អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានថ្លែងសុំទោសប្រជាពលរដ្ឋ ពីការដែលធ្វើឱ្យដីខ្មែររាប់សិបទីតាំង ត្រូវបានយោធាថៃ វាយដណ្តើមគ្រប់គ្រងក្នុងតំណែង លោក ហ៊ុន ម៉ានណែត ដោយសារភាពថា ក្នុងតំណែងជាមេដឹកនាំជាង៤០ឆ្នាំមកនេះ លោកមិនបានត្រៀមខ្លួនដើម្បីទប់ទល់ទៅនឹងទង្វើឈ្លានពានទេ ដោយសំអាងត្រឹមថា លោកជឿគេពេក។
ក្នុងពេលជួបជាមួយពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៩ ខែមិថុនានេះ លោក ហ៊ុន សែន អះអាងថា កម្ពុជា មិនទទួលស្គាល់ការកំណត់ខ្សែបន្ទាត់ព្រំដែន ដោយការប្រើកម្លាំងតាមរយៈការឈ្លានពានពីសំណាក់យោធាថៃនោះទេ។
យ៉ាងណា លោកក្នុងនាមជាមេដឹកនាំ៤៧ឆ្នាំ លោកត្រូវហ៊ានទទួលខុសត្រូវចំពោះបញ្ហានេះ ដោយកុំឱ្យពលរដ្ឋបន្ទោសរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត។ ក្នុងន័យនេះ លោកអះអាងថា មូលហេតុមកពីលោកទុកចិត្តគេពេក មិនបានត្រៀមលក្ខណៈសម្រាប់ការប្រយុទ្ធ ដើម្បីទប់ទល់ទៅនឹងការឈ្លានពាននេះ។
លោកថា៖ «ដោយសារការជឿទុកចិត្តនេះហើយ បានជាខ្ញុំក្នុងតំណែងជានាយករដ្ឋមន្ត្រីដែលមានអំណាចពេញលេញ គឺមិនបានត្រៀមរៀបចំណាមួយសម្រាប់ការប្រយុទ្ធទេ។ អញ្ចឹងពេលដែលមានសភាពការណ៍ គឺយើងនេះជាកំហុសរបស់ខ្ញុំមិនមែនជាកំហុសនាយករដ្ឋមន្ត្រីបច្ចុប្បន្នទេ ជាកំហុសរបស់ខ្ញុំ ដែលខ្ញុំខ្វះការត្រៀមរៀបចំខ្លួនដើម្បីការប្រយុទ្ធមួយ»។
នេះជាលើកទី១ ដែលលោក ហ៊ុន សែន ថ្លែងសុំទោសពលរដ្ឋ ខណៈតុលាការរបស់លោកបានចាប់ពលរដ្ឋជាច្រើននាក់ដែលរិះគន់ និងសម្ដែងក្ដីបារម្ភពីបញ្ហាព្រំដែន ក្រោមបទចោទញុះញង់ដ៏ពេញនិយម។
គិតត្រឹមថ្ងៃទី៩ ខែមិថុនា មានពលរដ្ឋជាសកម្មជនសង្គម សិទ្ធិមនុស្ស បរិស្ថាន និងនយោបាយ ចំនួន ១០៩នាក់ ត្រូវបានចាប់ខ្លួនឃុំឃាំង និងផ្ដន្ទាទោសដាក់ពន្ធនាគារ ក្នុងនោះរួមមានសកម្មជនសង្គម កញ្ញា ខែម ស្រីមុំ ព្រះភិក្ខុ ជា វុទ្ធី ជាដើម។
ចំណែក អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានឆន្ទៈខ្មែរ លោក សុន ឆ័យ យល់ថា ការទទួលស្គាល់កំហុសរបស់ លោក ហ៊ុន សែន គឺជាចំណុចល្អ ហើយគឺកាន់តែប្រសើរ បើអាចកែកំហុសនោះចេញ។ លោកថា អ្នកដឹកនាំភាគច្រើន គឺតែងយកយោបល់ពលរដ្ឋ ឬអ្នកឯកទេសមកពិចារណា ដើម្បីជៀសវាងកំហុសឆ្គងដែលអាចកើតមាន ព្រោះកម្ពុជាប្រកាន់របបប្រជាធិបតេយ្យ សេរីពហុបក្ស ដែលពលរដ្ឋគ្រប់គ្នាត្រូវមានសិទ្ធិបញ្ចេញយោបល់លើរាល់បញ្ហាជាតិទាំងអស់។
លោក សុន ឆ័យ ថ្លែងថា៖ «ខ្ញុំជឿថា វាចេញមកពីការមិនអាចមិនបានទទួលព័ត៌មានជ្រុងជ្រោយ ដូចជាការដែលយើងត្រូវតែមានសារព័ត៌មានឯករាជ្យដែលអាចនឹងផ្តល់ព័ត៌មានមួយផ្នែក អ្នកឯកទេសគ្រប់ភាគីនយោបាយ ក៏អាចមានមតិដែលជាយោបល់ល្អមួយផ្នែកដែរ ហើយនឹងប្រជារាស្ត្រដែលលោករស់នៅជាប់នឹងព្រំដែន ឬក៏ពលរដ្ឋឈឺចាប់នឹងទឹកដីការពារបូរណភាពទឹកដីនោះក៏ជាយោបល់ ដូច្នេះខ្ញុំថា បើដឹងកំហុសហើយ គួរតែកែលម្អការគ្រប់គ្រងហ្នឹងឲ្យបានប្រសើរផងដែរ»។
ក្រោយពីកម្ពុជារងការឈ្លានពានព្រំដែនគោកទាំង២លើកពីប្រទេសថៃ បច្ចុប្បន្នជម្លោះបានពង្រីកដល់ដែនសមុទ្រ បន្ទាប់ពីថៃបានប្រកាសលុបចោលកិច្ចព្រមព្រៀងឆ្នាំ២០០១ ជាឯកតោភាគី។ ចំណែកកម្ពុជាសម្រេចជ្រើសរើសយកច្បាប់ស្តីពីនីតិសមុទ្រ (UNCLOS) ដើម្បីប្ដឹងថៃតាមរយៈអង្គការសហប្រជាជាតិ។
ប្រធានអង្គការប្រជាធិបតេយ្យខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី លោក ស៊ឹង សែនករុណា គិតថា បើមេដឹកនាំទទួលស្គាល់កំហុសនេះពិតមែន គប្បីធ្វើកំណែទម្រង់វិស័យការពារជាតិ និងប្រើច្បាប់អន្តរជាតិប្តឹងថៃ ដើម្បីទាមទារទឹកដីយកត្រឡប់មកវិញ។
លើសពីនេះ មេដឹកនាំត្រូវបង្រួបបង្រួមនិងផ្សះផ្សាជាតិខ្មែរ ដើម្បីឱ្យពលរដ្ឋជឿថា សារនេះ ពិតចង់ការពារជាតិសាសន៍ខ្មែរ និងបូរណភាពទឹកដី។
លោកថា៖ «ដោយសារតែការប្រើប្រាស់អំណាចហ្នឹងគៀបសង្កត់ទៅលើការអនុវត្តច្បាប់ ទៅលើការរំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យអីទាំងអស់នេះឯង អញ្ចឹងយើងគួរតែបញ្ចប់នូវអំពើទាំងអស់នោះទៅ អាហ្នឹងគឺជាការបញ្ជាក់យ៉ាងច្បាស់ ហើយច្បាស់ជាមានការសាទរហើយពីប្រជាពលរដ្ឋ ពីក្រុមគណបក្សប្រឆាំង ពីអ្នករិះគន់ផ្សេងៗ រួមទាំងសហគមន៍អន្តរជាតិក៏អញ្ចឹងដែរ ក៏គេចង់ឃើញរូបភាពបែបហ្នឹង ប៉ុន្តែមិនអាចគ្រាន់តែនិយាយហើយអត់ធ្វើ អាហ្នឹងវាមិនមែនជារឿងដែលបានទទួលផលល្អសម្រាប់ប្រទេសជាតិអីនោះទេ»។
បើតាមអ្នកជំនាញកិច្ចការព្រំដែនពីបក្សប្រឆាំង លោក អ៊ុំ សំអាន អះអាងថា ក្រោយមានបទឈប់បាញ់ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ មកថៃមិនដែលគោរពបទឈប់បាញ់ទេ។ ហើយថាចំពេលដែលមេដឹកនាំកម្ពុជាបោះដៃរកការចរចាដោយសន្តិវិធី ថៃបានពង្រីកការឈ្លានពានទឹកដីខ្មែរជាបន្តបន្ទាប់ រហូតជិត៧០ទីតាំង តាមខេត្តជាប់ព្រំដែន។
ជុំវិញបញ្ហានេះ ក្រុមអ្នកតាមដាន បារម្ភថា ដីខ្មែរដែលថៃវាយដណ្តើមគ្រប់គ្រងនោះ នឹងត្រូវថៃយកជារៀងរហូត បើរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត មិនប្រើសិទ្ធិស្វ័យការពារលើដីជាក់ស្តែង និងប្តឹងថៃទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដាក់សម្ពាធឱ្យថៃប្រគល់ដីខ្មែរមកវិញទេនោះ៕









