ក្រុមអ្នកតស៊ូមតិកម្ពុជា(CAT) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី នៅថ្ងៃទី៩ខែមិថុនានេះបានចេញអត្ថបទវិភាគមួយ ទៅលើការចុះទៅតាមបណ្តាខេត្តជាបន្តបន្ទាប់របស់ លោក ហ៊ុន សែន នាពេលនេះថា ជាការរំលោភអំណាចលើស្ថាប័ននីតិប្រតិបត្តិ និងថា វោហាសាស្ត្រ«ងើប១វាយ១» ជាការបំភិតបំភ័យជាសាធារណៈ រំលោភលើក្រមព្រហ្មទណ្ឌកម្ពុជា។
ប្រភពនោះថា សារនេះ ជាបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ដែលតម្រូវឱ្យស្ថាប័ននគរបាលយុត្តិធម៌ និងអយ្យការត្រូវចាត់វិធានការចោទប្រកាន់ និងស្នើសុំដកអភ័យឯកសិទ្ធិសភាពីលោកហ៊ុន សែន ដើម្បីធានាភាពស្មើគ្នាចំពោះមុខច្បាប់។
អត្ថបទវិភាគរបស់ CAT នេះធ្វើឡើងបន្ទាប់ពីលោកហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចុះទៅតាមបណ្តាខេត្តចំនួន១៤ ចាប់តាំងពីដើមខែមេសាមក។
នៅក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីនៅអគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី២ខែមិថុនា លោកហ៊ុន សែន បានថ្លែងសំដៅទៅអ្នកនយោបាយប្រឆាំងនៅក្រៅប្រទេសពីយុទ្ធសាស្ត្រងើប១វាយ១ ដើម្បីកម្ចាត់ក្រុមប្រឆាំងចេញពីឆាកនយោបាយ។
លោកថា៖ «អញប្រាប់ហ្ហែង ផ្តាំហ្ហែងឱ្យហើយ អ្នកណាក៏ដោយដែលប៉ុនប៉ងផ្តួលរដ្ឋាភិបាលងើបមួយវ៉ៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្តិវិធី ដោយមិនប៉ុនប៉ងផ្តួលរំលំដោយខុសនឹងរដ្ឋធម្មនុញ្ញ ខ្ញុំគោរពសិទ្ធិរបស់អ្នកឯង សារជូនអ្នកឯងមិនច្រើនទេ។ បើអ្នកឯងនៅតែបន្តនិយាយថា ត្រូវតែផ្តួលត្រកូលហ៊ុន អញសូមប្រាប់ទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូលហ៊ុន ដឹកនាំក៏មិនទាន់ដល់វេនពួកហ្ហែងដែរ គឺមានតែក្រុមទេវតា ហ្វូងទេវតាទេ ដែលមានសិទ្ធិកាន់កាប់អំណាចនៅប្រទេសនេះ។ បើសិនជា ហ៊ុន ម៉ាណែត មិនអាចដឹកនាំបាន ឬក៏គ្មានអ្នកណាត្រកូលហ៊ុន ក៏មិនទាន់ដល់វេនអាត្រកូលសម ឬក៏អាត្រកូលសុក្រ ឬក៏អាសៅ អាទិត្យអីដែរអត់ដែរ គឺមានតែត្រកូលទេវតាតែប៉ុណ្ណឹង ត្រកូលទេវតាគឺបានន័យថា គណបក្សប្រជាជនមិនទាន់ដល់វេនពួកហ្ហែងទេ ហើយបើពួកហ្ហែងនៅតែព្រហើន អញក៏អត់ញញើតដៃដែរ ហ្ហែងកុំថាអញធ្វើប្រធានព្រឹទ្ធសភា អញមិនមានសិទ្ធិធ្វើអ្វីពួកហ្ហែង អញជាប្រធានគណបក្សកាន់អំណាចមួយនិយាយគ្នាចឹង»។
ពាក់ព័ន្ធនឹងបញ្ហានេះ ក្រុមអ្នកតស៊ូមតិកម្ពុជា បានធ្វើការវិភាគថា «តើសកម្មភាពមួយចំនួនរបស់លោក ហ៊ុន សែន ក្នុងឋានៈជាប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្តីទី និងជាប្រធានគណបក្សកាន់អំណាច ស្របច្បាប់ឬជាការរំលោភអំណាច?»។
អត្ថបទវិភាគដែលមាន៤ទំព័រ បានធ្វើការពិនិត្យលើប្រព័ន្ធដឹកនាំរដ្ឋ និងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន ដោយចោទជាសំណួរគតិយុត្តិជុំវិញតំណែងតួនាទីកំពូលៗត្រួតគ្នារបស់ លោកហ៊ុន សែន។
ក្នុងពិធីការមួយកាលពីថ្ងៃទី២ខែមិថុនា ក្នុងឱកាសចុះពិនិត្យអគ្គនាយកដ្ឋានពន្ធដារ CAT បានកត់សម្គាល់ឃើញថា លោកហ៊ុន សែន បានបង្ហាញឥរិយាបថដើរតួជាអ្នកបញ្ជាលើស្ថាប័នរដ្ឋដោយផ្ទាល់ តាមរយៈការចារលើលិខិតផ្លូវការរបស់អគ្គនាយកពន្ធដារ និងបានប្រើវោហាសាស្ត្រនយោបាយ វាយប្រហារក៏ដូចជាគំរាមកំហែងដល់ដៃគូនយោបាយផ្សេងទៀតថា «បើគ្មានត្រកូលហ៊ុនដឹកនាំរដ្ឋាភិបាល ក៏មិនទាន់ដល់វេនត្រកូលសម សុខ ឬសៅដែរ គឺមានតែកូនទេវតាប៉ុណ្ណោះ» ព្រមទាំងព្រមានថា «អ្នកណាក៏ដោយដែលចង់ផ្តួលរំលំរដ្ឋាភិបាល គឺងើបមួយវាយមួយ»។
សកម្មភាពនិងសេចក្តីថ្លែងការណ៍ទាំងនេះ នៅពេលពិនិត្យតាមទិដ្ឋភាពច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់ផ្សេងទៀតរបស់កម្ពុជា គឺបានស្តែងឱ្យឃើញយ៉ាងច្បាស់នូវការរំលោភបំពានអំណាច និងការបំផ្លាញគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យ។
CAT ចាត់ទុកសកម្មភាពលោកហ៊ុន សែន ក្នុងនាមគណបក្សប្រជាជនថា បាននិងកំពុងរំលោភលើរដ្ឋធម្មនុញ្ញ ដែលកំណត់គោលការណ៍បែងចែកអំណាចជាបី និងរំលោភច្បាប់ស្តីពីគណបក្សនយោបាយ។ ពិនិត្យលើផ្លូវច្បាប់គណបក្សនយោបាយ ប្រធានគណបក្សនយោបាយ មិនមានអំណាចគតិយុត្តិណាមួយ ទៅបង្គាប់បញ្ជា ឬស្តីបន្ទោសដល់នាយករដ្ឋមន្ត្រី ឬមន្ត្រីរាជការសាធារណៈឡើយ ទោះបីជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន គឺលោកហ៊ុន ម៉ាណែត ត្រូវជាកូនរបស់ លោកហ៊ុន សែន ក៏ដោយ។
ក្រុមអ្នកតស៊ូមតិកម្ពុជា បន្តថា ការដែលលោកហ៊ុន សែន ថ្លែងជាសាធារណៈក្នុងន័យបង្គាប់ ឬព្រមានដកតំណែងនាយករដ្ឋមន្ត្រី គឺជាការបំភ័ន្តភារកិច្ចរវាងតំណាងគណបក្សប្រជាជន ជាមួយតំណាងឱ្យពលរដ្ឋ និងបានរំលោភលើរបបសភានិយម ពីព្រោះតាមរដ្ឋធម្មនុញ្ញមានតែរដ្ឋសភាតែមួយគត់ ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋខ្មែរ តំណាងឱ្យអធិបតេយ្យភាពរបស់ប្រជាជាតិ មានអំណាចផ្តល់សេចក្តីទុកចិត្ត ចោទសួរ ស្តីបន្ទោសនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីរាជរដ្ឋាភិបាល និងដកសេចក្តីទុកចិត្តពីនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ឬរាជរដ្ឋាភិបាល។
តាមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រី ត្រូវទទួលខុសត្រូវចំពោះមុខរដ្ឋសភា ដោយមិនមែនទទួលខុសត្រូវចំពោះមុខប្រធានគណបក្សនយោបាយនោះទេ។ ហេតុនេះ ការប្រើប្រាស់ឥទ្ធិពលគណបក្សមកលូកដៃក្នុងកិច្ចការដឹកនាំរដ្ឋ គឺជាការធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯករាជ្យភាពរបស់ស្ថាប័ននីតិប្រតិបត្តិយ៉ាងធ្ងន់ធ្ងរ។
លើសពីនេះ ក្នុងនាមជាប្រធានព្រឹទ្ធសភាដែលជាប្រមុខស្ថាប័ននីតិបញ្ញត្តិ លោកហ៊ុន សែនគ្មានសិទ្ធិតាមច្បាប់ ក្នុងការបំពេញការងារជានីតិប្រតិបត្តិ ដូចជា ការចារលើលិខិតរដ្ឋបាលរបស់អគ្គនាយកដ្ឋានពន្ធដារនោះទេ។ ការធ្វើចំណារលើលិខិតអគ្គនាយកដ្ឋានពន្ធដារបែបនេះគឺជាភារកិច្ចនិងតួនាទីរបស់នាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ។ ការលូកដៃចារលើលិខិតផ្លូវការរបស់មន្ត្រីពន្ធដារ គឺជាការរំលោភអំណាចយ៉ាងប្រត្យក្សបំពានគោលការណ៍នីតិរដ្ឋ និងការបែងចែកអំណាចរវាងនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ នេះបើ CAT ។
វីអូឌី មិនអាចទាក់ទង លោក ជា ធីរិទ្ធ អ្នកនាំពាក្យលោកហ៊ុន សែន ដើម្បីស្នើសុំធ្វើអត្ថាធិប្បាយលើបញ្ហានេះបានទេនៅថ្ងៃទី៩ខែមិថុនានេះ។
ប៉ុន្តែលោកជា ធីរិទ្ធ បានថ្លែងកាលពីថ្ងៃទី៦ខែមិថុនាថា គោលបំណងនៃការចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការនៅតាមបណ្តាខេត្តរបស់លោកហ៊ុន សែន គឺជាការអនុវត្ត ក៏ដូចជាពង្រឹងគណនេយ្យភាព រវាងព្រឹទ្ធសភាជាមួយអង្គបោះឆ្នោត ដើម្បីឱ្យមានតម្លាភាព ក៏ដូចជាជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ ម្យ៉ាងវិញទៀត ក៏ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និងធ្វើការក្រើនរំលឹកដល់មន្ត្រីនៅមូលដ្ឋាន ឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អប្រសើរជាដើម។
ជាមួយគ្នានេះ ហ្វេសប៊ុករបស់លោកហ៊ុន សែន បានចុះផ្សាយថា វត្តមានរបស់ប្រមុខរដ្ឋស្តីទីនៅអគ្គនាយកដ្ឋានពន្ធដារ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់លើកិច្ចការជាតិរបស់លោកហ៊ុន សែន ដែលជាការផ្ដល់កិត្តិយស និងលើកទឹកចិត្ត ជាពិសេសលើវិស័យពន្ធដារដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រមូលចំណូល ក៏ដូចជាការលើកកម្ពស់បរិយាកាសធុរកិច្ច តាមរយៈការចូលរួមអនុវត្តយ៉ាងសកម្មនូវគោលនយោបាយ យុទ្ធសាស្ត្រ និងកម្មវិធីកែទម្រង់មុតស្រួចនានារបស់រាជរដ្ឋាភិបាល។
យ៉ាងណាក្តី អត្ថបទវិភាគរបស់ CAT លើកឡើងថា ការដែលលោក ហ៊ុន សែន ប្រើប្រាស់ថវិការដ្ឋ មធ្យោបាយរដ្ឋ និងពេលវេលារបស់មន្ត្រីរាជការ ទៅរៀបចំពិធីជួបជុំដើម្បីបម្រើឱ្យផលប្រយោជន៍នយោបាយផ្ទាល់ខ្លួន និងក្រុមគ្រួសារ គឺជាការកេងប្រវ័ញ្ចទ្រព្យសម្បត្តិសាធារណៈ និងការធ្វើឲ្យបាត់ជំនឿលើប្រព័ន្ធច្បាប់ និងនីតិវិធី។
ការប្រកាសក្តែងៗថា អំណាចរដ្ឋត្រូវតែស្ថិតក្នុងត្រកូលរបស់ខ្លួន គឺជាការបដិសេធទាំងស្រុងនូវមាត្រា៥១ថ្មី នៃរដ្ឋធម្មនុញ្ញ ដែលចែងថា កម្ពុជាអនុវត្តរបបប្រជាធិបតេយ្យ សេរីពហុបក្ស អំណាចទាំងឡាយជារបស់ប្រជាពលរដ្ឋ ហើយអំណាចបែងចែកជាបីដាច់ពីគ្នា។ ឥរិយាបថនិងសកម្មភាពនេះ បានបង្ហាញថា លោក ហ៊ុន សែន កំពុងតាំងខ្លួនជាច្បាប់ ដោយមិនខ្វល់ខ្វាយពីបទប្បញ្ញត្តិទាំងឡាយនៃរដ្ឋធម្មនុញ្ញ ច្បាប់ និងនីតិវិធីឡើយ ។
លោក ម៉ែន ណាត ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា យល់ស្របចំពោះការវិភាគរបស់ក្រុមអ្នកតស៊ូមតិកម្ពុជា ដោយថ្លែងថា ការប្រើប្រាស់ធនធាននិងមធ្យោបាយរបស់រដ្ឋ ដើម្បីបម្រើនយោបាយឱ្យគណបក្សប្រជាជនកម្ពុជា របស់លោកហ៊ុន សែន គឺជាអំពើខុសច្បាប់ ខណៈលោកហ៊ុន សែន ចាត់ទុកក្រុមគ្រួសារគាត់ គឺតំណាងឱ្យគណបក្សប្រជាជនកម្ពុជា និងថែមទាំងចាត់ទុកប្រទេសកម្ពុជា ហាក់ដូចជាកម្មសិទ្ធិផ្តាប់មុខរបស់បក្ខពួកខ្លួន តាមរយៈការថ្លែងថា មានតែក្រុមទេវតាប៉ុណ្ណោះ ដែលមានសិទ្ធិកាន់អំណាចប្រទេសនេះជាដើម។
លោកថា៖ «អ៊ីចឹងហើយបានគាត់ប្រើតួនាទីយ៉ាងច្របល់សព្វថ្ងៃហ្នឹង តួនាទីជាប្រធានព្រឹទ្ធសភាផង ជាប្រមុខរដ្ឋស្តីទីផង ជាប្រធានគណបក្សប្រជាជនកម្ពុជាផង ចុះទៅជួបប្រជាពលរដ្ឋ ហើយនិយាយបង្កការបែកបាក់ ក្រអ៊ឺតក្រទម ក្អេងក្អាង អួតបោកប្រាស់អ្នកស្រុកអីចឹងទៅ។ លោកហ៊ុន សែន គាត់បានបំពានរដ្ឋធម្មនុញ្ញហើយ។ សកម្មភាពរបស់លោកហ៊ុន សែន ដែលចុះទៅឃោសនាជួបប្រជាពលរដ្ឋ ប្រើប្រាស់ថវិកាជាតិ ប្រើប្រាស់ធនធានរដ្ឋ ប្រើប្រាស់ពួកមន្ត្រីរាជការក្រោមឱវាទ ឱ្យជ្រោមជ្រែងឱ្យអបអរសាទរនេះ វាមិនស្របទៅតាមខ្លឹមសារនៃច្បាប់ទេ។ គាត់ធ្វើអ៊ីចឹង គឺកេងប្រវ័ញ្ចផលប្រយោជន៍ជាតិទៅជាផលប្រយោជន៍ផ្ទាល់ខ្លួន ផលប្រយោជន៍នយោបាយខ្លួន ហើយគាត់គំរាមកំហែងអ្នកណាដែលមិនយល់ស្របជាមួយគាត់តាមរយៈយុទ្ធសាស្ត្រងើប១វាយ១ អ៊ីចឹងទៅ បើអ្នកណានៅតែរឹងទទឹងចាប់ដាក់គុក»។
ជាមួយគ្នានេះ លោក ស៊ឹង សែនករុណា ប្រធានអង្គការប្រជាធិបតេយ្យខ្មែរដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ថ្លែងថា វាមិនមែនជារឿងថ្មីទេ ដែលលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជាប្រើធនធាន និងពេលវេលារបស់រដ្ឋ ដើម្បីបម្រើផលប្រយោជន៍គណបក្សរបស់ខ្លួន រំលោភច្បាប់ ពីព្រោះសកម្មភាពនេះ គឺកើតឡើងចាប់តាំងពីមុនមានការរំលាយគណបក្សសង្គ្រោះជាតិទាំងបំពានមកម្ល៉េះ។
លោកថា តាមច្បាប់មេដឹកនាំរដ្ឋ និងមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ គឺត្រូវបំពេញតួនាទីដោយឯករាជ្យ បម្រើពលរដ្ឋគ្រប់និន្នាការនយោបាយ មិនអាចយកតួនាទី ធនធាននិងម៉ោងពេលធ្វើការរបស់រដ្ឋ ទៅធ្វើការបម្រើឱ្យគណបក្សនយោបាយរបស់ខ្លួន ដូចដែលលោកហ៊ុន សែន និងមន្ត្រីគណបក្សប្រជាជនកម្ពុជាតែងតែធ្វើនោះបានឡើយ។
លោកថា៖ «យើងឃើញខាងមន្ត្រីរាជការ តាំងពីថ្នាក់ក្រោមមកដល់លើ ប្រើប្រាសពេលវេលាបំពេញការងាររបស់រដ្ឋ ទៅធ្វើការបម្រើបក្សទៅវិញ ដោយសារឃើញមេដឹកនាំរបស់ខ្លួនបានប្រព្រឹត្តអ៊ីចឹងដើរតាមការណែនាំមេរបស់ខ្លួន ហើយពេលខ្លះធ្វើលើសទៅទៀត។ នេះគឺជាគំរូអាក្រក់មួយដែលកើតឡើងនៅក្នុងសង្គមកម្ពុជាយើង។ មួយទៀត ការថ្លែងថា កូនចៅទេវតាដឹកនាំបន្តវេនបន្តពូជអីទាំងអស់នេះ វាសុទ្ធសឹងតែមិនត្រឹមត្រូវតាមគោលការណ៍ប្រជាធិបតេយ្យទេ។ គោលការណ៍ប្រជាធិបតេយ្យ គឺគេអនុវត្តដោយឱ្យមានការប្រកួតប្រជែងគ្នា ដោយត្រឹមត្រូវ ដោយស្មើភាពគ្នា ដោយសេរីនិងយុត្តិធម៌»។
សម្រាប់លោក ម៉ែន ណាត វិញ ការដឹកនាំប្រទេសដែលប្រាសចាកពីរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិដូចពេលបច្ចុប្បន្ន គឺវាស្មើនឹងការធ្វើរដ្ឋប្រហាររដ្ឋធម្មនុញ្ញយ៉ាងដូច្នោះដែរ។
លោក ម៉ែន ណាត ក៏យល់ស្របត្រង់ចំណុចនេះផងដែរ ដោយថ្លែងថា លោកហ៊ុន សែន និងលោកហ៊ុន ម៉ាណែត ដឹកនាំប្រទេសបច្ចុប្បន្ន គឺប្រាសចាកពីស្មារតីនៃរដ្ឋធម្មនុញ្ញ និងច្បាប់នានាដែលតម្រូវឱ្យមានការរៀបចំការបោះឆ្នោតដោយសេរី យុត្តិធម៌ និងត្រឹមត្រូវ ដោយបើកឱ្យមានការប្រកួតប្រជែងស្មើមុខស្មើមាត់តាមផ្លូវច្បាប់ ពីគ្រប់និន្នាការនយោបាយ មិនមែនប្រើតុលាការគំរាមគំហេង និងដកសិទ្ធិធ្វើនយោបាយពីអ្នកនយោបាយ ដែលជាគូប្រជែងរបស់ខ្លួននោះទេ។
លោកថា៖ «ជាក់ស្តែងសព្វថ្ងៃនេះ លោកហ៊ុន សែន បិទសិទ្ធិទាំងអស់ គណបក្សនយោបាយក៏ត្រូវធ្វើការនៅក្រោមបន្ទាត់ក្រហមរបស់លោកហ៊ុន សែន ដែរ។ លោកហ៊ុន សែន វាស់ឱ្យដើរប៉ុណ្ណា គឺដើរប៉ុណ្ណឹង តែហួសបន្ទាត់ក្រហមលោកហ៊ុន សែន គឺលោកហ៊ុន សែន ប្រើវិធានការតុលាការហ្នឹងចោទប្រកាន់ទម្លាក់កំហុសដាក់ទោសទណ្ឌទៅលើគណបក្សក្រៅរដ្ឋាភិបាលដែលជាដៃគូប្រជែង។ ឧទាហរណ៍ដូចជាគាត់ដកសិទ្ធិ លោកកឹម សុខា ដកសិទ្ធិលោករ៉ុង ឈុន មិនឱ្យបោះឆ្នោត មិនឱ្យឈរឈ្មោះឱ្យគេបោះឆ្នោត។ ដកសិទ្ធិពលរដ្ឋគេអស់រលីងវាលែងក្លាយជាពលរដ្ឋ ក្លាយជាអនុប្រជាជន ធ្វើអ៊ីចឹងវាមិនត្រូវតាមច្បាប់ទេនៅក្នុងប្រទេសប្រជាធិបតេយ្យ។ ហើយធ្វើអ៊ីចឹងបានន័យថា លោកហ៊ុន សែន កំពុងតែអនុវត្តអំណាចផ្តាច់ការគ្រួសារផ្តាច់មុខរបស់ក្រុមគ្រួសារគាត់។ ហើយការប្រើប្រាស់ធនធានរដ្ឋទៅធ្វើអ៊ីចឹង វាមិនស្របតាមច្បាប់ទេ និយាយដោយខ្លីទៅ»។
ឆ្លងតាមការវិភាគខាងលើ ក្រុមអ្នកតស៊ូមតិកម្ពុជា យល់ឃើញថា វិបត្តិនយោបាយ សេដ្ឋកិច្ច ស្ថានភាពបាត់បង់ជំនឿលើច្បាប់ និងការធ្លាក់ចុះនៃតម្លៃជាតិសព្វថ្ងៃនេះ គឺជាផលដែលបណ្តាលមកពីអំពើរបស់មេដឹកនាំ ដែលមានតំណែងកំពូលៗ ត្រួតលើគ្នា ហើយប្រើប្រាស់តំណែងតួនាទីនោះ ដោយបំពាន មិនគោរពច្បាប់កំពូលរបស់ជាតិ។ លោកហ៊ុន សែន ក៏ធ្លាប់ប្រៀបធៀបប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដូចជា«មាន់នៅក្នុងទ្រុង»។ សកម្មភាពទាំងនោះបាននិងកំពុងដាក់ប្រទេសកម្ពុជាទាំងមូល ក្រោមសេចក្តីភ័យខ្លាចនិងវេទនា។
CAT ទាមទារឱ្យលោកហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជា បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភអំណាចរដ្ឋបាល និងការប្រើប្រាស់វេទិការដ្ឋ ដើម្បីបម្រើផលប្រយោជន៍បក្សពួកខ្លួន៕









