រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត រងការរិះគន់ថា បានការពារមន្ត្រីខិលខូចរបស់ខ្លួនពីររូប នៅខេត្តកំពង់ស្ពឺ ជុំវិញរឿងអាស្រូវពុករលួយទារលុយពីម្ចាស់រោងចក្រកែច្នៃដំណាប់ស្វាយមួយកន្លែងចំនួន ១៥០០ដុល្លារ ជាថ្នូរនឹងការបិទបាំងការបំពុលបរិស្ថាន ខណៈលោកណែនាំឱ្យមន្ត្រីខ្លួន ប្តឹងករណីនេះទៅតុលាការ ដោយចោទថា អ្នកដែលបានទម្លាយរឿងអាស្រូវនោះ ជាការផ្សព្វផ្សាយព័ត៌មានមិនពិត។
ជុំវិញភាពចម្រូងចម្រាសនេះ ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា លោក ម៉ែន ណាត ប្រាប់វីអូឌីនៅថ្ងៃទី០៩ ខែមិថុនាថា លិខិតរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថានរូបនេះ ជាទង្វើការពារមន្ត្រីខិលខូច ប៉ះពាល់មុខមាត់ជាតិ និងទំនុកចិត្តរបស់អ្នកវិនិយោគបរទេសលើប្រព័ន្ធច្បាប់នៅកម្ពុជា។
លោកថា ប្រសិនបើករណីនេះ មិនដោះស្រាយដោយយុត្តិធម៌នោះទេ អ្នកវិនិយោគបរទេស ដែលកំពុងវិនិយោគនៅកម្ពុជានឹងបាត់ទំនុកចិត្តលើសន្តិសុខ សុវត្ថិភាពសង្គម និងប្រព័ន្ធច្បាប់នៅកម្ពុជា។
លោក ម៉ែន ណាត ថ្លែងថា៖ «នៅពេលសង្គមយើង មានការប្រព្រឹត្តអំពើពុករលួយ បើកចំហដោយពួកមន្ត្រី ការស៊ើបអង្កេតគឺមន្ត្រីបានដោះសារ ដោយប្រការណាមួយ ឬដោះសារយករួចខ្លួនដោយប្រការណាមួយរបស់មន្ត្រីខេត្តកំពង់ស្ពឺទេ។ ការណ៍ធ្វើអ៊ីចឹង បាត់ទំនុកចិត្តពួកអ្នករកស៊ី ជាមួយពួកមន្ត្រី ក្រុមហ៊ុនវិនិយោគបាត់ទំនុកចិត្ត ពួកមន្ត្រីហើយ តើថ្ងៃក្រោយមានក្រុមហ៊ុនល្អឯណា គេហ៊ានរកស៊ីស្រុកខ្មែរទៀត ដូច្នេះរឿងនេះ មានផលប៉ះពាល់ធំណាស់ វិស័យវិនិយោគ»។
ប្រតិកម្មរបស់អ្នកឃ្លាំមើលរូបនេះ ក្រោយពីរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត នៅថ្ងៃទី០៨ ខែមិថុនា បានចេញលិខិតមួយសន្លឹក ផ្ញើទៅប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ជំរុញឱ្យបន្តនីតិវិធីទៅតុលាការពាក់ព័ន្ធនឹងការផ្សព្វផ្សាយព័ត៌មានមិនពិត ស្តីពីការទារប្រាក់ពីបុគ្គលិកក្រុមហ៊ុនចិនឈ្មោះ ហុង ចិង (HONG CHENG FANG DIRED MANGO PROCESSING FACTORY CO., LTD.) របស់មន្ត្រី ២រូប នៃមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ។
លោក អ៊ាង សុផល្លែត បន្ថែមថា ក្រុមការងារអធិការកិច្ចរកឃើញថា មន្ត្រី២រូប គឺលោក ឈុន ឈៀងហេង មានតួនាទីជាប្រធានការិយាល័យគាំពារបរិស្ថាន និងម្នាក់ទៀត ឈ្មោះ ជួប ពន្លឺ ជាមន្ត្រីជាប់កិច្ចសន្យា ដែលត្រូវសារព័ត៌មានផ្សព្វផ្សាយថា ពួកគាត់ទាំងនេះបានទារប្រាក់ពីក្រុមហ៊ុនចិន ហុង ចិង (HONG CHENG FANG DIRED MANGO PROCESSING FACTORY CO., LTD) គឺពុំមានភស្តុតាងជាក់ស្តែងដែលគួរឱ្យជឿទុកចិត្តដូចការចោទប្រកាន់នោះឡើយ។
រដ្ឋមន្ត្រីរូបនេះ ជំរុញឱ្យពិនិត្យកសាងសំណុំរឿងទៅតុលាការ ពីបទ ករណីបរិហារកេរ្តិ៍ ឬស្រាវជ្រាវករណីចោទប្រកាន់មន្ត្រីទាំង២រូបនេះ។ បន្ថែមពីនេះ ត្រូវពិនិត្យដាក់សំណុំរឿងពាក់ព័ន្ធនឹងការទារប្រាក់ពីក្រុមហ៊ុនឯកជនទៅអង្គភាពប្រឆាំងអំពើពុករលួយ។
កាលពីដើមខែមេសា ឆ្នាំ២០២៦ កន្លងទៅ មានសារបែកធ្លាយវីដេអូតាមបណ្ដាញសង្គម(Faceboook) ដែលគេឃើញមានបុរសពីរនាក់ពាក់អាវក្រហម ជាមន្ត្រីបរិស្ថានខេត្តកំពង់ស្ពឺបានទៅទារលុយចំនួន ១៥០០ដុល្លារ ចុះនៅត្រឹម ៦០០ដុល្លារ ពីថៅកែរោងចក្រជាជនជាតិចិន ឋិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
សារបែកធ្លាយនេះ បង្ហាញភស្តុតាងជាក់លាក់ រៀបរាប់ថា មន្ត្រីបរិស្ថានបានប្រាប់ឱ្យថៅកែរោងចក្រចេញលិខិតបំភ្លឺមួយសន្លឹកសរសេរថា ពួកគេមកទីនេះ ដើម្បីបំពេញបេសកកម្មការងារ ពុំមែនមកទារលុយនោះទេ។
សារបែកធ្លាយ៖ «ធ្វើស៊ីដល់អស់ ៦០០ដុល្លារ មកដល់គាបយកស៊ីលុយយកតែម្ដង បាញ់ទៅកុងធនាគារអត់យកទេ យកលុយសុទ្ធ។ ចិនឱ្យលុយសុទ្ធថ្ងៃហ្នឹង។ ពេលខ្ញុំហុចលុយឱ្យគាត់អត់ទទួលទេ គាត់ឱ្យខ្ញុំឡើងលើឡាន។ គាត់ឱ្យខ្ញុំធ្វើលិខិតបញ្ជាក់ថា គាត់មកធ្វើការធម្មតាមិនបានមកជំរិតទារប្រាក់»។
ចំណែកតតំណាងរាស្ត្រគណបក្សប្រឆាំង លោក អ៊ុំ សំអាន ហៅការណែនាំរបស់លោក អ៊ាង សុផល្លែត នេះថា មានចេតនាការពារមន្ត្រីខិលខូច ដែលបញ្ហានេះ នឹងជំរុញឱ្យមានអំពើពុករលួយចាក់ឫសកាន់តែជ្រៅក្នុងប្រព័ន្ធដឹកនាំបែបបក្ខពួកនិយមមួយនេះ។
លោកថា៖ «អ្នកណាដែលបង្ហោះឬបង្ហាញភស្តុតាងឱ្យមន្ត្រីជួយដោះស្រាយ អាចគេចាប់ដាក់គុក ពីបទញុះញង់ ទោះបីមន្ត្រីខិលខូចក៏ដោយ ជាគោលការណ៍របស់គណបក្សប្រជាជន»។
ទោះជាយ៉ាងណា អ្នកសិក្សាផ្នែកច្បាប់ និងជាសកម្មជនសិទ្ធិមនុស្ស លោក ប៊ី វ៉ាន់នី យល់ថា ការបំភ្លឺមួយសន្លឹករបស់ក្រសួងបរិស្ថានបែបនេះ មិនអាចបញ្ជាក់ការពិតបានឡើយ ដរាបណាក្រសួងបរិស្ថានមិនបង្ហាញរបាយការណ៍អង្កេត និងនិតិវិធីអង្កេតដល់សារធាណជន។
លោកទទូចឱ្យក្រសួងបរិស្ថានបង្ហាញភាពស្មោះត្រង់ដោះស្រាយរឿងនេះ ដោយតម្លាភាព និងយុត្តិធម៌ ដើម្បីស្វែងរកការពិត ដោយត្រូវជំរុញឱ្យភាគីពាក់ព័ន្ធទទួលខុសត្រូវតាមច្បាប់។
លោកបារម្ភថា ផលប៉ះពាល់ពីការបំពុលបរិស្ថាននៅខេត្តកំពង់ស្ពឺ ដោយសាររោងចក្រកែច្នៃដំណាប់ស្វាយរបស់ជនជាតិចិន នៅតែមិនអាចដោះស្រាយបានដរាបណា អាជ្ញាធរមិនព្យាយាមដោះស្រាយបញ្ហាឱ្យបានត្រឹមត្រូវតាមច្បាប់។
ប្រព័ន្ធនីតិរដ្ឋនៅកម្ពុជានៅដើមឆ្នាំ២០២៦ បង្ហាញពីការធ្លាក់ចុះនៃគុណភាពអភិបាលកិច្ចនៅខាងក្នុង ដែលផ្ទុយគ្នាទាំងស្រុងនឹងការលើកឡើងកន្លងមករបស់រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត។
យោងតាមទិន្នន័យចុងក្រោយបង្អស់នៃសន្ទស្សន៍ការយល់ដឹងពីអំពើពុករលួយ ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ បង្ហាញថា អំពើពុករលួយនៅកម្ពុជា បានធ្លាក់មកដល់ចំណុចអាក្រក់ មិនធ្លាប់មានក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ដោយទទួលបានពិន្ទុត្រឹមតែ ២០ លើ ១០០ ប៉ុណ្ណោះ។ តួលេខនេះ មិនមែនគ្រាន់តែជាលេខសម្រាប់វាស់វែងប្រព័ន្ធនីតិរដ្ឋធម្មតានោះទេ ប៉ុន្តែវាជាសញ្ញាអាសន្នដែលបង្ហាញថា បញ្ហាអំពើពុករលួយនៅកម្ពុជាលែងជាបញ្ហាបុគ្គលទៀតហើយ ប៉ុន្តែវាបានក្លាយជាជំងឺជាប្រព័ន្ធដែលចាក់ឫសយ៉ាងជ្រៅតាមរយៈបណ្តាញបក្ខពួកនិយម៕









