​២០២៥ ដែលធ្វើឱ្យចំនួនទីតាំងសរុបកើនឡើងដល់ ៨៦ កន្លែង គិតត្រឹមចុងខែមេសា ឆ្នាំ២០២៦។

កត្តានេះ ឆ្លុះបញ្ចាំងឲ្យឃើញថា ឧស្សាហកម្មឆបោកអនឡាញ​ មិនត្រូវបានលុបបំបាត់ទាំងស្រុងនោះទេ ប៉ុន្តែ​វាបានវិវត្ត និងប្តូរទីតាំងដើម្បីគេចវេសពីសមត្ថកិច្ច។ ចំណុចខ្វះខាតដ៏ធ្ងន់ធ្ងរមួយទៀតដែលរបាយការណ៍​របស់អង្គការលើក​លែង​ទោសអន្តរជាតិខែមិថុនា ឆ្នាំ​​២០២៦ បានលាតត្រដាង គឺទម្រង់នៃអន្ត​រាគមន៍​ដែលមានលក្ខណៈជាប្រតិកម្មឆ្លើយតប ជាជាងការតាមដានត្រួតពិនិត្យជាប្រចាំ។

អាជ្ញាធរច្រើនតែចាត់វិធានការលុះត្រាតែមានសម្ពាធពីអន្តរជាតិ ឬមានការផ្សព្វផ្សាយជាសាធារណៈអំពីអំពើ​ហិង្សា និងការស្លាប់របស់ជនរងគ្រោះ។ ករណីជាក់ស្តែងដែលត្រូវបានលើកឡើងក្នុងរបាយការណ៍  គឺស្ថានភាពនៅតំបន់ភ្នំបូកគោ ក្នុងខេត្តកំពត ដែលរួមមានទីតាំង KA01, KA03, និង KA04។

ទោះបីសមត្ថកិច្ច បានដឹងពីសកម្មភាពខុសច្បាប់នៅទីនោះជាយូរមកហើយក៏ដោយ ក៏ការបង្ក្រាបបានកើតឡើង លុះ​ត្រា​តែមានករណីបុរសជនជាតិកូរ៉េខាងត្បូងម្នាក់ ត្រូវបានគេធ្វើទារុណកម្មរហូតដល់ស្លាប់ ​ក្នុងខែសីហា ឆ្នាំ​២០២៥។

សូម្បីតែក្រោយការចុះបង្ក្រាបដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះក៏ដោយ ក៏​ជន​រង​គ្រោះ​ដែល​បាន​រួច​ជីវិត​​បាន​ផ្តល់​សក្ខី​កម្ម​ថា ទីតាំងនោះនៅតែបន្តដំណើរការ និងបង្ខាំងមនុស្សដោយ​ខុស​ច្បាប់​រហូត​ដល់​ខែ​វិច្ឆិកា ឆ្នាំ​២០២៥។

ភាព​ទន់ខ្សោយ និងភាពមិនហ្មត់ចត់នៃយន្តការស៊ើបអង្កេតរបស់រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បានអនុ​ញ្ញាត​ឱ្យ​​ក្រុម​​ឧក្រិដ្ឋ​ជន​អាច​លាក់បាំងជនរងគ្រោះ នៅក្នុងផ្នែកផ្សេងទៀតនៃទីតាំងដែលអាជ្ញាធរមិនបា​ន​ចូល​​ទៅពិនិត្យ ដូចដែលបានកើតឡើងនៅក្នុងការចុះបង្ក្រាបនៅទីតាំង MD02 ក្នុងខេត្តមណ្ឌលគីរី កាលពីខែ​កក្កដា ឆ្នាំ​២០២៥ ជាកន្លែងដែលជនរងគ្រោះជនជាតិវ៉េណេស៊ុយអេឡា និងកូឡុំប៊ី ត្រូវបានលាក់ខ្លួនពីភ្នែក​​ប៉ូលីស និងបន្តត្រូវ​បាន​គេបង្ខាំងទុកក្រោយការបង្ក្រាប។

របាយការណ៍ដដែល ក៏បានបង្ហាញពីភស្តុតាងគួរឱ្យសង្ស័យ ស្តីពី ការឃុបឃិតគ្នារវាងអ្នកគ្រប់គ្រងទីតាំងឆបោក និងអាជ្ញាធរមូលដ្ឋាន។ ជនរងគ្រោះជាច្រើន បានរាយការណ៍ថា ពួកគេត្រូវបានអ្នកគ្រប់គ្រងបង្ខំឱ្យ​ឡើង​​ឡានក្រុង ឬរថយន្តដើម្បី​​ផ្លាស់ប្តូរទីតាំងនៅពេលយប់ ដោយអ្នកគ្រប់គ្រងបានដឹងមុនថាប៉ូលីសនឹងមក​​ដល់។

ករណីរបស់យុវតី វិនតា (Winta) ជនជាតិអេរីទ្រា ដែលត្រូវបានគេជួញដូរ បានបង្ហាញថា នាងត្រូវបានគេដឹក​ជញ្ជូន​ឆ្លង​កាត់ប្រទេស​ពីទីតាំង CT01 ក្នុងតំបន់ជ្រៃធំ ទៅកាន់ទីតាំង BM02 ក្នុងក្រុងប៉ោយប៉ែត ដោយមាន​រថយន្តពាក់​ស្លាក​លេខយោធា​​ធ្វើជាអ្នកនាំផ្លូវ និងសម្របសម្រួល ដើម្បីគេចចេញពីយុទ្ធនាការបង្ក្រាប​។

ការរំកិលទីតាំងជាប្រព័ន្ធ និងការដឹងព័ត៌មានជាមុនពីប្រតិបត្តិការរបស់សមត្ថកិច្ច បង្ហាញ​យ៉ាងច្បាស់​ពី​ទំហំ​នៃ​ការ​​ជ្រៀត​​​ជ្រែក និងការការពារដែលក្រុមឧក្រិដ្ឋជនទទួលបានពីមន្ត្រីខុសច្បាប់ ដែលជាកត្តាធ្វើឱ្យ​យុទ្ធនា​​ការរបស់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បាត់បង់ម្ចាស់ការ និងគ្មានប្រសិទ្ធភាព។

បញ្ហាសិទ្ធិមនុស្ស និងការការពារជនរងគ្រោះ គឺជាចំណុចដែលរងការរិះគន់ខ្លាំងបំផុតនៅក្នុងរបាយការណ៍របស់​អង្គ​ការ​លើកលែងទោសអន្តរជាតិ។ អង្គការនេះ បានធ្វើការសម្ភាសន៍ជាមួយជនរងគ្រោះចំនួន ៣១ នាក់​ជាស្ត្រី និង ៤២ នាក់ជាបុរស ដែលសរុបទាំងអស់មានចំនួន ៧៣ នាក់មកពីសញ្ជាតិខុសៗគ្នា រួមមាន បង់ក្លាដែស ប្រេស៊ីល ចិន កូឡុំប៊ី អេក្វាទ័រ អេរីទ្រា អេត្យូពី ហ្គាណា ឥណ្ឌូនេស៊ី កេនយ៉ា លីបេរីយ៉ា ម៉ាដាហ្គាស្ការ ម៉ារ៉ុក នីហ្សេរីយ៉ា អ៊ូហ្គង់​ដា និងវេណេស៊ុយអេឡា។

មនុស្សទាំង ៧៣ នាក់នេះ សុទ្ធតែបានឆ្លងកាត់បទពិសោធន៍ ​ដែលឆ្លើយតបទៅនឹងនិយមន័យច្បាប់អន្តរជាតិ​នៃការ​ជួញដូរមនុស្ស និងពលកម្មដោយបង្ខំ។ ពួកគេត្រូវបានបោកប្រាស់តាមរយៈការផ្តល់ការងារខុសច្បាប់  ត្រូវបានដក​ហូត​លិខិតឆ្លងដែន ឃុំឃាំងនៅក្នុងអគារដែលមានប្រព័ន្ធសុវត្ថិភាពដូចគុក និងត្រូវបានគំរាម​កំហែងដោយអំពើ​ហិង្សា និងការឆក់ខ្សែភ្លើង ប្រសិនបើមិនព្រមធ្វើការឆបោកតាមការបញ្ជា។

លើសពីនេះ របាយការណ៍នេះ បានកត់ត្រានូវករណីអំពើហិង្សាផ្លូវភេទដ៏រន្ធត់ ដោយមានស្ត្រីចំនួន ៦ នាក់ បាន​​ពិពណ៌​នា​​អំពី​ការ​រំលោភ​សេព​សន្ថវៈ​ដោយ​ផ្ទាល់​ពី​សំណាក់​អ្នក​គ្រប់​គ្រង ឬតាមការបញ្ជារបស់ថៅកែ ដើម្បីធ្វើជាប្រាក់​រង្វាន់​ដល់​អ្នកឆបោកដែលធ្វើការងារបានល្អ ដូចករណីរបស់កញ្ញា ស៊ីសិលា (Cecilia) ជន​​ជាតិ​ប្រេស៊ីល និងកញ្ញា កេន​យ៉ាន​ហ្គី (Kenyangi) ជនជាតិអ៊ូហ្គង់ដា ដែលត្រូវបានគេបង្ខំឱ្យរំលូតកូនក្រោយ​ការ​រំលោភ។

ទោះបីមានភស្តុតាងនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ដែលស្មើនឹងទម្រង់នៃទាស​ភាព​សម័យ​ទំនើប​ក៏​ដោយ ក៏​​អាជ្ញាធរ​​កម្ពុជា​មិន​បាន​ទទួល​ស្គាល់ជនរងគ្រោះណាម្នាក់ ក្នុងចំណោមអ្នកដែលត្រូវបានសម្ភាសន៍​ទាំង ៧៣ នាក់​នោះ ថា​ជា​ជន​រង​គ្រោះនៃ​កា​រជួ​ញ​ដូរ​មនុស្ស​ឡើយ។ ផ្ទុយ​ទៅវិ​ញ អាជ្ញាធរ​បាន​ចាត់​ទុក​ជន​ភៀស​ខ្លួន ឬ​អ្នក​ដែល​រត់​គេច​​ខ្លួន​​ទាំង​នោះ​ ថា​ជា​ជន​ចំណាកស្រុ​ក​ខុស​ច្បាប់។

ពួកគេត្រូវបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលឃាត់ខ្លួនជនអន្តោប្រវេសន៍ ដែលមិនមានស្តង់ដារ ខ្វះខាតកន្លែង​​ដេក និងអាហារ  ហើយមិនត្រូវបានអនុញ្ញាត​ឱ្យជួបមេធាវី ឬតំណាងស្ថានទូតឡើយ។ អ្វីដែលកាន់​តែ​​អយុត្តិ​ធម៌​​សម្រាប់​ជន​រង​គ្រោះ គឺការដែលប៉ូលីសតម្រូវឱ្យពួកគេបង់ថ្លៃទិដ្ឋាការហួសកំណត់ ដែលបង្ខំឱ្យ​​ជន​រងគ្រោះខ្លះត្រូវខ្ចីប្រាក់បន្ថែម​​ដើម្បី​​អាច​​ចាក​​ចេញ​ពីកម្ពុជាបាន។

សកម្មភាពនេះ គឺជាការរំលោភបំពានដោយផ្ទាល់លើកាតព្វ​កិច្ចអន្តរជាតិ និងគោលការណ៍ណែនាំ ស្តីពី ការកំណត់​អត្តសញ្ញាណជនរងគ្រោះឆ្នាំ២០១៥ របស់គណៈកម្មាធិការជាតិប្រឆាំងការជួញដូរមនុស្សរបស់កម្ពុជា​ខ្លួន​ឯង ដែលតម្រូវ​ឱ្យអាជ្ញាធរសន្មតទុកជាមុ​ននូវស្ថានភាពជាជនរងគ្រោះ ដើម្បីផ្តល់ការការពារប្រកប​ដោយ​​មនុស្ស​​ធម៌។

ក្នុងករណីខ្លះ ប៉ូលីសនៅក្រុងប៉ោយប៉ែតថែមទាំងបានគំរាមកំហែងចាប់ខ្លួនជនរងគ្រោះ ឬគំរាមបញ្ជូនពួកគេ​ត្រឡប់​​ទៅឱ្យថៅកែទីតាំងឆបោកវិញ ប្រសិនបើមិនព្រមបង់ប្រាក់សូកប៉ាន់ ដូចករណីរបស់លោក ហាសាន (Hassan) ជនជាតិម៉ារ៉ុក ដែលត្រូវបានប៉ូលីសជម្រិតទារយកលុយ និងនាឡិកាដៃ បន្ទាប់ពីបានជួយ​យកលិខិត​ឆ្លង​ដែន​របស់​គាត់​មក​វិញ។

កង្វះ​តម្លាភាព និងការផ្តល់ព័ត៌មានជាសាធារណៈពីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ក៏ជាឧបសគ្គដ៏ធំមួយក្នុងការវាយតម្លៃលទ្ធផលជាក់ស្តែងនៃការបង្ក្រាប។ រដ្ឋាភិបាល មិនបានផ្តល់ព័ត៌មានលម្អិតអំពីទីតាំងដែលត្រូវបានបិទ ដំណើរការនៃការពិនិត្យអត្តសញ្ញាណជនរងគ្រោះ ឬការចោទប្រកាន់ទោសលើមេខ្លោងធំៗនោះ​​​ទេ។ ផ្ទុយទៅវិញ រដ្ឋាភិ​បាល​បានចាត់វិធានការយ៉ាងសកម្មក្នុងការបិទបាំងព័ត៌មាន និងបង្ក្រាបលើសេរី​​ភាពសារព័ត៌មាន។

ចាប់តាំងពីឆ្នាំ២០២២ រហូតដល់អំឡុងពេលយុទ្ធនាការឆ្នាំ២០២៦ អាជ្ញាធរបានចាប់​ខ្លួ​ន​អ្នក​កាសែត និង​អ្នក​ជួយ​សង្គ្រោះ​យ៉ាង​ហោច​ណាស់ ៦ នាក់ រួម​ទាំង​ការ​ដក​ហូត​អាជ្ញា​ប័ណ្ណ​របស់​សារ​ព័ត៌​មាន​សំឡេង​ប្រជា​ធិប​តេយ្យ (VOD) ក្នុង​ឆ្នាំ​២០២៣។

សកម្មភាពទាំងនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់រដ្ឋាភិបាល​គណបក្ស​ប្រជា​ជន​កម្ពុជា ចំពោះ​ការ​រិះ​គន់​ និង​ការ​លាត​ត្រដាង​ការ​ពិត​ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ។

អ្វីដែលគួរឱ្យបារម្ភបំផុតនៅក្នុងរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ គឺការរក​ឃើញ​ថា គណៈ​កម្ម​ការ​​គ្រប់​​គ្រង​​ល្បែង​ស៊ីស​ង​ពាណិជ្ជ​កម្ម​របស់​កម្ពុជា (CGMC) បាន​អនុ​ម័ត​ផែន​ការ​សម្រាប់​កា​ស៊ីណូ​ថ្មី​យ៉ាង​ហោច​ណាស់​​ចំនួន ១៦ នៅ​ក្នុ​ង​ខែ​ធ្នូ ឆ្នាំ​២០២៥ និង​ខែ​មករា ឆ្នាំ​២០២៦ ដែល​ជា​ពេល​វេលា​កំពុង​មាន​យុទ្ធ​នា​ការ​បង្ក្រាប។

ទីតាំងកាស៊ីណូទាំង ១៦ នេះ មានទំនាក់ទំនងផ្ទាល់ និងស្ថិតនៅក្នុងបរិវេណតែមួយនៃ​ទីតាំង​ដែល​ត្រូវ​បាន​បញ្ជាក់​ថា​​មាន​​ការ​ប្រព្រឹត្ត​អំពើ​ឆបោ​ក និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់​ធ្ងរ រួម​មាន កាស៊ី​ណូ​ក្រោន​នៅ​ប៉ោយ​ប៉ែត បាវិត និង​ជ្រៃធំ ក៏​ដូច​ជា​កាស៊ីណូ ម៉ាជេស​ស្ទិក នៅ​ក្រុង​ព្រះ​សីហនុ។

ការផ្តល់អាជ្ញាប័ណ្ណ និងការទទួលស្គាល់ផែនការអាជីវកម្មទាំងនេះ បង្ហាញពី​ភាព​ផ្ទុយ​គ្នា​នៃ​គោល​នយោ​បាយ​របស់​លោក ហ៊ុន ម៉ាណែត ដែល​ម្ខាង​ប្រកាស​បង្ក្រាប ប៉ុន្តែ​ម្ខាង​ទៀត​បែរ​ជា​ផ្តល់​ភាព​ស្រប​ច្បាប់​ដល់​ទី​តាំង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​ទៅ​វិញ។

របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ក៏មិនបានរំលងនូវតួនាទី​របស់​សហគមន៍​អន្តរ​ជាតិ​ និង​រដ្ឋ​បរទេស​​ដែរ។

ការកាត់បន្ថយថវិកាជំនួយពីទីភ្នាក់ងារ USAID ក្នុងឆ្នាំ២០២៥ បានធ្វើឱ្យអង្គការសង្គមស៊ីវិល និង​ជម្រក​ការ​ពារ​ជន​​រង​​គ្រោះនៅ​ក​ម្ពុជា ធ្លាក់​ក្នុង​ស្ថាន​ភាព​ទន់​ខ្សោយ និងខ្វះខាត​ធន​ធាន​យ៉ាង​ខ្លាំង ដោយ​គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០២៦ មាន​ជម្រ​កតែ​​មួយ​គ​ត់​ដែល​អាចទ​ទួល​ជន​រ​ង​គ្រោះ​ ពី​ទី​តាំង​ឆបោក​បាន​ត្រឹម​តែ​ ១០០ នាក់​ប៉ុណ្ណោះ។

លើសពីនេះ ប្រទេសមួយចំនួនដូចជាថៃ បែរជាធ្វើការចោទ​ប្រកាន់ និង​កាត់​ទោស​ជន​រង​គ្រោះ​របស់​ខ្លួន​ដែល​​ត្រូ​វ​​បាន​​ធ្​វើមាតុ​ភូមិ​និវត្តន៍ ពី​បទ​ចូលរួ​ម​ក្នុង​សកម្ម​ភាព​ឆបោក ឬ​ការ​ឆ្លង​ដែន​ខុស​ច្បាប់ ដែល​នេះ​ជា​ការ​រំលោភ​លើ​គោល​ការណ៍​មិន​ដាក់​ទណ្ឌ​កម្ម (non-punishment principle) នៃ​ច្បាប់​អន្តរ​ជាតិ។

សរុបរួម របាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិខែមិថុនា ឆ្នាំ២០២៦ បង្ហាញថា យុទ្ធនាការបង្ក្រាប​របស់​​រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ទទួលបានលទ្ធផលតិចតួចប៉ុណ្ណោះ ហើយវាត្រូវបានគ្របដណ្តប់​​ដោយការបរាជ័យ​ជាប្រព័ន្ធ ភាពមិនស្មោះត្រង់នៃយន្តការគណនេយ្យភាព និងការខកខានក្នុងការគាំទ្រដល់ជនរងគ្រោះ។

ដើម្បីដោះស្រាយវិបត្តិនេះប្រកបដោយចីរភាព លោក ហ៊ុន ម៉ាណែត ត្រូវតែអនុវត្តអនុសាសន៍សំខាន់ៗ រួមមាន ការស៊ើប​អង្កេតដោយតម្លាភាពលើទីតាំងទាំង ៨៦ កន្លែង ការផ្អាកអាជ្ញាប័ណ្ណកាស៊ីណូដែលមានការពាក់​ព័ន្ធ ការបង្កើត​ជម្រកសមរម្យសម្រាប់ជនរងគ្រោះ ជំនួសឱ្យការដាក់គុកអន្តោប្រវេសន៍ និងការបញ្ឈប់ការ​​ធ្វើទុក្ខបុកម្នេញលើអ្នកកាសែត និងអ្នកជួយសង្គ្រោះ។

ប្រសិនបើគ្មានការកែទម្រង់ពិតប្រាកដ និងការប្តេជ្ញាចិត្តផ្នែកនយោបាយទេ យុទ្ធ​នា​ការ​បង្ក្រាប​នេះ នឹង​គ្រាន់​តែ​ជា​កា​រ​​លេង​​ល្បែង​​លាក់​មុខ​ដែល​អនុ​ញ្ញាត​ឱ្យ​ទម្រង់​នៃ​ទាស​ភាព​ទំនើប​ បន្ត​រី​កដុះ​ដាល​នៅ​លើ​ទឹក​ដី​កម្ពុជា​តែ​ប៉ុណ្ណោះ៕

ដោយ សុក្រឹត ពុទ្ធិ

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ