អ៊ីរ៉ង់​និង​អ៊ីស្រាអែ​ល​ព្រម​ផ្អាក​ឈប់​បាញ់​តែ​ព្រមាន​សង​សឹក​​វិញ​​បើ​មាន​ការ​រំលោភ

អ៊ីរ៉ង់​និង​អ៊ីស្រា​អែល បាន​និយាយ​ថា ពួក​គេ​បាន​យល់​ព្រម​ផ្អាក​ការ​វាយ​ប្រហារ​លើ​គ្នាទៅ​វិញ​ទៅ​មក បន្ទាប់​ពី​ប្រទេស​​ទាំង​ពីរ​បាន​ផ្លាស់​ប្តូរ​ការ​បាញ់​ប្រហារ​គ្នា​ជា​លើក​ដំបូង ចាប់​តាំង​ពី​មាន​កិច្ច​ព្រម​ព្រៀង​ឈប់​បាញ់​កាល​ពី​ខែ​មេសា។

នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រា​អែល លោក បេនចាមីន ណេតានីយ៉ាហ៊ូ បានថ្លែង​កាល​ពី​ថ្ងៃ​ទី​៨ខែ​មិថុនា​ថា ប្រទេស​របស់​លោក​កំពុង​ផ្អាក​ការ​បាញ់​ប្រហារ “នៅ​ពេល​នេះ” ប៉ុន្តែ​ការ​តស៊ូ​ប្រឆាំង​នឹង​អ៊ីរ៉ង់ និង​ក្រុម​ហេហ្ស​បូឡា​ គឺ “មិន​ទាន់​បញ្ចប់​ទេ”។ ការ​ថ្លែង​នេះ បាន​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង បន្ទាប់​ពី​កង​កម្លាំង​អ៊ីរ៉ង់​បាន​និយាយ​ថា​ ខ្លួន​បាន​បញ្ឈប់​ប្រតិ​បត្តិ​ការ បន្ទាប់​ពី​បាន​ផ្តល់ “ការ​ឆ្លើយ​តប​ដ៏​ឈឺចា​ប់” ទៅ​កាន់​អ៊ីស្រា​អែល។

ទីក្រុងតេហេរ៉ង់ បានបាញ់បង្ហោះគ្រាប់មីស៊ីលសំដៅទៅអ៊ីស្រាអែលកាលពីថ្ងៃទី​៧ខែ​មិថុនា ដើម្បី​សង​សឹក​នឹង​ការ​វាយ​ប្រហារ​លើ​ទីក្រុង​បេរូត។ អ៊ីស្រាអែល បាន​ឆ្លើយ​តប​វិញ​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​៨ខែ​មិថុនា ដោយ​កំណត់​គោល​ដៅ​លើ​​ទីតាំង​​យោធា​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបដិសេធថា លោក ណេតានីយ៉ាហ៊ូ មិន​បាន​ប្រឆាំង​នឹង​បំណង​ប្រាថ្នារ​បស់​លោក​នោះទេ​ ដោយ​សារ​កង​ទ័ព​បាន​ចេញ​ដំណើរ​ទៅ​ហើយ។

សេត​វិមាន​​បាន​​បញ្ជាក់​​ថា លោក ត្រាំ បាន​​ទូរសព្ទ​​ទៅ​​លោក ណេតានី​យ៉ាហ៊ូ ហើយ​​មន្ត្រី​​អ៊ីស្រា​អែល​​ម្នាក់​​បាន​​និយាយ​​ថា អ៊ីស្រា​​អែល​​បាន​ផ្អាក​ការ​វាយ​ប្រហារ​តាម​ការ​ស្នើ​សុំ​របស់​លោក ត្រាំ ដែល​កំពុង​ជំរុ​ញ​ឱ្យ​មាន​កិច្ច​ព្រម​ព្រៀង។ លោក ត្រាំ ក៏បានប្រាប់សារព័ត៌​មាន Axios ថា លោក​បាន​ព្រមាន​លោក ណេតានីយ៉ាហ៊ូ ថា អ៊ីស្រាអែ​ល​អាច​នឹង​ត្រូវ​ប្រយុទ្ធ​តែ​ម្នាក់​ឯង។

នៅ​ក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍កាលពីថ្ងៃ៨មិថុនា លោក ណេតានីយ៉ាហ៊ូ បាន​តប​វិញ​ថា លោក​បាន​ប្រាប់​លោក ត្រាំ ថា “អ៊ីស្រា​អែល​មាន​សិទ្ធិ​ពេញ​លេញ​ក្នុងការការពារខ្លួន”។

យោងតាមអាជ្ញាធរអ៊ីស្រាអែល ការបាញ់ប្រហារគ្នាកាលពីថ្ងៃទី​៧ខែ​មិថុនា បាន​បន្ត​រហូត​ដល់​ព្រឹក​ថ្ងៃ​ចន្ទ ដោយ​អ៊ីរ៉ង់​​បាន​បាញ់​គ្រាប់​មីស៊ីល​ឆ្ពោះ​ទៅ​កាន់​ទីក្រុង​ហ្សេរុយ​សាឡឹម និង​តំបន់​ផ្សេង​ទៀត។ កង​កម្លាំង​អ៊ីស្រាអែល បាន​វាយ​​ប្រហារ​លើតំ​បន់​ឧស្សាហ​កម្ម​គីមី​ឥន្ធនៈ​នៅក្នុ​ង​ទីក្រុង ម៉ាស់សាហ៍ របស់អ៊ីរ៉ង់ ដោយ​ធ្វើ​ឱ្យ​មនុស្ស ១៤ នាក់រងរបួស និងម្នាក់នៅទីក្រុងតេហេរ៉ង់។ ជនរងគ្រោះក៏ត្រូវបានរាយការណ៍ផងដែរនៅក្នុងប្រទេសលីបង់ ដោយមានមនុស្ស ៥ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង ទីរ៉េ កាលពីថ្ងៃ៨មិថុនា។ ទន្ទឹម​នឹងនោះ ក្រុម​​ហេហ្ស​បូឡា បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតសំដៅលើកងទ័ពអ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់​កាលពីព្រឹកថ្ងៃទី​៨ខែ​មិថុនា។

លោក ត្រាំ បានប្រាប់ប្រទេសទាំងពីរឱ្យ “បញ្ឈប់ការបាញ់ប្រហារភ្លាមៗ” ដើម្បីការពារការចរចាសន្តិភាព ដោយសរ​សេរ​នៅ​លើ Truth Social ថា៖ «ការចរចាចុងក្រោយលើ ‘សន្តិភាព’ កំពុងដំណើរការទៅមុខ»។

សង្រ្គាមនេះបានចាប់ផ្តើមនៅថ្ងៃទី​២៨ ខែកុម្ភៈ នៅពេលដែលអ៊ីស្រាអែល និងសហរដ្ឋអាមេរិកបានបើកការវាយប្រហារ​រួមគ្នាលើប្រទេសអ៊ីរ៉ង់ ដោយបានសម្លាប់មេដឹកនាំកំពូល Ayatollah Ali Khamenei។ អ៊ីរ៉ង់បានសងសឹកដោយ​ការបាញ់គ្រាប់មីស៊ីល និងដ្រូនទៅលើអ៊ីស្រាអែល និងបណ្តាប្រទេសអារ៉ាប់ រួមទាំងបានបិទច្រកសមុទ្រ Hormuz។

ប្រទេសលីបង់ត្រូវបានទាញឱ្យចូលទៅក្នុងជម្លោះនេះនៅថ្ងៃទី​​២ ខែមីនា នៅពេលដែលក្រុមហេហ្សបូឡាបានបាញ់​រ៉ុក្កែត​ចូលទៅក្នុងអ៊ីស្រាអែល ដែលនាំឱ្យអ៊ីស្រាអែលបើកការវាយប្រហារតាមអាកាស និងការឈ្លាន​ពានតាមផ្លូវ​គោក​​នៅភាគខាងត្បូងលីបង់។ កិច្ចព្រមព្រៀងឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ បានបរាជ័យដោយសារក្រុម​ហេហ្ស​បូឡា​បដិ​សេធ។

សារព័ត៌​មាន Axios រាយការណ៍ថា ការវាយប្រហាររបស់អ៊ីស្រាអែលត្រូវបានធ្វើឡើង ទោះបីជាប្រធានា​ធិបតី ត្រាំ បាន​​ព្រមាន​កុំឱ្យសងសឹកក៏ដោយ។ លោក ត្រាំ ត្រូវបានដកស្រង់សម្តីដោយកាសែត Financial Times ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលមិនមានជម្រើសអ្វីក្រៅពីទទួលយកកិច្ចព្រមព្រៀងរបស់អាមេរិក​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ